ខ្មែរក្រោមទទូចឲ្យកម្ពុជាស្នើវៀតណាមឲ្យបើកសាលាបង្រៀនអក្សរខ្មែរដល់ជនជាតិដើម
2018.01.29

សមាគមខ្មែរក្រោមស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមគិតគូរដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងគ្រប់គ្រងដោយវៀតណាមនោះ បានរៀនសូត្រអក្សរសាស្ត្រ ភាសាដើមកំណើតរបស់ខ្លួន។ សំណើនេះ ធ្វើឡើងក្រោយពេលដែលសមាជិកគណៈកម្មការកណ្ដាលបក្សកុម្មុយនិស្តវៀតណាម បានស្នើឲ្យសាកលវិទ្យាល័យរដ្ឋរបស់កម្ពុជា បង្កើតដេប៉ាតឺម៉ង់បង្រៀនភាសាវៀតណាមនៅកម្ពុជា។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បង្ហាញជំហរមិនយល់ទាស់ ចំពោះសំណើរបស់សមាជិកគណៈកម្មការកណ្ដាលបក្សកុម្មុយនិស្តវៀតណាម ដែលចង់ឲ្យបង្កើតដេប៉ាតឺម៉ង់មួយ សម្រាប់សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យរដ្ឋ របស់កម្ពុជានោះទេ។ ប៉ុន្តែ លោកទទូចឲ្យរដ្ឋាភិបាលកម្ពុជា គិតគូរក្នុងការស្នើសុំឲ្យអាជ្ញាធរវៀតណាម បើកឲ្យពលរដ្ឋខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម អាចសិក្សាពីភូមិសាស្ត្រ អក្សរសាស្ត្រ ដើមកំណើតខ្មែរផង។ «»
តំណាងបក្សកុម្មុយនិស្តវៀតណាមដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៧ មករា បានស្នើសុំកម្ពុជាបើកឱ្យមានដេប៉ាតឺម៉ង់ ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនួបនេះ លើកឡើងនៅពេលសមាជិកគណៈកម្មការកណ្ដាលបក្សកុម្មុយនិស្តវៀតណាម លោកHUYNH THANH DAT និងសមាជិកការិយាល័យនយោបាយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក NGUYEN THIEN NHAN បានជួបជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជាលី។ សារព័ត៌មានក្នុងស្រុកបានស្រង់សម្ដីលោក ជេត លី ថា ឯកភាព នឹងពិចារណា លើគំនិតស្នើសុំនេះ។ វិទ្យាសា្ថនភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្នមាន ដេប៉ាតឺម៉ង់ភាសាចំនួន៦ គឺ ដេប៉ាតឺម៉ង់ភាសាបារាំង ភាសាអង់គ្លេស ភាសាជប៉ុន ភាសាចិន ភាសាកូរ៉េ និងភាសាថៃ។
បន្ទាប់ពីវៀតណាម បង្ហាញបំណងខ្លួន ក្នុងការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកខ្លះ បង្ហាញជំហរគាំទ្រ និងមានខ្លះ មិនគាំទ្រ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានទាមទារឲ្យរដ្ឋាភិបាលវៀតណាម បើកដេប៉ាតឺម៉ង់ភាសាខ្មែរ នៅសកលវិទ្យាល័យព្រៃនគរ ឬនៅសកលវិទ្យាល័យទីក្រុងហាណូយវិញ។ ចំណែកខ្លះទៀត ទាមទារឲ្យរដ្ឋាភិបាលវៀតណាម បើកសាលាឲ្យជនជាតិខ្មែរដើម នៅកម្ពុជាក្រោម អាចសិក្សាភាសាដើមកំណើតបាន ដោយគ្មានការរារាំង ឬបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ ដែលបង្រៀនភាសាខ្មែរ នៅតាមវត្តអារាម ជាដើម។
អាជ្ញាធរវៀតណាមធ្លាប់រងការរិះគន់ ថាបានធ្វើទុក្ខបុកម្នេញ និងចាប់ព្រះសង្ឃ និងជនជាតិខ្មែរក្រោម ដាក់ពន្ធនាគារ ព្រោះតែកំហុសលួចបង្រៀន និងរៀនភាសាខ្មែរ ដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានទេ នៅថ្ងៃទី២៨ មករា ជុំវិញបំណងសុំឲ្យរដ្ឋាភិបាលគិតគូរ អំពីជនជាតិដើមខ្មែរក្រោម ឲ្យបានសិក្សាភាសាដើមកំណើតនេះ។
លោក សឺន ជុំជួន អះអាងថា មិនដែលលឺថា រដ្ឋាភិបាលកម្ពុជា ធ្លាប់ស្នើសុំទៅរដ្ឋាភិបាលវៀតណាម ឲ្យមានការបង្រៀនភាសាខ្មែរ ដល់ជនជាតិខ្មែរដើមនៅកម្ពុជាក្រោមទេ។ ចំណែកការបង្រៀន និងការខិតខំរៀនរបស់ជនជាតិខ្មែរក្រោម ដែលកំពុងរស់នៅលើអតីតទឹកដីខ្មែរនៅកម្ពុជាក្រោម លោក សឺន ជុំជួន ឲ្យដឹងថា ជាការប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង ដោយរដ្ឋាភិបាលកម្ពុជា មិនដែលធ្លាប់គិតគូរពីពួកគាត់ទេ៕