ចៅក្រមសហព័ន្ធនៃរដ្ឋ (Florida) អ្នកស្រី Kathleen Williams កាលពីថ្ងៃទី ២២ ធ្នូ បានសម្រេចដោះលែងប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម លោក គ្រី ម៉ះផលឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីរង់ចាំសវនាការ។ លោក គ្រី ម៉ះផល នឹងត្រូវតុលាការដោះលែងនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យណូអែលនៅឯស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតុន។ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរ អាមេរិកចាប់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ ឃែនណើឌី (Kennedy) ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ខណៈលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទនៅទីក្រុងប៉ាណាម៉ា (Panama) ស្ដីពីការជួញដូរខុសច្បាប់លើប្រភេទសត្វជិតផុតពូជ។ លោកត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ពីបទជួយសម្រួលដល់ការរត់ពន្ធសត្វស្វាក្ដាម ឬស្វាកន្ទុយវែង ដែលជិតផុតពូជ។
ក្រោយបញ្ចប់កម្មវិធីបុណ្យណូអែលនៅរដ្ឋធានីវ៉ាស៊ីនតុន លោក គ្រី ម៉ះផល នឹងត្រូវគេបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះមួយកន្លែងនៅរដ្ឋ (Virginia) ជាមួយនឹងគ្រួសារមួយ ដែលមិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណ។ ស្ថានទូតខ្មែរនឹងទទួលខុសត្រូវចំពោះការចំណាយរបស់ លោក គ្រី ម៉ះផល ក្នុងពេលជាប់ឃុំនៅផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។