លោក សម រង្ស៊ី ថា​កត្តា​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ទើប​លោក​គាំទ្រ​ឲ្យ​ពលរដ្ឋខ្មែរ​នាំគ្នា​ចាក់​វ៉ាក់សាំងចិន​

ដោយ​ មួង ណារ៉េត
2021.04.11
លោក សម រង្ស៊ី ថា​កត្តា​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ទើប​លោក​គាំទ្រ​ឲ្យ​ពលរដ្ឋខ្មែរ​នាំគ្នា​ចាក់​វ៉ាក់សាំងចិន​ (ឆ្វេង) លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក Sam Rainsy និង HPM

ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថា​កត្តាប្រសិទ្ធភាព​និង​​សុវត្ថិភាព​ទើប​ធ្វើឲ្យ​លោក​ហ៊ានចេញមុខ​គាំទ្រ​​ឲ្យ​ពលរដ្ឋខ្មែរ​នាំគ្នា​ចាក់​វ៉ាក់សាំងចិន។

ថ្លែង​សារ​តាម​រយៈទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាលពីថ្ងៃទី១១ ខែមេសា ​លោក សម រង្ស៊ី ​ថា​ក្នុង​ស្ថានការណ៍មួយ​ដែល​យើង​មិនទាន់​មាន់​វ៉ាក់សាំង​អ្វីផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​ជាង​វ៉ាក់សាំង​ចិន​នេះ យើង​ត្រូវ​​តែ​ទទួលយក​វ៉ាក់សាំងចិន៖ «វ៉ាក់សាំង​ចិននេះ គឺជាវ៉ាក់សាំង​​ដែលយើង​​អាច​​ទទួល​យកបាន​ពីព្រោះបើ​យើង​មើល​​កត្តា​សុវត្ថិភាព អត់​មាន​តួលេខ អត់មាន​ព័ត៌មានអ្វី​ ដែល​​បង្ហាញថា​ វ៉ាក់សាំងនេះ ​នាំមក​នូវ​គ្រោះថ្នាក់​នោះទេ។ ដូច្នេះសូម​កុំឲ្យ​មាន​ពាក្យ​ចចាម​អារាម ហើយ​​បញ្ចប់​ពាក្យ​ចចាមអារាម​​ថា ​វ៉ាក់សាំងនេះ​គ្រោះថ្នាក់​អី វរៗគេប្រើវិធីនេះ​មក​សម្លាប់យើង​​អីកុំ! កុំនឹក​ឃើញអ៊‌ីចឹង​​ឲ្យសោះ! ពីព្រោះ​សម័យ​​នេះ​ ប្រទេស​ចិន​ជា​ប្រទេស​​ដែលមាន​កិត្តិយស និង​​ចេះថែរក្សា​​កិត្តិយស​របស់ខ្លួន​មិនអាច​​យកវ៉ាក់សាំង​នេះ មក​លេងសើច​ហើយ​មក​​សម្លាប់គេ​​សម្លាប់​ឯង​​នោះទេ។ បើមាន​ការ​ស្លាប់​ដោយ​វ៉ាក់សាំង​​ចិននេះ អាហ្នឹង​​យើង​​លឺ​ហើយ​ យើង​​លឺ​​គេ​​កត់ត្រា​​លាត​ត្រដាង តែ​នេះវា​អត់ ​វាអត់មាន​​ចំនួន​អ្នក​ស្លាប់ណា​ធ្ងន់ធ្ងរ​ គួរ​​ឲ្យកត់​សម្គាល់​​ហើយ​គួរ​​ឲ្យព្រួយបារម្ភ ​ងឿងឆ្ងល់​អីទេ ​វាអត់!​ ពី​សុវត្ថិភាព​​ខ្ញុំយល់ឃើញថា អាចទទួល​យកបាន។ បើពីប្រសិទ្ធភាព​ក៏អ៊‌ីចឹងដែរ ​បើទោះជា​មិន​បាន​ ៩៩% ឬ ១០០% ដូចវ៉ាក់សាំង​​អាមេរិក ​បើវ៉ាក់សាំង​ចិនមាន​ប្រសិទ្ធភាព ​៧០ ឬ ៨០ % ដូចវ៉ាក់សាំង​​នៅអឺរ៉ុបខ្លះ​ វ៉ាក់សាំង​នៅ​ប្រទេស​ខាងលិចខ្លះ ក៏មិន​ខ្ពស់ជាង​​ហ្នឹង​ប៉ុន្មាន​ដែរ ហើយ​ក៏​គេ​ប្រើ​​ឬ​ត្រៀមប្រើ។ ​ដូច្នេះក្នុង​លក្ខណៈដែលមាន​​ប្រសិទ្ធភាព​​ត្រឹមតែវ៉ាក់សាំង​ចិន​​ឥឡូវ ​ក៏យើង​អាចទទួល​យកបាន​ដែរ​ ព្រោះ​បើ​​យើង​មិន​ទទួលយក​យើង​​អត់ការពារ​អ្វីបាន​ទាំងអស់ គឺការពារ​​សូន្យ។ បើការពារបាន​សូន្យភាគរយ​ បើ​​ជំងឺមក​ដល់​គឺយើង​ឆ្លង​»

សារអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឡើង​ស្របពេល​ដែល​តំណាង​អង្គការ​សុខភាពពិភពលោក (WHO) ប្រចាំ​កម្ពុជាអ្នកស្រី លី អៃឡែន (Li Ailan) បាន​សរសេរ​សារ​អបអរ​សារទរ​​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែលបាន​ចាក់វ៉ាក់សាំង​ជូនប្រជាជនបានចំនួន ១ លាននាក់ ត្រឹមថ្ងៃទី១១ ខែមេសា។

ប៉ុន្តែសាររបស់លោក សម រង្ស៊ី ដែលអំពាវនាវ​ឲ្យពលរដ្ឋព្រមទទួល​យក​វ៉ាក់សាំងចិន​នេះ​ត្រូ​វ​លោក ហ៊ុន សែន វាយ​បកមក​វិញយ៉ាងចាស់​ដៃ។ លោក ហ៊ុន សែន ​បាន​​ចេញ​​សារ​​បន្ទាន់​កាលពីយប់ ​ថ្ងៃទី១១ ខែមេសា ដោយចោទលោក សម រង្ស៊ី ថា​​មាន​បំណង​អាក្រក់​ទើបជំរុញ​ប្រជាជន​ឱ្យទទួល​វ៉ាក់សាំងចិន ក្នុងពេល​នេះ។ ​លោក​ ហ៊ុន សែន ថា​​លោក សម រង្ស៊ី ​ធ្វើនេះ​ក្នុង​បំណង​​ឲ្យ​ប្រជាពលរដ្ឋ​ដណ្ដើម​វ៉ាក់សាំងគ្នា​តែ​ប៉ុណ្ណោះ៖ «មិនមែន​បំណង​ល្អ​របស់វាទេ​។ តែ​ទិសដៅរ​បស់វា​មាន​ចំណុច​ផ្សេង គឺ​ត្រង់ថា​​ ជំរុញ​ប្រជាជន​ឲ្យមក​ទទួល​វ៉ាក់សាំង​​ក្នុងពេល​តែមួយ​ដែលជា​ចំណុច​ដ៏អាក្រក់​នៃ​ពូជក្បត់​ជាតិមួយនេះ»

កន្លងមក​កម្ពុជា​តាមរយៈជំនួយផង​និងទិញផង​មាន​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ចំនួនជាង​ ៣​លាន១សែនដូស (៣,១២៤,០០០) ដូស​ដែលក្នុង​នោះ ​ជិត​បី​លាន​ដូស ​ជាវ៉ាក់សាំង​របស់ចិន ​គឺវ៉ាក់សាំង​ស៊ីណូហ្វាម​ (Sinopharm) និង​ ស៊ីណូវ៉ាក់ (Sinovac) ​និង​ជាង​បីសែន​ដូសជាវ៉ាក់សាំង​អង់គ្លេស ដែលផលិត​នៅ​ប្រទេស​ឥណ្ឌា។

វ៉ាក់សាំងចិន​ទាំងពីរមុខនេះកំពុងរង់ចាំសេចក្តី​សម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ​ដែល​គ្រោ​ង​នឹង​​ចេញ​នៅចុងខែ​មេសានេះ។ ​កាលពីខែមីនា​ តំណាង​ក្រុម​ប្រឹក្សាជំនាញ​​របស់​អង្គការសុខភា​ព​ពិភពលោក​​បាន​បង្ហើបថា​ វ៉ាក់សាំងចិន​មាន​ប្រសិទ្ធភាពចាប់ពី ​៥ ០ ភាគរយដល់ជិត ៧០% ដែល​គ្រប់​តាម​លក្ខខណ្ឌសម្រាប់​ការ​ប្រើប្រាស់។

ទោះជាយ៉ាងណា​ រដ្ឋាភិបាលទើប​តែបាន​ចេញ​អនុក្រឹត្យចាប់​បង្ខំ​ឲ្យមន្រ្តីរាជការ​ទាំងអស់​ ត្រូវ​តែ​ចាក់វ៉ាក់សាំង​ ដែល​ភាគច្រើន​ជា​វ៉ាក់សាំងចិ​ន​ជាកំហិត។​ អនុក្រឹត្យ​ចាប់​បង្ខំ​នេះ ធ្វើ​ឡើង​ក្រោយ​ពីមានព័ត៌មាន​ជាច្រើន​ស្ដីពីពលរដ្ឋ​ស្ទាក់​ស្ទើរចិត្ត​ក្នុងការ​ចាក់វ៉ាក់សាំង​ចិន។ ស្របពេល​គ្នានេះដែរ អ្នក​ផ្សាយ​ព័ត៌មាន អំពីបញ្ហា​វ៉ាក់សាំង​ចិន​ត្រូវ​​អាជ្ញាធរចាប់ខ្លួន​ជាបន្តប​ន្ទា​ប់​ ដោយ​រងការ​ចោទ​ប្រកាន់​ថា​ ផ្សាយ​ព័ត៌មាន​ញុះ​ញង់ និង​​បង្ក​ចលាចលសង្គម​។

ទោះជាយ៉ាង​នេះក្ដី មន្រ្តី​ជាន់ខ្ពស់​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​​ជំងឺ (CDC) របស់ចិន​លោក ហ្កៅ ហ្វ៊ូ (GAO Fu) ថ្លែ​ង​ក្នុង​សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០​ ខែមេសា ​ដោយ​​ទទួលស្គាល់​ថា វ៉ាក់សាំងចិ​នមានប្រសិទ្ធភាពទាប ដែល​រដ្ឋាភិបាល​ចិន​កំពុង​ពិចារណាចាក់​លាយគ្នា​ដើម្បី​បង្កើន​ប្រសិទ្ធភាពនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។