តុលាការ​កោះកុង​គ្រោង​ប្រកាស​សាលក្រម​កំបាំងមុខ​សំណុំរឿង​លោក អាឡិច នៅ​ចុងខែ​សីហា

ដោយ ហេង រស្មី
2019-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

តុលាការ​ខេត្ត​កោះកុង​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​សកម្មជន​បរិស្ថាន លោក អាឡិច នៅ​ចុង​ខែ​សីហា នេះ ក្រោយ​បញ្ចប់​សវនាការ​កំបាំង​មុខ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ អ្នក​ការពារ​សិទ្ធិមនុស្ស​រិះគន់​ចំណាត់ការ​របស់​តុលាការ​ខេត្ត​កោះកុង ថា ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ជនជាប់ចោទ។

សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ​ថា អាឡិច រិះគន់​តុលាការ​ខេត្ត​កោះកុង​ថា បាន​យក​ច្បាប់​មក​ជាន់​ឈ្លី និង​មាក់ងាយ​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​។ លោក​បញ្ចេញ​ប្រតិកម្ម​បែបនេះ ដោយសារ​តុលាការ​ខេត្ត​កោះកុង​បាន​លើក​យក​សំណុំរឿង​របស់​លោក​មក​ជំនុំជម្រះ ដោយ​កំបាំងមុខ កាលពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ​។ លោក​ជឿជាក់​ថា ចៅក្រម​តុលាការ​ខេត្ត​កោះកុង​នឹង​សម្រេច​ឱ្យ​លោក​មានទោស ដើម្បី​បិទ​ផ្លូវ​មិន​ឱ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ៖ «សវនាការ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ជា​សវនាការ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ដែល​រំលោភច្បាប់ រំលោភ​នីតិវិធី និង​អាច​ថា​មើលងាយ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​ទាំងមូល​របស់​ប្រទេស​កម្ពុជា ដោយសារ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​មាន​វត្តមាន​ដើម្បី​ការពារ​ខ្លួន មិន​មាន​សាក្សី ហើយ​មិន​មាន​បទល្មើស​កើតឡើង»

តុលាការ​ខេត្ត​កោះកុង​បាន​បើក​ការ​ជំនុំជម្រះ​សំណុំ​រឿង​ក្តី​របស់​លោក អាឡិច កាលពី​ថ្ងៃ​ទី​៣០ កក្កដា កន្លងទៅ ដោយ​គ្មាន​វត្តមាន​ជនជាប់ចោទ មេធាវី និង​សាក្សី​ពាក់ព័ន្ធ​ដទៃ​ទៀត​ឡើយ​។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក អាឡិច គឺ​លោក សំ ចំរើន ថ្លែង​ថា លោក​បាន​ស្នើសុំ​ដោយ​ផ្ទាល់​មាត់​ទៅ​ចៅក្រម​ជំនុំជម្រះ ដើម្បី​លើក​ពេល​សវនាការ​នេះ​ទៅ​ពេល​ក្រោយ​វិញ ដ្បិត​កូន​ក្តី​របស់​លោក​មិនទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅឡើយ​។ ទោះជា​យ៉ាងណា ចៅក្រម​បាន​បដិសេធ ដូច្នេះ​លោក​ក៏បាន​សម្រេចចិត្ត​ចាកចេញ​ពី​បន្ទប់​សវនាការ ហើយ​តុលាការ​ក៏បាន​បន្ត​សវនាការ​នេះ​ដោយ​កំបាំងមុខ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ចៅក្រម​នឹង​ប្រកាស​សាលក្រម​រឿង​នេះ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាងមុខ៖ «ខ្ញុំ​បាន​ដាក់​សេចក្ដី​សន្និដ្ឋាន​ការពារ​ក្តី​ជា​លាយលក្ខណ៍អក្សរ ដោយ​សំណូមពរ​របស់ខ្ញុំ សុំ​ឱ្យ​កូន​ក្តី ខ្ញុំ​បាន​រួចផុត​ពី​បទ​ចោទ ហើយ​អ៊ីចឹង​ពួក​យើង​ទាំងអស់​គ្នា មានតែ​រង់ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩ ទាំងអស់​គ្នា»

តុលាការ​ខេត្ត​កោះកុង​បាន​ចោទប្រកាន់​លោក អាឡិច ពី​បទ “​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​” ប្រព្រឹត្តទៅ​នៅ​ចំណុច​ភូមិ​អណ្តូង​ទឹក ឃុំ​អណ្តូង​ទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង កាលពី​អំឡុង​ខែ​កក្កដា និង​សីហា ឆ្នាំ​២០១៥ កន្លងទៅ​។ តុលាការ​បាន​បំបែក​សំណុំរឿង​នេះ ចេញពី​សំណុំរឿង​អតីត​យុវជន​មាតា​ធម្មជាតិ​៣ នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្ដន្ទាទោស ក្រោយពេល​ពួកគេ​បាន​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ ក្នុង​ខេត្ត​កោះកុង​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា សវនាការ​សំណុំរឿង​លោក អាឡិច នេះ មិន​មាន​លក្ខណៈ​ពេញលេញ និង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ​។ លោក​ពន្យល់​ថា សវនាការ​ដែល​ត្រឹមត្រូវ​ស្របតាម​ច្បាប់​នោះ ដាច់ខាត​ត្រូវតែ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ភាគី​ជនជាប់ចោទ ដើម្បី​អាច​សួរដេញដោល​រក​ខុសត្រូវ​បាន​។ លោក​កត់សម្គាល់​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​លោក អាឡិច តាំងតែ​ពី​ដំបូង ពីព្រោះ​តុលាការ​មិនបាន​កោះហៅ​សកម្មជន​បរិស្ថាន​រូប​នេះ មក​សាកសួរ​ពី​ដំណើររឿង​នោះ​ឡើយ ហើយក៏​បាន​បើក​ការ​ជំនុំជម្រះ​តែម្ដង៖ «សវនាការ​នេះ​អត់​ពេញលេញ​ទេ អ៊ីចឹង​ការ​សម្រេច​ណាមួយ គឺ​យើង​គិត​ថា ភាព​អយុត្តិធម៌​សម្រាប់ អា​ឡិច ហ្នឹង នៅតែ​កើតមាន ព្រោះ​ជា​សវនាការ​មួយ​ដែល​មិនបាន​ពេញលេញ​តាម​នីតិវិធី»

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ផ្ដល់​យុត្តិធម៌​ដល់​លោក អាឡិច វិញ តាមរយៈ​ការលើកលែង​បទចោទប្រកាន់​ប្រឆាំង​នឹង​សកម្មជន​រូប​នេះ។

សកម្មជន​បរិស្ថាន អាឡិច បាន​ព្យាយាម​ស្នើសុំ​ទិដ្ឋាការ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ជា​ច្រើនដង ក៏ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន បដិសេធ ក្រោម​ហេតុផល​ថា ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

លោក អា​ឡិច យល់ថា មូលហេតុ​តែមួយគត់​ដែល​របប​ក្រុងភ្នំពេញ​មិន​ស្វាគមន៍​រូបលោក​នោះ គឺ​ដោយសារ​របប​នេះ​បារម្ភ​ខ្លាច​លោក​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ជំនួញ​ទុច្ចរិត​របស់​ពួកគេ។ សកម្មជន​បរិស្ថាន​រូប​នេះ​បញ្ជាក់​ជំហរ​ថា លោក​នឹង​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​មានឱកាស​ត្រឡប់​មក​វិញ ពីព្រោះ​លោក​បញ្ជាក់​ថា លោក​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ចង់​ជួយ​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល