អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជិត ៨០០នាក់ហើយ គិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ បន្ទាប់ពីអ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀតបានស្លាប់។
ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាល រកឃើញមាន ៩៨១នាក់ ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ២៥៥នាក់។
នៅថ្ងៃដដែលនេះ ក្រសួងអះអាងថា មានអ្នកជាសះស្បើយ ៩៣៤នាក់។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៥ម៉ឺន ៧ពាន់ (៥៧.១០៣) នាក់ ក្នុងនោះអ្នកជាសះស្បើយមានជិត ៤ម៉ឺន ៩ពាន់ (៤៨.៩៧៤)នាក់ ហើយមួយរយៈនេះខេត្តនៅតំបន់ព្រំដែនជាប់ប្រទេសថៃ រួមមាន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងថ្មីប្រមាណពី ៥០ ទៅជាង ១០០នាក់ក្នុងមួយថ្ងៃ។
ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាល អះអាងថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា មានចំនួនជាង ៤លាន ៦សែននាក់ (៤.៦៥៤.៤៥១)ឬស្មើនឹងជិត ៤៧ភាគរយក្នុងចំណោម ប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។
ទោះជាយ៉ាងនេះក្តី រយៈពេលមួយសប្តាហ៍ចុងក្រោយនេះតួលេខអ្នកឆ្លងថ្មី និងអ្នកស្លាប់នៅតែបន្តហក់ឡើងខ្ពស់ដដែល។ អ្នកឆ្លងថ្មីមានចន្លោះពីជាង៨រយនាក់ ដល់ជាង ១ពាន់នាក់ ខណៈអ្នកស្លាប់វិញ មានចន្លោះពីជាង ១៩នាក់ រហូតដល់ជិត ៤០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។