សកម្មជន​ដីធ្លី​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​

0:00 / 0:00

សកម្មជន​ដីធ្លី​ចំនួន ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ។ ដោយសារ​ការ​រឹតត្បិត​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​នៅ​ទី​សាធារណៈ សកម្មជន​មួយ​ចំនួន​នៃ​សហគមន៍​បឹងកក់ ធ្វើ​យុទ្ធនាការ​នេះ​នៅ​ក្នុង​បរិវេណ​សហគមន៍ ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​រាប់​សិប​នាក់។

សកម្មជន​ដីធ្លី​ចំនួន ៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក នៅ​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ខណៈ​ពួក​គេ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើម​គ មុន​ពេល​ជួប​ជុំ​ជាមួយ​សកម្មជន​ដីធ្លី​ជាង ៣០​នាក់​ទៀត ឆ្ពោះ​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់​ក្នុង​សំណុំ​រឿង​នាង ខុម ចាន់តារាទី។

ក្នុង​ចំណោម​សកម្មជន​ទាំង ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ៣​នាក់​មក​ពី​សហគមន៍​បុរីកីឡា រួម​មាន​អ្នកស្រី ភោគ សុភីន អ្នកស្រី ង៉ូវ ណារី និង​អ្នកស្រី យិន ស្រ៊ីន ហើយ ២​នាក់​ទៀត គឺ​អ្នកស្រី អ៊ីម ស្រីទូច ជា​អតីត​អ្នក​ភូមិ​បឹងកក់ ចាក​ចេញ​ទាំង​បង្ខំ និង​អ្នកស្រី ច្រាយ នីម មក​ពី​សហគមន៍ អេស.អូ.អេស (SOS)។

ក្រោយ​ពេល​ចាប់​ខ្លួន អ្នកស្រី ច្រាយ នីម ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ថា សមត្ថកិច្ច​បាន​សាកសួរ​អ្នក​ទាំង ៥​នាក់ និង​ប្រាប់​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​ឈប់​តវ៉ា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត​ទៅ​ទៀត៖ «ទី​មួយ​គេ​ឈប់​ឲ្យ​យើង​ដើរ​តវ៉ា ទី​ពីរ​គេ​សួរ​យើង អ្នក​ណា​មេខ្លោង ហើយ​ហេតុ​អី​បាន​ពាក់​អាវ​ពណ៌​ខ្មៅ ហេតុ​អី​បាន​គេ​ចាប់​យើង​មក​ដល់​ទី​នេះ ហើយ​យើង​បាន​ធ្វើ​អី។ យើង​បាន​រៀបរាប់​ប្រាប់​ហើយ ថា​គ្មាន​អ្នក​ណា​មេខ្លោង​ទេ គឺ​យើង​ទាំង​អស់​គ្នា ទឹក​ចិត្ត​យើង។ យើង​បាន​ប្រជុំ​សម្រេច​គ្នា​ជា​សហគមន៍​អ្នក​រង​គ្រោះ​យើង។ គេ​ហៅ​ថា គុណធម៌​ខ្មែរ​យើង ពេល​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​ជួយ​ពួក​យើង ជា​គុណធម៌​យើង​ត្រូវ​ជួយ​ពួកគាត់​វិញ ដោយសារ​ពួកគាត់​រង​ភាព​អយុត្តិធម៌»

អ្នកស្រី ច្រាយ នីម ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពួក​គាត់​ទាំង ៥​នាក់​នោះ មាន​ម្នាក់ គឺ​អ្នកស្រី យិន ស្រ៊ីន វ័យ ៦៥​ឆ្នាំ រង​របួស​នៅ​ពេល​សមត្ថកិច្ច​ចាប់​បង្ខំ​រុញ​ឲ្យ​ឡើង​រថយន្ត​ក្នុង​ពេល​ចាប់​ខ្លួន៖ «ឥឡូវ​ហ្នឹង​គាត់​ឈរ​ក៏​អត់​បាន ហូប​បាយ​ងើប​អត់​រួច​ទេ ដោយសារ​សន្តិសុខ​ខណ្ឌ​ទួលគោក​ហ្នឹង​បាន​បោះ​គាត់​ដូច​ឆ្កែ​ដូច​ឆ្មា​អ៊ីចឹង ដូច​សត្វ​ធាតុ ត្រូវ​ឆ្អឹង​ជំនីរ ហើយ​ពោះ​គាត់​ហ្នឹង​របួស​ខ្លាំង សូម្បី​តែ​អង្គុយ​ឈរ​ក៏​អត់​បាន​ដែរ។ មួយ​ព្រឹក​ហើយ​គាត់​យំ​រហូត»។ នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​វិញ មិន​មាន​អ្នក​តវ៉ា​ស្លៀកពាក់​ខ្មៅ​ណា​ម្នាក់​ទៅ​ដល់​ទីនោះ​ឡើយ ខណៈ​សមត្ថកិច្ច​ប្រមាណ ១០០​នាក់ ដាក់​កម្លាំង​រាយប៉ាយ​ការពារ​យ៉ាង​តឹងរ៉ឹង។

ក្នុង​យុទ្ធនាការ​នេះ​ដែរ សកម្មជន​ដីធ្លី​ប្រមាណ​២០ នៃ​សហគមន៍​បឹងកក់ ជួប​ជុំ​គ្នា​សម្ដែង​មតិ​នៅ​ក្នុង​សហគមន៍ ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​ប្រមាណ ៦០​នាក់។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​សកម្មជន​បឹងកក់ ដោយ​ការ​ស្លៀកពាក់​ខ្មៅ គ្រាន់​តែ​ជា​សកម្មភាព​សម្ដែង​មតិ​គាំទ្រ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​យ៉ាង​អយុត្តិធម៌​ទាំង ៥​នាក់​ប៉ុណ្ណោះ៖ «យើង ​នៅ​តែ​បន្ត​ចូល​រួម​យុទ្ធនាការ​ពាក់​អាវ​ខ្មៅ ដើម្បី​បង្ហាញ​ពី​សារ​ចូល​រួម​គាំទ្រ​ទៅ​ដល់​អ្នក​ដែល​ជាប់​ឃុំ​ខ្លួន​ដោយ​ អយុត្តិធម៌​នេះ ឲ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ ហើយ​សម្រាប់​រដ្ឋាភិបាល​ចោទ​ថា ប្រជាពលរដ្ឋ​ស្លៀក​ពាក់​ខ្មៅ គឺ​ជា​ក្រុម​ដែល​ធ្វើ​យុទ្ធនាការ​គេ​ហៅ​ថា បដវិត្តន៍​ពណ៌​ខ្មៅ អា​នេះ​គឺ​ជា​ការ​លាប​ពណ៌​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ទៅ​វិញ​ទេ»។ ស្រដៀង​គ្នា​នេះ នៅ​សហគមន៍​បុរីកីឡា​ឯណោះ​វិញ ក៏​មាន​សមត្ថកិច្ច​ប្រមាណ ៦០​នាក់​ឃ្លាំ​មើល​សកម្មភាព​របស់​សកម្មជន​ក្នុង​សហគមន៍​នោះ​ដែរ។

ចំពោះ​ការ​បង្ក្រាប​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បញ្ជាក់​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ៥​នាក់​នោះ គឺ​យក​ទៅ​សាកសួរ ដោយសារ​ពួក​គេ​មិន​បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ៖ «បើ ​សិន​គាត់​មាន​បំណង​ជួបជុំ​សម្ដែង​មតិ​អី គាត់​គួរ​តែ​ជូន​ដំណឹង​ដោយ​ផ្ទាល់​មាត់ ឬ​ក៏​ជា​លាយលក្ខណ៍​អក្សរ​ណា​មួយ​ទៅ​ដល់​អាជ្ញាធរ​ខណ្ឌ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ដឹង។ ប៉ុន្តែ​ធាតុ​ពិត​យើង​អត់​បាន​ធ្វើ​អ៊ីចឹង​ទេ។ សរុប​ទៅ​យើង​មាន​ទីលាន​ប្រជាធិបតេយ្យ​មួយ​ហើយ អត់​មាន​អ្នក​ណា​ទៅ​ហាម​ឃាត់​គាត់​ទេ ហើយ​វា​មិន​សំខាន់​អា​រឿង​ស្លៀក​ពាក់​ខ្មៅ​មិន​ខ្មៅ​ហ្នឹង​ទេ អា​ហ្នឹង​វា​ជា​រឿង​ដោយ​ឡែក​ទេ»។ លោក​អះអាង​ថា ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ គឺ​ដើម្បី​ថែ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ការពារ​មិន​ឲ្យ​មាន​បាតុភាព​ហិង្សា​ណា​មួយ​កើត​ឡើង​ប៉ុណ្ណោះ។

ប៉ុន្តែ​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស៖ «ខ្ញុំ​គិត​ថា អា​នេះ​ជា​ការ​រំលោភ​ទៅ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ទាំង​ស្រុង​ដែល​កម្ពុជា ជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ជា​ច្រើន ហើយ​ជា​ពិសេស​មាន​ចែង​ធានា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា គឺ​ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ មាន​សេរីភាព​ក្នុង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី ដើម្បី​បង្ហាញ​ពី​កង្វល់​ក៏​ដូច​ជា​បញ្ជូន​សារ​ផ្សេងៗ ដល់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ដោះ​ស្រាយ​នូវ​កង្វល់ ក៏​ដូច​ជា​បញ្ហា​របស់​គេ»

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​អ្នក​តវ៉ា ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ប៉ុនប៉ង​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស តាម​បទបញ្ជា​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ កាល​ពី​ថ្ងៃ​ច័ន្ទ សប្ដាហ៍​មុន សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី ៨​នាក់ ដើម្បី​សាកសួរ និង​ធ្វើ​កំណត់​ហេតុ​អប់រំ​អស់​រយៈពេល ១​ថ្ងៃ​ពេញ ទើប​ដោះ​លែង​វិញ៕

វីដេអូ៖ សកម្មជនដីធ្លីចំនួន ៥នាក់ត្រូវចាប់ខ្លួនក្នុងយុទ្ធនាការ ថ្ងៃច័ន្ទពណ៌ខ្មៅ

សកម្មជនដីធ្លីចំនួន ៥នាក់ត្រូវចាប់ខ្លួនក្នុងយុទ្ធនាការ ថ្ងៃច័ន្ទពណ៌ខ្មៅ សកម្មជន​ដីធ្លី​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ទួលគោក នៅ​ម៉ោង​៨កន្លះ​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា ខណៈ​ពួក​គេ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ពេល​ជួបជុំ​គ្នា​ជាមួយ​សកម្មជន​ដីធ្លី​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។