"៣០​ឆ្នាំ​ ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​កម្ពុជា​ដើរ​បញ្ច្រាស​ទិស"

ដោយ​លោក មួង ណារ៉េត
2021.10.19
"៣០​ឆ្នាំ​ ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​កម្ពុជា​ដើរ​បញ្ច្រាស​ទិស" រូបពីឆ្វេងទៅស្ដាំ លោក ប្រ៊ែដ អាដាម (Brad Adams) អ្នកស្រី ចក់ សុភាព លោក អៀ សុផល និង​លោក គល់ បញ្ញា
RFA និងហ្វេសប៊ុករបស់អ្នកស្រី ចក់ សុភាព លោក អៀ សុផល

មជ្ឈដ្ឋានជាតិ និងអន្តរជាតិ យល់ស្របគ្នាថា ៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាមិនបានបោះជំហានទៅមុខទេ ប៉ុន្តែបែរជាដើរទៅក្រោយបញ្ច្រាសទិសប្រជាធិបតេយ្យ ការយល់ឃើញរបស់ពួកគាត់ គឺផ្អែកលើព្រឹត្តិការណ៍ជាក់ស្តែង ដែលកើតមាននៅកម្ពុជា ជាពិសេសក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំជាងគេតែមួយគត់នៅកម្ពុជា

ក្នុងខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ៩៩១ លើកនេះ មេដឹកនាំនៃរបបក្រុងភ្នំពេញ ហាក់ដូចជាចង់បង្ហាញពលរដ្ឋខ្មែរនិងពិភពលោក ឲ្យឃើញថារបបក្រុងភ្នំពេញ នៅតែឲ្យតម្លៃ ដល់កិច្ចព្រមព្រៀងនេះ ដោយលោកនាយករដ្ឋន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ឲ្យធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់ថ្មី ប្រភេទ ៣០.០០០ រៀល ដោយសរសេរឃ្លាម្លេថា «​អប​អរសាទរ​ខួប​ ​៣​០​ឆ្នាំ​ ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ (១៩៩១​-​២០២១)» និងមានរូបភាពពីសន្និសីទទីក្រុងប៉ាស និងរូបលោក ហ៊ុន សែន និងព្រះឆាយ៉ាលក្ខណ៍ ព្រះបរមរតនាកោ នរោត្ដម សីហនុផង

ប៉ុន្តែ អត្ថន័យនេះ វាហាក់បីដូចជាដើរបញ្ច្រាសគ្នា ទៅនឹងភាពស្ទាក់ស្ទើររបស់លោក ហ៊ុន សែន ក្នុងការផ្តល់តម្លៃពិត ដល់កិច្ចព្រមព្រៀងនេះ ព្រោះម្តងលោកឲ្យដាក់បញ្ចូលថ្ងៃ ២៣ តុលា ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ម្តងលោកឲ្យដកចេញវិញ

កាលពីឆ្នាំ២០០៥ លោកធ្លាប់បានលុបចោលថ្ងៃរំលឹកខួបនេះ ឆ្នាំក្រោយមក ពោលគឺ នៅឆ្នាំ២០១២ លោកព្រមឲ្យដាក់បញ្ចូលទិវានេះ ជាថ្ងៃឈប់សម្រាកឡើងវិញ ប៉ុន្តែនៅខែសីហា ឆ្នាំ២០១៩ លោក ឲ្យលុបវាចេញពីថ្ងៃឈប់សម្រាកវិញទៀត ឥឡូវថ្ងៃទី២៣ ខែតុលានោះ លែងស្ថិតក្នុងប្រតិទិននៃថ្ងៃសម្រាកប្រចាំឆ្នាំទៀតហើយ

ភាពស្ទាក់ស្ទើររបស់លោក ហ៊ុន សែន ក្នុងការទទួលស្គាល់តម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ក៏ទំនងជាអាចកើតមានឡើង ដោយសារមកពីរបបលោកបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ រហូតរងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ

ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ចែងថាប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ការបោះឆ្នោតត្រូវប្រព្រឹត្តទៅជាទៀងទាត់ និងត្រូវប្រព្រឹត្តទៅដោយមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌

