ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) របស់កូនឧកញ៉ា ទ្រី ភាព កំពុងជីកយករ៉ែដែកនៅក្នុងស្រុករវៀងខេត្តព្រះវិហារ ដើម្បីធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាម បើទោះបីជាក្រុមហ៊ុននេះ មិនទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ពីរដ្ឋាភិបាលក្នុងការជីកយករ៉ែដែកក៏ដោយ។ ការជីយករ៉ែដែកនេះបានធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតំបន់នោះជាច្រើនហិកតារ។
កាលពីខែមេសា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនគ្លូបល ហ្គ្រីន ចុះសិក្សាស្រាវជ្រាវនិងរុករករ៉ែដែក ស្ថិតនៅក្នុងស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ជារបស់លោក ទ្រី ដាលុច ត្រូវជាកូនអ្នកឧកញ៉ាទ្រី ភាព ទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន។
ទោះបីជាក្រុមហ៊ុន គ្លូបល ហ្គ្រីន មិនទាន់ទទួលបានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មពីរដ្ឋាភិបាលក្ដី ក្រុមហ៊ុននេះ កំពុងធ្វើអាជីវកម្មជីកយករ៉ែដែកយ៉ាងអនាធិបតេយ្យ និងបានដឹកយកវត្ថុធាតុដើម ទៅលក់នៅប្រទេសវៀតណាមចេញពីស្រុករវៀង ខេត្តព្រះវិហារ ឆ្លងកាត់មកខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង តាមដងទន្លេមេគង្គ។
មន្ត្រីតុលាការខេត្តព្រះវិហារម្នាក់ប្រាប់វិទ្យុអាស៊ីសេរីលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ កក្កដា ថា ក្រុមហ៊ុន គ្លូបល ហ្គ្រីន ដែលកំពុងធ្វើអាជីវកម្មជីកយករ៉ែដែកទៅលក់នៅក្រៅប្រទេសនោះ មិនទាន់មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនោះទេ។
ការដឹកជញ្ជូនរ៉ែយកទៅប្រទេសវៀតណាមនេះ បានធ្វើឲ្យខូចខាតផ្លូវជាង ៦០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុករវៀង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានប៉ះពាល់ដល់ដំណាំនិងធ្លីស្រែរបស់ជនជាតិដើមភាគតិចកួយចំនួន ៤ ឃុំ លើផ្ទៃដីប្រមាណជាង៥ ពាន់ហិកតារ។ ឃុំទាំង ៤នោះ មានឃុំរីករាយ ឃុំរួសរាន់ ឃុំរស្មី ស្ថិតនៅស្រុករវៀង និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ជនជាតិដើមភាគតិចកួយរស់នៅភូមិទម្លាប់ ឃុំរួសរាន់ ស្រុករវៀង លោក ហេន ថេន ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុនគ្លូបល ហ្គ្រីន បានហាមឃាត់មិនឲ្យគ្រួសាររបស់គាត់ចូលធ្វើស្រែ និងចម្ការលើដីរបស់ខ្លួនឡើយ បើទោះបីជាដីនោះ គ្រួសារគាត់បានអាស្រ័យផលរយៈពេល ២០ឆ្នាំហើយក៏ដោយ។ លោកបន្តថា កន្លងមក ពួកគាត់ក៏នាំគ្នាតវ៉ាដែរ បន្ទាប់ពីក្រុមហ៊ុននេះបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលទៅធ្វើស្រែចម្ការនៅលើដីដែលធ្លាប់អាស្រ័យផលតាំងពីដូនតាមក។ ក្រៅពីតវ៉ា គ្រួសារគាត់ និងពលរដ្ឋផ្សេងទៀតក៏ធ្លាប់ទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំឲ្យជួយ ដោះស្រាយដែរ ប៉ុន្តែមិនទទួលលទ្ធផល ហើយអាជ្ញាធរបែរជាមកហាមឃាត់មិនឲ្យពួកគាត់តវ៉ា ដើម្បីទាមទារដំណោះស្រាយដីធ្លីរបស់ខ្លួនទៅវិញ ទោះបីក្រុមហ៊ុនរំលោភយកដីពួកគាត់ក៏ដោយ។
លោកបន្ថែមថា អាជ្ញាធរមិនជួយដោះស្រាយទេ ដីស្រែ និងចម្ការចំនួន៨ ហិកតារដែលធ្លាប់អាស្រ័យផល ២០ឆ្នាំមកនេះ នឹងត្រូវបាត់បង់ដោយសារក្រុមហ៊ុនរំលោភយក។
លោក ហេន ថេន៖ «បើបាត់បង់ដីហើយគ្មានអីធ្វើទៀតមានតែចំណាកស្រុកទៅធ្វើកម្មករគេ នៅក្រៅស្រុក និងក្នុងស្រុក ប្រាក់ចំណូលត្រូវធ្លាក់ចុះ ព្រោះយើងធ្លាប់រកបានច្រើនតែឥឡូវវាមិនបានសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រុមហ៊ុនមិនដែលហៅដោះស្រាយទេ ហៅតែអាជ្ញាធរស្រុក ដោយសារ យើងធ្វើបាតុកម្ម ប៉ុន្តែដោះស្រាយនេះមិនមានលទ្ធផលអីទេ»។
ពលរដ្ឋម្នាក់ទៀត រស់នៅឃុំរីករាយ ស្រុករវៀង លោក ដន ភ័ក្ត្រ លើកឡើងដែរថា ក្រុមហ៊ុនរបស់កូនអ្នកឧកញ៉ា ទ្រី ភាព ទៅជីកយករ៉ែ បានប៉ះពាល់ដល់ដីចម្ការរបស់គាត់ប្រមាណ ២០ហិកតារ។ បុរសអាយុ៤៣ ឆ្នាំរូបនេះ អះអាងថា ក្រុមហ៊ុននេះ បានផ្ដល់សំណងដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ក្នុង១ ហិកតារ ១០០ ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែសំណងនេះ ពួកគាត់មិនអាចទទួលយកបានឡើយ។
