ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​អាជ្ញាធរ​ជីក​ស្រះ​ស្តុក​ទឹក​ប្រើ​រយៈពេល​យូរ​នៅ​រដូវ​ប្រាំង

ដោយ ហ៊ុំ ចំរើន
2016-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ដឹក​ទឹក​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។ Photo ADHOC
ប្រជាពលរដ្ឋ​ដឹក​ទឹក​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

នៅ​ក្នុង​រដូវ​ប្រាំង​ក្ដៅ​ហួតហែង​នា​ពេល​បច្ចុប្បន្ន គឺ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ចាប់​ពី​ថ្ងៃ​ទី​១ ឧសភា បាន​យក​រថយន្ត​ជាច្រើន​គ្រឿង​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត។ ទន្ទឹម​គ្នា​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា រថយន្ត​ដឹក​ទឹក​របស់​អាជ្ញាធរ មិន​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឡើយ។ អ្នក​ភូមិ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត ជីក​ស្រះ​ស្តុក​ទឹក​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ឆ្នាំ​ក្រោយ​ទៀត។

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា យុទ្ធនាការ​ចែក​ទឹក​របស់​អាជ្ញាធរ​ខេត្ត មិន​អាច​ជួយ​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​ពួក​គាត់​បាន​យូរ​អង្វែង​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​គម្រោង​ជីក​ស្រះ​ទឹក​នៅ​តាម​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​នោះ។

ពលរដ្ឋ​នៅ​ភូមិ​រុនថ្មី ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ គឺ​លោក ម្លិះ ថន ប្រាប់​ថា ពួក​គាត់​ជិត ២០០​គ្រួសារ​ខ្វះខាត​ទឹក​ប្រើប្រាស់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ រហូត​មក​ទល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ គឺ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ដឹក​ទឹក​ចែក​ពួក​គាត់​បាន​មួយ​ដំណក់​នៅ​ឡើយ។ លោក​អះអាង​ថា អ្នក​ភូមិ​រស់នៅ​សព្វថ្ងៃ​មាន​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ជា​ទុក្ខ​លំបាក​មួយ​ទៅ​ហើយ ក៏ប៉ុន្តែ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ គឺ​ជា​ទុក្ខ​លំបាក​ខ្លាំង​របស់​ពួក​គាត់។ លោក​ថា រយៈពេល​ប្រមាណ ៥​ខែ​កន្លង​ទៅ ពួក​គាត់​ត្រូវ​ចំណាយ​ទាំង​ថវិកា និង​ពេលវេលា​សម្រាប់​ដឹក​ទឹក​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ភូមិ ដើម្បី​យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

លោក​អះអាង​ថា យុទ្ធនាការ​ដឹក​ទឹក​របស់​អាជ្ញាធរ​ខេត្ត​ចែក​ពលរដ្ឋ​តាម​មូលដ្ឋាន​នៅ​ពេល​នេះ មិន​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​យក​ទៅ​ប្រើប្រាស់​ឡើយ៖ «បាទ! អាជ្ញាធរ​ដឹក​ទឹក​ចែក​ពលរដ្ឋ​ក្នុង​មួយ​លើក​បាន​ទឹក​ប្រហែល​ម្នាក់​មួយ​ពាង​អី​ប៉ុណ្ណឹង​ឯង ឲ្យ​យើង​យក​ទៅ​ប្រើ​យ៉ាង​ម៉េច​នឹង​គ្រប់​ទៅ ហើយ​ទម្រាំ​បាន​មួយ​ជើង​រយៈពេល ១០​ថ្ងៃ​ឯណោះ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ចេញ​រថយន្ត​ចំនួន ៣០​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ក្រសួង​ការពារ​ជាតិ ចំនួន ២៥​គ្រឿង និង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ៥​គ្រឿង ដើម្បី​ដឹក​ទឹក​ចែក​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​គ្រប់​ស្រុក។ លោក​អះអាង​ថា រហូត​មក​ទល់​ថ្ងៃ​ទី​៨ ឧសភា គឺ​បាន​ចែក​ទឹក​ដល់​ដៃ​ពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ដោយ​ពុំ​មាន​គ្រួសារ​ណា​ដែល​មិន​បាន​ទទួល​ទឹក​នោះ​ទេ។ លោក​បន្ថែម​ថា យុទ្ធនាការ​ចែក​ទឹក​នេះ នឹង​បន្ត​រហូត​ដល់​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់៖ «បាទ! ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ដោយសារ​ប្រភព​ទឹក​នៅ​ឆ្ងាយ។ ដូច្នោះ​ហើយ​បាន​ជា​យើង​បញ្ចេញ​រថយន្ត​ដឹក​ទឹក​ចែក​ពួក​គាត់ ហើយ​សកម្មភាព​ដែល​យើង​ទឹក​ជូន​ពលរដ្ឋ គឺ​យើង​ធ្វើ​រៀង​រាល់​ថ្ងៃ»