ប៉ុន្តែព្រឹទ្ធបុរសរងនៃកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ និងកម្មវិធីអភិវឌ្ឍសាកល និងជាសាស្រ្តាចារ្យ នៃសាលាគ្រប់គ្រងសាកល Thunderbird នៅសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizonaបណ្ឌិត អៀ សុផល សង្កេតឃើញថា ប្រទេសកម្ពុជាមិនបានគោរពតាមកិច្ចព្រមព្រៀងនេះទេ លោកថា ប្រទេសកម្ពុជាសព្វថ្ងៃ ស្ថិតនៅឆ្ងាយពីគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺឆ្ងាយជាងកាលពីឆ្នាំ២០១៣ ឆ្នាំ១៩៩៣ ទៅទៀត

កាលពីឆ្នាំ១៩៩៣ កម្ពុជារៀបចំការបោះឆ្នោតជាលើកដំបូង ក្រោមការចាត់ចែងរបស់អ៊ុនតាក់ (UNTAC) (អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា) គណបក្សនយោបាយជាច្រើន បានចូលរួមការបោះឆ្នោតនោះ សូម្បីតែភាគីខ្មែរក្រហម ដែលមានគណបក្សមួយដែរ ក៏ត្រូវអញ្ជើញឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតនោះដែរ ប៉ុន្តែខ្មែរក្រហមធ្វើពហិការ មិនចូលរួម

ទោះជាក្រោយ អ៊ុនតាក់ ដកចេញពីកម្ពុជាទៅហើយក្តី ក៏ការបោះឆ្នោតក្រោយៗច្រើនអាណត្តិមកទៀត មានការចូលរួមពីគណបក្សនយោបាយច្រើន រួមទាំងគណបក្សប្រឆាំងផង ប៉ុន្តែ នៅខែវិច្ឆិកា ឆ្នាំ២០១៧ របបក្រុងភ្នំពេញ ធ្វើច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ដែលឈានទៅរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រជិត  លាននាក់ ស្មើជិតពាក់កណ្តាលប្រទេស

អតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា ហៅកាត់ថាខុហ្វ្រែលោក គល់ បញ្ញា ថាប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះខ្លាំង ជាពិសេសគឺការរំលោភស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី និងច្បាប់កំពូលរបស់កម្ពុជា នៅក្រោយរម្លាយគណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោតជាតិនៅ​ឆ្នាំ២០១៨ ដោយគ្មានវត្តមានគណបក្សប្រឆាំង៖​ «​ក្រោយ​ពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​រៀបចំ​ការបោះឆ្នោត​ ​២០១៨​ ​កន្លងមក​នេះ​ ​ជា​ការបោះឆ្នោត​មួយ​ដែល​រំលោភ​ទៅលើ​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​ដែល​បាន​ដកចេញ​នូវ​តួនាទី​គណបក្សប្រឆាំង​ ​ចូលរួម​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​។​ ​ត្រង់​ហ្នឹង​គឺជា​រឿង​ដែល​ ​រំលោភ​លើ​កិច្ចព្រមព្រៀង​ ​ដែល​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ ​គេ​យល់ឃើញ​ថា​ដើម្បី​ធានា​បាន​នូវ​ស្ថេរ​ភាព​ ​សន្តិភាព​ពេញលេញ​ ​និង​ធ្វើ​យ៉ាងដូចម្តេច​ឲ្យ​មានការ​វិវឌ្ឍ​ទៅ​ល្អ​នូវ​ស្ថានការណ៍​នយោបាយ​ ​ជាពិសេស​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​ ​និង​នីតិរដ្ឋ​ហ្នឹង​ ​គឺថា​ត្រូវឲ្យ​មាន​ការចូលរួម​ពេញលេញ​ពី​គ្រប់​ភាគី​ទាំងអស់​ ​នៅ​ក្នុង​ដំណើរការ​នយោបាយ​ ​ទាំង​គណបក្សប្រឆាំង​ ​ទាំង​គណបក្ស​កាន់អំណាច​ ​និង​គណបក្ស​ផ្សេងៗ​ទៀត»។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី ក៏មានគោលបំណងឲ្យប្រជាពលរដ្ឋខ្មែរ ប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងសាលាជម្រះក្ដី អំណាចត្រូវបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ប៉ុន្តែ តាំងពីក្រោយរម្លាយគណបក្សសង្គ្រោះជាតិមក កម្ពុជាជារបបឯកបក្ស ដែលរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាផ្តាច់មុខ ចំណែកសាលាជម្រះក្តី ក៏រងការរិះគន់ថាមិនឯករាជ្យ និងជាឧបករណ៍របស់គណបក្សកាន់អំណាច និងរដ្ឋាភិបាល ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងទៅវិញ

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ភ្ញាក់ផ្អើលដែល ៣០ឆ្នាំក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី កម្ពុជានៅតែមិនទាន់អាចសម្រេចបានគោលដៅនៃគោលបំណងនៃកិច្ចព្រមព្រៀងនេះ ដែលចង់ឃើញកម្ពុជាមានអំណាចឯករាជ្យដាច់ចេញពីគ្នារវាងស្ថាប័នទាំងបីនេះ

ថ្លែងក្នុងកិច្ចពិភាក្សាអំពីខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី ដែលរៀបចំតាមអនឡា ដោយវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក (USIPអ្នកស្រី ចក់ សុភាព ថាកម្ពុជាមានបុរសខ្លាំង ប៉ុន្តែស្ថាប័នខ្សោយ អ្នកស្រីបន្ថែមថា អំណាចរដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ដែលគួរតែឯករាជ្យដាច់ចេញពីរដ្ឋាភិបាល បែរជាទៅចំណុះក្រោមបង្គាប់បញ្ជារបស់រដ្ឋាភិបាលទៅវិញ

ជាងនេះទៅទៀត អ្នកស្រី ថាស្ថាប័នកងទ័ព ដែលបើតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ត្រូវឯករាជ្យ ក៏បែរជាលម្អៀង និងចំណុះក្រោមរដ្ឋាភិបាលដែរ មិនតែប៉ុណ្ណោះ អ្នកស្រីនៅតែឆ្ងល់ថា ៣០ឆ្នាំទៅហើយ ហេតុអ្វីកម្ពុជានៅតែមិនទាន់ចាស់ទុំទៀតអ្នកស្រីប្រដូចអាយុកាលនៃកិច្ចព្រមព្រៀងនេះ ទៅនឹងវ័យមនុស្ស ដែលថាបើអាយុ ៣០ឆ្នាំទៅហើយ គួរណាតែចាស់ចិត្តចាស់គំនិត ដឹងខុសដឹងត្រូវ ដែលមិនគួរនៅតែមិនយល់ អំពីបញ្ហារំលោភសិទ្ធិមនុស្សជាដើម បែបនេះនោះទេ

ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ បើតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី កម្ពុជាទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស

ប៉ុន្តែ របបក្រុងភ្នំពេញរងការរិះគន់ និងថ្កោលទោសជុំទិស ដោយសារតែរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដូចជាការបណ្តេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើទុកបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្តជាដើម

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightWatchលោក ប្រ៊ែ អាដាម (Brad Adams) ប្រាប់វិទ្យុអាស៊ីសេរី ថានៅក្រោយសម័យអ៊ុនតាក់ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រីកលូតលាស់ខ្លាំង និងអាចបំពេញការងាររបស់ខ្លួន បានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ប៉ុន្តែ ឥឡូវនេះ សេរីភាពផ្នែកនយោបាយ ការបង្កើតអង្គការសមាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លែងមានដូចមុនទៀតហើយ​៖ «​ឥឡូវនេះ​ ​រាល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​រាល់​សេរីភាព​នៃ​បង្កើត​អង្គការសង្គម​ស៊ីវិល​ឯករាជ្យ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ដែល​មាន​ភាព​ខ្លាំងក្លា​នៅ​ប៉ុន្មាន​ឆ្នាំក្រោយ​សម័យ​អ៊ុន​តាក់​ ​ឥឡូវ​លែង​មាន​អស់ហើយ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា​វិទ្យុ​អាស៊ី​សេរី​ (RFA) ​វិទ្យុសំឡេងសហរដ្ឋអាមេរិក​ (​VOA) ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ (​the​ ​Phnom​ ​Penh​ ​Post​) ​កាសែត​ ឌឹ ​ខែមបូឌា ដេ​លី​ (​the​ ​Cambodia​ ​Daily​) ​សុទ្ធតែ​បិទ​អស់ហើយ​។​ ​អង្គ​សង្គម​ស៊ីវិល​ណា​ ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ ​ត្រូវ​គេ​ផ្តន្ទាទោស​។​ ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ ​ត្រូវ​គេ​ចាប់​ដាក់គុក​។​ ​កម្ពុជា​សព្វថ្ងៃ​ ​ក្លាយ​ជា​កម្ពុជា​ ​ដែល​មិន​ធ្វើតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​»។

ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី កម្ពុជាបានប្រែមុខមាត់ថ្មី ទាំងផ្នែកអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ការប្រែមុខមាត់ទាំងនេះ កើតមានឡើងក៏ដោយសារ មានការជួយជ្រោមជ្រែងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យសេរី សេដ្ឋកិច្ចកម្ពុជា កើនឡើងរហូតដល់ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែ អ្វីៗបានប្រែប្រួលអស់ ដោយសារតែឥរិយាបទដើរបញ្ច្រាសទិសរបស់មេដឹកនាំរបបក្រុងភ្នំពេញ

មានសំណួរជាច្រើនចោទសួរថា តើហេតុដូចម្តេចបានលោកនាយករដ្ឋន្រ្តី ហ៊ុន សែន ជ្រើសរើសយកផ្លូវបញ្ច្រាសនេះ?

បណ្ឌិត អៀ សុផល ថាសង្កេតឃើញថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តែងតែគិតថា ពួកគាត់ជាម្ចាស់វាសនាប្រទេសកម្ពុជាផ្តាច់មុខ តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០ មកម្ល៉េះ លោកថា មហិច្ឆតានេះ ត្រូវបានរារាំងខ្លះ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារ ប៉ុន្តែលោកបន្តថា ដល់ឆ្នាំ២០១៨ របបក្រុងភ្នំពេញអស់ភាពអត់ធ្មត់ និងសម្រេចចិត្តច្បាមយកប្រទេសកម្ពុជា មកក្តាប់ក្នុងដៃផ្តាច់មុខទាល់តែបាន ទោះក្នុងតម្លៃណាក៏ដោយ

លោក ប្រ៊ែ អាដាម ឯណោះវិញ លោកយល់ថា កត្តាដែលអាចធ្វើឲ្យលោក ហ៊ុន សែន ហ៊ានប្រព្រឹត្តបំពានទាំងរដ្ឋធម្មនុញ្ញកម្ពុជា និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ដោយសារតែមានចិននៅជាខ្នងបង្អែក និងចំណាត់ការតិចតួចនៅឡើយរបស់សហគមន៍អន្តរជាតិចំពោះរបបក្រុងភ្នំពេញ

លោកថា ការប្រព្រឹត្តិរបស់លោក ហ៊ុន សែន គឺជាការធ្វើតេស្ត មើលសម្ពាធរបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យសេរី ដែលផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជា ប៉ុន្តែ ប្រតិកម្មរបស់សហគមន៍អន្តរជាតិ នៅមានម្រិ ស្របពេលដែលចិនមិនខ្វល់ពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ហើយនៅតែធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់លោក ហ៊ុន សែន

ទោះជាយ៉ាងនេះក្ដី លោក ប្រ៊ែ អាដាម ថាស្ថានភាពចិនប្រែប្រួលហើយ ដោយសារចិនកំពុងតែមានសត្រូវកាន់តែច្រើននៅលើពិភពលោក ឥឡូវ ឥទ្ធិពលចិនក៏ចាប់ផ្តើមធ្លាក់ចុះដែរ លោកថាក្នុងពេលនេះ បើសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធរបបក្រុងភ្នំពេញ ដូចជាការដាក់ទណ្ឌកម្មលើន្រ្តីជាន់ខ្ពស់កម្ពុជា អនុវត្តទណ្ឌកម្មនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប គិតគូរដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក និងធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន ដឹងថាទណ្ឌកម្មទាំងនេះ ប៉ះពាល់ដល់របបក្រុងភ្នំពេញ ដែលរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី នោះលោក ហ៊ុន សែន នឹងកែ

ប៉ុន្តែ លោកថា រឿងនេះ គឺទាល់តែមានកិច្ចខិតខំប្រឹងប្រែង បញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យយកចិត្តទុកដាក់លើកម្ពុជាសាជាថ្មី

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។