ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង សង្កេតឃើញថា ជនជាតិវៀតណាម ជាច្រើនគ្រួសារ ដែលបានតាំងទីលំនៅតាមមាត់ទន្លេ កំពុងយកទីតាំងនោះជាកន្លែងជួញដូរឈើប្រណិត និងកែច្នៃគ្រឿងសង្ហារិម។ អាជីវកម្មរបស់ជនជាតិវៀតណាម ទាំងនោះ ក៏ត្រូវរិះគន់ថា កំពុងធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន។
ពលរដ្ឋរស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នៅថ្ងៃទី១៧ តុលា អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ បង្ក្រាបបទល្មើសព្រៃឈើ និងអាជីវកម្មកែច្នៃគ្រឿងសង្ហារិមខុសច្បាប់របស់ជនជាតិវៀតណាម ជាង ១០កន្លែង តាមបណ្តោយមាត់ទន្លេ។
ពលរដ្ឋរស់នៅភូមិព្រែក លោក ស្រន សឿន អង្កេតឃើញថា ជនជាតិវៀតណាម ដែលមកតាំងទីលំនៅតាមបណ្តោយមាត់ទន្លេ គឺជាប្រភពនៃបទល្មើសព្រៃឈើ ព្រោះជាកន្លែងងាយស្រួលដឹកជញ្ជូនឈើពីតំបន់ឆ្ងាយតាមផ្លូវទឹក។ ចំណែកពលរដ្ឋខ្មែរភាគច្រើន គឺជាកម្មករ។ លោកបារម្ភទៀតថា ប្រសិនបើអាជ្ញាធរនៅតែព្រងើយកន្តើយមិនជម្លៀសពលរដ្ឋវៀតណាម ទាំងនោះឲ្យបានឆាប់នោះទេ ផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរឡើង៖ «វៀតណាម អាចនៅស្រុកខ្មែរយើងអាចបើកអាជីវកម្មដូចជាសិប្បកម្ម ភាគច្រើនតាមមាត់ទន្លេ។ ប៉ះពាល់ដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ។ តាំងពីទឹកអត់ស្អាត សូម្បីតែយើងជិះតាមមាត់ទន្លេ ក៏ធុំក្លិនស្អុយដែរ។ ដូច្នេះ សូមអំពាវនាវឲ្យរដ្ឋាភិបាល ជួយដោះស្រាយប្រជាពលរដ្ឋវៀតណាម រឿងអាជីវកម្ម»។
អាជ្ញាធរក្រុងស្ទឹងត្រែង ឲ្យដឹងថា បច្ចុប្បន្ន ក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង មានពលរដ្ឋរស់នៅតាមច្រាំងទន្លេចំនួនជាង ៣០០គ្រួសារ ក្នុងនោះមានពលរដ្ឋខ្មែរជាង ៣០ភាគរយ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្ត លោក ដួង ពៅ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តកំពុងសិក្សា និងវាយតម្លៃពីការផ្តល់ទីតាំងថ្មីដែលជាដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋរស់នៅទីនោះ។ តែយ៉ាងណា លោកពុំទាន់ដឹងពីការកំណត់ពេលវេលាជាក់លាក់ ស្ដីពីការជូនដំណឹងដល់ពលរដ្ឋទាំងនោះឲ្យរុះរើនៅថ្ងៃណានោះទេ?៖ «យើងបានពិនិត្យមើលហើយ បានផ្សព្វផ្សាយហើយ នៅតែប្រជុំម្តងទៀត។ ប្រជុំក្របខ័ណ្ឌបច្ចេកទេស និងក្របខ័ណ្ឌជំនាញ ដើម្បីស្វែងរកទីកន្លែងឲ្យគាត់។ ទីពីរ កំណត់កាលបរិច្ឆេទដើម្បីឲ្យគាត់រុះរើ»។
យ៉ាងណាក៏ដោយចុះ អភិបាលក្រុងស្ទឹងត្រែង ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរបានរៀបចំជម្លៀសជនជាតិវៀតណាម ទាំងនោះទៅនៅទីតាំងថ្មីនៅគីឡូម៉ែត្រលេខ១៤ ផ្លូវជាតិលេខ៧ ឋិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្លូវទៅប្រទេសឡាវ។ ប៉ុន្តែតំណាងពលរដ្ឋជាជនជាតិវៀតណាម លោក ឡេវ យ៉ាំងឡង បញ្ជាក់ថា ពួកគេមិនអាចរស់នៅតំបន់ដាច់ស្រយាលបានទេ។
ករណីនេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា ពលរដ្ឋដែលរស់នៅតាមមាត់ទន្លេក្រុងស្ទឹងត្រែង ភាគច្រើនជាពលរដ្ឋវៀតណាម ប្រកបរបរនេសាទ ជាងកែច្នៃគ្រឿងសង្ហារិម និងជួញដូរឈើប្រណិត។ លោកថា ពលរដ្ឋវៀតណាម ភាគច្រើនពុំសូវយកចិត្តទុកដាក់បញ្ហាបរិស្ថាន អនាម័យ និងសោភ័ណភាពទឹកទន្លេនោះទេ ហើយពួកគេក៏ពុំសូវខ្លាចអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដែរ។ លោក ហូ សំអុល ក៏អំពាវនាវឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ពន្លឿនការដោះស្រាយបញ្ហានេះ ដែលឈរលើគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន មិនប្រកាន់ពូជសាសន៍ ក៏ប៉ុន្តែច្បាប់អន្តោប្រវេសន៍ត្រូវតែអនុវត្ត៖ «បានទៅឃើញគាត់ធ្វើសកម្មភាពធ្វើសិប្បកម្មខុសច្បាប់ហ្នឹង មានមិនក្រោមពី ១០កន្លែងនោះទេ។ នៅតាមបណ្តោយមាត់ទន្លេទាំងតូចទាំងធំ។ អាជ្ញាធរខេត្តគួរតែពន្លឿនឲ្យគាត់ទៅនៅកន្លែងថ្មី ដើម្បីចៀសវាងចំណុចអវិជ្ជមានមួយចំនួន ដូចជាការរស់នៅជាអនាធិបតេយ្យ។ សិប្បកម្មរបស់គាត់ឈូសឈើបេង ធ្នង់ លាយគ្នា ហើយទម្លាក់ទៅក្នុងទន្លេ»។
យ៉ាងនេះក្តី មន្ត្រីអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ក៏សម្ដែងក្តីបារម្ភពីផលប៉ះពាល់គុណភាពទឹកទន្លេមេគង្គ បរិស្ថាន និងសុខភាពពលរដ្ឋក្នុងក្រុងស្ទឹងត្រែង ខណៈដែលអង្គភាពរដ្ឋាករទឹក បានយកទឹកទន្លេនេះផ្គត់ផ្គង់ពលរដ្ឋក្នុងក្រុងស្ទឹងត្រែង។ លោកថា ជនជាតិវៀតណាម ទាំងនោះ បានបន្ទោបង់ និងចោលកាកសំណល់រឹងរាវចូលទន្លេ ដែលជាប្រភពនៃប៉ារ៉ាស៊ីត និងមេរោគឆ្លងផ្សេងៗដល់ពលរដ្ឋដែលអាស្រ័យផលទឹកទន្លេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។