ខ្មែរក្រោមនៅកម្ពុជាប្រារព្ធខួបទិវា០៤មិថុនា ជំរុញឱ្យកូនខ្មែរបន្តបេសកកម្មទាមទារសិទ្ធិសេរីភាពសម្រាប់ខ្មែរក្រោម
2024.06.10

អង្គការ សមាគមខ្មែរកម្ពុជាក្រោម ពលរដ្ឋខ្មែរ និងខ្មែរក្រោមនៅកម្ពុជានៅថ្ងៃទី០៩ មិថុនា ប្រារព្ធខួបលើកទី៧៥ឆ្នាំ ទិវា០៤មិថុនា ដែលបារាំងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្តកាលពីឆ្នាំ១៩៤៩។ ថ្នាក់ដឹកនាំអង្គការ និងសមាគមខ្មែរកម្ពុជាក្រោម អំពាវនាវដល់កូនខ្មែរគ្រប់រូបបន្តបេសកកម្មពីដូនតាទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាលវៀតណាមមកវិញ។
ពិធីរំឭកខួបទី៧៥ឆ្នាំនៅឆ្នាំនេះ ត្រូវបានអង្គការ សមាគមខ្មែរកម្ពុជាក្រោមរៀបចំឡើង នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង៥រយនាក់។
ថ្លែងទៅកាន់អង្គពិធី មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា បានរំឭកថា ការបាត់បង់ការគ្រប់គ្រងទឹកដីកម្ពុជាក្រោម គឺក្រោយពីអណ្ណាមបានខ្ចីដីនៅកម្ពុជាក្រោមដើម្បីតតាំងជាមួយប្រទេសចិននៅដើមសតវត្សរ៍ទី១៧។
លោក គឹម ស៊ីសំណា បានរំឭកទៀតថា រដ្ឋាភិបាលប្រទេសវៀតណាមដែលមានឈ្មោះដើមថាអណ្ណាមមិនដែលសងទឹកដីកម្ពុជាក្រោមមកប្រទេសកម្ពុជាវិញនោះទេ ប៉ុន្តែរដ្ឋាភិបាលអណ្ណាមបែរជាបញ្ជូនជនជាតិយួនមករស់នៅកាន់តែច្រើនទៅវិញ។ លោកថា ក្រោយមកប្រធានាធិបតីបារាំង និងរដ្ឋាភិបាលវៀតណាមបានគប់គិតគ្នាចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាក្រោមឱ្យប្រទេសវៀតណាមនៅក្នុងនៅថ្ងៃទី ៤ មិថុនា ១៩៤៩ដោយគ្មានការយល់ព្រមពីប្រទេសកម្ពុជានោះឡើយ។
ទោះជាយ៉ាងណា លោក គឹម ស៊ីសំណា ថា ព្រះមហាក្សត្រ ព្រះសង្ឃ និងពលរដ្ឋខ្មែរមិនដែលបោះបង់នូវសេចក្ដីព្យាយាមក្នុងការទាមទារទឹកដី និងសិទ្ធិពលរដ្ឋខ្មែរក្រោម បើទោះជាបានពលីជីវិតយ៉ាងណាក្ដី។
លោក គឹម ស៊ីសំណា៖ «ហើយមិនអនុញ្ញាតរៀនអក្សរខ្មែរជាពិសេសគឺភូមិវិទ្យា ប្រវត្តិវិទ្យារបស់ខ្មែរ គឺមិនឱ្យរៀន និងមិនឱ្យអានជាដាច់ខាតទង្វើទាំងនេះបានធ្វើឱ្យកូនខ្មែរអ្នកដែលមានមនសិការស្នេហាជាតិ ឧត្ដមគតិជាតិមិនអាចស៊ូទ្រាំ និងនៅស្ងៀមចំពោះការរំលោភសិទ្ធិមនុស្សទាំងនេះបាន ក៏សម្រេចចិត្តធ្វើការតស៊ូដើម្បីសិទ្ធិសេរីភាពជាបន្តបន្ទាប់»។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តាំង សារៈ មានប្រសាសន៍ថា ក្រោយពីមានការផ្ទេរសិទ្ធិឱ្យប្រទេសវៀតណាមគ្រប់គ្រងទឹកដីកម្ពុជាក្រោម ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លះមកនេះ ខ្មែរក្រោមរស់នៅក្រោមនឹមអាណានិគមរបស់រដ្ឋាភិបាលវៀតណាម បានប្រឈមមុខនឹងបញ្ហាជាច្រើនដែលមិននឹកស្មានដល់ដូចជា ត្រូវរបបក្រុងហាណូយជិះជាន់ រំលោភបំពានសិទ្ធិ រំលាយវប្បធម៌ បំផ្លាញសាសនា គំរាមកំហែង និងបំបិទសំឡេងមិនឱ្យពលរដ្ឋខ្មែរក្រោមបញ្ចេញមតិដោយសេរីឡើយ។
លោក តាំង សារៈ ថា បញ្ហាប្រឈមទាំងនេះ បានធ្វើឱ្យខ្មែរក្រោមគ្រប់រូប ក្រោកឡើងធ្វើការតស៊ូមតិ និងអនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនជាជនជាតិដើមជាប់មិនដាច់ដើម្បីបានទទួល «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង»។ លោកបន្តថាសហគមន៍អន្តរជាតិត្រូវទាមទារឱ្យប្រទេសវៀតណាមដែលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ត្រូវតែគោរពការប្ដេជ្ញាចិត្តរបស់ខ្លួន និងគោរពសិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោមតាមសន្ធិសញ្ញានានាដែលខ្លួនបានចុះហត្ថលេខា។
លោក តាំង សារៈ៖ «យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យទទួលខុសត្រូវចំពោះ អំពើផ្តាច់ការនៃរបបអាណានិគមយួន និងធានានូវយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរក្រោមរបស់យើង»។
ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកមានឈាមជ័រខ្មែរក្រោម លោក សឺន សូប៊ែរ្តិ៍ ថ្លែងថា ក្នុងថ្ងៃរំឭកខួបទី ៧៥ ឆ្នាំ ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រងក៏ជាថ្ងៃរឭកដល់គុណូបការៈរបស់ព្រះមហាក្សត្រ ព្រះសង្ឃ និងដូនតាខ្មែរគ្រប់ជំនាន់ដែលបានតស៊ូក្នុងរយៈពេលកន្លងមក ហើយកូនខ្មែរគ្រប់រូបត្រូវបន្តសកម្មភាពទាមទារសិទ្ធិ និងទឹកដីកម្ពុជាក្រោមបន្តពីពួកគាត់។
លោក សឺន សូប៊ែរ្តិ៍៖ «យើងត្រូវរំឭកគុណដល់ព្រះថេរៈ សមណៈ ដល់វីរបុរស វីរនារីខ្មែរស្នេហាជាតិទាំងឡាយដែលបានពលីកម្មជីវិតដើម្បីការពារ រក្សាព្រលឹងខ្មែរក្រោម»។
ក្នុងពិធីនេះ ក្រៅតែពីឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ក៏មានការចូលរួមរបស់អ្នកនយោបាយមកពីបក្សក្រៅរដ្ឋាភិបាលដែរ ដូចជាទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន។ ចំណែកខាងគណបក្សកាន់អំណាចមិនឃើញចូលរួមនោះឡើយ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើងថា បើខ្មែរកណ្ដាល ឬប្រទេសកម្ពុជាក្លាយជាប្រទេសរឹងមាំ និងមានប្រជាធិបតេយ្យពេញលេញ នោះការទាមទារសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោមនឹងអាចធ្វើទៅបានដោយគ្មានឧបសគ្គ។ លោកជំរុញឱ្យពលរដ្ឋសិក្សាខ្លឹមសារច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជំរុញឱ្យរដ្ឋាភិបាលអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ស្រ៊ុន ស្រ៊ន៖ «មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមុន១៩៩១ មានបក្សណាបើក បើករលាយៗ ត្រូវបានកម្ទេចចោលកុំថាឡើយបើកបក្ស មានតែចលនាក៏គេមិនឱ្យបង្កើតផង ប៉ុន្តែឥឡូវនេះចង់បង្កើតបក្សក៏បាន បើទោះជាមានការអនុវត្តច្បាប់មិនប្រក្រតី ម៉េចក៏ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគ្មានគោលការណ៍គ្រឹះសម្រាប់ជួយខ្មែរក្រោមអ៊ីចឹង ការពារខ្មែរកណ្ដាលបាន មិនការពារខ្មែរក្រោម ការពារឫសបាន ដើមបានក៏ត្រូវការពារដើមបាន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សោភ័ណ្ឌ បានទេ នៅថ្ងៃទី ០៩ ខែមិថុនា។ ក្រៅពីនៅកម្ពុជា នៅថ្ងៃទី៩ មិថុនា នេះសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិកក៏គ្រោងជួបជុំប្រារព្ធទិវា ៤ មិថុនា នៅរដ្ឋកាលីហ្វ័រញ៉ា (California) និងរដ្ឋវ៉ាស៊ីនតុន (Washington State) ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។