អ្នកជំងឺ​កូវីដ១៩ ចំនួន ២៨នាក់​ទៀត​បាន​ស្លាប់ និង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង ៨រយនាក់

ដោយ សុជីវី
2021-07-13
Share
អ្នកជំងឺ​កូវីដ១៩ ចំនួន ២៨នាក់​ទៀត​បាន​ស្លាប់ និង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង ៨រយនាក់ តារាង​តួលេខប្រចាំថ្ងៃនៃជំងឺ​កូវីដ១៩ នៅ​ប្រទេស​កម្ពុជា
រូប៖ RFA

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង ៩៥៣នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី១៣ ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ ២៨នាក់​បន្ថែម​ទៀត​បាន​ស្លាប់។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​ រក​ឃើញ​មាន ៨៣០នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​ករណី​នាំចូល​ពីក្រៅ​ប្រទេស ជាង​២០០​នាក់។ នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​អះអាង​ថា មាន​អ្នក​ជា​សះ​ស្បើយ ១.០១២នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៣ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៦ម៉ឺន ២ពាន់ (៦២.៧០០)​នាក់​ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៥ម៉ឺន ៤ពាន់ (៥៤.៤៨៩)​នាក់។ ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី១២ កក្កដា មាន​ចំនួន​ជិត ៥លាន​នាក់ ឬ​ស្មើ​នឹង​ជិត ៥០ភាគ​រយ​ក្នុង​ចំណោម​ប្រជាជន ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់។

ទោះបីជា​រដ្ឋាភិបាល ​សម្រុក​ចាក់​វ៉ាក់​សាំង​បាន​ជិត​៥០​ភាគ​យ៉ាង​នេះ​ក្ដី​ ក៏​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ករណី​ឆ្លង​ថ្មី នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល។ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជិត ៩រយ​នាក់ ដល់​ជាង ១ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី ១៩នាក់ រហូត​ដល់​ជិត ៤០នាក់​ក្នុង​មួយ​ថ្ងៃ។

ជា​មួយ​គ្នា​នេះ​​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ប្រកាស​នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឈ្មោះ អាស្រ្តាសេនេកា (AstraZeneca ) ចំនួន ១លាន​ដូស​ជូន​ដល់​កម្ពុជា។ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃ​ទី១៣ កក្កដា​ថា វ៉ាក់សាំង ដែល​ទទួល​បាន​អាជ្ញាធរ​ប័ណ្ណ​ផលិត​នៅ​ប្រទេស​ជប៉ុន​នេះ​ នឹង​បញ្ជូន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ពេល​ឆាប់ៗ ខាង​មុខ។ ចាប់​តាំង​ពី​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក រដ្ឋាភិបាល​ទីក្រុង​តូក្យូ (Tokyo) បាន​ផ្ដល់​ជំនួយ​ផ្នែក​សុខាភិបាល​សរុប​ជាង ៥០លាន​ដុល្លារ (៥០.០០០.០០០) ហើយ​ជូន​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់​​ស្កាត់​ការ​រាលដាល​ជំងឺ​កាច​សាហាវ​នេះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ជេស្ដា
ជេស្ដា says:
Jul 13, 2021 07:37 PM

សូមមេត្តាពិនិត្យមេីលឡេីងវិញផង,​ ខ្ញុំគិតថា​ថ្មី​ជាង ៨រយនាក់​ មិនមែន៨ពាន់​នាក់ទេ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល