ជន​ជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ដែល​សកម្ម​ការពារ​ព្រៃឈើ​ ត្រូវ​បាន​តុលាការ​កោះហៅ

ដោយ ជាតិ ចំណាន
2020-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គ្រើង តុលា (នៅ​ខាង​មុខ) ថត​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ២០២០ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ដែល​មន្ត្រី​បរិស្ថាន​ប្ដឹង​ទៅ​តុលាការ។
លោក គ្រើង តុលា (នៅ​ខាង​មុខ) ថត​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ២០២០ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ដែល​មន្ត្រី​បរិស្ថាន​ប្ដឹង​ទៅ​តុលាការ។
រូប៖ លោក គ្រើង តុលា

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង លោក គ្រើង តុលា ដែល​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ឱ្យ​បំភ្លឺ ក្រោយ​ពី​លោក​បាន​លាត​ត្រដាង​ពី​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ជា​ច្រើន​កន្លែង​ និង​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​អភិរក្ស​ជាង ១០០​ហិកតារ ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក ប៉ែត ភក្ត្រា នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក។

ជន​ជាតិ​ម​ភាគ​តិច​ព្នង​​រស់​នៅ​ឃុំ​ប៊ូស្រា​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ថា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ មេសា​ថា លោក​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ពន្យារ​ពេល​ ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​រួច​ហើយ ​នៅ​ថ្ងៃ​ទី១ មេសា ព្រោះ​លោក​មិន​ទាន់​រក​មេធាវី​ការពារ​រឿង​ក្ដី​នេះ ​នៅ​ឡើយ​ទេ។​

លោក​ថា នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក លោក ប៉ែន ភក្ត្រា បាន​បណ្ដោយ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​នៅ​ចំណុច​ភ្នំ​ព្រះ​អស់​ជាង ១០០​ហិកតារ និង​អនុញ្ញាត​ឱ្យ​មាន​ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ជាង ១០កន្លែង ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក។ លោក​អះអាង​ថា​ លោក​មាន​ភស្តុតាង ​និង​សាក្សី​ច្បាស់លាស់ ​ដែល​បញ្ជាក់​ថា មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ​ បាន​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​ ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ខណៈ​ដែល​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​បាន​លួច​រាយការណ៍ ​និង​ផ្ដល់​ព័ត​មាន​ឱ្យ​លោក​ផ្ទាល់ «ជា​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ម្នាក់​ហ្នឹង​គាត់​ស្នើ​សុំ​ឱ្យ​ខ្ញុំ​ផុស​អ៊ីចឹង​ខ្ញុំ​ផុស​ ខ្ញុំ​គិត​ថា​ វា​ជា​បទ​ល្មើស​ឧក្រិដ្ឋ​រួម​ចំណែក ទោះ​ជា​គាត់​មិន​បាន​ ប្រព្រឹត្ត​មែន​ ប៉ុន្តែ​តួនាទី​និង​ភារកិច្ច​របស់​គាត់​ គឺ​គាត់​ត្រូវ​ តែ​ការពារ​ប៉ុន្តែ​គាត់​បាន​បណ្ដែត​បណ្ដោយ​ ទៅ​តាម​ជន​ល្មើស​។ ចំណុច​ហ្នឹង​ហើយ​ យើង​ត្រូវ​តែ​ការពារ​ទាំង​អស់​គ្នា​។ អ៊ីចឹង​ កាលណា​គាត់​បណ្ដែត​បណ្ដោយ​ជា​កំហុស​ឧក្រិដ្ឋ​រវាង​គាត់​អ្នក​ដែល​ មាន​អំណាច​ច​ក្នុង​ការ​គ្រប់គ្រង​ដែន​ជម្រក​គាត់​ជា​ជន​ល្មើស​ មានន័យថា​ គាត់​ជា​ជន​ល្មើស​ដែរ»

កាល​ពី​ថ្ងៃ​ទី ​១៩ ​ខែ​មីនា ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​លោក​ ម៉ម វ៉ាន់ដា ​បាន​កោះ​ហៅ ​លោក គ្រើង តុលា ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ ​ទាក់ទិន​ពាក្យ​បណ្ដឹង​របស់​​លោក ​ប៉ែត ភក្ត្រា ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​និង​ផ្សព្វ​ផ្សាយ​ព័ត​មាន​មិន​ពិត​។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​លោក ម៉ម វ៉ានដា ​ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ ​តែ​លោក​មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី១ ខែ​មេសា។

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ២០២០ លោក គ្រើង តុលា បាន​បង្ហោះ សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ដោយ​ភ្ជាប់​រូបថត​លោក ប៉ែត ភក្ត្រា ស្លៀក​ពាក្យ​ឯក​សណ្ឋាន​ជា​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន ដោយ​សរសេរ​រៀបរាប់​ថា ពលរដ្ឋ​ និង​មន្ត្រី​បរិស្ថាន​ឱ្យ​ដឹង​ថា​ នាយក​ដែន​ជម្រក​សត្វ​ស្រែ​ពក លោក ប៉ែត ភត្ត្រា ​កំពុង​ត្រូវប៉ាន់​ បណ្ដែត​បណ្ដោយ​ឱ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជា​ច្រើន​កន្លែង ​ក្នុង​នៅ​ឃុំ​ពូ ជ្រៃ​ ស្រុក​ពេជ្រាដា​ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ស្រែ​ពក ដោយ​គ្មាន​នរណា​ហ៊ាន​ក្អក។​ លោក​ស្នើ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង និង​ស្ថាប័ន​ពាក់ព័ន្ធ​ ចុះ​ស៊ើបអង្កេត​ជា​បន្ទាន់ ​ដោយ​ត្រូវ​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ និង​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ព្រៃ​ នៅ​ចំណុច​ភ្នំ​ព្រះ ដែល​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ព្រៃ​ឈើ។

ឆ្លើយ​តប​ការ​លើកឡើង​នេះ ​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ លោក​ ប៉ែត ភក្ត្រា អះអាង​ថា មូល​ហេតុ​ដែល​លោក​ប្ដឹង លោក គ្រើង តុលា ​ដោយសារ​ការ​លើក​ឡើង​នេះ គឺ​ជា​រឿង​មិន​ពិត។ លោក​ទទួល​ស្គាល់​ថា ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ ​ក៏ប៉ុន្តែ​លោក​បាន​ចុះ​បង្ក្រាប​ច្រើន​ដង​សហការ​ជាមួយ ​តំណាង​អយ្យការ ​ពុំ​មែន​លោក​បណ្ដែត​បណ្ដោយ​នោះ​ទេ។ រីឯ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឈើ ​នៅ​ចំណុច​ភ្នំ​ព្រះ ពុំ​មែន​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ដែល​លោក​គ្រប់គ្រង​នោះ​ឡើយ៖ «ខុស​ការ​ពិត​មានន័យថា​ អ្វី​ដែល​គាត់​ចោទ​ប្រកាន់​វា​អត់​ត្រូវ។ គាត់​គួរតែ​កុំ​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​។ ​គាត់​ត្រូវ​រាយការណ៍​ជូន​ជំនាញ​ថា ឥឡូវនេះ នៅ​ទី​តាំង​នេះ​មាន​សិប្បកម្ម​នៅ​ទី​តាំង​នោះ​ មានការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ ដើម្បី​យើង​សហការ​គ្នា​ក្នុង​ការ​ទប់​ស្កាត់។ សារ​យើង​ហ្នឹង​ជូន​កាល​វា​ អត់​មាន​ការ​ពិត​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​អ្នក​ដទៃ ជា​ពិសេស​រាជការ​សាធារណៈ​យើង​ហ្នឹង​ឯង»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) ​លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា សមាគម​អាដហុក​បាន​ត្រៀម​មេធាវី​ ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ ​ជូន​លោក គ្រើង តុលា រួច​ហើយ។ លោក​ថា លោក គ្រើង តុលា ​បាន​បង្ហោះ សារ ​តាម​បណ្ដាញ​សង្គម​ បំណង​ឱ្យ​អាជ្ញាធរ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ពុំ​មាន​អ្វី​ខុសច្បាប់​នោះ​ទេ​ ព្រោះ​ជា​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ ​លោក​អះអាង​ថា ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​សំខាន់​ក្នុង​រឿន​នេះ ​គឺ​នាយក​ដែន​ជម្រក​សត្វ​ស្រែ​ពក ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ ការ​កាប់​ទន្ទ្រាន​ព្រៃ​ខុស​ច្បាប់​ និង​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ លោក​សង្ឃឹម​ថា ​ប្រព័ន្ធ​តុលាការ​ នឹង​វិនិច្ឆ័យ​សំណុំ​រឿង​នេះ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌«លោក ប៉ែត ភត្ត្រា ត្រូវ​លើក​ភស្តុតាង​មក​ដាក់​ក្នុង​តុលា​ការ​ហេតុ​អ្វី​បានជា​មិន​ពិត​។ ហើយ​លោក គ្រើង តុលា​ ក៏​មាន​សិទ្ធិ​រក​សាក្សី និង​រក​ភស្តុតាង​នៅ​ទីកន្លែង​ហ្នឹង​ មក​ដោះ​បន្ទុក​។ អ្វី​ដែល​យើង​បាន​ព័ត​មាន​ពី​តុលា​ហ្នឹង​ មន្ត្រី​របស់​គាត់​ ជា​អ្នក​ផ្ដល់​ព័ត​មាន​ មាន​ទាំង​សំឡេង​ ដែល​បញ្ជាក់​ថា​ លោក​ ប៉ែត ភត្ត្រា ​ គឺជា​ មាន​ពាក់​ព័ន្ធ​អំពើ​ល្មើស​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ហ្នឹង​មែន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​បន្ថែម​ថា ការ​បណ្ដោយ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​រាប់​រយ​ហិកតារ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​ការ​អនុញ្ញាត​ឱ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ ​គឺ​ជា​បទ​ល្មើស​ឧក្រិដ្ឋ ​និង​ជា​អំពើ​ពុក​រលួយ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២០ ពលរដ្ឋ​ជិត ១០០នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​ នៅ​សាលា​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ​បំណង​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ ​ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​អភិរក្ស ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ​អស់​រាប់​រយ​ហិកតារ ក៏​ប៉ុន្តែ​គ្មាន​លទ្ធផល។ អ្នក​ភូមិ​ថា សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​នៅ​តំបន់​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​ និង​កន្លែង​អាស្រ័យ​ផល​ព្រៃឈើ​ដែល​នៅ​សេសសល់​របស់​ពួក​គេ ខណៈ​ដែល​មន្ត្រី​បរិស្ថាន​មិន​អើពើ​បង្ក្រាប​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល