មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលផ្នែកការពារបរិស្ថាន និងធនធានធម្មជាតិ សម្ដែងការព្រួយបារម្ភអំពីការកាប់បំផ្លាញព្រៃលិចទឹក ឬព្រៃកោងកាង ជាពិសេសការកាប់បំផ្លាញព្រៃលិចទឹកនៅក្នុងខេត្តកំពត ដើម្បីសង់កំពង់ផែ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រៃកោងកាងជិត ១ពាន់ហិកតារ។
មន្ត្រីអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ ប្រចាំខេត្តកំពត កំពុងពិនិត្យតាមដានគម្រោងអភិវឌ្ឍន៍កំពង់ផែថ្មីនៅឆ្នេរខេត្តកំពត ទាំងក្ដីព្រួយបារម្ភខ្លាចការអភិវឌ្ឍនេះ អាចឈានដល់ការកាប់បំផ្លាញព្រៃលិចទឹកធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់ការបាត់បង់មច្ឆជាតិ និងជីវភាពប្រជាពលរដ្ឋក្រីក្រ ដែលរស់អាស្រ័យលើតែជលផលសមុទ្រ។
មន្ត្រីអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល និងធម្មជាតិនៅតំបន់ឆ្នេរ ប្រចាំខេត្តកំពត លោក ហ៊ួត ស៊ីណាត ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រមួយនេះ បានធ្វើឲ្យបាត់បង់ព្រៃលិចទឹក ឬព្រៃកោងកាងរាប់រយហិកតារ ក្នុងចំណោមផ្ទៃដីព្រៃលិចទឹកជិត ២ពាន់ហិកតារនៅក្នុងខេត្តនេះ ដែលជាជម្រកមច្ឆជាតិ និងជីវចម្រុះ។
លោកបានអំពាវនាវដល់រដ្ឋាភិបាល និងមន្ទីរពាក់ព័ន្ធនានា សហការជាមួយអង្គការការពារបរិស្ថាន និងសហគមន៍នេសាទនានានៅក្នុងខេត្តកំពត ធ្វើការសិក្សាវាយតម្លៃរួមគ្នា ដើម្បីការពារការកាប់បំផ្លាញព្រៃលិចទឹក ដែលកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ៖ «នេសាទក៏ដូចប៉ះពាល់ទៅលើដីព្រៃលិចទឹក ជាពិសេសដីព្រៃកោងកាងដែលជាជម្រកមច្ឆជាតិហ្នឹងជាច្រើនរយហិកតារ ហើយក៏សំណូមពរដែរទៅដល់រាជរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធដូចជាមន្ទីរបរិស្ថានខេត្ត ក៏ដូចជាមន្ត្រីជលផលខេត្តកំពត សុំឲ្យយកចិត្តទុកដាក់សហការគ្នារវាងស្ថាប័នរដ្ឋាភិបាលជាមួយសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការអភិវឌ្ឍនេះ ថាមានផលប៉ះពាល់យ៉ាងណាទៅដល់សហគមន៍នេសាទ ពិសេសសហគមន៍ក្រីក្រដែលផ្ដោតសំខាន់នោះលើសហគមន៍ត្រពាំងសង្កែ ក៏ដូចជាសហគមន៍កំពង់សាមគ្គីដែលមានទីតាំងព្រៃកោងកាងជាប់គ្នា។ នេះជាការព្រួយបារម្ភរបស់យើងខ្ញុំ»។
បើតាមមន្ត្រីអង្គការ និងសហគមន៍នេសាទនានា គ្រឿងចក្រជាច្រើនគ្រឿងបានឈូសឆាយ និងកាយបំផ្លាញព្រៃកោងកាងអស់រាប់រយហិកតារក្នុងរយៈពេលកន្លងមក។ ចំណែកប្រជាពលរដ្ឋ និងសហគមន៍ដែលឃើញការឈូសបំផ្លាញព្រៃកោងកាងទាំងនោះ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។
សមាជិកសហគមន៍នេសាទត្រពាំងសង្កែ លោក ង៉ែត ឆាវ បញ្ជាក់ថា លោកព្រួយបារម្ភយ៉ាងខ្លាំងខ្លាចគម្រោងអភិវឌ្ឍន៍កំពង់ផែ ដែលឋិតនៅមាត់ព្រែកម្ខាងចម្ងាយប្រមាណតែជាង ១គីឡូម៉ែត្រពីតំបន់ដែនសហគមន៍នេសាទ និងព្រៃកោងកាងរបស់លោក នឹងរងការឈូសបំផ្លាញថែមទៀតនៅពេលមុខ។
លោកថា ថ្មីៗនេះមន្ត្រីអាជ្ញាធរខេត្តកំពត បាននាំគ្នាចុះទៅពិនិត្យតំបន់ព្រៃលិចទឹកសហគមន៍លោកដែរ តែក្រុមមន្ត្រីមិនបានប្រាប់ឲ្យដឹងអំពីមូលហេតុនៃការចុះទៅទីនោះទេ ដែលរឹតតែធ្វើឲ្យប្រជាសហគមន៍របស់លោកកាន់តែព្រួយបារម្ភថែមទៀត ខ្លាចរដ្ឋាភិបាលរឹបអូសយកតំបន់ដែនសហគមន៍នេសាទរបស់លោកទៅអភិវឌ្ឍថែមទៀត។
