កូន​ប្រុស​មេ​ឃុំ ស៊ាង ចែត ម្នាក់​គ្រោង​បោះបង់​ការ​សិក្សា​ប្រសិន​បើ​ឪពុក​នៅ​តែ​បន្ត​ជាប់​ឃុំ

0:00 / 0:00

កូន​ប្រុស​លោក​មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​រឿងរ៉ាវ​ក្តី​ក្ដាំ​របស់​នាង ស្រី​មុំ មិន​សូវ​មាន​សង្ឃឹម​ថា ខ្លួន​នឹង​បាន​រៀន​បន្ត​ឲ្យ​បាន​ខ្ពង់ខ្ពស់​នោះ​ទេ។ យុវជន​រូប​នោះ​លើក​ឡើង​ថា អាច​ត្រូវ​បោះបង់​ចោល​ការ​សិក្សា ប្រសិន​បើ​ស្ថានភាព​ក្រុម​គ្រួសារ​នៅ​តែ​ស្ថិត​ក្នុង​ភាព​លំបាក ពោល​គឺ​ឪពុក​នៅ​តែ​បន្ត​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទៀត​នោះ។

ក្រោយ​ពេល​ឪពុក​ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ជិត ២​ខែ​មក កូន​ប្រុស​លោក​មេ​ឃុំ ស៊ាង ចែត ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស ៥​នាក់​របស់​លោក ហាក់​អស់​សង្ឃឹម។ អស់​សង្ឃឹម​ព្រោះ​តែ​គិត​ថា នឹង​មិន​បាន​រៀន​សូត្រ​ទៅ​ថ្នាក់​ខ្ពស់ៗ​បន្ត​ទៀត​ឡើយ ប្រសិន​ស្ថានភាព​គ្រួសារ​មិន​បាន​វិល​ត្រឡប់​មក​ស្ថានភាព​ប្រសើរ​ដូច​ដើម​វិញ​ទេ​នោះ។

និយាយ​មួយៗ​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់ និង​ទឹក​ភ្នែក​រលីងរលោង​ផង​នោះ យុវជន ចែត ម៉េងឡុង រៀបរាប់​ថា ក្រោយ​ពេល​ក្រុម​គ្រួសារ​ជួប​ប្រទះ​បញ្ហា​នេះ​មក គ្រា​ដំបូង​នៅ​ពេល​ទទួល​ដំណឹង​ភ្លាម គាត់​ចេះ​តែ​គិត​ច្រើន​អំពី​ស្ថានភាព​ឪពុក​រហូត ហើយ​ពេល​ខ្លះ​គេង​មិន​សូវ​លក់​ឡើយ។ លើស​ពី​នេះ ក្រោយ​ពេល​ឪពុក​ត្រូវ​ជាប់​ឃុំ គាត់​ហាក់​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន ព្រោះ​បាត់​សំឡេង​ឪពុក​ដែល​តែង​តែ​ទូន្មាន​ប្រៀន​ប្រដៅ​ខ្លួន​រហូត៖ « រាល់​ថ្ងៃ​ហ្នឹង យើង​លក្ខណៈ​ដូចជា​បាត់បង់​មេ​គ្រួសារ​មួយ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វា​ធ្លាក់​ចុះ​អី។ អ៊ីចឹង​វា​ខ្វះ​មុខ​ខ្វះ​ក្រោយ ឲ្យ​ខ្ញុំ​រៀន​រាល់​ថ្ងៃ​អ៊ីចឹង »

យុវជន ចែត ម៉េងឡុង បច្ចុប្បន្ន​មាន​អាយុ ១៧​ឆ្នាំ​កំពុង​រៀន​ថ្នាក់​ទី​១២ នៅ​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​កំពង់ចាម។ យុវជន​រូប​នេះ​រៀន​បាន​ចំណាត់​ថ្នាក់​ល្អ​បង្គួរ​នៅ​ក្នុង​ថ្នាក់។ យុវជន​ដដែល​បន្ត​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ខាង​មុខ​នៅ​តែ​មាន​សង្ឃឹម បើ​ទោះ​បី​ជា​ពេល​នេះ​មាន​បញ្ហា​ចំពោះ​ក្រុម​គ្រួសារ​ខ្លះ​ក៏ដោយ។ លោក​ថា ក្រោយ​ពេល​ឪពុក​ត្រូវ​បាន​គេ​ឃុំ​ខ្លួន ដំបូង​គិត​ចង់​ឈប់​រៀន​តែ​ម្តង ប៉ុន្តែ​បន្ទាប់​មក​គិត​ឡើង​វិញ​ថា នឹង​ត្រូវ​រៀន​ឲ្យ​ចប់​ថ្នាក់​ទី​១២ ហើយ​បើ​សិន​ស្ថានភាព​ក្រុម​គ្រួសារ​កាន់​តែ​ជួប​ការ​លំបាក ម៉េងឡុង នឹង​សម្រេច​ចិត្ត​ឈប់​រៀន​ទៅ​ជួយ​ដឹក​ដំឡូង ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​វិញ៖ « ចំពោះ​បញ្ហា​ហ្នឹង ខ្ញុំ​គ្រាន់​តែ​ស្នើសុំ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​គាត់ ដោះ​លែង​ឲ្យ​គាត់​បាន​ជួយ​រក​ស៊ី​នៅ​ផ្ទះ ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ដើម្បី​ឲ្យ​រូប​ខ្ញុំ​ឲ្យ​បាន​រៀន​ត​បាន​ខ្ពង់ខ្ពស់​ដូច​កូន​គេ​ដទៃ​ទៀត »

យុវជន ម៉េងឡុង ជា​កូន​ប្រុស​ទី​៣ ក្នុង​ចំណោម​កូន​ប្រុស​ទាំង ៥​នាក់ ហើយ​ស្ទើរ​រៀង​រាល់​ចុង​សប្ដាហ៍ យុវជន​រូប​នេះ​តែង​តែ​មក​លេង​ស្រុក​កំណើត ដើម្បី​ទៅ​លេង​ម្តាយ ឬ​បង​ប្អូន ព្រម​ទាំង​ដើម្បី​បាន​ថវិកា​ខ្លះ​មក​រៀន ជាដើម។

មេ​ឃុំ​ស្រក លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ មេសា ដើម្បី​សាកសួរ​បន្ត​ជុំវិញ​រឿង​ទឹក​ប្រាក់ ២​លាន​រៀល ឬ​ស្មើ​ប្រមាណ ៥០០​ដុល្លារ បម្រុង​នឹង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​មេ​ឃុំ ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ស្រប​ពេល​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី បដិសេធ​ថា ប្រាក់​នោះ​មិន​មែន​ជា​ប្រាក់​ដើម្បី​សូកប៉ាន់​គ្រួសារ​គាត់​ដើម្បី​ឲ្យ​នាង ស្រី​មុំ និយាយ​រឿង​ផ្សេង​ឡើយ ប៉ុន្តែ​ជា​ប្រាក់​មនុស្សធម៌​ប៉ុណ្ណោះ ហើយ​ក្រុម​គ្រួសារ​នាង ស្រី​មុំ ក៏​មិន​បាន​ទទួល​យក​ប្រាក់​ទាំង​នោះ​ដែរ។

មិត្ត​រួម​ថ្នាក់ និង​រួម​បន្ទប់​របស់ ម៉េងឡុង យុវជន ព្រុំ រស្មីសោភ័ណ សង្កេត​ឃើញ​ថា តាំង​ពី​ឪពុក​ជាប់​ឃុំ​មក ម៉េងឡុង ចាប់​ផ្តើម​ខុស​ប្លែក​ពី​ធម្មតា។ មិត្ត​រួម​ថ្នាក់​រូប​នេះ​បន្ត​ថា កាល​ពី​មុន ម៉េងឡុង ជា​មនុស្ស​រួសរាយ ចេះ​និយាយ​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់ ហើយ​តែង​ចេញ​ទៅ​ហូប​ចំណី​ចំណុក​នៅ​ខាង​ក្រៅ​នៅ​ពេល​ម៉ោង​សម្រាក ប៉ុន្តែ​ក្រោយ​ពេល​គ្រួសារ​ជួប​បញ្ហា គឺ​សកម្មភាព​ទាំង​នេះ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ក្លាយ​ជា​មនុស្ស​ឯកា៖ « តាំង​ពី​ប៉ា​របស់​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន ការ​សិក្សា​របស់​គាត់​ត្រូវ​ធ្លាក់​ចុះ រួច​ទៅ​គាត់​ដូចជា​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន ញ៉ាំ​បាយ​អី​មិន​សូវ​បាន។ ពេល​ទៅ​រៀន​អី មើល​ទៅ​គាត់​ដូចជា​យ៉ាប់យ៉ឺន​មែន​ទែន​ម៉ាហ៊ឹក​ហ្នឹង »

មិត្ត​រួម​ថ្នាក់​ដដែល​បន្ថែម​ទៀត​ថា ក្រៅ​ពី​ឥរិយាបថ​ប្រែប្រួល ចំណែក​ការ​សិក្សា​វិញ គឺ​មាន​ចិត្ត​មិន​ស្ងប់​ឡើយ ហើយ​មួយ​រយៈពេល​ខ្លី​នេះ ការ​សិក្សា​ធ្លាក់​ចុះ​ទៀត​ផង។ សោភ័ណ និយាយ​ថា ជា​រឿង​គួរ​ឲ្យ​ស្ដាយ​នៅ​ពេល​ដឹង​ថា មិត្ត​រួម​ថ្នាក់​របស់​ខ្លួន​គ្រោង​នឹង​ឈប់​រៀន ក្រោយ​ពេល​ប្រឡង​ចប់​ថ្នាក់​ទី​១២ ដើម្បី​ជួយ​ការងារ​គ្រួសារ​នោះ ពីព្រោះ​វា​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស ស្រប​ពេល​គាត់​បាន​ប្រឹងប្រែង​អស់​រយៈពេល​ជាង ១០​ឆ្នាំ​រួច​មក​ហើយ។

មេ​ឃុំ​ស្រក ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត (ពាក់​វ៉ែនតា) ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
មេ​ឃុំ​ស្រក ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត (ពាក់​វ៉ែនតា) ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev (RFA/Brach Chev)

លោក ស៊ាង ចែត ជា​មេ​ឃុំ​ស្រក មក​ពី​គណបក្ស សម រង្ស៊ី ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១២។ ក្រុម​គ្រួសារ​មេ​ឃុំ​រូប​នេះ មាន​កម្រិត​ជីវភាព​សមរម្យ​នៅ​ក្នុង​ឃុំ​មាន​រថយន្ត​សម្រាប់​ដឹក​ទំនិញ​ពីរ​គ្រឿង។ ប៉ុន្តែ​ក្រោយ​ពេល​លោក ស៊ាង ចែត ជាប់​ឃុំ ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​រង​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ពីព្រោះ​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ម្យ៉ាង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ការ​រៀន​សូត្រ​របស់​កូនៗ ព្រម​ទាំង​ប្រាក់​ចំណាយ​ទៅ​លើ​លោក ស៊ាង ចែត ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

ប្រពន្ធ​លោក ស៊ាង ចែត អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​ថា ដ្បិតតែ​ឃើញ​មាន​ឡាន​សម្រាប់​ដឹក​ទំនិញ​ពីរ​គ្រឿង​ក៏ដោយ ប៉ុន្តែ​ជា​ប្រាក់​ដែល​អ្នកស្រី​ខ្ចី​បុល​ពី​ធនាគារ ដើម្បី​យក​មក​រក​ស៊ី​ប៉ុណ្ណោះ ហើយ​នៅ​មិន​ទាន់​ទូទាត់​សង​គេ​គ្រប់​ចំនួន​នៅ​ឡើយ​ទេ។ អ្នកស្រី​បន្ត​ថា ស្រប​ពេល​ការ​រក​ស៊ី​លែង​បាន​ដូច​ពេល​មុន ពីព្រោះ​កូនៗ​មិន​ដឹង​ពី​របៀប​រក​ស៊ី និង​បាត់​ម៉ូយ​អស់​ជាច្រើន បន្ទាប់​ពី​ប្ដី​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ ជាង​នេះ​ទៀត ការ​ចំណាយ​កាន់​តែ​ច្រើន ចំណែក​ប្រាក់​បៀវត្សរ៍​ស្វាមី​ជា​មេ​ឃុំ​ពី​មុន​មក​នោះ គឺ​ត្រូវ​បាន​គេ​កាត់​ផ្តាច់​ទៀត​ផង៖ « មិន​ដឹង​ជា​ធ្វើ​អី​បន្ត​ទៀត​ខែ​ហ្នឹង ខ្ញុំ​ពិបាក​ធ្វើ​ចម្ការ អត់​លុយ​អត់​អី​ផង។ ជួល​ចម្ការ​គេ​ខក​ហើយ​អត់​លុយ ដាំ​ដំឡូង​ដាំ​អី​មិន​ទាន់​បាន​ដាំ​គេ​ផង សព្វថ្ងៃ ហើយ​មិន​ដឹង​ដោះស្រាយ​របៀប​ម៉េច ? ទៅ​យក​លុយ​អង្គការ ក៏​គេ​អត់​ឲ្យ​ទេ ព្រោះ​ប្ដី​អត់​នៅ »

