ក្រសួងរ៉ែ និងថាមពល ផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ចំនួន ១៣ ទៅឲ្យក្រុមហ៊ុននៅខេត្តកណ្ដាល និងខេត្តកំពង់ចាម ធ្វើអាជីវកម្មខ្សាច់ស្របច្បាប់។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ថ្លែងនៅថ្ងៃ២៥ ខែកក្កដា ថា អាជ្ញាប័ណ្ណខ្សាច់ចំនួន ១៣ ត្រូវបានក្រសួងរ៉ែ និងថាមពល ផ្ដល់ឲ្យក្រុមហ៊ុននៅខេត្តកណ្ដាល និងខេត្តកំពង់ចាម ធ្វើអាជីវកម្មខ្សាច់ស្របច្បាប់។
លោកថា អាជ្ញាប័ណ្ណខ្សាច់ដែលក្រសួងផ្ដល់ឲ្យក្រុមហ៊ុនចំនួន ១៣នេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលប្រគល់សិទ្ធិផ្ដាច់មុខឲ្យក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវលើបញ្ហាបូមខ្សាច់៖ «អ៊ីចឹងការចេញអាជ្ញាប័ណ្ណ នីតិវិធីរបស់យើងក៏ផ្អែកទៅលើការសិក្សា ការប៉ះពាល់បរិស្ថានមួយចំនួន មុននឹងចេញអាជ្ញាប័ណ្ណជូន។ នៅពេលដែលចេញអាជ្ញាប័ណ្ណរួចហើយ ក៏ក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាបរិស្ថានមួយទៀតជាមួយនឹងក្រសួងបរិស្ថានដែរ។ នេះគឺជាបែបបទថ្មីដែលយើងរៀបចំ ហើយនៅមានលក្ខខណ្ឌមួយចំនួនទៀតដែលយើងកំណត់ទៅតាមទីតាំងជាក់ស្ដែង»។
លោក ឌិត ទីណា បន្តថា ថ្វីដ្បិតតែមានអាជ្ញាប័ណ្ណហើយក៏ដោយ ក៏ក្រុមហ៊ុនត្រូវគោរពម៉ោងពេលបូម និងទីតាំង ដែលមានបោះពោងនៅចម្ងាយពីច្រាំងទន្លេ ៥០ ទៅ ១០០ម៉ែត្រតាមតំបន់។
លោកអំពាវនាវឲ្យពលរដ្ឋទូទៅ ប្រសិនបើឃើញមានកាណូត ឬសាឡង់បូមខ្សាច់ខុសទីតាំងបោះពោងនៅក្នុងទន្លេ សូមទាក់ទងតាមទូរស័ព្ទលេខ ៧២៧ និងលេខ ០៩៥ ២៧២ ៧២៧ ដើម្បីឲ្យក្រសួងរ៉ែ និងថាមពល ចុះពិនិត្យជាក់ស្ដែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។