យុវជនអង្គការមាតាធម្មជាតិស្នើសុំរបបក្រុងភ្នំពេញឲ្យបង្ហាញតម្លាភាពជុំវិញការលុបព្រែកទប់ខេត្តព្រះសីហនុលក់ទៅឲ្យឧកញ៉ា លី យ៉ុងផាត់ និងស្នើរបបនេះឲ្យបង្ហាញថវិកា ដែលបានពីការលុបបឹងធម្មជាតិមួយនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថានបដិសេធការលើកឡើងនេះ និងអះអាងថា ការលុបបឹងព្រែកទប់ ព្រោះខេត្តព្រះសីហនុមានប្រភពទឹកផ្សេងគ្រប់គ្រាន់ ដែលផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្តនេះបាន។
វីដេអូជាងបីនាទីដែលយុវជនមាតាធម្មជាតិបង្ហាញពីការលុបបឹងព្រែកទប់ខេត្តព្រះសីហនុ យុវជនអង្គការមាតាធម្មជាតិលើកឡើងថា បឹងព្រែកទប់នៅតែជាប្រភព ទឹកដ៏សំខាន់ សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។ ជាងនេះទៅទៀត ការលុបបឹងនេះធ្វើ ឡើងខណៈពលរដ្ឋក្នុងខេត្តនេះកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់៖ « ខ្ញុំមានសំណួរពីរសំណួរទៅសម្ដេចថា តើការសម្រេចចិត្តលុបធម្មជាតិប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយនេះ រដ្ឋទទួលបានលុយប៉ុន្មានពីក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ហើយប្រសិនបើពេលអនាគតក្រុងព្រះសីហនុនៅតែបន្តខ្វះខាតទឹកប្រើប្រាស់ តើសម្ដេចហ៊ានទទួលខុសត្រូវដែរឬទេ ?» ។
យុវជនអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា ឲ្យអាស៊ីសេរីដឹងថា លោកទទួលព័ត៌មានពីមន្ត្រីនៃសាលាខេត្តព្រះសីហនុថា អាជ្ញាធរទទួលលុយពីឧកញ៉ា លី យ៉ុងផាត់ ជាថ្នូរនឹងការលុបបឹងនេះ។ លោកបន្តថា ទោះការបញ្ចេញព័ត៌មាននេះ គឺជារឿងប្រឈមនឹងគ្រោះថ្នាក់ ឬរងការប្ដឹងពីអាជ្ញាធរពាក់ព័ន្ធក៏ដោយ ក៏លោករំពឹងថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញ និងមានឆន្ទៈរក្សាផ្ទៃបឹងជាង ៤ហិកតារ ដែលនៅសេសសល់នោះឲ្យបានគង់វង្ស៖ « ឈរលើគោលការណ៍អហិង្សា ការបញ្ចេញមតិដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ក៏ដូចជាមានភស្តុតាងអំណះអំណាងត្រឹមត្រូវ។ អ៊ីចឹងខ្ញុំអត់មានការភ័យព្រួយណាមួយទេ»។
ជុំវិញការលុបបឹងព្រែកទប់នេះ របបក្រុងភ្នំពេញ និងអាជ្ញាធរខេត្តព្រះសីហនុលើកឡើងថា ដើម្បីយកដីកន្លែងនេះអភិវឌ្ឍន៍ថែមទាំងអះអាងថា ខេត្តព្រះសីហនុសព្វថ្ងៃ មានប្រភពទឹកផ្សេង គឺប្រភពទឹកតំបន់ក្បាលឆាយមានលទ្ធភាពគ្រប់គ្រាន់អាចផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្តនេះ។
អាស៊ីសេរីបានព្យាយាមសុំ ការបំភ្លឺពីអភិបាលខេត្តព្រះសីហនុលោក យន្ត ម៉ីន និងអ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត និង លោក ឧកញ៉ា លី យ៉ុងផាត់ ជាច្រើនលើក ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់នេះ ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទ។
អ្នកនាំពាក្យសួងបរិស្ថាន លោក នេត ភក្ត្រា ច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាការលើកឡើងនេះ គ្មានភស្តុតាងច្បាស់លាស់។
លោកព្រមានថា ការចោទប្រកាន់របស់យុវជនអង្គការមាតាធម្មជាតិបែបនេះអាចប្រឈមនឹងការប្តឹងបកទៅវិញពីបទបរិហារកេរ្តិ៍។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ពីមុនបឹងព្រែកទប់ជាប្រភពទឹកមែន ប៉ុន្តែពេលនេះបឹងព្រែកទប់ រងការបំពុល និងការទន្ទ្រានយកដីដោយខុសច្បាប់ធ្វើឲ្យបឹងព្រែកទប់លែងជាកន្លែងប្រភពទឹកសំខាន់ទៀតហើយ៖ «សូមបញ្ជាក់អំពីភស្តុតាង ឯកសារឲ្យបានច្បាស់លាស់ព្រោះការចោទប្រកាន់ដោយគ្មានភស្តុតាងអាចត្រូវគេចោទប្រកាន់ទៅវិញ ឬធ្វើពាក្យប្ដឹងពីបទបរិហារកេរ្តិ៍»។
ប៉ុន្តែពលរដ្ឋរស់នៅខេត្តព្រះសីហនុម្នាក់ លោក សេង ម៉េងប៊ុនរ៉ុង និយាយថា ការលុបបឹងនេះក្រៅពី ធ្វើឲ្យពលរដ្ឋជួបបញ្ហាខ្វះទឹកកាន់តែខ្លាំង ហើយក៏ជាការបំបាត់ប្រវត្តិសាស្ត្រដែរ ព្រោះបឹងព្រែកទប់នេះមានយូរយារណាស់មកហើយ នៅក្នុងខេត្តព្រះសីហនុនេះ។ លោកទាមទារឲ្យរបបក្រុងភ្នំពេញគិតឡើងវិញមុននឹងធ្វើអ្វីប៉ះពាល់ដល់សម្បត្តិធម្មជាតិ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ដូច្នេះ ត្រូវធ្វើប្រជាមតិជាមុនសិន៖ «ខ្ញុំយល់ថា អត់ត្រឹមត្រូវទេចំពោះការលុបបឹង និងលេសរបស់ពួកគាត់ ( របបក្រុងភ្នំពេញ ) ប្រជាពលរដ្ឋគាត់ដឹងច្បាស់ណាស់ បឹងនេះជាបឹងប្រវត្តិសាស្ត្រ ដែលសម្តេចឪបានទៅបង្កើតខេត្តនេះ»។
ខណៈបឹងព្រែកទប់ត្រូវចាក់ដីលុបពលរដ្ឋខេត្តព្រះសីហនុត្អូញត្អែរថា ពួកគេជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ខ្លាំងខុសពីពេលមុនៗ។ បញ្ហានេះត្រូវអភិបាលខេត្តព្រះសីហនុ លោក យន្ត ម៉ីន ចេញមុខសុំទោសចំពោះបញ្ហានេះ។
ដំបូងឡើយបឹងព្រែកទប់ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បឹងនេះមានទំហំ ២៧០ហិកតារ ប៉ុន្តែបឹងនេះបានរួមតូចបន្តិចម្តងៗ ដោយសារមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួននាំគ្នាទន្ទ្រានយក ក្រោយមកនេះនៅសល់ត្រឹមផ្ទៃបឹងជាង ១៦ហិកតារតែប៉ុណ្ណោះ។
ចុងក្រោយបំផុត គឺនៅខែកុម្ភៈ ឆ្នាំ២០១៨ របបក្រុងភ្នំពេញចេញអនុក្រឹត្យកាត់ផ្ទៃបឹងទំហំជាង ១១ហិកតារទុកឲ្យវិស័យឯកជនអភិវឌ្ឍន៍លើដីបឹងដែលលុបនោះ។ បើតាមអនុក្រឹត្យនេះបឹង ព្រែកទប់នៅសល់ផ្ទៃក្រឡាជាង ៤ហិកតារប៉ុណ្ណោះ។ ប៉ុន្តែយុវជនអង្គការមាតាធម្មជាតិព្រួយ បារម្ភថាផ្ទៃបឹងនៅសល់នេះក៏ប្រឈមនឹងការលុបបន្តទៀតនៅពេលខាងមុខដែរ។ យុវជនអង្គការមាតាធម្មជាតិព្រមានថា បើរបបក្រុងភ្នំពេញមិនឆ្លើយតបចំពោះកង្វល់ និងបង្ហាញពីចំនួនលុយដែលរបបនេះទទួលបានលុយពីលោក លី យ៉ុងផាត់ ពួកគេនឹងធ្វើការទាមទារបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