លោកឲ្យដឹងថា គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រមួយនេះ មិនត្រឹមតែបំផ្លាញព្រៃលិចទឹករាប់រយហិកតារនៅលើគោកទេ តែថែមទាំងមានគ្រឿងចក្របានកាយប្រឡាយខ្វាត់ខ្វែងនៅក្នុងផ្ទៃដីបាតសមុទ្រទឹករាក់ សម្រាប់ធ្វើផ្លូវនាវាឆ្លងកាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះបាតសមុទ្រយ៉ាងធ្ងន់ធ្ងរទៀតផង។
ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍កំពង់ផែនេះ ទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ និងសហគមន៍ផ្សេងៗ មិនបានទទួលព័ត៌មានជាក់លាក់ជាផ្លូវការណាមួយទេ។ អ្នកខ្លះឮថា ជាគម្រោងអភិវឌ្ឍន៍ស្រែបង្គារបស់នាយទុន ព្រោះប្រជាពលរដ្ឋឃើញមានគ្រឿងចក្រឈូសឆាយទីធ្លាតំបន់នោះជាក្រឡាឈើត្រង់ របៀបជាស្រែបង្គា។ ប្រជាពលរដ្ឋតាមសហគមន៍ខ្លះទៀតថា ជាព្រំប្រទល់ដីដែលមន្ត្រីមួយចំនួន និងនាយទុន ពុះចែកគ្នាជាកង់ៗសម្រាប់លក់ ឬទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី (ADB) ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺជាការអភិវឌ្ឍកំពង់ផែទេសចរណ៍ ធ្វើឡើងដោយរដ្ឋាភិបាល ក្រោមប្រាក់កម្ចីរបស់ធនាគារ អេឌីប៊ី ចំនួន ១៨លានដុល្លារ។
ទាក់ទងទៅនឹងការព្រួយបារម្ភរបស់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋ រួមទាំងតំណាងសហគមន៍នេសាទនេះ អភិបាលរងខេត្តកំពត លោក សូត យា បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រនេះ ក្នុងបំណងបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតាមផ្លូវសមុទ្រ ឲ្យមកលេងខេត្តជាប់សមុទ្រមួយនេះ។
លោកថា រដ្ឋាភិបាលបានថ្លឹងថ្លែងអំពីផលចំណេញ និងផលខាតបង់រួចហើយ មុនសម្រេចលើកគម្រោងនេះឡើង៖ «ចំពោះបញ្ហានេះខ្ញុំជឿជាក់ថា គេនឹងសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ ពីព្រោះខ្ញុំថា ទាំងរដ្ឋាភិបាល ទាំងគណៈកម្មាភិបាលខេត្ត មិនដែលធ្វើអ្វីដែលបំផ្លាញអ្វីជាផលប្រយោជន៍ដល់ជាតិ តែយើងគ្រាន់តែគិតថា អ្វីដែលយើងត្រូវធ្វើការអភិរក្ស អ្វីដែលយើងធ្វើការអភិវឌ្ឍ បើសិនជាការអភិវឌ្ឍនោះវាល្អជាងការអភិរក្ស។ លើមូលដ្ឋានអភិរក្សនោះ យើងនឹងធ្វើការអភិវឌ្ឍថែម។ ប៉ុន្តែ បើការអភិវឌ្ឍនេះធ្វើឲ្យប៉ះពាល់ដល់ការអភិរក្សខ្លាំង យើងមិនអាចឲ្យការអភិវឌ្ឍបានទេ។ លោក វោហារ ជាតិ៖ ប៉ុន្តែការដំណើរការនេះផ្អាកទៅវិញ ឬក៏នៅដំណើរការនៅឡើយទេ? លោក សូត យា៖ បញ្ហាការធ្វើផែទាំងនេះមិនមែនជាការអត្តនោម័តិរបស់គណៈអភិបាលទេ សុទ្ធតែមានការយល់ព្រមពីអាជ្ញាធរក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិព្រៃឈើ។ លោក វោហារ ជាតិ៖ ចំនួនព្រៃលិចទឹកបាត់បង់អស់ប៉ុន្មានហិកតារក្នុងពេលអភិវឌ្ឍផែថ្មីហ្នឹង? លោក សូត យា៖ បាទ! ខ្ញុំពិនិត្យឃើញថា ដូចជាមិនបាត់អីទេ ពីព្រោះថា ព្រៃកោងកាងរបស់យើងមានជាង ១ពាន់ហិកតារនៅក្នុងខេត្តកំពត ទាំងមូល ប៉ុន្តែវាអាចប៉ះពាល់បន្តិចបន្តួច យើងនឹងដាំវាសងឡើងវិញ បានន័យថា ការអភិវឌ្ឍនេះមានការរីកចម្រើនជាងអ្វីដែលយើងអភិរក្សពីមុន»។
មន្ត្រីអង្គការការពារបរិស្ថាន និងធនធានធម្មជាតិនានា អះអាងថា ព្រៃលិចទឹកកំពុងប្រឈមនឹងកាប់បំផ្លាញយ៉ាងខ្លាំង ក៏ប៉ុន្តែមិនបានផ្ដល់តួលេខនៃការខូចខាតថាមានទំហំប៉ុន្មានទេ។ តាមទិន្នន័យរបស់ក្រសួងបរិស្ថាន ឆ្នាំ២០០៧ ខេត្តកំពត មានផ្ទៃដីព្រៃលិចទឹកជិត ២ពាន់ហិកតារក្នុងចំនួនផ្ទៃដីព្រៃលិចទឹកតាមតំបន់ឆ្នេរសរុបទូទាំងប្រទេសជាង ៧ម៉ឺន ៨ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
