សហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តកើតមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។
ក្តីកង្វល់នេះបានបង្ហាញតាមរយៈសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ ស្ដីពីដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី៨ មីនា ។
ស្ថានទូតសហរដ្ឋអាមេរិក កត់សម្គាល់ឃើញថា ការបាត់បង់ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេសកម្ពុជា មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។
ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID តែងតែធ្វើការ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្មរបស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេងក្នុងការប្រកបជីវភាពរស់នៅ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL)។ ជាមួយគ្នានោះ USAID ក៏បានជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថានកន្លងមក។
សេចក្ដីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ព្រមទាំងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបជាមួយលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរឹតត្បិតមិនឲ្យប្រជាជនកម្ពុជាចូលក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ ទីភ្នាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាននូវព័ត៌មាន ជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តអំពាវនាវឲ្យមានចំណាត់ការ ដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវៈចម្រុះដ៏ល្អនៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។