លោក នេត សាវឿន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស និង​ហិង្សា​ផ្នែក​នយោបាយ

តាំង សារ៉ាដា
2018-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រកឃើញ​ថា នាយ​ឧត្ដមសេនីយ៍​ម្នាក់ ក្នុង​ចំណោម​នាយ​ឧត្ដមសេនីយ៍​ចំនួន ១២​រូប​ផ្សេងទៀត នៃ​របប​លោក ហ៊ុន សែន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស និង​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​អោយ​មាន​អំពើ​ហិង្សា​ផ្នែក​នយោបាយ។

តើ​បុគ្គល​រូប​នោះ​ជា​នរណា?

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​នាយ​ឧត្ដមសេនីយ៍ ម្នាក់​ស្ថិត​ក្នុង​ចំណោម​នាយ​ឧត្ដមសេនីយ៍​ចំនួន ១២​រូប​ផ្សេងទៀត មាន​ប្រវត្តិ​បាតដៃ​កខ្វក់​ខាង​ការ​ធ្វើ​ទារុណកម្ម​ជនសង្ស័យ និង​ការ​បាញ់​សម្លាប់ ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នេះ បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch

លោក នេត សាវឿន វ័យ ៥៨​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​១៩៦០។ លោក​ជា​មន្ត្រី​នគរបាល​ដំបូង​គេ​បង្អស់​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​ខ្មែរ ហើយ​ក្រោយ​មក​លោក​បាន​ក្លាយ​ជា​អ្នក​សួរចម្លើយ​ជាន់ខ្ពស់ មួយ​រូប​នៃ​នគរបាល​ក្រុងភ្នំពេញ។ ក្រោយមក​លោក​បាន​ឡើង​តំណែង យ៉ាង​លឿន​នៅ​ក្នុង​ជួរ​នគរបាល​ទៅជា​មេ​ប៉ូលិស​ខាង​ផ្នែក​រដ្ឋបាល​ក្រុងភ្នំពេញ ហើយ​បន្ទាប់មក​ទទួលបន្ទុក​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ ដែល​មាន​ជំនាញ​ខាង​ការ​ចាប់ចង​អ្នក​នយោបាយ និង​បទល្មើស​ជាច្រើន​ទៀត។

កាលពី​ឆ្នាំ​១៩៨៤ លោក នេត សាវឿន ជា​មនុស្ស​ដែល​ល្បីល្បាញ​ខាង​ការ​សួរចម្លើយ​ជនសង្ស័យ ឬ​អ្នក​នយោបាយ​យ៉ាង​អាក្រក់ និង​យ៉ាង​សាហាវ​ព្រៃផ្សៃ ដូចជា​ការ​បាញ់​សម្លាប់​មនុស្ស​ក្នុង​ពេល​សួរចម្លើយ​ជាដើម។ កាលពី​ដើមឡើយ លោក នេត សាវឿន មាន​តួនាទី​ជា​នគរបាល​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​លោក​ជា​មនុស្ស​ដែល​ស្រេក​ឈាម​ខ្លាំង​ពេក ដូច្នេះ​លោក​ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​កាន់តែ​ខ្ពស់​ជាង​មុន​ទៅទៀត។

លោក នេត សាវឿន នៅ​តែ​ធ្វើ​កិច្ចការ​ខាង​ការ​សួរចម្លើយ​ដដែល ប៉ុន្តែ​សម្រាប់​ករណី​សំខាន់ៗ​បំផុត​ប៉ុណ្ណោះ ទាំង​ករណី​ព្រហ្មទណ្ឌ និង​ករណី​នយោបាយ ហើយ​ពេល​ដែល​គាត់​ធុញទ្រាន់​ក្នុង​ការ​សួរ​ចម្លើយ គាត់​តែ​ទូរស័ព្ទ​ទៅ​ហៅ​ដៃជើង​របស់​គាត់​ឲ្យ​មក វ៉ៃ ទាត់​ធាក់ មនុស្ស​ដែល​គាត់​ចាប់។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក នេត សាវឿន បានទេ​ចំពោះ​ការ​ចងក្រង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​បាន​រក​ឃើញ​នាយ​ឧត្ដមសេនីយ៍ នៃ​របប​លោក ហ៊ុន សែន ១២​នាក់ មាន​បាតដៃ​កខ្វក់​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស។

ប៉ុន្តែ​លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​សារភាព​ថា ការ​សួរ​ចម្លើយ និង​ការ​ចាប់ចង​តែង​មាន​ការ​ចាប់​បង្ខំ​ដូច្នេះ​ហើយ ទោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ៖ «ការ​អនុវត្ត​ច្បាប់​តែង​មាន​ការ​ចាប់​បង្ខំ​អ៊ីចឹង​ខ្លះ​ហើយ។ សូម្បីតែ ​FBI ហ្នឹង​ មាន​បាតដៃ​ប្រឡាក់​ឈាម​ជាងគេ​ទៅទៀត»

ទោះជា​យ៉ាងណាក៏ដោយ​លោក (Brad Adams) ប្រ៊ែត អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ប្រសាសន៍​ថា លោក ខៀវ សុភ័គ អាច​ច្រឡំ​កិច្ចការ​របស់ FBI និង​CIA។ លោក​បន្ត​ថា​ភ្នាក់ងារ FBI របស់​អាមេរិក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​ជា​លក្ខណៈ​ប្រព័ន្ធ​នោះ​ទេ ប៉ុន្តែ​មាន​តែ CIA ប៉ុណ្ណោះ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម នៅ​ក្រោយ​ការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ និង​ក្រោយ​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ (Iraq) រួចមក។

លោក​បន្ត​ថា យូមែន រ៉ៃត៍ វ៉ច្ឆ តែង​អំពាវនាវ និង​ជំរុញ​ជា​ញឹកញាប់​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ អតីត​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក ហ្ចច ដាប់បែលយូ ប៊ូស (George W. Bush) លោក ឌីក ឈែននី (Dick Cheney) និង​​រដ្ឋមន្ត្រី​​ការពារ​​ជាតិ​ជំនាន់​​នោះ​ថែមទៀត។

លោក ប្រ៊ែត អាដាម បន្ត​ថា​អង្គការ​របស់​លោក មិន​ត្រឹមតែ​រាយការណ៍​អំពី​ករណី​លោក នេត សាវឿន ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្រុម​របស់​លោក​ក៏​បាន​រាយការណ៍​ករណី​រំលោភ​សិទ្ធិ​មនុស្ស​បែបនេះ ចំពោះ​ប្រទេស​អាមេរិក ចិន វៀតណាម និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ដែរ។

លោក​បន្ត​ថា​ការ​ធ្វើ​សួរ​ចម្លើយ​អ្នកទោស ឬ​ជនសង្ស័យ ដោយ​ការ​ប្រើ​អំពើ​ហិង្សា ឬ​អំពី​ទារុណកម្ម​ណាមួយ​វា​គឺជា​បទឧក្រិដ្ឋ ហើយ​ជាក់ស្ដែង ករណី​លោក នេត សាវឿន មិន​ត្រូវ​បាន​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​នោះ​ឡើយ៖ «ខ្ញុំ​មិនដែល​ឃើញ​លោក ខៀវ សុភ័គ បើក​ការស៊ើបអង្កេត​មន្ត្រី​មាន អំណាច​របស់​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត។ តើ​ឯណា​ទៅជា​កា​រសើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ? ខ្ញុំ​មិនដែល​ឃើញ​មានការ​ស៊ើបអង្កេត​ផង​ហ្នឹង​។ ប្រសិនបើ ករណី​ដូច​លោក នេត សាវឿន កើតឡើង​នៅ​សហរដ្ឋអាមេរិក​វិញ គាត់​នឹង​អស់​ត្រូវ​តំណែង គាត់​នឹង​ត្រូវ​ចាប់ខ្លួន ហើយ​ត្រូវ​ចូល​គុក​ដ៏​យូរ​ឆ្នាំ​ថែមទៀត»

រហូត​មកទល់​ពេល​នេះ ពុំ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ណា​ម្នាក់ ហ៊ាន​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ ករណី​នាយ​ឧត្ដមសេនីយ៍ ១២​រូប​ដែល​មាន​បាតដៃ​កខ្វក់ ខាង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះ​ទេ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ លោក នេត សាវឿន ត្រូវ​បាន ដំឡើង​តំណែង​ជា​មន្ត្រី​នគរបាល ជាន់ខ្ពស់​ក្នុង​ជួរ​កម្លាំង​នគរបាល ក្រុង​ភ្នំពេញ ដែល​មាន​តួនាទី​ប្រហាក់ប្រហែល​នឹង​ស្នងការ​នគរបាល​ដែរ។

ក្រោយមក​លោក​ក៏​បាន​រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន គឹមឡេង កូនស្រី​របស់​លោក ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម និង​ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។

នៅ​ខែ​កក្កដា​ឆ្នាំ១៩៩៤ លោក នេត សាវឿន ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដោយ​ក្រុម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ពេញ​ចិត្តនឹង​ការ​ត្រួតត្រា​របស់​គាត់។

ក្រោយពី​ការ​ចាប់ខ្លួន​និង​ដកចេញ អ្នក​រៀបចំ​ការ​ធ្វើ​រដ្ឋប្រហារ​សំខាន់​ៗ​មួយ​ចំនួន លោក នេត សាវឿន បាន​ក្លាយ​ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​រាល់​កម្លាំង​សន្តិសុខ​ទាំង អស់។

តាមរយៈ​លោក នេត សាវឿន និង​លោក ហុក ឡង់ឌី ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយ​នគរបាល​ជាតិ នៅ​ខែ​សីហា​ឆ្នាំ​១៩៩៤ លោក ហ៊ុន សែន បាន​ធ្វើ​វិទ្ធង្សនា​លើ​ការ​បញ្ជា​របស់​កម្លាំង​នគរបាល​ជាតិ តាមរយៈ​ការ​ដកហូត​តំណែង​នគរបាល​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយក៏​បាន​ធ្វើ​ឲ្យ​កម្លាំង​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ជា​គូប្រជែង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​បាន​បរាជ័យ​ពាក់ព័ន្ធ​ក្នុង​កា​រធ្វើ​រដ្ឋប្រហារ​លើ​លោក ហ៊ុន សែន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា ទាំង​លោក នេត សាវឿន និង​លោក ហុក ឡង់ឌី ជា​អ្នក​រៀបចំ​ឲ្យ​មាន​ឃាតកម្ម​ផ្នែក​នយោបាយ ដូចជា​ការ​ចាប់​ជំរិត និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ទៅ​លើ​សហជីព ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នក​រិះគន់ លោក ហ៊ុន សែន ដទៃ​ទៀត។

ជាង​នេះ​ទៅ​ទៀត លោក នេត សាវឿន ក៏​ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​គ្រាប់​បែកដៃ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ១៩៩៧ លើ​ក្បួន​បាតុកម្ម​របស់​លោក សម រង្ស៊ី ផង​ដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បាន​លាតត្រដាង​ផង​ដែរ ករណី​លោក នេត សាវឿន ដែល​ជា​មេ​នគរបាល​កណ្ដាល​យុត្តិធម៌ រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ខ្លួន​ពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​ដីធ្លី​ដោយ​បង្ខំ ពី​សំណាក់​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា មួយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល ដូចជា​ក្រុមហ៊ុន KDC របស់​ភរិយា​របស់​លោក ស៊ុយ សែម ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

លើស​ពី​នេះ​ទៀត ពួកគេ​ក៏បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បិទបាំង​ការ​ឃុំ​ឃាំង​ដោយ​បំពាន និង​ការប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​លើ​ពលករ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មានអំណាច ដើម្បី​ទៅ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​ដូច កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន T & P Company

លោក ប្រ៊ែត អាដាម ថ្លែង​ថា​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ របស់​កម្ពុជា​សមត្ថកិច្ច​ភាគច្រើន ជា​ជន​ដល់ ដែល​នាំ​ឲ្យ​ការស៊ើបអង្កេត​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ​ឡើយ និង​តែង​មាន​លក្ខណៈ​ស្មុគស្មាញ។

មន្ត្រី​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​បាន​ជំរុញ​ឲ្យ​មានការ​ស៊ើប​អង្កេត​មន្ត្រី​ជាន់ខ្ពស់ ក្នុង​ជួរ​របប​លោក​ហ៊ុន សែន ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ហែនស៊ុន

ពី ក្រសាំងទួល

ចំណាំមុខទុកចុុះ មិនខុសទេ។

Jul 16, 2018 03:36 PM

អ្នក​អាន​អនាមិក

របបផ្តាច់ការ ពេជឃាត មានអំណាចណាស់ បើប្រៀប ទៅនឹង សម័យប៉ុលពត អាក្រក់លើស ឌុច ផង

Jul 14, 2018 11:04 AM

គេហទំព័រ​ទាំងមូល