ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ទំនប់​ក្បាល​ទឹកឆា​នៅ​ខេត្ត​កំពង់ចាម

ដោយ សូត សុខប្រាថ្នា
2014-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ចាម
ផែនទី​ខេត្ត​កំពង់ចាម
Photo: RFA

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម រក​ឃើញ​ថា ការ​ធ្វើ​ទំនប់​នៅ​ក្បាល​ទឹកឆា ស្ថិត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាល​ពី​ពេល​កន្លង​ទៅ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ធ្វើ​ស្រែ និង​ធ្វើ​ឲ្យ​ដើម​ឈើ​នៅ​ទីនោះ​ខ្លះ​ងាប់​ទៀត​ផង។ យ៉ាង​ណា អាជ្ញាធរ​វិញ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​តំបន់​នោះ គឺ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​រឹត​តែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ថែម​ទៀត។

ការ​លើក​ឡើង​ដូច​នេះ បន្ទាប់​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ និង​ការ​ចុះ​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ នៅ​រមណីយដ្ឋាន​ទឹកឆា។ ការ​ចុះ​ពិនិត្យ​ដែល​មាន​ទាំង​មន្ត្រី​ពាក់ព័ន្ធ និង​សមាជិក​រដ្ឋសភា ពិសេស​គឺ​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដើម្បី​អោយ​ឃើញ​ថា តើ​ការ​ធ្វើ​ទំនប់​ទប់​ទឹក​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត មាន​ផល​ប៉ះពាល់ និង​ផល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កៅ ចេស្តា មាន​ប្រសាសន៍​ថា ទំនប់​ក្បាល​ទឹក​ដែល​ធ្វើ​សម្រាប់​បញ្ចាល់​ទឹក​នៅ​ផ្នែក​ខាង​លើ​នៃ​រមណីយដ្ឋាន​ទឹកឆា អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាង​ក្រោម ដោយសារ​តែ​ទឹក​ហូរ​ចុះ​ទៅ​កាន់​តែ​តិច ធ្វើ​ឲ្យ​កសិករ​ខ្វះ​ទឹក​ធ្វើ​ស្រែ។ បន្ថែម​ពី​នេះ ទឹក​ដែល​ជោរជន់​នៅ​ផ្នែក​ខាង​លើ គឺ​ធ្វើ​ឲ្យ​ដើម​ឈើ​មួយ​ចំនួន​ដែល​ដុះ​ក្នុង​តំបន់​ក្បាល​ទឹក​ចេញ​នោះ ត្រូវ​ងាប់​ទៀត​ផង៖ «យើង​មិន​ជំទាស់​ទេ​ការ​ធ្វើ​ស្ពាន​អី​ហ្នឹង ប៉ុន្តែ​ការ​ធ្វើ​ការ៉ាស​ដើម្បី​បញ្ចាល់​ទឹក គឺ​ធ្វើ​ឲ្យ​ងាប់​ដើម​ឈើ​កន្លែង​ហ្នឹង​ទឹក​កាន់​តែ​ខ្សោយ​ទៅ ហើយ​បាត់​បរិស្ថាន​នៅ​តំបន់​ហ្នឹង»

លោក កៅ ចេស្តា បញ្ជាក់​ថា ត្បិត​តែ​មាន​ភ្ញៀវ​ទេសចរ​ចូល​លេង​ច្រើន​ក៏ដោយ ប៉ុន្តែ​ផល​ប្រយោជន៍​ដែល​ទទួល​បាន គឺ​សម្រាប់​មនុស្ស​មួយ​ក្រុម​តូច ពិសេស​អ្នក​គ្រប់គ្រង​ប៉ុណ្ណោះ។ លោក​យល់​ថា ប្រសិន​បើ​ធ្វើ​ទំនប់​ក៏​ធ្វើ​ចុះ ប៉ុន្តែ​ត្រូវ​បើក​បង្ហូរ​ទឹក​នៅ​ពេល​យប់ ឬ​ពេល​មិន​មាន​ភ្ញៀវ​ទេសចរ​មក​លេង នោះ​ទើប​អាច​ទទួល​បាន​ផល​ប្រយោជន៍​ទាំងអស់​គ្នា។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ព្រៃឈរ លោក ទេព រៀមមុនី មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​តំបន់​ក្បាល​ទឹក​ចេញ​នៃ​រមណីយដ្ឋាន​ទឹកឆា គឺ​ដើម្បី​ប្រែ​ក្លាយ​តំបន់​មួយ​ដែល​គេ​មិន​ធ្លាប់​ស្គាល់ ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ។ លោក​បន្ត​ថា ពលរដ្ឋ​ប្រើប្រាស់​ទឹក​នៅ​តំបន់​នោះ គឺ​មិន​ជួប​ប្រទះ​បញ្ហា​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​យក​ទឹក​ពី​តំបន់​នោះ​ទៅ​ស្រោចស្រព​ស្រូវ​ស្រែ​ជាច្រើន​ហិកតារ នៅ​តំបន់​ផ្សេង​ថែម​ទៀត៖ «ការ​ចេញ​ទឹក​វា​ការ​ប្រែប្រួល​ធម្មជាតិ​មួយ​ផង ហើយ​តំបន់​នោះ​ជា​តំបន់​មាន​ដី​បួន​ដប់​គីឡូ​បួន​ជ្រុង ដែល​គ្រប​ដណ្ដប់​ក្បាល​ហុង​ទឹក។ អ៊ីចឹង​វា​នាំ​មាន​ប្រភព​ទឹក​ល្អ។ ដល់​ឥឡូវ​យើង​កាប់​អស់​ហើយ»

