យុវជន​អង្គការ​មាតា​ធម្មជាតិ​ស្នើសុំ​របប​ក្រុង​ភ្នំពេញ​ឲ្យ​បង្ហាញ​តម្លាភាព​រឿង​លុប​ព្រែក​ទប់​ខេត្ត​ព្រះសីហនុ​លក់​ឲ្យ​ឧកញ៉ា លី យ៉ុងផាត់

0:00 / 0:00

យុវជន​អង្គការ​មាតា​ធម្មជាតិ​ស្នើសុំ​របប​ក្រុង​ភ្នំពេញ​ឲ្យ​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​លុប​ព្រែក​ទប់​ខេត្ត​​ព្រះសីហនុ​លក់​ទៅ​ឲ្យ​ឧកញ៉ា លី យ៉ុងផាត់ និង​ស្នើ​របប​នេះ​ឲ្យ​បង្ហាញ​ថវិកា ដែល​បាន​ពី​ការ​លុប​បឹង​ធម្មជាតិ​មួយ​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បដិសេធ​ការ​លើកឡើង​នេះ និង​អះអាង​ថា ការ​លុប​បឹង​ព្រែក​ទប់ ព្រោះ​ខេត្ត​ព្រះសីហនុ​មាន​ប្រភព​ទឹក​ផ្សេង​គ្រប់គ្រាន់​ ដែល​ផ្គត់​ផ្គង់​តម្រូវ​ការ​នៅ​ក្នុង​ខេត្ត​នេះ​បាន។

វីដេអូ​ជាង​បី​នាទី​ដែល​យុវជន​មាតា​ធម្មជាតិ​បង្ហាញ​ពី​ការ​លុប​បឹង​ព្រែក​ទប់​ខេត្ត​ព្រះសីហនុ យុវជន​អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា បឹង​ព្រែក​ទប់​នៅ​តែ​ជា​ប្រភព ទឹក​ដ៏​សំខាន់ សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ជាង​នេះ​ទៅ​ទៀត ការ​លុប​បឹង​នេះ​ធ្វើ ឡើង​ខណៈ​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់៖ « ខ្ញុំ​មាន​សំណួរ​ពីរ​សំណួរ​ទៅ​សម្ដេច​ថា តើ​ការ​សម្រេច​ចិត្ត​លុប​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ រដ្ឋ​ទទួល​បាន​លុយ​ប៉ុន្មាន​ពី​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ ហើយ​ប្រសិន​បើ​ពេល​អនាគត​ក្រុង​ព្រះសីហនុ​នៅ​តែ​បន្ត​ខ្វះ​ខាត​ទឹក​ប្រើប្រាស់ តើ​សម្ដេច​ហ៊ាន​ទទួល​ខុស​ត្រូវ​ដែរ​ឬ​ទេ

យុវជន​អង្គការ​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​ទទួល​ព័ត៌មាន​ពី​មន្ត្រី​នៃ​សាលា​ខេត្ត​ព្រះសីហនុ​ថា អាជ្ញាធរ​ទទួល​លុយ​ពី​ឧកញ៉ា លី យ៉ុងផាត់ ជា​ថ្នូរ​នឹង​ការ​លុប​បឹង​នេះ។ លោក​បន្ត​ថា​ ទោះ​ការ​បញ្ចេញ​ព័ត៌មាន​នេះ គឺ​ជា​រឿង​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​រង​ការ​ប្ដឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ដោយ ក៏​លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ឡើង​វិញ និង​មាន​ឆន្ទៈ​រក្សា​ផ្ទៃ​បឹង​ជាង ៤ហិកតារ ដែល​នៅ​សេសសល់​នោះ​ឲ្យ​បាន​គង់វង្ស៖ « ឈរ​លើ​គោល​ការណ៍​អហិង្សា ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី ផ្អែក​លើ​គោលការណ៍​ច្បាប់​ក៏​ដូច​ជា​មាន​ភស្តុតាង​អំណះអំណាង​ត្រឹម​ត្រូវ។ អ៊ីចឹង​ខ្ញុំ​អត់​មាន​ការ​ភ័យ​ព្រួយ​ណា​មួយ​ទេ»

ជុំវិញ​ការ​លុប​បឹង​ព្រែក​ទប់​នេះ របប​ក្រុង​ភ្នំពេញ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា ដើម្បី​យក​ដី​កន្លែង​នេះ​អភិវឌ្ឍន៍​ថែម​ទាំង​អះអាង​ថា ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ មាន​ប្រភព​ទឹក​ផ្សេង ​គឺ​ប្រភព​ទឹក​តំបន់​ក្បាល​ឆាយ​មាន​លទ្ធភាព​គ្រប់គ្រាន់​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​នៅ​ក្នុង​ខេត្ត​នេះ។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត ម៉ីន និង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែន​ដី​លោក សេង ឡូត និង លោក ឧកញ៉ា លី យ៉ុងផាត់ ជា​ច្រើន​លើក ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

អ្នកនាំពាក្យ​សួង​បរិស្ថាន លោក នេត ភក្ត្រា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​លើក​ឡើង​នេះ ​គ្មាន​ភស្តុតាង​ច្បាស់លាស់។

លោក​ព្រមាន​ថា ការ​ចោទ​ប្រកាន់​របស់​យុវជន​អង្គការ​មាតា​ធម្មជាតិ​បែប​នេះ​អាច​ប្រឈម​នឹង​ការ​ប្តឹង​បក​ទៅ​វិញ​ពី​បទ​បរិហារកេរ្តិ៍។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ពី​មុន​បឹង​ព្រែក​ទប់​ជា​ប្រភព​ទឹក​មែន ប៉ុន្តែ​ពេល​នេះ​បឹង​ព្រែក​ទប់ រង​ការ​បំពុល និង​ការ​ទន្ទ្រាន​យក​ដី​ដោយ​ខុស​ច្បាប់​ធ្វើ​ឲ្យ​បឹង​ព្រែក​ទប់​លែង​ជា​កន្លែង​ប្រភព​ទឹក​សំខាន់​ទៀត​ហើយ៖ «សូម​បញ្ជាក់​អំពី​ភស្តុតាង ឯកសារ​ឲ្យ​បាន​ច្បាស់លាស់​ព្រោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​អាច​ត្រូវ​គេ​ចោទ​ប្រកាន់​ទៅ​វិញ ឬ​ធ្វើ​ពាក្យ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍»

ប៉ុន្តែ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ លោក សេង​ ម៉េងប៊ុនរ៉ុង និយាយ​ថា ការ​លុប​បឹង​នេះ​ក្រៅ​ពី ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​បញ្ហា​ខ្វះ​ទឹក​កាន់​តែ​ខ្លាំង ហើយ​ក៏​ជា​ការ​បំបាត់​ប្រវត្តិសាស្ត្រ​ដែរ ព្រោះ​បឹង​ព្រែក​ទប់​នេះ​មាន​យូរយារ​ណាស់​មក​ហើយ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ។ លោក​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​គិត​ឡើង​វិញ​មុន​នឹង​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សម្បត្តិ​ធម្មជាតិ និង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ ដូច្នេះ ត្រូវ​ធ្វើ​ប្រជាមតិ​ជា​មុន​សិន៖ «ខ្ញុំ​យល់​ថា អត់​ត្រឹម​ត្រូវ​ទេ​ចំពោះ​ការ​លុប​បឹង និង​លេស​របស់​ពួក​គាត់ ( របប​ក្រុង​ភ្នំពេញ ) ប្រជាពលរដ្ឋ​គាត់​ដឹង​ច្បាស់​ណាស់ បឹង​នេះ​ជា​បឹង​ប្រវត្តិសាស្ត្រ ដែល​សម្តេច​ឪ​បាន​ទៅ​បង្កើត​ខេត្ត​នេះ»

ខណៈ​បឹង​ព្រែក​ទប់​ត្រូវ​ចាក់​ដី​លុប​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ត្អូញត្អែរ​ថា ពួក​គេ​ជួប​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើ​​ប្រាស់​ខ្លាំង​ខុស​ពី​ពេល​មុនៗ។ បញ្ហា​នេះ​ត្រូវ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត ម៉ីន ចេញ​មុខ​សុំ​ទោស​ចំពោះ​បញ្ហា​នេះ។

ដំបូង​ឡើយ​បឹង​ព្រែក​ទប់​ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ បឹង​នេះ​មាន​ទំហំ ២៧០​ហិកតារ ប៉ុន្តែ​បឹង​នេះ​បាន​រួម​តូច​បន្តិច​ម្តងៗ ដោយសារ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​នាំ​គ្នា​ទន្ទ្រាន​យក ក្រោយ​មក​នេះ​នៅ​សល់​ត្រឹម​ផ្ទៃ​បឹង​ជាង ១៦ហិកតារ​តែ​ប៉ុណ្ណោះ។

ចុង​ក្រោយ​បំផុត គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០១៨ របប​ក្រុង​ភ្នំពេញ​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃ​បឹង​ទំហំ​ជាង ១១ហិកតារ​ទុក​ឲ្យ​វិស័យ​ឯកជន​អភិវឌ្ឍន៍​លើ​ដី​បឹង​ដែល​លុប​នោះ។ បើ​តាម​អនុក្រឹត្យ​នេះ​បឹង ព្រែក​ទប់​នៅ​សល់​ផ្ទៃ​ក្រឡា​ជាង ៤ហិកតារ​ប៉ុណ្ណោះ។ ប៉ុន្តែ​យុវជន​អង្គការ​មាតា​ធម្មជាតិ​ព្រួយ បារម្ភ​ថា​ផ្ទៃ​បឹង​នៅ​សល់​នេះ​ក៏​ប្រឈម​នឹង​ការ​លុប​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​ដែរ។ យុវជន​អង្គការ​មាតា​ធម្មជាតិ​ព្រមាន​ថា បើ​របប​ក្រុង​ភ្នំពេញ​មិន​ឆ្លើយ​តប​ចំពោះ​កង្វល់ និង​បង្ហាញ​ពី​ចំនួន​លុយ​ដែល​របប​នេះ​ទទួល​បាន​លុយ​ពី​លោក លី យ៉ុងផាត់ ពួក​គេ​នឹង​ធ្វើ​ការ​ទាម​ទារ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។