មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា នេះ បានឲ្យដឹងថា តាមការព្យាករអំពីស្ថានភាពអាកាសធាតុជុំវិញជំនន់ទឹកភ្លៀងរួចមក កម្ពុជានឹងលែងមានបាតុភូតជំនន់ទឹកភ្លៀងកើតមានចាប់ពេលនេះរហូតមួយសប្ដាហ៍ខាងមុខ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់វិទ្យុអាស៊ីសេរីថា គិតមកដល់ថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅកម្ពុជា លែងជាក្តីបារម្ភទៀតហើយ។ លោកថា បើទោះជាខេត្តមួយចំនួនរងគ្រោះជំនន់ទឹកភ្លៀងខ្លះក្តី ប៉ុន្តែលោកថា ចាប់ពីថ្ងៃនេះរហូតមួយសប្ដាហ៍ខាងមុខ បាតុភូតភ្លៀងធ្លាក់ដែលបង្កឡើងដោយព្យុះ ឬបាតុភូតធម្មជាតិ នឹងមិនកើតមាន ទៀតទេ។
លោក ចាន់ យុត្ថា៖ «ស្ថានភាពទូទាំងប្រទេសបានធូរស្រាលប្រហែល ៩០% ហើយស្ថានភាពទឹកភ្លៀងចាប់ពីពេលនេះរហូតមួយសប្ដាហ៍ខាងមុខ ក៏លែងកើតមានដែរ មានន័យថា នឹងមិនបង្កឲ្យមានការធ្លាក់ភ្លៀង ឬបាតុភូតធម្មជាតិខ្យល់ព្យុះ ខ្ញុំនិយាយនេះគឺគ្រាន់តែរង្វង់មួយសប្ដាហ៍ប៉ុណ្ណោះ តែអាចមានភ្លៀងខ្លះដែរ នៅតំបន់មួយចំនួន ព្រោះកម្ពុជា ទទួលរងឥទ្ធិពលភ្លៀងមូសុងនិរតី តែមិនមែនដោយសារភ្លៀងបាតុភូតទៀតនោះទេ»។
ក្រៅពីនេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវផ្តល់ដំណឹង និងការដាស់តឿនទៅដល់ប្រជាពលរដ្ឋ ឲ្យមានវិធានការ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។