អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាម​ទារ​ជា​ថ្មី​ទៀត​ឱ្យ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​យាយី​មន្ត្រី​បក្ស​ប្រឆាំង

ដោយ សុជីវី
2020-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បន្ត​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​នយោបាយ​ប្រឆាំង ដែល​កើត​មាន​តាំងពី​ពេល​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩ មក។ មន្រ្តី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថា ក្រសួង​មិន​អាច​ធ្វើ​តាម​សំណើ​នេះ​បាន​ឡើយ។

នាយក​រង​អង្គការ Human Rights Watch ​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៧ មិថុនា​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ល្មម​ដល់​ពេល​​បញ្ឈប់​ការ​ប្រើប្រាស់​កង្វល់​របស់​ពិភពលោក ចំពោះ​ជំងឺ​កូវីដ-១៩ ជា​ខែល ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​តទៅទៀត​ហើយ។ ​លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ប្រាប់​លោក ហ៊ុន សែន ឱ្យ​ច្បាស់​ថា គាត់​មិន​អាច​យកលេស​​រឿង​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ ដើម្បី​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បាន​នោះ​ទេ។

ការ​រិះគន់​ធ្ងន់ៗ ចំពោះ​របប​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ចាប់​តាំងពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ២០២០ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​មនុស្ស ១៥នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ។ ជាពិសេស មួយ​សប្ដាហ៍​ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ៣០នាក់ ដោយ​ចោទ​ថា ពួក​គេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​ថ្មី​នេះ​នៅ​កម្ពុជា។

យូមែន រ៉ៃស៍ វ៉ច្ឆ ពិនិត្យ​ឃើញ​ថា ​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​នោះ រួម​មាន សកម្មជន​បក្ស​ប្រឆាំង កុមារ ពលរដ្ឋ​សាមញ្ញ​ដែល​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក និង​អ្នក​សារព័ត៌មាន ហើយ​មក​ដល់​ខែ​ឧសភា និង​ខែ​មិថុនា​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន​ថែម​ទៀត ដោយ​​យោង​លើ​បទ​ចោទ​ប្រកាន់​ចាស់ ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០១៩ កន្លងទៅ។

ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ដដែល​ថា ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ លោក​ថា អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ គួរ​តែ​ណែនាំ​​សកម្មជន​បក្ស​ប្រឆាំង​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន បើ​មិន​ចង់​មាន​ទោស​ទណ្ឌ​ទេ​នោះ៖ «សកម្ម​ភាព​ទាំង​អស់​នោះ មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ។ សកម្មភាព​ទាំង​អស់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ និង​ខាង​​តុលាការ​រក​ឃើញ​ថា មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់​បង្កើត​បាន​ទៅ​ជា​បទ​ល្មើស ហើយ​បទ​ល្មើស​ហ្នឹង វា​មាន​បញ្ញត្តិ​ផ្សេងៗ គ្នា ទៅ​តាម​អង្គហេតុ និង​ធាតុផ្សំ​នីមួយៗ ដែល​ខាង​ស្ថាប័ន​អយ្យការ និង​តុលាការ​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​ដីកា​នៃ​ការ​ចោទ​ប្រកាន់​រួច​ហើយ»

ផ្ទុយ​ពី​ការ​អះអាង​នេះ អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ក៏​យល់​ឃើញ​ស្រដៀង​គ្នា​នឹង​អង្គការ​ យូមែន រ៉ៃស៍ វ៉ច្ឆ ដែរ​ថា វិធានការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​បក្ស​ប្រឆាំង ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

កាល​ពី​សប្ដាហ៍​មុន ក្រុម​សង្គម​ស៊ីវិល ៣០ស្ថាប័ន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ដោយ​សង្កត់​ធ្ងន់​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ​មក​នោះ រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​សារ​រឿង​នយោបាយ​ទាំង​អស់ និង​រក​ដំណោះ​ស្រាយ​នយោបាយ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​វិញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស៖ «រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ទៅលើ​សំណូម​ពរ​មួយ​ចំនួន ដើម្បី​យើង​ធ្វើការ​កែ​តម្រូវ កែ​សម្រួល​ឱ្យ​ប្រទេស​យើង​ហ្នឹង វា​ជា​ប្រទេស​ដែល​ប្រកាន់​​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ​នោះ»

កាល​ពី​ខែ​កុម្ភៈ កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​កង្វល់​ផ្នែក​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ក្នុង​នោះ​ក៏​រួម​ទាំង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ក្រុម​គណបក្ស​ប្រឆាំង​ផង​ដែរ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​ និង​រដ្ឋ​សមាជិក​ទាំងអស់ ត្រូវ​ដាក់​បញ្ចូល​ករណី​បង្ក្រាប​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​សមាជិក​បក្ស​ប្រឆាំង នៅ​ពេល​សម្រេច​ជា​ចុងក្រោយ​ចំពោះ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល