សមាជិកសភាអាមេរិក​បញ្ជាក់ជាថ្មីថា ទណ្ឌកម្ម​លើ​មន្រ្តី​របប​លោក ហ៊ុន សែន គឺ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​

មួង ណារ៉េត
2019-08-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិកសភា​អាមេរិក​លោក ស្ទីវ ឆែបុត្រ (Steve Chabot)(រូប​ឆ្វេង) និងលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)(រូប​ស្តាំ)ជា​សហប្រធានក្រុមគាំទ្រកម្ពុជានៅក្នុងរដ្ឋសភាអាមេរិក (the Congressional Cambodia Caucus)
សមាជិកសភា​អាមេរិក​លោក ស្ទីវ ឆែបុត្រ (Steve Chabot)(រូប​ឆ្វេង) និងលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)(រូប​ស្តាំ)ជា​សហប្រធានក្រុមគាំទ្រកម្ពុជានៅក្នុងរដ្ឋសភាអាមេរិក (the Congressional Cambodia Caucus)
រូប​ភាព​ពី​ហ្វេសប៊ុកតំណាងរាស្រ្ត​ទាំងពីរ

សមាជិកសភាអាមេរិក​ថ្លែងការណ៍រួមគ្នា នៅសប្តាហ៍នេះ បញ្ជាក់ជាថ្មីទៀតថា ​ទណ្ឌកម្មលើ​​មន្រ្តីរបបលោក ហ៊ុន សែន គឺដើម្បីស្តារប្រជាធិបតេយ្យ និង សិទ្ធិមនុស្សសម្រាប់​ទាំងអស់គ្នា។

លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ពីខាង​គណបក្សប្រឆាំង និងលោក ស្ទីវ ឆែបុត្រ (Steve Chabot) ពីខាង​គណបក្សកាន់អំណាច ផ្តល់សេចក្តីថ្លែងការណ៍នេះ មកអាស៊ីសេរី​តាម​សារអេឡិចត្រូនិក ដោយ​សង្កត់​ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរ​ទាំងអស់ ត្រូវ​តែ​មានសិទ្ធិសម្រេចជោគវាសនា អនាគត​នយោបាយស្រុកទេសរបស់ខ្លួន ដោយ​ខ្លួន​ឯង ហើយ​ការ​សម្រេចនេះ ត្រូវ​ធ្វើឡើង​តាម​រយៈ​ការ​បោះឆ្នោត​ មួយ​ដែលសេរី ត្រឹមត្រូវ​ និង យុត្តិធម៌។

ជាអកុសល ប្រជាពលរដ្ឋខ្មែរ មិន​ទទួលបានការ​បោះឆ្នោត​ ដោយ​សេរី​ ត្រូវ​ត្រូវ​ និង​យុត្តិធម៌​​នោះ​ទេ ដោយសារ​ក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាចបែបកុម្មុនិស្ត​ នៃរបបលោក ហ៊ុន សែន ដែល​មាន​មន្រ្តីស្មោះស្ម័គ្របក្សនេះ នៅក្នុង​ជួរមន្រ្តីតុលាការជាតិ​ផង បាន​រួម​គ្នា​រម្លាយ​គណបក្សសង្គ្រោះជាតិ និង រៀបចំការបោះឆ្នោត​ក្លែងក្លាយ​មួយ ដែលផាត់​ចោល​បក្ស​ប្រឆាំងតែមួយគត់ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

តំណាងរាស្រ្តទាំងពីរ បន្ត​ទៀតថា ឧបសគ្គ​ធំបំផុត ដែល​ពលរដ្ឋ​ខ្មែរ​មិន​អាច​សម្រេចជោគវាសនា​ខ្លួន ដោយ​ខ្លួន​ឯង​បាននេះ គឺដោយសារ​តែរបៀបដឹកនាំ​បែបផ្តាច់ការ​របស់​លោក ហ៊ុន សែន ដែល​បន្តក្រាញអំណាច​ រហូតហ៊ាន​បំពាន​រដ្ឋធម្មនុញ្ញ​ ដែលជាច្បាប់​កំពូល​របស់​កម្ពុជា​ថែមទៀត​ផង។

សេចក្តីថ្លែងការណ៍ដដែល​បន្ថែមថា​ ច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០១៩ គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ធ្វើ​ឲ្យ​​យ៉ាង​ណាដាក់មន្រ្តីរបប​លោក ហ៊ុន សែន រួមទាំង​លោក ហ៊ុន សែន ផង​ឲ្យ​​ទទួល​ខុស​ត្រូវ ចំពោះ​ការ​​រំលោភ​សិទ្ធិមនុស្ស និង​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជា។

​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និង​លោក ស្ទីវ ឆែបុត្រ (Steve Chabot) ដែល​ជា​​សហ​ប្រធាន​​ក្រុម​គាំទ្រ​​​កម្ពុជា នៅក្នុងរដ្ឋសភាអាមេរិក (the Congressional Cambodia Caucus) និង​ជាអ្នកចុះហត្ថលេខាគាំទ្រ សេចក្តីស្នើច្បាប់​ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R 526 ផងនោះ បន្ថែមថា គោលបំណង​ដ៏ងាយស្រួល​យល់បំផុត របស់​ច្បាប់​នេះ គឺ​ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋខ្មែរទូទៅ​ គ្រប់និន្នាការ​នយោបាយ មិនថាបក្សណានោះឡើយ។ អ្វី​ដែល​ជា​សេចក្តី​ប្រាថ្នា​​នៅ​ក្នុង​​ច្បាប់​នេះ គឺចង់​ឃើញប្រទេសកម្ពុជា​ងាក​ទៅរក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរីពហុបក្ស ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស និង​​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍ ធ្វើ​ឡើង​ក៏ដើម្បី​ឆ្លើយតបទៅនឹង​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ជា​អតីត​មេធាវី​ការពារ​ក្ដី​លោក ហ៊ុន ម៉ាណែត គឺលោក គ្រីស្តូហ្វ៊ើ ប៊ែរេះស៍ (Christopher Beres) ដែល​ថ្មីៗ នេះ បាន​រិះគន់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន​។ លោក គ្រីស្តូហ្វ៊ើ ប៊ែរេះស៍ (Christopher Beres) អះអាង ការពារ​ចំណាត់​ការ​របប​លោក ហ៊ុន សែន ដែល​បង្ក្រាប​បក្ស​ប្រឆាំង និង​ថាច្បាប់​ដាក់ទណ្ឌកម្មមន្ត្រី​របប​លោក ហ៊ុន សែន ធ្វើ​ឡើង​ដោយ​សមាជិកសភា​មួយ​ក្រុម ដែល​មាន​ទោសាគតិ គឺ​សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។ ជាង​នេះទៅទៀត លោកថា ច្បាប់​នេះ​​ធ្វើឲ្យ​​ខូចប្រយោជន៍​យុទ្ធសាស្ត្រ​អាមេរិក​។

ទោះជាយ៉ាងនេះក្តី តំណាងរាស្ត្រ​អាមេរិក ដែល​ស្នើ​ច្បាប់​នេះ​ថា ច្បាប់​នេះ​ធ្វើឡើង​សមស្រប​​តាម​​សភាព​ការណ៍​ពិត​នៅ​​កម្ពុជា និង តាម​គោលការណ៍​ស្រឡាញ់​​ប្រជាធិបតេយ្យ​របស់​អាមេរិក និង​ ពលរដ្ឋខ្មែរ​ដែលនិយម​ប្រជាធិបតេយ្យ។

ច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង​មន្រ្តីរបបលោក​ ដែលមានឈ្មោះថា ច្បាប់​​ប្រជាធិបតេយ្យ​​កម្ពុជា ឆ្នាំ​២០១៩ ឬ H.R ៥២៦ បាន​រំកិល​ផុត​​ពី​ដៃ​រដ្ឋសភា ទៅ​ព្រឹទ្ធសភាអាមេរិក​ ពោល​គឺ​ភ្លាមៗ ក្រោយ​​ការ​​អនុម័តរួច កាលពីថ្ងៃទី១៦ ខែ​កក្កដា។ នីតិវិធីបន្ទាប់ គឺគណៈកម្មាធិការ​ព្រឹទ្ធសភា​នេះ​​នឹង​​​ដាក់​​​ច្បាប់​​​នេះ​​ទៅ​​ក្នុង​​​របៀបវារៈ ដើម្បី​បោះឆ្នោតនៅកម្រិត​គណៈកម្មាធិការ​​នេះ​​សិន មុន​នឹង​​​បញ្ចូន​​បន្ត​​ទៅ​​សភា​ពេញ​អង្គ​​របស់​​ព្រឹទ្ធសភា ដើម្បី​​អនុម័ត។

ច្បាប់នេះ នឹង​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្រ្តីជាន់ខ្ពស់​​ក្នុង​ជួរ​របប​សព្វថ្ងៃ និង​មន្រ្តីយោធា ឬ​កងសន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅកម្ពុជានោះ។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​បង្កក​ទ្រព្យសម្បត្តិ និង​​បិទទិដ្ឋាការមន្រ្តីទាំងនោះ ដោយ​មិនឲ្យ​ជាន់ទឹកដី​អាមេរិក។

ភ្លាមៗ​ក្រោយ​សភាអាមេរិកអនុម័តច្បាប់នេះ លោក ហ៊ុន សែន ឌឺឱ្យ​អាមេរិក​ប្រញាប់បង្កក​ទ្រព្យសម្បត្តិ​គាត់ និង​ក្រុម​គ្រួសារ​គាត់​ឱ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​ចាំបាច់​ចាំ​​យូរ​តទៅទៀត​នោះទេ។ ភ្លាមនោះដែរ សមាជិកសភាអាមេរិក ដែលជាអ្នកស្នើច្បាប់នេះ គឺលោក ថិត យ៉ូហូ (Ted Yoho) ផ្តាំទៅលោក ហ៊ុន សែន កុំ​ចាំបាច់​ឌឺ​ឲ្យ​​ប្រញាប់​បង្កក​ទ្រព្យ​សម្បត្តិ ព្រោះ​ថ្ងៃ​នោះ គង់​តែ​មក​ដល់ជាក់ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល