យុវជន​អង្គការ​មាតា​ធម្មជាតិ​នឹង​ស្លៀក​ពាក់​សំលៀក​បំពាក់​ពណ៌​ស ធ្វើ​យុទ្ធនាការ​បំបួស​ដើម​ឈើ​នៅ​ខេត្ត​ព្រះសីហនុ

យុវជន​អង្គការ​មាតា​ធម្មជាតិ​នឹង​ស្លៀកពាក់​សំលៀក​បំពាក់​ពណ៌​ស​ក្នុង​យុទ្ធនាការ​បំបួស​ដើម​ឈើ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៥ ធ្នូ​ស្អែក​នេះ។ តាម​គម្រោង ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៩ព្រឹក​ ដោយ​ដង្ហែ​ក្បួន​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ ជា​កន្លែង​ត្រូវ​បំបួស​ដើម​ឈើ​ចំនួន ៩ដើម ដែលដើមឈើទាំងនោះបានបន្សល់ទុកតាំងសម័យ សម្តេច សីហនុ។

យុវជន​អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា អ្វី​ដែល​ជំរុញ​ឲ្យ​ពួក​គេ​នាំ​គ្នា​ទៅ​បំបួស​ដើម​ឈើ​ទាំង​នោះ គឺ​ក្រោយ​ពី​ក្រុម​យុវជន​ទទួល​បាន​ព័ត៌មាន​ថា អាជ្ញាធរ​គ្រោង​នឹង​កាប់​ដើម​ឈើ​ទាំង​នោះ​ចោល ដើម្បី​ពង្រីក​ផ្លូវ។

យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​ចេះ​ស្រឡាញ់ និង​ការពារ​ដើម​ឈើ ដែល​នៅ​សេសសល់ ដាស់​​ស្មារតី​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ឲ្យ​ភ្ញាក់​រលឹក ចំពោះ​បញ្ហា​បាត់បង់​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។

ពិធី​បំបួស​ដើម​ឈើ​នេះ ក៏​មាន​ព្រះសង្ឃ​និមន្ត​ចូលរួម​ផង​ដែរ ដើម្បី​ធ្វើ​ពិធី​សាសនា​ផង​ដែរ។ យុវជន​អង្គការ មាតា​ធម្មជាតិ រំពឹង​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន នឹង​រិះរក​មធ្យោបាយ​ថែ​រក្សា​ដើម​ឈើ​ទាំង​នេះ​ឲ្យ​បាន​គង់វង្ស បើ​ទោះ​ជា​ត្រូវ​ពង្រីក​ផ្លូវ​ក្នុង​ខេត្ត​នេះ​យ៉ាង​ណា​ក្តី៕

(ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​ប្រជុំ​ពិភាក្សា​គ្នា មុន​នឹង​ចាប់​ផ្ដើម​បំបួស​ដើម​ឈើ​នៅ​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ អង្គការ​មាតា​ធម្មជាតិ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។