ពលរដ្ឋរស់នៅឃុំព្រែកមាស ស្រុកសៀមប៉ាង អះអាងថា ក្រុមហ៊ុន ទ្រី ភាព ពិតជាជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ តាំងពីឆ្នាំ២០១៣។ ការអះអាងបែបនេះរបស់ពលរដ្ឋ ផ្ទុយគ្នាពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបញ្ជាក់ប្រាប់ទៅរដ្ឋសភាថា ក្រុមហ៊ុន ទ្រី ភាព ពុំបានកាប់ឈើដោយខុសច្បាប់នៅតំបន់ឧទ្យានជាតិវីរៈជ័យនោះទេ។
ជនជាតិដើមភាគតិចខិះ រស់នៅភូមិព្រែកមាស ស្រុកសៀមប៉ាង ហាក់មិនអស់ចិត្ត បន្ទាប់ពីប្រមុខរដ្ឋាភិបាល បានបកស្រាយពីភាពត្រឹមត្រូវរបស់ក្រុមហ៊ុន ទ្រី ភាព ថាមិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ កន្លងមក។ ពួកគាត់ចាត់ទុកថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ជាការមិនទទួលខុសត្រូវចំពោះវិនាសកម្មព្រៃឈើដ៏ធំនៅឧទ្យានជាតិវីរៈជ័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនជាតិដើមភាគតិចខិះ រស់នៅឃុំព្រែកមាស ដែលសុំលាក់ឈ្មោះ បង្ហើបឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព មានឃ្លាំងស្តុកឈើចំនួន ២កន្លែងនៅស្រុកសៀមប៉ាង។ ឃ្លាំងទី១ ឋិតនៅចំណុចព្រលានយន្តហោះនៃឃុំសេកុង និងឃ្លាំងទី២ ឋិតនៅឃុំស្រែសំបូរ។ លោកថា ឃ្លាំងនីមួយៗមានសន្តិសុខយាមតឹងរ៉ឹង។ លោកកត់សម្គាល់ថា ក្រុមហ៊ុន ទ្រី ភាព បានសម្រុកទិញឈើ និងបានជួលកម្មករកាប់ឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ តាំងពីឆ្នាំ២០១៣ ព្រមទាំងបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច បន្ទាប់ពីព្រៃឈើស្ទើរគ្រប់តំបន់ សុទ្ធតែជារបស់ក្រុមហ៊ុន ទ្រី ភាព ផ្តាច់មុខ៖ «ខ្ញុំឆ្ងល់! មានសិទ្ធិអីឈើអាជីវកម្មមួយនាក់ពីរនាក់ ពលរដ្ឋគ្នាងាប់»។
បុរសដដែលសម្ដែងក្តីអស់សង្ឃឹម បន្ទាប់ពីសកម្មភាពកាប់ឈើប្រណីតយ៉ាងអនាធិបតេយ្យជាច្រើនឆ្នាំកន្លងទៅ បើទោះបីជាមានឆ្មាំការពារចុះល្បាត បានដាក់ប៉ុស្តិ៍ទប់ស្កាត់ការចរាចរឈើប្រណីតចេញពីឧទ្យានជាតិក្តី។ លោកស្តីបន្ទោសចំពោះភាពព្រងើយកន្តើយរបស់រដ្ឋាភិបាល ឬក៏ជាឆន្ទៈរបស់រដ្ឋាភិបាល ដែលមិនចង់ទុកព្រៃតំបន់អភិរក្សឲ្យគង់វង្ស៖ «សង្ឃឹមទៅមិនដឹងថាសង្ឃឹមយ៉ាងម៉េច បើរដ្ឋាភិបាលស្របច្បាប់ហើយ។ អាស្រ័យលើរដ្ឋាភិបាលឲ្យតម្លៃ ឬមិនឲ្យតម្លៃទេ។ ឲ្យតម្លៃ យើងអាចការពារបាន មានសិទ្ធិតែពួកពីរនាក់ យើងម៉េចនឹងទប់ទល់បាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ទ្រី ភាព ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី៣០ មករា។ យ៉ាងណា លោក ទ្រី ភាព ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុនលោកមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលក្នុងការប្រមូលទិញឈើ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានឆ្លើយបំភ្លឺទៅរដ្ឋសភា ចំពោះការចោទសួររបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង តាមរយៈលិខិតកាលពីចុងឆ្នាំ២០១៥ ថា ក្រុមហ៊ុន ទ្រី ភាព គ្រាន់តែប្រមូលអនុផលព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ មិនជាប់ពាក់ព័ន្ធកាប់ឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យឡើយ។
ជំទប់ទី២ នៃឃុំព្រែកមាស លោក អឿ វែង សម្ដែងការខឹងសម្បាពីភាពមិនទទួលខុសត្រូវរបស់មន្ត្រីអភិរក្សឧទ្យានជាតិវីរៈជ័យ និងក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីឥទ្ធិពលរបស់ក្រុមហ៊ុននេះ បង្កឲ្យហិនហោចព្រៃឈើនៅតំបន់នោះធ្ងន់ធ្ងរ។ លោកសង្ស័យថា ការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិវីរៈជ័យបាន ដោយសារមានការបើកដៃពីឆ្មាំឧទ្យាន ដើម្បីផលប្រយោជន៍៖ «សោកស្ដាយហើយព្រោះឈើតាំងពីដូនតាមក មិនដែលឃើញមានពីណាកាប់ ប៉ុន្មានសង្គមហើយ សង្គមខ្មែរក្រហម សង្គម លន់ នល់ សង្គមសម្ដេចតា យើងអត់មានធ្វើចឹងទេ។ ដល់សង្គមឥឡូវធ្វើចឹង។ ពលរដ្ឋប្រើប្រាស់ឈើ បើឈើអស់ បានអីជាជម្រករស់នៅពលរដ្ឋ»។
កាលពីឆ្នាំ២០១៣ ពលរដ្ឋរស់នៅឃុំចំនួន២ គឺឃុំសន្តិភាព និងឃុំព្រែកមាស ជាង ១ពាន់នាក់ បានផ្ដិតមេដៃទៅក្រសួងបរិស្ថាន គាំទ្រឲ្យទុកតំបន់ឧទ្យានជាតិវីរៈជ័យជាព្រៃអភិរក្ស។ ការផ្ដិតមេដៃនោះ ពួកគាត់រំពឹងថា ព្រៃឈើនៅតំបន់ឧទ្យានជាតិ នឹងគង់វង្ស ហើយជាដែនជម្រកសត្វព្រៃច្រើនប្រភេទ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) លោក អ៊ូច ឡេង យល់ថា ការអះអាងរបស់ពលរដ្ឋនៅមូលដ្ឋាន ទាក់ទិនបទល្មើសព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ គឺជាភស្តុតាងសំខាន់ ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ចាត់វិធានការបង្ក្រាប ឬបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនពាក់ព័ន្ធបទល្មើសព្រៃឈើ៖ «គាត់ព្យាយាមកាន់ជើងក្រុមហ៊ុន ទ្រី ភាព ទោះបីយ៉ាងណាក៏ដោយ ទោះបីស្របច្បាប់ និងមិនស្របច្បាប់ បញ្ឈប់អាជ្ញាប័ណ្ណជាបន្ទាន់ ហើយបញ្ឈប់អាជីវកម្មរបស់ ទ្រី ភាព ចាប់ពីថ្ងៃនេះតទៅ បើសិនជានៅបន្តអាជ្ញាប័ណ្ណទៀត មានន័យថា រដ្ឋាភិបាលក៏រួមចំណែកជាមួយក្រុមហ៊ុន ទ្រី ភាព ជាមួយអាជីវកម្មឈើនេះដែរ»។
ឧទ្យានជាតិវីរៈជ័យ ឋិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ខេត្តរតនគិរី មានផ្ទៃដីជាង ៣០ម៉ឺនហិកតារ (៣៣៤.៥០០ហិកតារ)។ របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ចុះផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៥ បង្ហាញថា លោក ទ្រី ភាព កំពុងបំផ្លាញព្រៃឈើដែលជាដង្ហើមចុងក្រោយរបស់កម្ពុជា នៅតំបន់ឧទ្យានជាតិវីរៈជ័យ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិដើមភាគតិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។