រដ្ឋាភិបាលថាអ.ស.បផ្នែកសិទ្ធិមនុស្សការពារអ្នករំលោភច្បាប់កម្ពុជា
2017.09.14
មន្ត្រីនាំពាក្យក្រសួងការបរទេសបានហៅការលើកឡើងរបស់មន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថាជាការវិនិច្ឆ័យដ៏ខុសឆ្គងមួយ និងមិនបានផ្អែកលើមូលដ្ឋានឱ្យបានជាក់លាក់។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ព្រួយបារម្ភអំពីវិធានការបង្ក្រាបនានា ទៅលើបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលចុងក្រោយនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា បានបង្ហាញការខកចិត្តចំពោះសេចក្ដីថ្លែងការណ៍របស់លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein)ជាមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលព្រួយបារម្ភជុំវិញការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដោយចោទពីបទក្បត់ជាតិ និងការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។
ប៉ុន្តែនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ជុំវិញការលើកឡើងរបស់មន្ត្រីអង្គការសហប្រជាជាតិរូបនេះ គឺរដ្ឋាភិបាល តុលាការ និងរដ្ឋសភាផង ធ្លាប់បានពន្យល់ជាច្រើនលើករួចមកហើយ និងមិនគួរចោទប្រកាន់ដោយមិនបានយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ដែលត្រូវបានរំលោភបំពានដ៏ធ្ងន់ធ្ងរពីសំណាក់បុគ្គល និងស្ថាប័ននានា។
មន្ត្រីរដ្ឋាភិបាលដដែលក៏ចង់ឱ្យមានការបំភ្លឺអំពីមូលដ្ឋានអ្វីខ្លះដែលបុគ្គលប្រព្រឹត្តទង្វើក្បត់ជាតិ អង្គការក្រៅរដ្ឋាភិបាលធ្វើសកម្មភាពតាមអំពើចិត្តដោយមិនគោរពច្បាប់ និងសារព័ត៌មានដែលមិនបង់ពន្ធ តែបែរអាចគេចផុតពីការពង្រឹងអនុវត្តច្បាប់។
ប្រតិកម្មខ្លាំងៗពីមន្ត្រីរដ្ឋាភិបាលនេះ បន្ទាប់ពីលោក ហ្សេដ រ៉ាអាដ អាល់ហ៊ូសេន មន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី១១ កញ្ញា បានថ្លែងនៅក្នុងសម័យប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សស្ដីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចំនួន ៤០ ក្នុងប្រទេសស្វីស ថា លោកកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលហាក់ធ្វើឡើងដោយមិនបានគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ ព្រមទាំងអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា។ លោកក៏ព្រួយបារម្ភអំពីការថ្លែងជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនរូបទៀត អំពីទោសកំហុសរបស់លោក កឹម សុខា ដែលនេះគឺជាការរំលោភលើការសន្មតថា គ្មានទោស និងសិទ្ធិទទួលបានការកាត់ក្ដីដោយយុត្តិធម៌។
លោកថា ការរំលោភបំពានទាំងនេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានបិទស្ថាប័នអន្តរជាតិដ៏ល្បីល្បាញ ឬហៅថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក បិទស្ថានីយវិទ្យុជាច្រើន និងការបង្ខំបិទទ្វាររបស់ស្ថាប័នកាសែតឯករាជ្យដ៏សំខាន់មួយនៅកម្ពុជា។
ផ្ទុយពីការលើកឡើងនេះ លោក ជុំ សុន្ទរី អះអាងថា សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ សេរីភាពសារព័ត៌មានសេរីភាពនៃការជួបជុំ និងបញ្ចេញមតិ ត្រូវបានគោរពយ៉ាងពេញលេញនៅកម្ពុជា ដែលមនុស្សគ្រប់រូបទទួលបានសិទ្ធិទាំងអស់នេះ លើកលែងតែបុគ្គលរំលោភច្បាប់ប៉ុណ្ណោះ។ លោកថា ការជ្រើសយកករណីដើម្បីពណ៌នារូបភាពទាំងស្រុងរបស់កម្ពុជា គឺជាការវិនិច្ឆ័យខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយការពារអ្នករំលោភច្បាប់ក្នុងនាមសិទ្ធិមនុស្សដែលដើរផ្ទុយពីបេសកកម្មរបស់ស្ថាប័នគួរឱ្យគោរព។
ទោះជាយ៉ាងណា ការចាប់ខ្លួនលោក កឹម សុខា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម គឺកំពុងក្លាយជាបញ្ហាក្ដៅគគុកធ្វើឱ្យពលរដ្ឋមិនពេញចិត្តយ៉ាងខ្លាំង។ លើសពីនេះ សហគមន៍អន្តរជាតិជាច្រើន ដូចជាប្រទេសមហាអំណាចសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងអូស្ត្រាលី ជាដើម ក៏កំពុងតានតឹងពាក្យសម្ដីជាមួយរដ្ឋាភិបាលថែមទៀតដែរ។ ក្រុមបរទេសទាំងនេះចាត់ទុកទង្វើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឱ្យស្ថានការណ៍នយោបាយកាន់តែដុនដាបមិនឈប់ឈរនេះ ថាកំពុងនាំឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការបោះឆ្នោតមួយដែលអាចធ្វើឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។
អាស៊ីសេរីមិនអាចសុំបកស្រាយបន្ថែមពីលោក ជុំ សុន្ទរី មន្ត្រីនាំពាក្យក្រសួងការបរទេសបានទេ នៅថ្ងៃទី១៤ កញ្ញា ដោយសារទូរស័ព្ទចូលតែលោកមិនទទួល។
ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សកាន់អំណាចធ្លាប់លើកឡើងថា គំនាបជាពាក្យសម្ដីរបស់សហគមន៍អន្តរជាតិដែលកំពុងធ្លាក់មកជាបន្តបន្ទាប់ទាំងនោះ នឹងមិនប៉ះពាល់អ្វីឡើយសម្រាប់ប្រទេសកម្ពុជា ព្រោះថា ជាសិទ្ធិបញ្ចេញមតិរបស់បរទេសទាំងនេះតាមនិន្នាការនយោបាយរបស់ពួកគេ។
វិលមកក្នុងសេចក្ដីថ្លែងរបស់មន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សវិញ គឺបានទទូចឱ្យរដ្ឋាភិបាល ធានាឱ្យបានពេញលេញនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមុនការបោះឆ្នោតឆ្នាំ២០១៨ មកដល់។ បន្ថែមពីនេះ ក៏បានអំពាវនាវឱ្យមានការធានាចំពោះភាពឯករាជ្យរបស់តុលាការ ការគោរពសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំផងដែរ៕