សភាសហភាពអឺរ៉ុប នៅល្ងាចថ្ងៃទី១៣ ខែកញ្ញានេះ បានអនុម័តសេចក្ដីសម្រេច ស្ដីពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ជាពិសេសករណីលោក កឹម សុខា នៅក្នុងកិច្ចប្រជុំសភាពេញអង្គ។ សេចក្ដីសម្រេចនេះ នឹងឈានទៅជំរុញឲ្យគណៈកម្មការសហភាពអឺរ៉ុប ដែលមាន ២៨ ប្រទេស ចាត់វិធានការចាំបាច់នានា ដើម្បីដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យងាកមកស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
សេចក្តីសម្រេចនេះ ដោយផ្តោតលើការទាមទារឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលរាល់បទចោទទាំងអស់ ប្រឆាំងលើប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។ សេចក្តីសម្រេចនេះ ក៏នឹងផ្ដោតលើការចាត់វិធានការចាំបាច់នានា ដើម្បីផ្ដល់នីតិសម្បទា ឲ្យគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ និងផ្តល់សម្បទាឲ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទាំង ១១៨នាក់មានសិទ្ធិធ្វើនយោបាយ ដូចប្រក្រតីបានវិញ ជាបន្ទាន់ និងទាមទារឲ្យរបបនេះ ស្តារប្រជាធិបតេយ្យ នីតិរដ្ឋ និងគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានដទៃទៀតរបស់ពលរដ្ឋទូទៅ ដែលរងការរឹតត្បិតយ៉ាងដំណំ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
តាំងពីក្រោយការចាប់ខ្លួនលោក កឹម សុខា សភាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចចំនួនពីរ មួយគឺចេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ និងមួយទៀតចេញកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧។ ចំណែកក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានចេញសេចក្ដីសន្និដ្ឋានរបស់ខ្លួនមួយដែរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលសុទ្ធតែផ្តោតលើការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ក្រោមរបបលោក ហ៊ុន សែន។
ភ្លាមៗក្រោយការបោះឆ្នោតមួយថ្ងៃ សហភាពអឺរ៉ុបចេញ សេចក្ដីថ្លែងការណ៍ បញ្ជាក់ជំហរថា ការបោះឆ្នោតនោះ មានបញ្ហានិង មិនអាចទទួលយកបាន ព្រោះប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយ ដែលមានការរឹតត្បិតយ៉ាងខ្លាំង ទៅលើភាគីដែលពាក់ព័ន្ធ រួមមានគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ អ្នកនាំពាក្យសហភាពអឺរ៉ុប បញ្ជាក់កាលណោះ ថាការផាត់ចោលគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់ ក្នុងឆាកនយោបាយ គឺធ្វើឲ្យការបោះឆ្នោតនោះ ខ្វះការប្រកួតប្រជែងស្មោះត្រង់ និងត្រឹមត្រូវ។ ការបោះឆ្នោតបែបនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រម្ចាស់ឆ្នោត ពិតប្រាកដតាមបែបប្រជាធិបតេយ្យ នោះឡើយ។ ហេតុដូច្នេះ លទ្ធផលនៃការបោះឆ្នោត គឺមិនអាចជឿទុកចិត្តបាន។
នៅមុនការបោះឆ្នោត ដែលរបបលោក ហ៊ុន សែន ផាត់គណបក្សប្រឆាំងចេញ សហភាពអឺរ៉ុប សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយដាក់ទណ្ឌកម្ម តាមរយៈការកាត់ផ្តាច់ជំនួយទាំងស្រុង ដែលធ្លាប់ផ្តល់ឲ្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ ជាការសម្តែងជំហរមិនគាំទ្រ ការបំផ្លាញប្រជាធិបតេយ្យនេះ សហភាពអឺរ៉ុប មិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ដើម្បីទៅឃ្លាំមើលដំណើរការបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែ កក្កដានោះទេ។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុប ថែមទាំងបានបង្ហាញជំហរ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត និង មិនទទួលស្គាល់រដ្ឋសភាថ្មី តាមរយៈការមិនបញ្ជូនតំណាងសហភាពអឺរ៉ុប ទៅចូលរួមក្នុងពិធីបើកប្រជុំលើកដំបូង របស់សភាឯកបក្ស តាមការអញ្ជើញរបស់របបលោក ហ៊ុន សែន នោះទេ។ តំណាងទូតនៃប្រទេសលោកសេរីដទៃទៀត ដូចជាសហរដ្ឋអាមេរិក បារាំង កាណាដា អូស្រ្តាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត និង ប៊ុលហ្គារី។
សហភាពអឺរ៉ុប បញ្ជូនគណៈប្រភូមួយក្រុម ដើម្បីស្វែងរកការពិតនៅកម្ពុជា កាលពីខែដើមខែ កក្កដា ឆ្នាំ២០១៨។ ក្រោយបញ្ចប់បេសកកម្មរយៈពេលមួយសប្តាហ៍នោះ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានរបបលោក ហ៊ុន សែន ថាជម្រើសចុងក្រោយ គឺគ្មានអ្វីក្រៅពីការផ្តាច់ការអនុគ្រោះពន្ធនោះឡើយ ប្រសិនបើរបបលោក ហ៊ុន សែន នៅតែព្រងើយកន្តើយ មិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
រហូតមកដល់ពេលនេះ ស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ គ្មានភាពប្រសើរឡើងអ្វី ក្រៅពីការដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការមួយចំនួន ក្រោយរបបនេះរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ និង ក្រោយពីអ្នកជាប់ឃុំទាំងនោះ ត្រូវបង្ខំចិត្តសរសេរលិខិតសុំទោសលោក ហ៊ុន សែន ដើម្បីជាថ្នូរបាននៅក្រៅឃុំតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
