ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងនៅក្នុងទីក្រុងសៀមរាប នៅស្រុកក្រឡាញ់ នាភាគខាងលិច និងស្រុកជីក្រែង នាភាគខាងកើតនៃទីរួមខេត្តសៀមរាប កាលពីវេលាល្ងាចថ្ងៃពុធ ទី២២ ខែមេសា កន្លងទៅ។ ខ្យល់កន្ត្រាក់នោះ បានកើតឡើងបន្ទាប់ពីមានភ្លៀងកក់ខែដើមឆ្នាំធ្លាក់សន្ធាប់យ៉ាងខ្លាំង ហើយលាយឡំជាមួយនឹងកម្ទេចព្រិលតូចៗផង។
អាជ្ញាធរខេត្តសៀមរាប អះអាងថា ខ្យល់កន្ត្រាក់ដែលបក់បោកខ្លាំងទៅលើក្រុងសៀមរាប ស្រុកក្រឡាញ់ និងស្រុកជីក្រែង កាលពីល្ងាចថ្ងៃទី២២ ខែមេសា កន្លងទៅ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើន។
របាយការណ៍បឋមបានបង្ហាញថា គ្រោះធម្មជាតិបំផ្លាញផ្ទះសម្បែងជាង ១៦០ខ្នង ធ្វើឲ្យប្រជាពលរដ្ឋ ២នាក់រងរបួស រថយន្តចំនួន ៣គ្រឿងបានខូចខាត និងបង្គោលអគ្គិសនីចំនួន ១៦ដើមដែលបន្តមកពីខេត្តបន្ទាយមានជ័យ បានរលំដួល។
អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ គឺលោក ប៊ុន ថាឬទ្ធិ។ លោកមានប្រសាសន៍ថា នៅឃុំជីក្រែង និងឃុំកំពង់ក្ដី ខ្យល់បានបោកបក់ខ្លាំងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជិត ១០០ខ្នង។ អភិបាលរងដដែលបញ្ជាក់ថា ក្រៅពីនោះ ខ្យល់កន្ត្រាក់បានបោកបក់បំផ្លាញផ្ទះសម្បែងជាច្រើនខ្នងទៀតនៅក្នុងទីក្រុងសៀមរាប និងស្រុកក្រឡាញ់៖ «នៅឃុំជីក្រែង មានរបើកដំបូលផ្ទះប្រហែលជិត ១០០ខ្នង រលំតិចតួចទេ ប៉ុន្តែប៉ើងដំបូលច្រើនជាង។ នៅឃុំកំពង់ក្ដី ខ្លះ ហើយព្រឹកមិញនេះស្នងការបានចាត់កម្លាំងប៉ូលិសក្រុងប្រហែលជា ៤០នាក់ ទៅចូលរួមជួយរើផ្ទះខូចខាតទីនោះ»។
ចំណែកអភិបាលស្រុកក្រឡាញ់ លោក ជឿន ជាន ឲ្យដឹងថា ខ្យល់កន្ត្រាក់បានបក់បោកខ្លាំងទៅលើឃុំចំនួន៣ នៅក្នុងស្រុករបស់លោក។ ឃុំទាំងនោះមាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំជន្លាស់ដៃ ព្រមទាំងបណ្ដាលឲ្យបង្គោលភ្លើងដែលតពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ចំនួន ១៦ដើម បានដួលរំលំដាច់ចរន្តអគ្គិសនីផង៖ «ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង ៣ឃុំនេះ ប៉ះពាល់ផ្ទះសម្បែងរហូតដល់ ៣៩ខ្នង ក្នុងនោះប៉ើងដំបូល ៣៤ខ្នង ហើយរលំអស់ផ្ទះ ៥ខ្នង។ របួសមនុស្ស ២នាក់ រថយន្តត្រូវផ្ទះរលំសង្កត់ខូចអស់ ៣គ្រឿង»។

នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងបណ្ដាលឲ្យផ្ទះខ្លះត្រូវប៉ើងដំបូល ផ្ទះខ្លះទៀតទ្រេតខូចខាត និងដើមឈើជាច្រើនដើមដួលរលំ។
បុរសចំណាស់ម្នាក់នៅភូមិបឹងដូនប៉ា ក្នុងចំណោមអ្នកភូមិជាច្រើនទៀតដែលផ្ទះខូចខាតដោយសារខ្យល់ គឺលោក ស៊ឹម អាត់ មានប្រសាសន៍ថា ខ្យល់បានបក់បោកខ្លាំងមកលើតំបន់ពួកគាត់រស់នៅ កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃទី២២ ខែមេសា។ គាត់បញ្ជាក់ថា នេះជាលើកដំបូងក្នុងជីវិតរបស់គាត់ដែលជួបហេតុការណ៍គួរឲ្យភ័យរន្ធត់៖ «ភ្លៀងធ្លាក់ព្រិលខ្យល់កួចខ្លាំងមែនទែន! មើលទៅស័ង្កសីក៏ហើរព្រោងទៅលើទៅទាំងផ្ទាំង ទាំងផ្លានទាំងអីមើលសណ្ដកផ្លានអស់ហើយ។ ដើមត្នោតបាក់មកគ្រឹម កូនចេះតែហៅពុករត់ៗ»។
ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន ឲ្យដឹងថា ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋក្នុងទីក្រុងសៀមរាប ទាំងរលំទាំងរបើកដំបូល គឺចំនួន ៣០ខ្នង។ ប្រធានសាខាកាកបាទក្រហមរូបនេះ បានចាត់ទុកថា វាជាគ្រោះមហន្តរាយធម្មជាតិដែលមនុស្សនៅទូទាំងពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
ខ្យល់កន្ត្រាក់នេះ ក្រៅតែពីធ្វើឲ្យផ្ទះសម្បែងជាច្រើនរងការខូចខាត ក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនក្នុងខេត្តសៀមរាប គ្មានភ្លើងអគ្គិសនីប្រើប្រាស់ទេ។ តំបន់ខ្លះក្នុងទីក្រុងបានដាច់ចរន្តអគ្គិសនីរយៈពេល ២២ម៉ោងហើយ គិតចាប់ពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី២២ រហូតមកដល់ម៉ោង ៤រសៀលថ្ងៃទី២៣ ខែមេសា។
នេះជាលើកទីពីរហើយដែលខ្យល់កន្ត្រាក់ បានបក់បោកបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ធ្វើឲ្យខូចខាតយ៉ាងច្រើន។
កាលពីដើមខែមេសា កន្លងទៅ ខ្យល់កន្ត្រាក់បានបោកបក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកវ៉ារិន ចម្ងាយជាង ១០០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប បណ្ដាលឲ្យខូចខាតផ្ទះចំនួន ៣៦ខ្នងម្ដងមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។