កម្ពុជា​នឹង​​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ នៅ​តំបន់​មួយ​ចំនួន នៃ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង នៅចុងខែវិច្ឆិកា

កម្ពុជា​នឹង​ចាប់​ផ្ដើម​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ នៅ​តំបន់​ទេសចរណ៍​មួយ​ចំនួន គឺ​ក្រុង​ព្រះសីហនុ កោះ​រ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារា​សាគរ នៅ​ខេត្ត​កោះកុង ចាប់​ពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ខាង​មុខ។

ការ​បើក​ទទួល​នេះ​ គឺ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ ​ស្នាក់នៅ​ និង​ទស្សនា​ក្នុង​តំបន់​ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រយៈពេល​ ៥​ថ្ងៃ ​ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​ឡើយ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ដែល​មក​ក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ​តម្រូវ​ឱ្យ​ធ្វើតេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ១៩ នៅ​ពេល​មកដល់​អាកាសយានដ្ឋាន​។ ប្រសិន​បើ​លទ្ធផល​តេស្ត​អវិជ្ជមាន ភ្ញៀវ​ទេសចរ​អាច​ដើរ​កម្សាន្ត ដោយ​សេរី​នៅ​ក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ដោយ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍។
ភ្ញៀវ​ទេសចរ​ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា គ្មាន​ជំងឺ​កូវីដ១៩ ចេញ​ក្នុង​រយៈ​ពេល ៧២ម៉ោង​នៃ​ជើង​ហោះហើរ​ និង​ព័ត៌មាន​អំពី​ប្រវត្តិ​ធ្វើដំណើរ​ ១៤ថ្ងៃ មុន​ពេល​ចេញ​មក​កម្ពុជា។ បន្ថែម​ពី​នេះ ភ្ញៀវ​ទេសចរ​ទាំងនោះ​ត្រូវ​កក់​កន្លែង​ស្នាក់នៅ ​មាន​លិខិត​ធានារ៉ាប់រង​សុខភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​និង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ជាដើម។

ពាក់ព័ន្ធ​នឹង​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ វិញ គឺ​បាន​កើន​ឡើង​ដល់ ២ពាន់ ៧៥៨នាក់​ហើយ (២.៧៥៨) បន្ទាប់​ពី​មាន​អ្នក​ជំងឺ ៧នាក់​ទៀត​បាន​ស្លាប់ កាល​ពី​ថ្ងៃ​ទី២៧ ខែតុលា។
គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៧ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១១ម៉ឺន ៨ពាន់​នាក់ (១១៨.១១១) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ជិត ១១ម៉ឺន ៤ពាន់​នាក់ (១១៣.៧៩១)។ ចំពោះ​ការ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ​ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៦តុលា រដ្ឋាភិបាល​ចាក់​​ជូន​ពលរដ្ឋ ​ដែល​មាន​អាយុ ៦ឆ្នាំ​ឡើង​ទៅ​បាន​កាន់​តែ​ជិត​សម្រេច​ផែន​ការ ១០០ភាគ​រយ​ហើយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ១៤លាន​នាក់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។