សភា​អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សភា​សហភាព​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃទី១៣ ខែ​កញ្ញា​នេះ បាន​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាពិសេស​ករណី​លោក កឹម សុខា នៅ​ក្នុង​កិច្ចប្រជុំ​សភា​ពេញ​អង្គ។ សេចក្ដី​សម្រេច​នេះ នឹង​ឈាន​ទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​មាន ២៨ ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

សេចក្តី​សម្រេច​នេះ ដោយ​ផ្តោត​លើ​ការ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់ ប្រឆាំង​លើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា។ សេចក្តី​សម្រេច​នេះ ក៏​នឹង​ផ្ដោត​លើ​ការ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ផ្ដល់​នីតិសម្បទា ឲ្យ​គណបក្ស​សង្គ្រោះជាតិ អាច​ដំណើរការ​ឡើងវិញ និង​ផ្តល់​សម្បទា​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ទាំង ១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ប្រក្រតី​បាន​វិញ ជាបន្ទាន់ និង​ទាមទារ​ឲ្យ​របប​នេះ ស្តារ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដទៃ​ទៀត​របស់​ពលរដ្ឋ​ទូទៅ ដែល​រង​ការ​រឹតត្បិត​យ៉ាង​ដំណំ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។

តាំងពី​ក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា សភា​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​សម្រេច​ចំនួន​ពីរ មួយ​គឺ​ចេញ កាលពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​មួយទៀត​ចេញ​កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ ២០១៧។ ចំណែក​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ក៏បាន​ចេញ​សេចក្ដីសន្និដ្ឋាន​របស់​ខ្លួន​មួយ​ដែរ កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ដែល​សុទ្ធតែ​ផ្តោត​លើ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោម​របប​លោក ហ៊ុន សែន។

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោតមួយថ្ងៃ សហភាព​អឺរ៉ុបចេញ ​សេចក្ដីថ្លែងការណ៍ បញ្ជាក់​ជំហរ​ថា ការ​បោះឆ្នោត​នោះ មាន​បញ្ហា​​និង មិន​អាច​ទទួល​យក​បាន ព្រោះប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ ដែល​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង ទៅលើភាគីដែលពាក់ព័ន្ធ រួមមាន​គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បញ្ជាក់កាលណោះ ​ថាការ​ផាត់​ចោលគណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់ ក្នុង​ឆាក​នយោបាយ គឺ​ធ្វើ​ឲ្យ​ការបោះឆ្នោត​នោះ ខ្វះ​ការប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ។ ការបោះឆ្នោត​បែបនេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ​ម្ចាស់​ឆ្នោត ពិតប្រាកដ​តាម​បែប​ប្រជាធិបតេយ្យ នោះ​ឡើយ។ ហេតុដូច្នេះ លទ្ធផល​នៃ​ការបោះឆ្នោត គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

នៅមុនការបោះឆ្នោត ដែលរបបលោក ហ៊ុន សែន ផាត់​គណបក្សប្រឆាំង​ចេញ សហភាព​អឺរ៉ុប សម្តែងការមិនពេញចិត្ត​យ៉ាង​ខ្លាំង ដោយ​ដាក់ទណ្ឌកម្ម​ តាមរយៈការ​កាត់​ផ្តាច់​ជំនួយ​ទាំងស្រុង ដែលធ្លាប់​ផ្តល់ឲ្យ​គណកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គជប)។ ជាការ​សម្តែងជំហរ​មិន​គាំទ្រ ការ​បំផ្លាញប្រជាធិបតេយ្យ​នេះ សហភាព​អឺរ៉ុប មិនបញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ដើម្បី​ទៅឃ្លាំមើលដំណើរការ​បោះឆ្នោត​ កាលពីថ្ងៃទី ២៩ ខែ កក្កដា​នោះទេ។ មិន​តែប៉ុណ្ណោះ សហភាព​អឺរ៉ុប ថែមទាំង​បាន​បង្ហាញ​ជំហរ​ មិនទទួលស្គាល់​លទ្ធផលបោះឆ្នោត និង មិន​ទទួល​ស្គាល់​រដ្ឋសភា​ថ្មី​ តាមរយៈការ​មិន​បញ្ជូន​តំណាង​សហភាពអឺរ៉ុប ទៅចូល​រួម​ក្នុង​ពិធី​បើកប្រជុំលើកដំបូង​ របស់​សភា​ឯកបក្ស តាម​ការ​អញ្ជើញ​របស់​របបលោក ហ៊ុន សែន នោះទេ។ តំណាងទូតនៃប្រទេសលោកសេរីដទៃទៀត ដូចជា​សហរដ្ឋអាមេរិក បារាំង កាណាដា អូស្រ្តាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត និង ប៊ុលហ្គារី។

សហភាព​អឺរ៉ុប បញ្ជូន​គណៈ​ប្រភូ​មួយ​ក្រុម ដើម្បី​ស្វែងរក​ការពិត​នៅ​កម្ពុជា កាលពី​ខែដើម​ខែ ​កក្កដា ឆ្នាំ​២០១៨។ ក្រោយបញ្ចប់​បេសកកម្ម​រយៈពេលមួយសប្តាហ៍នោះ សហភាព​អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយ ព្រមាន​របបលោក ហ៊ុន សែន ថា​ជម្រើសចុងក្រោយ​ គឺគ្មាន​អ្វីក្រៅ​ពីការ​ផ្តាច់ការ​អនុគ្រោះពន្ធនោះឡើយ ប្រសិនបើ​របបលោក ហ៊ុន​ សែន នៅតែព្រងើយ​កន្តើយ មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

រហូតមកដល់​ពេលនេះ ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ គ្មាន​ភាព​ប្រសើរឡើង​អ្វី ក្រៅពី​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​មួយ​ចំនួន ក្រោយ​របបនេះ​រងសម្ពាធ​ខ្លាំងពីសហគមន៍អន្តរជាតិ និង ក្រោយពី​អ្នកជាប់ឃុំ​ទាំងនោះ ត្រូវ​បង្ខំចិត្ត​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ដើម្បីជាថ្នូរ​បាន​នៅក្រៅឃុំតែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។