អាជ្ញាធរ​អប្សរា និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រង​ការ​ចោទ​ថា ខ្វះចន្លោះ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ

ដោយ អាស៊ីសេរី
2022.10.02
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​អប្សរា និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រង​ការ​ចោទ​ថា ខ្វះចន្លោះ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ មន្ត្រីបរិស្ថានខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ចុះល្បាតនៅព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
រូបហ្វេសប៊ុក៖ មន្ទីរបរិស្ថានខេត្តសៀមរាប

នៅ​ខេត្តសៀមរាប​នេះ​ដែរ អាជ្ញាធរ​អប្សរា និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រង​ការ​ចោទ​ថា ខ្វះចន្លោះ​ក្នុង​ការ​អភិរក្ស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យាន​អង្គរ បណ្តាល​ឱ្យ​ដើមឈើ​ធ្នង់​មួយ​ដើម មុខកាត់​ជាង ១ ម៉ែត្រ ២ តឹក ប្រវែង​ជាង ៦ ម៉ែត្រ ត្រូវ​បាន​ក្រុម​ជនល្មើស លួច​កាប់ កាលពី​ថ្ងៃទី ២៧ កញ្ញា កន្លងទៅ​។​

ពលរដ្ឋ​រស់​តំបន់​ឧទ្យាន​អង្គរ ដែល​ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​នេះ គឺ លោក លី ម៉ាលី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សកម្មភាព​លួច​កាប់​ឈើប្រណិត​មានតម្លៃ​នេះ មានការ​ឃុបឃិត​គ្នា​រវាង ក្រុម​ជនល្មើស និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ឈរជើង​យាម​ព្រៃ​នៅ​ទីនោះ​។ លោក​ឆ្ងល់​ថា ដើមឈើ​មួយ​ដើម​នេះ មានមុខ​កាត់​ជាង ១​ម៉ែត្រ ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ត្រូវ​ក្រុម​ជនល្មើស ប្រើ​រណា​យន្ត​លួច​អារ​រំលំ មាន​សំឡេង​លាន់​រំពង ហេតុអ្វី​បាន​សមត្ថកិច្ច​ជំនាញ​មិន​ចុះ​ហាមឃាត់​ភ្លាមៗ?

ករណី​វា​ចង់​បាន ដើម​ណាមួយ​ត្រូវធ្វើ​អ៊ីចឹង កលល្បិច ឆ្លើយ​ថា អត់​ដឹង យើង​ចោទ​ម៉េច​ទៀត​? ដូច​ករណី ដើម​គ្រញូង​នៅមុខ​អង្គរ ដើមឡើយ​នៅ​ល្អ ខ្វៀល​ឫស ធ្វើ​ម៉េច​បើ​វា​ងាប់​ហើយ ចុះបើ​កាប់​ឫស​គ្នា​អស់ហើយ ធ្វើ​ម៉េច​ឱ្យ​គ្នា​រស់​កើត។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច ទាក់ទង អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី ៣០ កញ្ញា។

ពលរដ្ឋ​សង្កេត​ឃើញ​ថា បទ​ល្មើ​ល​ព្រៃឈើ​ទាំងនេះ ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ដែល​អាជ្ញាធរ​អប្សរា និង មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ប្រព្រឹត្ត​កំហុស​ដដែលៗ ធ្វើ​ឱ្យ​ដើមឈើ​ជាច្រើន​ប្រភេទ ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ទាក់ទាញ​ភ្ញៀវ​ទេសចរ បន្ត​បាត់បង់​រួមមាន ដើម​គ្រញូង ឈើទាល និង ធ្នង់ ជាដើម។

បន្ថែម​ពី​នេះ​ទៀត ដើមឈើ​ធ្នង់​ដែល​គេ​លួច​កាប់ ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ នៅ​មិន​ឆ្ងាយ ពី​អង្គរវត្ត ដោយមាន​របង​លួស ហ៊ុមព័ទ្ធ ហើយ​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។