ក្រុមហ៊ុន​កូន​ប្រុស​លោក​ទ្រី ភាព ចង់​ច្បាម​យក​រ៉ែដែក​បន្ថែម​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង

ដោយ នៅ វណ្ណារិន
2023.09.18
ក្រុមហ៊ុន​កូន​ប្រុស​លោក​ទ្រី ភាព ចង់​ច្បាម​យក​រ៉ែដែក​បន្ថែម​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង លោក​ឧកញ៉ា ទ្រី ភាព អ្នកជំនួញ​ព្រៃឈើ​យកទៅលក់នៅបរទេស។
Photo: Global Witness

ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន ដែល​ជា​របស់​កូន​ប្រុស លោក​ឧកញ៉ា ទ្រី ភាព ចង់​ច្បាម​យក​រ៉ែដែក​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ លក់​ទៅ​ក្រៅ​ប្រទេស។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​​រដ្ឋាភិបាល​សិក្សា​ពី​ផល​ប៉ះពាល់​ដី​ស្រែចម្ការ​របស់​ពលរដ្ឋ​និង​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រុមហ៊ុន​កូន​ប្រុស លោក​ឧកញ៉ា ទ្រី ភាព ដែល​ល្បីល្បាញ​ខាង​រក​ស៊ី​ឈើ​ កំពុង​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ស្នង​ពី​ឪពុក​របស់​លោក។ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTDរបស់​លោក ទ្រី ដាលុច ​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​រុករក​រ៉ែដែក​ពី​ក្រសួង​រ៉ែ និង​ថាមពល នៅ​លើ​ផ្ទៃដី ១១៩,៧០​គីឡូ​ម៉ែត្រការ៉េ ដែល​ស្ថិត​នៅ​ឃុំ​អន្លង់ភេ និង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង នេះ​បើ​យោង​តាម​ឯកសារ​ផ្លូវការ​របស់​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​អន្លង់ជ្រៃ លោក ប៊ុន វ៉ាន់នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ថា សហគមន៍​របស់​លោក​​ព្រួយបារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ​ចម្ការ ដែល​សហគមន៍​អាស្រ័យ​ផល។ សហគមន៍​ពុំ​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​ប៉ះពាល់​ដីធ្លី​ប៉ុន្មាន​ហិកតារ​នៅ​ឡើយ​នោះ​ទេ ដោយសារ​អាជ្ញាធរ​ភូមិ​ឃុំ មិន​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ​ដល់​ពលរដ្ឋ។ ទោះ​ជា​យ៉ាង​ណា លោក​ទទូច​ឲ្យ​​រដ្ឋាភិបាល​ថ្មី​ឲ្យ​គិតគូរ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​សង​សំណង​ឲ្យ​បាន​សមរម្យ។

លោក ប៊ុន វ៉ាន់នី៖ «ប្រជា​ពលរដ្ឋ​គាត់​មិន​បាន​ដឹង​ការ​ចូល​វិនិយោគ​ ពី​ក្រុមហ៊ុន​ទ្រីដាលុច យើង​គិត​មើល​ទៅ​ពីរ​ទៅ​បី​ពាន់​ហិកតារ​ផង ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​៣០ ទៅ ៤០​ភាគ​រយ​ចុះ​១ម៉ឺន​ហិកតារ សម្រាប់​ខ្ញុំ​ស្នើ​សុំ​ឲ្យ​បញ្ឈប់​កុំ​ឲ្យ​វិនិយោគ​ក្នុង​ឃុំ​នឹង​ទេ ព្រោះ​អ្វី​ផល​ប៉ះពាល់​ចំនួន​ពី​ឃុំ​ក្នុង​មួយ​ឃុំ​ប៉ុន្មាន ពួកគាត់​អាស្រ័យ​ផល​នៅ​កន្លែង​នឹង​មួយ​រយ​ភាគ​ហើយ អត់​អាច​ទទួល​យក»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត ស្ទឹងត្រែង លោក ម៉ែន គុង បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

ចំណែក​មេឃុំ​អន្លង់ជ្រៃ លោក ជួន វ៉េ សុំ​​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​នោះ​ទេ។

ជុំ​វិញ​រឿង​នេះ​​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា រាល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ផ្សេងៗ​តែងតែ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ក្រុមហ៊ុន​នេះ​ត្រូវ​ផ្ដល់​សំណង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​បាន​សមរម្យ និង​មាន​តម្លាភាព ដើម្បី​ជៀសវាង​មាន​អំពើ​ហិង្សា​កើត​ឡើង និង​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ នាំឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស។

លោក អំ សំអាត៖ «តាម​ផ្លូវ​ច្បាប់​ភូមិបាល​ក៏​ដូច​ជា​អនុក្រឹត្យ​ស្ដី​ពី​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ការ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​មួយ​មិន​អាច​លើស​ពី​មួយ​ម៉ឺន​ហិកតារ​បាន​ទេ បើ​និយាយ​ពី​បទ​បង្កើត​បទ​សម្ព័ន្ធ​ក្រុមហ៊ុន​ដើម្បី​ទទួល​ដី​សម្បទាន​ជា​ច្រើន​ហិកតារ ក៏​ដោយ​ក៏​ខុស​ពី​ច្បាប់​ដូច​គ្នា​ដែរ ពី​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​តែ​មួយ»

បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុង​ធ្វើ​អាជីវកម្ម​រ៉ែដែក​នៅ​ខេត្ត​ព្រះវិហារ មាន​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ជ័យសែន និង​ស្រុក​រវៀង រួច​ក៏​ដឹក​ជញ្ជូន​តាម​រថយន្ត និង​សាឡង់​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ អាជីវកម្ម​រ៉ែដែក​របស់​ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន បាន​​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន ៤ ឃុំ លើ​ផ្ទៃ​ដី​ប្រមាណ​​៥ ពាន់​ហិកតារ។ ឃុំ​ទាំង​៤ នោះ រួម​មាន​ឃុំ​រីករាយ ឃុំ​រុសរាន់ ឃុំ​រស្មី ស្ថិត​នៅ​ស្រុក​រវៀង និង​ឃុំ​ពុទ្រា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។

លោក ទ្រី ដាលុច ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​គោរមងារ «ឧកញ៉ា» នៅ​ឆ្នាំ​២០១៣។ ក្រៅ​ពី​ទទួល​បាន​គោរមងារ «ឧកញ៉ា» ហើយ​នោះ លោក ទ្រី ដាលុច ក៏​ជា​អនុប្រធាន​យុវជន​ស្រុក​កណ្ដាលស្ទឹង និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។