លោក ដន ភ័ក្រ៖ «ខ្ញុំសំណូមពរឲ្យជួយដោះស្រាយផង ឲ្យមានសំណងសមរម្យ ដែលអាចឲ្យប្រជាពលរដ្ឋរស់បាន បើឲ្យ១ ហិកតារ ១០០ ដុល្លារតើគ្នាបានអីហូប។ ម្យ៉ាងទៀតខ្ញុំចង់បានដីខ្ញុំមកវិញតែម្ដង ធ្វើម៉េចឲ្យបានដីមកអាស្រ័យផលវិញ»។
លោក ដន ភ័ក្ត្រ អះអាងទៀតថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារ ការជីកយករ៉ែរបស់ក្រុមហ៊ុន គ្លូបល ហ្គ្រីន មានជាង ៥០គ្រួសារ ហើយមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។
មេការក្រុមហ៊ុន គ្លូបល ហ្គ្រីន លោក ង៉ែត សេង បានឆ្លើយថា លោកមិនបានជាប់ពាក់ព័ន្ធនោះទេ លោកគ្រាន់តែជាអ្នកដាំដំឡូង។ រីឯអគ្គនាយករងក្រុមហ៊ុនលោក ឃៀង សុជីវ័ន្ត បានចុចបិទទូរស័ព្ទបន្ទាប់ពីអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីសួរសំណួររឿងក្រុមហ៊ុន គ្លូបល ហ្គ្រីន។
វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារលោក ស៊ុន ច័ន្ទរក្សា បានទេ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ក៏មិនអាចទាក់ទងបានដែរដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។
នាយករងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ក្រុមហ៊ុន គ្លូបល ហ្គ្រីន មានសិទ្ធិត្រឹមតែរុករករ៉ែនៅក្នុងតំបន់នោះប៉ុណ្ណោះ ប៉ុន្តែមិនមានសិទ្ធិក្នុងការធ្វើអាជីវកម្មជីកយករ៉ែឡើយ បើគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីរដ្ឋាភិបាល។
លោកបញ្ជាក់ថា ប្រសិនក្រុមហ៊ុនមិនទាន់ទទួលលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម ហើយបែរជាលួចធ្វើអាជីវកម្មជីកយករ៉ែ ដោយនាំចេញវត្ថុធាតុដើមទៅលក់ក្រៅប្រទេសនោះ វាជារឿងខុសនឹងច្បាប់។
លោក អំ សំអាត៖ «ជាក្រុមហ៊ុននឹងរុករករ៉ែឃើញហើយ ឬក្រុមហ៊ុនផ្សេងទៀត ដែលមានការដេញថ្លៃនៅក្នុងការធ្វើអាជីវកម្ម រ៉ែហ្នឹង អាហ្នឹងទាល់តែមានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មរ៉ែ បានអាចធ្វើអាជីវកម្ម ផលិត ឬប្រមូលរ៉ែហ្នឹងបាន ដើម្បីធ្វើអាជីវកម្មបាន ហើយអាជីវកម្ម វាអាស្រ័យកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលទៅទៀត ថាធ្វើអាជីវកម្មហ្នឹង សម្រាប់ក្នុងស្រុក ឬក៏អាចនាំចេញទៅក្រៅប្រទេស អាហ្នឹងទើបធ្វើទៅបាន បើសិនមានអាជ្ញាប័ណ្ណត្រឹមតែរុករករ៉ែទេ ហើយស្រាប់តែធ្វើអាជីវកម្មនាំវត្ថុធាតុដើម ផលិតហើយនាំចេញទៅប្រទេសវាជារឿងខុសច្បាប់»។
បើទោះបីជាក្រុមហ៊ុននេះ កំពុងធ្វើអាជីវកម្មផ្ទុយពីការអនុញ្ញាតរបស់រដ្ឋាភិបាល និងច្បាប់កម្ពុជាក៏ដោយរហូតមកដល់ពេលនេះមិនទាន់ឃើញ ក្រសួង និងសមត្ថកិច្ច មានវិធានការណាលើក្រុមហ៊ុន គ្លូបល ហ្គ្រីន នៅឡើយទេ។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ក្រុមហ៊ុន គ្លូបល ហ្គ្រីន ធ្លាប់បរិច្ចាគថវិកា១០លានរៀល ដើម្បីចូលរួមជាមួយកាកបាទក្រហមកម្ពុជាដែលមានភរិយារបស់លោក ហ៊ុន សែន ជាប្រធាន។ ឧកញ៉ា ទ្រី ដាលុច មិនមែនតែជាអ្នកគ្រប់គ្រងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន នោះទេ លោកក៏ជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុបផងដែរ។ លោក ទ្រី ដាលុច ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រឲ្យផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។
ក្រៅពីទទួលបានគោរមងារ «ឧកញ៉ា» ហើយ លោក ទ្រី ដាលុច ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់លោក ហេង សំរិន និងអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
លោក ទ្រី ដាលុច ដែលត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា ទ្រី ភាព បច្ចុប្បន្នកំពុងឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៩ ក្នុងចំណោមបេក្ខជនបម្រុង១១នាក់ នៃគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។