ពលរដ្ឋខេត្តព្រៃវែងព្រួយបារម្ភពីការបន្តងាប់រាប់រយក្បាលជារៀងរាល់ថ្ងៃនៃបក្សីចង្កៀលខ្យង និងសត្វស្លាបកម្រផ្សេងទៀតរស់នៅតំបន់អភិរក្សបឹងស្នេហ៍។ បញ្ហានេះបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដែលមានប្រភពចំណូលបានមកពីវិស័យទេសចរណ៍។ ពលរដ្ឋស្នើឱ្យអាជ្ញាធររកមូលហេតុពិតប្រាកដ ដើម្បីស្រាយបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរនៅតែអះអាងថា ជំងឺផ្ដាសាយបក្សីអេច.ប្រាំ.អិន.មួយ (H5N1) គឺជាដើមចមធ្វើឱ្យបក្សីទាំងនោះងាប់។
ពលរដ្ឋរស់នៅក្នុងស្រុកចំនួន ៣ និងក្រុងមួយរបស់ខេត្តព្រៃវែងអំពាវនាវឱ្យអាជ្ញាធររកមធ្យោបាយសង្គ្រោះសត្វចង្កៀលខ្យង និងបក្សីកម្រផ្សេងទៀតដែលកំពុងងាប់ជាបន្តបន្ទាប់អស់ប្រមាណ ១.៤៨២ក្បាល ហើយ គិតត្រឹមថ្ងៃទី៥ មេសា។ អ្នកភូមិបារម្ភថា ប្រសិនបើអាជ្ញាធរមិនរកមូលហេតុពិតប្រាកដ ដើម្បីសង្គ្រោះបក្សីទាំងនេះទេ ផលប៉ះពាល់នឹងរីកធំឡើង។
ពលរដ្ឋរស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង លោក ឡឹក សឿន ថ្លែងថា លោកនៅតែមិនជឿថា បក្សីទាំងនេះងាប់ដោយសារជំងឺនោះទេ ព្រោះវាងាប់ព្រមគ្នាចម្លែកជាងសព្វមួយដងអស់រយៈពេលជាង ២សប្តាហ៍មកហើយ។ លោកថា បក្សីកម្រទាំងនេះផ្តល់ប្រយោជន៍ច្រើនសម្រាប់ប្រជាសហគមន៍ក្នុងរយៈវិស័យទេសចរណ៍ជាច្រើនឆ្នាំមកហើយ។ លោកសង្ស័យថា ពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់នោះ ដែលតែងធ្វើស្រូវប្រាំងដោយប្រើថ្នាំសម្លាប់សត្វល្អិតប្រហែលជាប្រភពធ្វើឱ្យបក្សីទាំងនេះពុលដោយសារវាស៊ីស្រូវ និងសត្វល្អិត ក្នុងស្រែប្រាំង៖ «ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្រឡឹងស្រុកបាភ្នំស្រុកព្រះស្ដេច ហើយនិងស្រុកកំពង់ត្របែកហ្នឹង វាហើរទៅស៊ីស្រូវព្រោះរបស់គេមានការដាក់ថ្នាំ ហើរមកងាប់នៅកន្លែងទួលព័ទ្ធតាឡីហ្នឹង។ ឥលូវបទល្មើសនេសាទនៅតែបន្តមាន ហើយការទន្ទ្រានយកដីបឹងស្នេហ៍ហ្នឹង ក៏នៅតែបន្តមានដែរ »។
បុរសដដែលបន្ថែមថា អាជ្ញាធរខេត្តនេះ នៅមិនទាន់រៀបចំតំបន់អភិរក្សនេះឱ្យច្បាស់លាស់នៅឡើយទេ ហើយបទល្មើសនេសាទនៅតែកើតមានច្រើនធ្វើឱ្យបរិមាណត្រីក្នុងបឹងថយចុះ។ ចំណែកប្រជាសហគមន៍មានគ្នាតិច មិនអាចថែទាំបក្សីទាំងនេះគ្រប់ជ្រុងជ្រោយបាននោះទេ។ លោកស្នើឱ្យអាជ្ញាធររកមធ្យោបាយអភិរក្សតំបន់ធម្មជាតិនេះឱ្យច្បាស់លាស់ ដើម្បីប្រយោជន៍យូរអង្វែងរបស់សហគមន៍។
សត្វចង្កៀលខ្យង និងសត្វស្លាបកម្រផ្សេងទៀត ក្នុងតំបន់អភិរក្សធនធានធម្មជាតិទួលព័ន្ធតាឡីស្ថិតក្នុងបឹងស្នេហ៍បានងាប់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៧ មីនា។ ពលរដ្ឋព្រួយបារម្ភ និងមិនអស់ចិត្តចំពោះបញ្ហានេះ ហើយចង់ឱ្យអាជ្ញាធររកមូលហេតុពិតប្រាកដ និងរកមធ្យោបាយទប់ស្កាត់ការងាប់រង្គាលនៃសត្វស្លាបកម្រទាំងនេះឱ្យមានប្រសិទ្ធភាពជាបន្ទាន់។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកបាភ្នំលោក ប្រាក់ កុយ និយាយថា អ្នកភូមិជាច្រើនគ្រួសារទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចររួមមានជួលទូកកម្សាន្ត លក់ម្ហូបអាហារ លក់ត្រី និងសេវាកម្មស្នាក់នៅជាដើម។ លោកបារម្ភថា ប្រសិនបើបក្សីកម្រទាំងនោះនៅតែបន្តងាប់ចៀសមិនផុតប៉ះពាល់ប្រភពចំណូលរបស់ពលរដ្ឋនោះទេ៖ «ងាប់សង្ស័យពុលអាថ្នាំបាញ់ស្រូវវាស៊ីថ្នាំ វាស៊ីខ្យងស៊ីអី ខ្ញុំដូចមិនជឿបើតាមខ្ញុំថា ពុលច្រើនជាង។ គួរណាស់មានវិធានការការតំបន់អភិរក្សសត្វកម្ររលាយដាច់ពីគ្នាហើយឥឡូវរលាយទៀត។ រដ្ឋាភិបាលគួរមានវិធានការតឹងរ៉ឹងធ្វើស្រូវគួរណាស់កុំប្រើថ្នាំ ក្នុងតំបន់ហ្នឹងហាមទៅ »។
ជុំវិញរឿងនេះអាជ្ញាធរខេត្តព្រៃវែងអះអាងថា មន្ត្រីជំនាញកំពុងរកមធ្យោបាយទប់ទល់ និងសង្គ្រោះបក្សាបក្សីទាំងនេះដោយបានបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗ ដើម្បីបង្ការកុំឱ្យជំងឺផ្ដាសាយបក្សី (H5N1) ឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ រីឯខ្មោចសត្វស្លាបត្រូវបំផ្លាញចោលក្នុងតំបន់នោះផ្អែកតាមវិធានការបច្ចេកទេសពេទ្យ។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តព្រៃវែងលោក ចាន់ ថា បកស្រាយថា អាកាសធាតុក្ដៅខ្លាំងធ្វើឱ្យបក្សីទាំងអស់ហើររកចំណីឆ្ងាយៗ ប្រឈមឆ្លងជំងឺផ្តាយសាយបក្សី H5N1 ពុំមែនដោយសារពុលថ្នាំកសិកម្មនោះទេ។ លោកបន្តអះអាងថា មន្ត្រីជំនាញកំពុងប្រឹងប្រឹងទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលប៉ះពាល់សុខភាពប្រជាជន។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តបានដាក់ចេញផែនការរួចហើយអភិរក្សតំបន់នោះរួមមានអភិរក្សត្រីរក្សាផ្ទៃទឹកថែទាំបក្សីព្រៃប្រឹក្សា និងបរិស្ថានជុំវិញបឹងនោះ ដើម្បីទាញប្រយោជន៍ពីទេសភាពបម្រើវិស័យទេសចរណ៍ក្នុងតំបន់៖ «នៅទីនេះសត្វច្រើនជិត ២លានក្បាល គឺវាដើរច្រើនកន្លែងណាស់ វាហើរឆ្ងាយសត្វខ្លះហើយឆ្លងខេត្តទៀត ហើយយប់ឡើងវាមកវិញ។ ជំងឺហ្នឹងឆ្លងលឿន ហើយអាកាសធាតុក្ដៅផង »។
ប្រជាពលរដ្ឋមូលដ្ឋានបានរួមគ្នាបង្កើតតំបន់អភិរក្សធម្មជាតិនេះលើកដំបូងកាលពីឆ្នាំ២០០៥ ក្រោមការជួយជ្រោមជ្រែងរបស់អាជ្ញាធរឃុំ ហើយក្រោយមកអង្គការវូមេន (WOMEN) បានជួយរៀបចំបង្កើតសហគមន៍បឹងស្នេហ៍នេះឡើងវិញ នៅឆ្នាំ២០១២។
តំបន់អភិរក្សបឹងស្នេហ៍ ត្រូវបានក្រសួងបរិស្ថានដាក់បញ្ចូលក្នុងតំបន់ដីសើមបឹងស្នេហ៍ ជាតំបន់ការពារធម្មជាតិ នៅឆ្នាំ២០២១។ តំបន់នេះមានផ្ទៃទឹក និងដីជាង ៣.៥៥៧ហិកតារ នៅរដូវវស្សាហើយនៅរដូវប្រាំងមានផ្ទៃទឹកទំហំជាង ២ពាន់ហិកតារ។ ទំហំដីព្រៃលិចទឹកអ្នកភូមិតំបន់នោះហៅថា ទួលព័ន្ធតាឡីជាកន្លែងអភិរក្សសត្វស្លាប ដែលមានទំហំជិត ១រយហិកតារ។ តំបន់អភិរក្សនេះ មានភូមិសាស្ត្រជាប់ស្រុកចំនួន៣ និងក្រុងមួយ គឺស្រុកបាភ្នំ ស្រុកពាមរ ស្រុកស្វាយអន្ទរ និងក្រុងព្រៃវែង ដែលមានពលរដ្ឋចំនួន ២៣ភូមិ ឬស្មើពលរដ្ឋ ៤ពាន់គ្រួសាររស់នៅព័ទ្ធជុំវិញ ហើយទទួលប្រយោជន៍ពីតំបន់អភិរក្សមួយនេះ តាមរយៈវិស័យទេសចរណ៍ធ្វើកសិកម្ម និងនេសាទត្រី។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ផ្តល់ទស្សនៈថា អាជ្ញាធរត្រូវរកមូលហេតុពិតប្រាកដ ដើម្បីចាត់វិធានការដោះស្រាយបញ្ហានេះ ចៀសវាងកុំឱ្យបាតុភាពអាក្រក់កើតឡើងទៀត។ លោកថា អាជ្ញាធរគួរតែពង្រឹងយន្តការថែទាំបក្សីទាំងនោះឱ្យបានល្អ រួមមាន អភិរក្សត្រី ដែលជាចំណីយ៉ាងសំខាន់របស់សត្វស្លាបទប់ស្កាត់បទល្មើសនេសាទ និងបញ្ជូនឆ្មាំអភិរក្សដាក់វេនគ្នាចុះល្បាតឱ្យមានប្រសិទ្ធភាព៖ «ការនេសាទខុសច្បាប់ ការចាប់ត្រីយប់ និងថ្ងៃ ឬក៏ឆក់បំពុល ដែលសុទ្ធជារឿងមួយធ្វើឱ្យបាត់បង់សត្វអស់ហ្នឹងហើយ តែជាពិសេសរឿងបំពុលទៅត្រីហ្នឹងក៏ស្លាប់ពូជត្រីកាន់តែហិនហោច ហើយសត្វផឹកទឹកទទួលចំណីត្រីអស់ហ្នឹងនឹងស្លាប់ទៅជាមួយគ្នា »។
ពលរដ្ឋរស់នៅខេត្តព្រៃវែងចាត់ទុកតំបន់អភិរក្សបឹងស្នេហ៍ជាតំបន់មានសក្ដានុពលទេសចរណ៍ធម្មជាតិយ៉ាងសំខាន់ ព្រោះតំបន់នោះ មានវត្តមានសត្វបក្សីកម្រជាច្រើនប្រភេទរស់នៅ រួមមាន ចង្កៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក ស្មោញទុងប្រផេះ ត្រយងខ្លួនស ត្រដក់តូច និងសត្វស្លាបជិតនឹងផុតពូជជាច្រើនប្រភេទផ្សេងទៀតសរុបប្រមាណ ២លានក្បាល។ ពលរដ្ឋស្នើឱ្យមានការយកចិត្តទុកដាក់ថែរក្សាសត្វស្លាបទាំងនៅតំបន់នេះ និងនៅតំបន់ផ្សេងទៀត ដោយបញ្ឈប់ការបរបាញ់ ដាក់ថ្នាំពុល ហាមប្រើថ្នាំកសិកម្មណាប៉ះពាល់បក្សី លក់ដូរ និងបរិភោគសត្វស្លាបជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។