នៅ​ពេល​លោក ស៊ាង ចែត ជាប់​ឆ្នោត​ជា​មេ​ឃុំ​កាល​ពី​ឆ្នាំ​២០១២ កូន​ប្រុស​ទី​២ របស់​លោក​ម្នាក់ បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​ក្រោយ​ពេល​បញ្ចប់​ថ្នាក់​ទី​១២ ពីព្រោះ​តែ​ឪពុក​ជាប់​រវល់​បម្រើ​ការងារ​រដ្ឋ ហើយ​ត្រូវ​ការ​កម្លាំង​ដើម្បី​ជួយ​រក​ស៊ី​ផ្គត់ផ្គង់​គ្រួសារ។

អ្នកស្រី សុខឃឿន បញ្ជាក់​ថា បើ​ទោះ​បី​ជា​គ្រួសារ​ជួប​ការ​លំបាក​ចំពោះ​មុខ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​អ្នកស្រី​តាំង​ចិត្ត​ថា នឹង​ឲ្យ​កូន​ប្រុស​ទី​៣ រៀន​បន្ត​នៅ​ថ្នាក់​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​ចប់​ចុង​ចប់​ដើម ជៀសវាង​ប៉ះពាល់​អនាគត​របស់​ក្មេង ម្យ៉ាង​មិន​ចង់​ឲ្យ​កូន​ប្រុស​ទី​បី ត្រូវ​ខកខាន​បន្ត​ការ​សិក្សា​ដូច​កូន​ប្រុស​ទី​ពីរ​ទៀត។

សំណុំ​រឿង​លោក ស៊ាង ចែត កំពុង​ដំណើរ​ការ​តាម​នីតិវិធី ស្រប​ពេល​ក្រុម​គ្រួសារ​របស់​លោក​មេ​ឃុំ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជាច្រើន ព្រម​ទាំង​ម្តាយ​របស់​នាង ស្រី​មុំ ផង បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​លោក ស៊ាង ចែត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​មាន​ពេលវេលា​មក​បម្រើ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់​ខ្លួន​ដូច​ដើម​វិញ។

ទោះ​បី​យ៉ាង​ណា មេធាវី​ការពារ​ក្តី​ឲ្យ​លោក ស៊ាង ចែត គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា ខាង​ក្រុម​មេធាវី​លោក​បាន​ដាក់​លិខិត​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​១ មិថុនា ដើម្បី​ស្នើសុំ​ឲ្យ​ដោះ​លែង​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​តុលាការ​ឡើយ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​មិន​ព្រម​ឆ្លើយ​តប ឬ​បដិសេធ​ជុំវិញ​ការ​ស្នើសុំ​នេះ ខាង​ក្រុម​មេធាវី​លោក នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ ដើម្បី​សម្រេច​ជំនួស​ជុំវិញ​បញ្ហា​នេះ។

ក្ដី​សុបិន​របស់ ម៉េងឡុង ចង់​ធ្វើ​ជា​វិស្វករ​មួយ​រូប​នៅ​ថ្ងៃ​អនាគត ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ប៉ុន្តែ​ដោយសារ​ឪពុក​ជាប់​គុក ម៉េងឡុង ចង់​បោះបង់​ក្ដី​សុបិន​នេះ​ចោល ព្រោះ​ខ្វះខាត​ជីវភាព​គ្រួសារ និង​ដើម្បី​យក​ពេល​ធ្វើ​ការ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។