ទោះ​បី​ជា​បែប​នេះ​ក្ដី ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក គឺ​លោកស្រី សាញ់ វណ្ណា ថ្លែង​ថា ផ្ទះ​របស់​លោកស្រី​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​ប្រមាណ ១​ខែ​ហើយ នៅ​មិន​ទាន់​ទទួល​ទឹក​ពី​អាជ្ញាធរ​ខេត្ត​ចែក​បាន​មួយ​លីត្រ​នៅ​ឡើយ​ទេ។ លោកស្រី​បន្ថែម​ថា រយៈពេល​ប្រមាណ ២​ខែ​មក​នេះ គឺ​ពួក​គាត់​នាំ​គ្នា​បើក​គោយន្ត​ទៅ​ដឹក​ទឹក​ពី​ស្រះ​ជាប់​ព្រំដែន​ប្រទេស​ថៃ យក​មក​ប្រើប្រាស់ ក្នុង​មួយ​ជើង​យក​មក​ស្ដុក​ទុក​អាច​ប្រើប្រាស់​បាន​ប្រមាណ ៣​ថ្ងៃ។ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ជីក​ស្រះ​ស្តុក​ទឹក​ក្នុង​ភូមិ ដើម្បី​កុំ​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ឆ្នាំ​ក្រោយ​ទៀត ព្រោះ​ថា យុទ្ធនាការ​ចែក​ទឹក​ដូច​អាជ្ញាធរ​កំពុង​ចែក​ជូន​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​នោះ ពុំ​អាច​ឲ្យ​ពួក​គាត់​ប្រើប្រាស់​បាន​ច្រើន​ថ្ងៃ​ទេ៖ «មូលហេតុ​ដែល​ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ជីក​ស្រះ​ទឹក ដោយសារ​ការពារ​ខ្លាច​ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំ​នេះ​ទៀត។ ហើយ​ណា​មួយ ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​ជួយ​ដល់​ពួក​គាត់​ក្រីក្រ កុំ​ឲ្យ​លំបាក​ទៅ​ដង​ទឹក​ឆ្ងាយ​ពី​ផ្ទះ​ទៀត»

ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ុំ រាត្រី អះអាង​ថា អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ជីក​ស្រះ​ទឹក​ចែក​ជូន​ពលរដ្ឋ​នៅ​គ្រប់​ស្រុក ដើម្បី​សម្រួល​មិន​ឲ្យ​អ្នក​ភូមិ​ជួប​ការ​លំបាក​ដោយសារ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ឆ្នាំ​ក្រោយ៖ «យើង​បាន​សិក្សា និង​លើក​ជា​គម្រោង​ស្ដារ​បឹង និង​អាង​សម្រាប់​ស្ដុក​ទឹក​រួច​ហើយ។ មួយ​វិញ​ទៀត ខាង​ខេត្ត​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ជីក​អណ្ដូង និង​ស្រះ​ទឹក​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដែរ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា យុទ្ធនាការ​ចែក​ទឹក​របស់​អាជ្ញាធរ​ខេត្ត ហាក់​មិន​បាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចំ​គោលដៅ ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ។ លោក​ថា មូលហេតុ​ដែល​មិន​ចំ​គោលដៅ ដោយសារ​រថយន្ត​ដឹក​ទឹក​មាន​ចំនួន​តិចតួច មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឡើយ។ លោក​ពន្យល់​ថា យុទ្ធសាស្ត្រ​រយៈពេល​វែង អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ជីក​ស្រះ​ស្តុក​ទឹក​ឲ្យ​បាន​ច្រើន​នៅ​តាម​មូលដ្ឋាន៖ «អ៊ីចឹង​ភ្នាក់ងារ​របស់​រដ្ឋ គួរ​តែ​ប្រញាប់​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​រយៈពេល​វែង ប្រសើរ​ជាង​អាជ្ញាធរ​ដឹក​ទឹក​ចែក​ពលរដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ថ្ងៃ​ទី​៨ ឧសភា ឲ្យ​ដឹង​ថា វិធានការ​ចែក​ចាយ និង​ផ្គត់ផ្គង់​ទឹក គឺ​បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដែល​កំពុង​ខ្វះខាត​ទឹក។ រីឯ​ចំណាត់​ការ​ចុះ​ជីក និង​ស្ដារ​អណ្ដូង និង​ស្រះ​ទឹក គឺ​នៅ​បន្ត​អនុវត្ត​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​បាន​ឡើយ។

ប្រជាពលរដ្ឋ​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស ហើយ​ខេត្ត​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ​ជាង​គេ មាន​ខេត្ត​ឧត្ដរមានជ័យ ស្ទឹងត្រែង បន្ទាយមានជ័យ និង​ខេត្ត​កំពង់ស្ពឺ ជាដើម។

ទន្ទឹម​គ្នា​នេះ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ស្រុក​មួយ​ចំនួន​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ស្រុក​ស្វាយចេក អូរជ្រៅ ក្រុង​ប៉ោយប៉ែត និង​ស្រុក​មង្គលបុរី។ ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ពុំ​ទាន់​បង្ហាញ​អំពី​ចំនួន​គ្រួសារ​ខ្វះ​ទឹក​ធ្ងន់ធ្ងរ​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បងប្អូនជាទីស្រលាញ់ នេះគេហៅថាគំនិតសុញមែន ទៅជីក​អណ្តូង​ជីកស្រះធ្វើអី ធ្វើអញ្ចឹងវាដូចអាពតទៀតហើយ នេះសម័យតេជោ​ទៅ​ហើយ ទៅពិបាកធ្វើអី ចាំតាផឹកស្រាប់វាស្រួលជាង អោយតាអត់​ទឹក​អញ្ចឹង ឃើញទេមានឡានដឹកទឹកដល់ផ្ទះឈឹបៗតាម្តង ស្រួលណាស់​ចាំទៅជីកទៅរែកនាំតែហត់ទេ កុំវិលទៅរកអាចំណុចពិបាកធ្វើអី​ទៀ​ត​ជូនសម្តេចដឹកនាំប្រទេសទៀតទៅ លោកឆ្លាតណាស់លោកនិងអូស​រាស្រ្ត​ខ្មែរ​ទៅរកភពសុខសាន្តគឺនិព្វានហោង មែនអត់ទាន?

May 10, 2016 05:50 AM

គេហទំព័រ​ទាំងមូល