លោក​បន្ថែម​ថា ការ​បិទ​ទំនប់ គឺ​មិន​អាច​បិទ​ជាប់​រហូត​បាន​ឡើយ ពោល​គឺ​បិទ​នៅ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​លេង​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​មិន​សុខ​ចិត្ត គឺ​ជា​រឿង​បុគ្គល ពុំ​មែន​ដើម្បី​ផល​ប្រយោជន៍​រួម​ទេ។ យ៉ាង​ណា កាល​ពី​ខែ​វិច្ឆិកា ពលរដ្ឋ​នៅ​ស្រុក​ចំនួន​បី គឺ​ស្រុក​ព្រៃឈរ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម និង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ដាក់​លិខិត​មួយ​ចូល​ទៅ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក ឲ្យ​ពិនិត្យ​លើ​បញ្ហា​នេះ អម​ដោយ​ស្នាម​ដៃ​ប្រជាពលរដ្ឋ ៣៦៩​នាក់។ ក្នុង​លិខិត​នោះ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​នៅ​តំបន់​រមណីយដ្ឋាន​ក្បាល​ទឹកឆា គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្បត្តិ​ធម្មជាតិ ដូចជា ធ្វើ​ឲ្យ​ចរន្ត​ទឹក​ហូរ​ចេញ​ខ្សោយ និង​អាច​បាត់​បង់​នៅ​ពេល​ខាង​មុខ។ រុក្ខជាតិ​ក្នុង​ទឹក​ត្រូវ​ងាប់​ជា​បន្តបន្ទាប់ និង​ប៉ះពាល់​ផល​ដំណាំ​ប្រជាពលរដ្ឋ​ទៀត​ផង។

ដោយ​ឡែក​ប្រធាន​គណៈកម្មការ​ទី​បី​នៃ​រដ្ឋសភា គឺ​លោក ប៉ុល ហំម មាន​ប្រសាសន៍​ថា ការ​ចុះ​ពិនិត្យ​តាម​ពាក្យ​ស្នើសុំ​របស់​ពលរដ្ឋ ខាង​គណៈកម្មការ​នេះ​យល់​ឃើញ​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គប្បី​ធ្វើ​យ៉ាង​ណា​ការពារ​ប្រភព​ទឹកឆា​ឲ្យ​មាន​និរន្តរភាព អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍ ក៏ប៉ុន្តែ​ត្រូវ​គិតគូរ​ដល់​ផល​ប៉ះពាល់​បរិស្ថាន និង​ប្រជា​កសិករ​ដែល​យក​ប្រភព​ទឹក​ទៅ​ប្រើប្រាស់។ លោក​រីករាយ​ប្រសិន​បើ​ការ​អភិវឌ្ឍ​ក្បាល​ទឹកឆា ដូច​អ្វី​ដែល​អាជ្ញាធរ​លើក​ឡើង​នោះ៖ «គណៈកម្មការ​ទី​បី​ធ្វើ​ការ គឺ​មិន​គិត​ពី​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​របស់​អ្នក​ណា​ទេ។ ដូច្នេះ ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ហ្នឹង​ហើយ​ដែល​ត្រូវ​ពិនិត្យ​មើល។ ប្រសិន​បើ​អាច​ធ្វើ​បាន​ដូច​អាជ្ញាធរ​អះអាង​ហ្នឹង គឺ​គណៈកម្មការ​ទី​បី​ស្វាគមន៍»

យ៉ាង​ណា​លោក​ថា បញ្ហា​នេះ​ជា​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវ​ការ​ខាង​មន្ត្រី​ជំនាញ​បកស្រាយ។ ដូច្នេះ គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា គ្រោង​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម គឺ​លោក លឹម គានហោ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ស្ថានភាព​ទូទៅ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ហើយ​បញ្ហា​ក្បាល​ទឹកឆា ក៏​ត្រូវ​ដាក់​បញ្ចូល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល