Opens in new windowស្របពេលដែលធនធានព្រៃឈើកំពុងរងការកាប់បំផ្លាញ យុវជនមួយចំនួនព្រួយបារម្ភថា ធនធានប្រេងកាត ឧស្ម័ន និងរ៉ែ អាចត្រូវគេបំផ្លិចបំផ្លាញ ឬមិនអាចផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិបាន ប្រសិនបើគ្មានការគ្រប់គ្រងបានត្រឹមត្រូវ។ យុវជន ស្នើឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានពីវិស័យនេះ ហើយស្នើឲ្យអ្នករៀបចំគោលនយោបាយ យកចិត្តទុកដាក់រៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយនេះ។
ស្របពេលដែលព័ត៌មានស្ដីពីការកាប់បំផ្លាញព្រៃឈើ ត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុស យុវជនបង្ហាញក្ដីព្រួយបារម្ភរបស់ពួកគេថា ពួកគេភ័យខ្លាចការមិនគ្រប់គ្រងព្រៃឈើបានត្រឹមត្រូវនេះ ជាគំរូ និងបទពិសោធន៍អាក្រក់ដល់ការគ្រប់គ្រងធនធានប្រេង រ៉ែ និងឧស្ម័នទៀត។
យុវជន ស្នើឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានពីវិស័យឧស្សាហកម្មនិស្សារណកម្មឲ្យបានទូលំទូលាយ ដើម្បីធានាតម្លាភាពពីការវិនិយោគលើវិស័យនេះ ខណៈដែលពួកគាត់ព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិចុងក្រោយនេះ។
ការលើកឡើងបែបនេះ ត្រូវធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងយុវជន និងអ្នកនយោបាយ ស្ដីពីយន្តការគ្រប់គ្រងចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្ម។ ការពិភាក្សានេះ ត្រូវរៀបចំដោយអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅភោជនីយដ្ឋានខ្មែរសូរិន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។ បើតាមអង្គការសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន ឧស្សាហកម្មនិស្សារណកម្មជាឧស្សាហកម្មទាំងឡាយណា ដែលធ្វើសកម្មភាពរុករក និងផលិតធនធានធម្មជាតិដែលមិនអាចកកើតឡើងវិញបាន ដូចជា រ៉ែ ប្រេងកាត ឧស្ម័នធម្មជាតិ និងធនធានរ៉ែផ្សេងៗទៀត។
ដៃកាន់ក្បាលមេក្រូ កញ្ញា ផល ស៊ីណា និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចោទសួរទៅអ្នកនយោបាយពីយុទ្ធសាស្ត្រគ្រប់គ្រងធនធានធម្មជាតិចុងក្រោយនេះ ហើយស្នើថា រដ្ឋាភិបាលគួរប្រកាសពីទំហំទឹកប្រាក់ដែលអាចទទួលពីការវិនិយោគលើវិស័យប្រេង។ កញ្ញាបន្តថា ការធ្វើបែបនេះ គឺចៀសវាងការយល់ខុសទៅលើរដ្ឋាភិបាល និងធានាថា គ្មានអំពើពុករលួយកើតឡើងក្នុងវិស័យមួយនេះ៖ «តាមការខ្ញុំមើលឃើញ ខ្ញុំមានការព្រួយបារម្ភខ្លាំង ព្រោះអំពើពុករលួយកាន់តែកើនឡើងហើយ ហើយមួយទៀត ការគ្រប់គ្រងបញ្ហានឹងនៅមានចន្លោះប្រហោង ហើយស្តាប់ម្ខាងទៅម្ខាង ខាងនេះថាបានសិក្សាច្បាស់លាស់ ប៉ុន្តែពេលទៅសួរប្រជាជន ប្រជាជនថាអត់ ហើយអ្នកដែលប៉ះពាល់នៅតែប៉ះពាល់ អ្នកដែលអត់នៅតែអត់ ហើយទឹកភ្នែកប្រជាជននៅតែមានរហូត ហើយការដោះស្រាយក៏មើលទៅអត់មានយន្តការអីច្បាស់លាស់ដែរ»។
ប្រទេសកម្ពុជា បានធ្វើការបែងចែកភូមិសាស្ត្រតំបន់ប្រេងកាតជាពីរ ដែលមានដែនគោក និងដែនសមុទ្រ។ សម្រាប់នៅតំបន់សមុទ្រ ចែកចេញជា ៦ប្លុក ពីប្លុក A ដល់ប្លុក F។ ចំណែកនៅតំបន់គោកវិញ មាន ១៩ប្លុក ពីប្លុក១ ដល់ប្លុក១៩។
បន្ទាប់ពីស្ដាប់សំណួរ និងការបញ្ចេញយោបល់របស់យុវជន តំណាងគណបក្សប្រជាជនកម្ពុជា លោក វ៉ាន់ ពុទ្ធិពល លើកឡើងថា រដ្ឋាភិបាលមានផែនការគ្រប់គ្រងថវិកាដែលបានមកពីវិស័យរ៉ែប្រេងនេះ។ លោកថា ការចំណាយប្រាក់ដែលបានមកពីធនធានធម្មជាតិនេះ ត្រូវមានតម្លាភាព ក៏ប៉ុន្តែនៅពេលសួរថា តើអ្វីជាផែនការគ្រប់គ្រងប្រាក់ចំណូល និងការបែងចែកផលពីវិស័យនេះ លោក ពុទ្ធិពល ថ្លែងថា សម្រាប់នៅពេលនេះ រដ្ឋាភិបាលមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ៖ «ខ្ញុំគិតថា ការបង្កើតជាមូលនិធិនៅលើសកលលោក មានប្រទេសតិចតួចណាស់ដែលបង្កើត ហើយភាគច្រើនជាប្រទេសតូចៗ ដូចជាប្រទេសប្រ៊ុយណេ (Brunei) និងគុយវ៉េត (Kuwait)។ ប្រទេសគាត់តូច។ អ៊ីចឹងដូចជាប្រទេសដទៃទៀតគេអត់បង្កើតទេ ពីព្រោះការបង្កើតហ្នឹងជាការបង្កើនការចំណាយមួយដែលអត់ប្រយោជន៍។ គេបង្កើតតម្លាភាពទៅលើការចាយវាយរបស់គេ មិនដឹងថាការបង្កើតមូលនិធិពីឥឡូវទៅ (មានប្រយោជន៍អ្វី) ទន្ទឹមមិនដឹងថាប្រេងបានប៉ុន្មាន»។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ តំណាងគណបក្សសង្គ្រោះជាតិ យល់ផ្សេងពីនេះ។ លោកថា ដើម្បីធានាថា ប្រជាជនគ្រប់គ្នាទទួលប្រយោជន៍ពីចំណូលប្រេង និងរ៉ែនេះ រដ្ឋាភិបាលគួររៀបចំការបែងចែកផលប្រយោជន៍ឲ្យបានមុនការទទួលបានចំណូលពីវិស័យនេះ។ លោកជំរុញឲ្យរដ្ឋាភិបាល បង្កើតច្បាប់ស្ដីពីការគ្រប់គ្រងប្រាក់ចំណូលពីវិស័យនេះ៖ «សម្រាប់យើងខ្ញុំ ថាជាតំណាងរាស្ត្រក៏បាន ជាតំណាងគណបក្សសង្គ្រោះជាតិ ក៏បាន យើងគិតថា ការរៀបចំច្បាប់គ្រប់គ្រងធនធានប្រេងកាត និងឧស្ម័ន ជាការចាំបាច់ណាស់ដោយខានមិនបាន។ គឺថា មានវិធីបែងចែកផល។ នៅក្នុងការបែងចែកផលហ្នឹង វាមានប៉ុន្មានភាគរយ វាមានតម្លៃផលចំណេញប៉ុន្មាន ពន្ធដារប៉ុន្មាន គឺគេមានវិធីគេធ្វើ ដើម្បីកុំឲ្យក្រុមហ៊ុនហ្នឹងស៊ីបន្លប់យើង។ រដ្ឋនៅក្នុងអំណាចដដែល អត់មានលោកឯង (ក្រុមហ៊ុន) ធ្វើតាមចិត្ត។ មានបញ្ហាប៉ះពាល់បរិស្ថាន ក្រោយពី (បូមប្រេង) រួចហើយ មានប៉ះពាល់អីត្រូវមានលុយជួសជុល។ យើងតែងឃើញមានមានកន្លែងលិចប្រេង (ធ្វើឲ្យ) ខូចសមុទ្រ គឺត្រូវមាននីតិវិធី (ជួសជុល) ឲ្យច្បាស់លាស់»។
កាលពីឆ្នាំ២០០២ ក្រុមហ៊ុនប្រេង ឈេហ្វរ៉ុន (Chevron) របស់សហរដ្ឋអាមេរិក ទទួលបានអាជ្ញាប័ណ្ណរុករកប្រេងកាតនៅប្លុក A ហើយនៅឆ្នាំ២០១២ ក្រុមហ៊ុន JOGMEC របស់ប្រទេសជប៉ុន បានអាជ្ញាប័ណ្ណរុករកប្រេងនៅប្លុក១២ ប្លុក១៥ និងប្លុក១៧។ ថ្មីៗនេះ ក្រុមហ៊ុន Mirach Energy របស់ប្រទេសសិង្ហបុរី ទើបទទួលបានសិទ្ធិស្រាវជ្រាវ និងខួងប្រេងនៅក្នុងប្លុក D រយៈពេល ៣០ឆ្នាំ ដែលលាតសន្ធឹងលើផ្ទៃដី ៥.៥០៦គីឡូម៉ែត្រការ៉េ។
កាលពីចុងឆ្នាំ២០១២ មានព័ត៌មានថា ប្រទេសកម្ពុជា នឹងទទួលបានតំណក់ប្រេងកាតដំបូង ក៏ប៉ុន្តែព័ត៌មានក៏ស្ងាត់ទៅវិញ។ បើតាមវេទិកាពិភាក្សារវាងអ្នកនយោបាយ និងយុវជននេះ ការផ្អាកការបូមប្រេងនេះ ដោយសារភាគីក្រុមហ៊ុន និងរដ្ឋាភិបាល ខ្វែងគំនិតគ្នាលើការបែងចែកផលចំណេញ។
នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា កំពុងតាមដានដំណើរវិវឌ្ឍនៃការគ្រប់គ្រងវិស័យឧស្សាហកម្មនិស្សារណកម្ម។ លោក សុខា គាំទ្រឲ្យមានច្បាប់គ្រប់គ្រងវិស័យនេះ។ លោកជំរុញឲ្យមានការអនុវត្តច្បាប់នេះឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា ផលចំណូលពីវិស័យបានដល់ប្រជាជនទាំងអស់គ្នា៖ «បើយើងមើលអ្នកនយោបាយ តួនាទីសំខាន់របស់គាត់ គឺទាក់ទងនឹងការអនុវត្តច្បាប់ ហើយជំរុញឲ្យមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ នេះជាតួនាទីសំខាន់ណាស់។ ទន្ទឹមនឹងហ្នឹង វាទាមទារឲ្យមានការចូលរួមមានអត្ថន័យ មានប្រសិទ្ធភាពពីប្រជាពលរដ្ឋ។ តែប្រជាពលរដ្ឋអាចចូលរួម ទាល់តែព័ត៌មានហ្នឹងបានទៅដល់ដៃប្រជាពលរដ្ឋ តែបើព័ត៌មានមិនបានដល់ដៃប្រជាពលរដ្ឋ សួរថាគាត់ចូលរួមតាមវិធីណា? វាអត់មានន័យ។ ចូលរួមដើម្បីអី ប្រសិនគាត់អត់មានព័ត៌មាន។ អាហ្នឹងវាសំខាន់»។
ភ្នែកសម្លឹងទៅអ្នកនយោបាយ ដៃកាន់ឯកសារដែលបង្ហាញពីព័ត៌មានមួយចំនួនពីវិស័យរ៉ែ និងប្រេង យុវតី ផល ស៊ីណា និយាយបញ្ជាក់ថា នាងត្រេកអរនៅពេលឃើញអ្នកនយោបាយអង្គុយពិភាក្សាគ្នា ដើម្បីរកផែនការគ្រប់គ្រងធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយនេះ។ កញ្ញាស្នើឲ្យអ្នកនយោបាយ គោរពនូវពាក្យសម្ដីដែលខ្លួនបានសន្យាជាមួយយុវជន៖ «ការរំពឹងទុក ខ្ញុំរំពឹងទុកថា ខាងក្រសួងហ្នឹងនឹងធ្វើនូវអ្វីដែលបាននិយាយ ហើយទីពីរ ធ្វើតាមនូវអ្វីដែលខាងប្រជាជន យុវជន និងសង្គមស៊ីវិល បានទទូចស្នើឲ្យគាត់ផ្លាស់ប្ដូរ ឬកែតម្រូវ ឲ្យគាត់យកទៅដាក់នៅក្នុងយន្តការក្នុងក្រសួងគាត់»។
ការប៉ាន់ស្មាននៅឆ្នាំ២០០៦ របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ពីធនធានរ៉ែប្រេង ឲ្យដឹងថា កម្ពុជា អាចទទួលបានប្រេងកាតប្រមាណ ២ពាន់លានបារ៉ែល និងឧស្ម័នចំនួន ១០ពាន់ម៉ែត្រគូប។
អ្នកវិភាគសេដ្ឋកិច្ច ធ្លាប់អះអាងថា ប្រសិនបើមានច្បាប់គ្រប់គ្រងបានត្រឹមត្រូវ ប្រទេសកម្ពុជា នឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
