ជន​ជាតិ​ដើម​ព្នង​ជាង ២០០គ្រួសារ​ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី មិន​អើពើ​​ការពារ​ភ្នំ​ធម្មជាតិ​ ២កន្លែង

0:00 / 0:00

ពលរដ្ឋ​ប្រមាណ ២០០គ្រួសារ ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី នៅតែ​មិន​អើពើ​ការពារ​ភ្នំ​ធម្មជាតិ​ពីរ​កន្លែង ដែល​ជា​ប្រភព​សេដ្ឋកិច្ច និង​ជា​កន្លែង​ប្រតិបត្តិ​ជំនឿ​វប្បធម៌​របស់​អ្នក​ភូមិ។ ពលរដ្ឋ​លើក​ឡើង​ដូច្នោះ នៅ​ក្រោយ​ពី​ភ្នំ​ធម្មជាតិ​ទាំង​នេះ បន្ត​ទទួល​រង​ការ​ឈូស​ឆាយ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​ទន្ទ្រាន​យក​ដី រួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ពី​សំណាក់​បុគ្គល​មាន​លុយ​មាន​អំណាច។

ពលរដ្ឋ​ទាំង​នោះ​ដែល ភាគ​ច្រើន​ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ភូមិឡៅកា សង្កាត់​សុខដុម ក្រុងសែន​មនោរម្យ​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សង្គ្រោះ​ភ្នំ​ធម្មជាតិ​ពីរ​កន្លែង ដែល​កំពុង​ប្រឈម​ការ​រំលោភ​បំពាន ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន ក្រោយ​ពី​ឈូស​ឆាយ​ដើមឈើ​មាន​តម្លៃ​អស់​មួយ​ផ្នែក​ធំ។

អ្នកភូមិ​ចាត់​ទុក​ភ្នំ​ធម្មជាតិ​ទាំង​នេះ ជា​ជម្រក​យ៉ាង​សំខាន់​របស់​សត្វព្រៃ និង​ជា​កន្លែង​ប្រតិបត្តិ​ជំនឿ​សាសនា របស់​​ជនជាតិ​ដើម​ភាគ​តិច​ព្នង គួរតែ​ថែរក្សា​ឱ្យ​ល្អ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

តំណាង​ពលរដ្ឋ និង​ជា​ប្រធាន​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្តមណ្ឌលគិរី​ លោកស្រី ផ្លឹក ភីរុំ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ធ្នូ​ថា ពួក​លោក​ស្រី​បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ តំណាង​ពលរដ្ឋ ៦នាក់ ស្នើ​ឱ្យ​អភិបាល​ខេត្តមណ្ឌលគិរី​ដោះស្រាយ​បញ្ហា​នេះ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ជាង ១ខែ​មក​ហើយ អាជ្ញាធរ​មិន​ទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ។

លោកស្រី​ថា បំណង​រួម​របស់​ពលរដ្ឋ ទាមទារ​ឱ្យ លោក ថង សាវុន អភិបាល​ខេត្តមណ្ឌលគិរី បញ្ឈប់​សកម្មភាព​ឈូសឆាយ និង​កាប់​បំផ្លាញ​ព្រៃឈើ និង​ជម្រក​សត្វព្រៃ នៅ​តំបន់​ភ្នំ​ទាំង​នេះ។ លោកស្រី​បញ្ជាក់​ថា ពេល​នេះ​តំបន់​ភ្នំ​ទាំង​នេះ កំពុង​ប្រឈម​ការ លួច​ធ្វើ​ប្លង់​រឹង ប៉ះ​ចំ​ជម្រក​សត្វព្រៃ និង​ទី​កន្លែង​អាស្រ័យផល​ព្រៃឈើ​យ៉ាង​សំខាន់​របស់​អ្នកភូមិ។

លោក ថង សាវុន៖ «តំបន់​ជំនឿ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិឡៅកា​ដូចគ្នា នៅ​មាន​សត្វ​ព្រៃ​ នៅ​មាន​ព្រៃឈើ ឥលូវ​មាន​ការ​ឈូស​ឆាយ ពួក ខ្ញុំ​ប្ដឹង​ទៅ​សាលា​ខេត្ត ដើម្បី​ឱ្យ​ខេត្ត​ជួយ​អន្តរាគមន៍​ រហូត​ទល់​ពេល​នេះ អត់​ទាន់​ឃើញ ខេត្ត​ជួយ​អន្តរាគមន៍​ទេ»។

កាល​ពី​ដើម​ខែធ្នូ ឆ្នាំ២០២២ កន្លង​ទៅ តំណាង​ពលរដ្ឋ ៦នាក់ ក្នុង​ចំណោម​ពលរដ្ឋ ២០០គ្រួសារ បាន​ផ្ដិត​មេដៃ ដាក់​ញត្តិ​ទៅ​មន្ទីរ​ដែនដី និង​សាលា​ខេត្តមណ្ឌលគិរី ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្អាក​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ ឱ្យ​បុគ្គល​ឈ្មោះ ស៊ឹម បូផាន់ណា ឃុន សមណា និង ត្រឿង យុន រួម​ទាំង​បក្ខពួក។

អ្នកភូមិ​រក​ឃើញ​ថា បុគ្គល​ទាំង​នេះ ពួក​គាត់​មិន​ដឹង​ថា ធ្វើការ​នៅ​ស្ថាប័ន​ណា​ទេ បាន​រំលោភ​យក​ដី​ព្រៃ តាម​បណ្ដោយ​ចង្កេះភ្នំ និង​ខ្នង​ភ្នំ​ធម្មជាតិ​ពីរ​កន្លែង ដែល​ជា​អត្តសញ្ញាណ​វប្បធម៌​ភូមិ​កំណើត​របស់​ពួកគាត់​តាំងពី​បុរាណ​កាល​មក។

តំណាង​សហគមន៍ លោកស្រី ផ្លឹក ភីរុំ ទទូច​ដល់​អាជ្ញាធរ ឱ្យ​ពន្លឿន​ចុះ​បញ្ជី​ដី​នៅ​តំបន់​ភ្នំ​ទាំង​ពីរ​នេះ ជា​កន្លែង​អភិរក្ស ព្រោះ​ទីនោះ​មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ កំពុង​រស់នៅ​រួមមាន សត្វ​ទោច​ព្រៃ ស្វា និង​ក្ងោក ជា​ដើម។ លោកស្រី​ថា កន្លង​ទៅ ក្រុម​អ្នកមាន​អំណាច ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​ បាន​ឈូស​ឆាយ​ផ្ដួល​ដើម​ឈើ​ធំៗ ដែល​ជា​កន្លែង​សត្វ​ទោច​លោត​លេង និង​ឈូស​ឆាយ​ព្រៃ​អាស្រ័យ​ផល ដែល​អ្នក​ស្រុក​រក​អនុផល​ព្រៃឈើ​ចិញ្ចឹមជីវិត។

លោកស្រី​សង្កេត​ឃើញ​ថា បើ​ទោះបី​ជា​ពេល​នេះ សកម្មភាព​ឈូស​ព្រៃ​នៅ​តំបន់​ភ្នំ​ទាំង​នេះ​ បាន​ផ្អាក​ហើយ​ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​រក​ជនល្មើស​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

លោកស្រី ផ្លឹក ភីរុំ៖ «អាស្រ័យផល​ភ្នំ​ហ្នឹង ជន​ជាតិ​ដើម​ភាគ​តិច ២០០គ្រួសារ រក​ឃ្មុំ​នៅ​ហ្នឹង​ទាំង​អស់​ហ្នឹង​ រក​ជ័រ​ទាំង​អស់​ហ្នឹង ហើយ​ប្រតិបត្តិការ​ជំនឿ​សាសនា ក៏​គេ​ជំនឿ​ភ្នំ​ហ្នឹង​ដែរ តែ​មាន​បុគ្គល​លក់​ដូរ​វា​មិន​ស្មើភាព»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី លោក កែង សុភគ៌ និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគីរី លោក នាង វណ្ណៈ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ មករា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ចំណែក​ចៅ​សង្កាត់​សុខដុម អ្នកស្រី នេត ឆាយា និង ក្រុម​ឈ្មួញ​ដែល​អ្នកភូមិ​ចោទ​ថា បាន​រំលោភ​យក​ដី​អភិរក្ស​នេះ ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​ចៅ​សង្កាត់​រងសុខដុម លោក ពៅ សុផាត បដិសេធ​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ដំណឹង ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃឈើ និង​ការ​ធ្វើ​ប្លង់​រឹង នៅ​តំបន់​ភ្នំ​នេះ​នៅ​ឡើយ​ទេ។ លោក​រិះគន់​ពលរដ្ឋ​ថា គួរតែ​រាយការណ៍​រឿង​នេះ ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ជាមុន​សិន ហើយ​លោក​បដិសេធ​ឆ្លើយ​សំណួរ​ផ្សេង​ទៀត ព្រោះ​លោក​មិន​ដឹង​រឿងរ៉ាវ​នេះ ៖

លោក ពៅ សុផាត៖«បើ​ចង់​ដឹង​ការ​ពិត ខាង​បងប្អូន​ជន​ជាតិ​ដើម​ហ្នឹង​ គាត់​និយាយ​មក​កន្លែង​ណា?ឱ្យ​ដឹង ចាំ​បាច់​ទៅ​រាយការណ៍​ដល់​ណា?ដល់ណា?»។

ភ្នំ​ធម្មជាតិ​ពីរ​កន្លែង ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដាក់​ឈ្មោះ​ថា ភ្នំឆ្មា​ឥត​ទ្រុប និង​ភ្នំអន្តើហ្គើ ឋិត​ក្នុង​ភូមិឡៅកា សង្កាត់​សុខដុម ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

អ្នកភូមិ​ថា ភ្នំ​ទាំង​នេះ​មាន​ទឹក​ជ្រោះ អម​ដោយ​ដើម​ឈើ​ធំៗ ប្រភេទ​សុក្រំ ឈើ​ទាល ជ័រចុង និង គគីរ ជា​ដើម ដែល​ដុះ​តាម​ជម្រាល​ភ្នំ ចង្កេះភ្នំ និង​ខ្នងភ្នំ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ។ លើស​ពី​នេះ​ ពេល​នេះ មាន​ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើ​រូបភាព​ទិញ​លក់​ដី​ខុសច្បាប់ ធ្វើ​សកម្មភាព​ឈូស​ឆាយ ព្រៃ​ឈើ ព្រៃ​អាស្រ័យផល និង​ដី​ព្រៃ​ជំនឿ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន អស់​ជាច្រើន​ហិកតារ​ ប៉ះពាល់​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច។

ជុំវិញ​រឿង​នេះ មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ប្រចាំ​ខេត្តមណ្ឌលគិរី លោក គ្រើង តុលា សង្កេត​ឃើញ​ថា អំពើ​ពុករលួយ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង គឺ​ជា​ចំណុច​ខ្សោយ​ របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ធនធាន​ធម្មជាតិ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះស្រាយ​ចំណុច​ទាំង​នេះ​ជា​បន្ទាន់៖

លោក គ្រើង តុលា៖ «ហេតុអ្វី​ដែល​ខ្ញុំ​ថា អំពើ​ពុក​រលួយ នៅ​ពេល​មាន​បុគ្គល​ម្នាក់ យក​ឯកសារ​យក​ដី​ព្រៃ ស៊ីញេ​លើ​ភ្នំ លើ​ដី​ជ្រោះ គាត់​អត់​ឃើញ​ដី​ផង គាត់​គ្រាន់​តែ​ឃើញ​លុយ គាត់​ស៊ីញេ​យកៗ។ នេះ​ជា​បញ្ហា​ប្រឈម​មួយ ដែល​ប្រមុខ​រដ្ឋាភិបាល​កែ​តម្រូវ​រដ្ឋបាល​របស់​គាត់ ជាពិសេស សម្ដេច​ក្រឡា​ហោម ស ខេង»។

ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន នៅតែ​ប្រព្រឹត្ត​កំហុស​ដដែលៗ ហើយ​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុកដាក់ ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​ប្រភព​ចំណូល​របស់​ពលរដ្ឋ។

ពេល​នេះ​សម្បត្តិ​ធម្មជាតិ​រួមមាន ព្រៃភ្នំ ទឹកជ្រោះ បឹង និង អូរ​ធម្មជាតិ​ជាដើម​នៅតែ​ប្រឈម​គ្រោះថ្នាក់ ឬ​ការ​រំលោភ​បំពាន​ពី​ជន​មាន​អំណាច ដោយ​គ្មាន​យន្តការ​លុប​បំបាត់​ទាល់​តែ​សោះ។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ចាត់​ទុក ដី​ព្រៃឈើ ជា​អាយុជីវិត និង​ជា​ប្រភព​ស្បៀង​អាហារ​យ៉ាង​សំខាន់​ ដែល​អ្នកភូមិ​តែងតែ​រក​អនុផល​ព្រៃឈើ ធ្វើ​កសិកម្ម ធ្វើ​ចម្ការ​វិលជុំ និង​ឃ្វាលគោ​ក្របី ជាដើម៕

កំណត់​ចំណាំ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។