អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​យុវជន​គង់ រ៉ៃយ៉ា និង​សួង នាគព័ន្ធ

ដោយ យន់ សាមៀន
2019-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចូលរួម​នឹង​អង្គការ​ក្នុងស្រុក​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ ឱ្យ​មាន​សេរីភាព​វិញ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បដិសេធ​ចំពោះ​ការ​ទាមទារ​នេះ ហើយ​ថា អង្គការ​ជាតិ និង​អន្តរជាតិ អាច​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​យុវជន​ទាំងពីរ ប្រសិនបើ​យល់ថា សកម្មភាព​របស់​ពួកគេ មិនមែន​ជា​បទល្មើស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើង​ថា អាជ្ញាធរ​កម្ពុជា គួរតែ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់ និង​ដោះលែង​មនុស្ស​ដែល​បាន​ឃាត់ខ្លួន​ក្នុង​ពិធី​បុណ្យខួប ៣​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី​។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចេញ​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ដក​ចេញ​រាល់​ការ​រឹតត្បិត​លើ​ការ​ប្រមូល​ផ្តុំ និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​រំលឹក​ដល់​ការ​សម្លាប់​បណ្ឌិត កែម ឡី និង​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការ​សម្លាប់​នេះ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ប្រ៊េដ អាដាមស៍ (Brad Adams) ថ្លែង​ថា ការ​ជំនួស​ឱ្យ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា រដ្ឋអំណាច​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​បណ្ឌិត កែម ឡី រដ្ឋាភិបាល​បែរ​ជា​បាន​បំផ្លាញ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ និង​ចាប់ខ្លួន​សកម្មជន​ទៅវិញ។

លោក ប្រ៊េដ អាដាម បន្ត​ថា «​ក្រុម​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរតែ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងឡាយ ដែល​គេ​បាន​ចោទប្រកាន់​រឿង​តវ៉ា​ដោយ​សន្តិវិធី និង​ទាមទារ​ជាថ្មី​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ក្នុង​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ឡើងវិញ។ លោក​ថា រដ្ឋាភិបាល​មួយ​ដែល​គ្មាន​អ្វី​លាក់បាំង គួរតែ​អនុញ្ញាត​ឱ្យ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី ឬក៏​ត្រូវ​រំពឹង​ទុក​ជាមុន​ថា នឹង​ឃើញ​ការ​តវ៉ា ទាមទារ​យុត្តិធម៌ កើតឡើង​នៅ​ថ្ងៃ​ខួប​ប្រចាំ​ឆ្នាំ​នៃ​សោកនាដកម្ម​នេះ»

ទន្ទឹមគ្នា​នេះ អង្គការ សមាគម សហគមន៍​ក្នុងស្រុក​ជិត ៩០​អង្គការ កាលពី​ថ្ងៃ​ទី​១២ កក្កដា​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ទាំងពីរ​នាក់​ដែរ។

អង្គការ​ទាំងនោះ សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការប្រើប្រាស់​កងកម្លាំង​សន្តិសុខ​ដោយ​មិន​សម​ហេតុផល​អំឡុង​ពេល​ប្រារព្ធ​ពិធី​រំលឹក​ខួប ៣​ឆ្នាំ នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

ទោះ​បី​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតប​ថា ចំណាត់​ការ​លើ​យុវជន​ទាំងពីរ គឺជា​ដំណើរការ​អនុវត្ត​ច្បាប់ ដោយសារ​សមត្ថកិច្ច​រក​ឃើញ​ថា សកម្មភាព​របស់​ពួកគេ ជា​ការ​ប្រព្រឹត្ត បទល្មើស មិនមែន​ជា​ការអនុវត្ត សិទ្ធិ​សេរីភាព​បញ្ចេញមតិ ឬ​ការ​ជួបជុំ​នោះ​ទេ។

លោក ជិន ម៉ាលីន បាន​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះជាតិ នៅ​ពី​ក្រោយ​យុវជន​ទាំងពីរ​នាក់។ «»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅតែ​ប្រកាន់​ជំហរ​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​យុវជន​ទាំងពីរ​នាក់ ព្រោះ​ទង្វើ​របស់​ពួកគេ ពុំ​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស ហើយ​ពុំ​មានការ​ចលាចល​ណាមួយ​កើត​ពី​អំពើ​របស់​ពួកគាត់​ដូច​ការ​ចោទ​នោះ​ទេ។ «»

លោក​បន្ត​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល មិន​អាច​នាំ​យក​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស ប៉ុន្តែ​បែរជា​ចាប់​អ្នក​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដាក់គុក​ទៅ វិញ គឺជា​រឿង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ «»

ស្ថាប័ន​កំពូល​ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ក៏បាន​រម្លឹក​របប​លោក ហ៊ុន សែន ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី​។ ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថ្លែង​សារ​ក្នុង​អំឡុង​នៃ​ខួប​គម្រប់ ៣​ឆ្នាំ នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ថា សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី និង​សិទ្ធិ​ក្នុង​ការ​បង្កើត​សហគមន៍ រួម​ទាំង​សិទ្ធិ​ក្នុង​ការ​គោរព និង​រម្លឹក​វិញ្ញាណក្ខន្ធ​បុគ្គល​សាធារណៈ ដូចជា​បណ្ឌិត កែម ឡី ផង គឺ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល