ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​គ្រប់​ជ្រុង​ជ្រោយ ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​នយោបាយ​ថៃ

0:00 / 0:00

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ករណី​បាត់​ខ្លួន​ដោយ​បង្ខំ សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​ក្រុង​ភ្នំពេញ។ ពួក​គេ​លើក​ឡើង​ថា ប្រសិន​បើ​គ្មាន​ការ​ស៊ើប​អង្កេត​ទេ នោះ​នឹង​បណ្តាល​ឲ្យ​មាន​ការ​រិះគន់ និង​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ថា រដ្ឋាភិបាល​កម្ពុជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មួយ​នេះ។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិ​សម្ដែង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ករណី​មួយ​នេះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ថា លោក​មិន​ទាន់ អាច​ទទួល​យក​បាន​ទេ ការណ៍​ដែល​អាជ្ញាធរ​គ្រាន់​តែ​ចុះ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ដល់​ទីតាំង សង្ស័យ​កើត​ហេតុ ហើយ​ឆ្លើយ​ថា មិន​មាន​វត្តមាន​របស់​សកម្មជន​ថៃ​រូប​នេះ​ទេ។ លោក​ថា សំណុំ​រឿង​មួយ​នេះ មាន​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សហគមន៍​អន្តរជាតិ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់ និង​អនុវត្ត​សកម្មភាព​ឲ្យ​កាន់​តែ​សកម្ម ទុក​ចិត្ត​បាន ដើម្បី​បញ្ចៀស​ការ​ចោទ​ប្រកាន់​ពី​ការ​ពាក់ព័ន្ធ​ណា​មួយ៖ «បើ​សិន​ជា​រដ្ឋាភិបាល​ទាំង​ពីរ​មិន​មាន​ការ​ស៊ើប​អង្កេត ឲ្យ​បាន​ច្បាស់លាស់ ឆ្លើយ​បំភ្លឺ​ឲ្យ​ទៅ​សាធារណជន​ដែល​គេ​អាច​ទុក​ចិត្ត​បាន​ថា ការ​បាត់​ខ្លួន​នេះ​អត់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ទេ អ៊ីចឹង ចង់​មិន​ចង់ គេ​អាច​នៅ​តែ​មាន​ការ​សង្ស័យ​មក​លើ​រដ្ឋាភិបាល​ទាំង​ពីរ​ហើយ ពីព្រោះ​កន្លង​មក គេ​ឃើញ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ក្នុង​ការ​ដោះដូរ​សកម្មជន​ទាំង​អស់ ដែល​ជា​ការ​សង្ស័យ។»

ផ្អែក​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សកម្មជន​ក្រុម​អាវ​ក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ខិសិទ្ធិ អាយុ ៣៧ ឆ្នាំ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់​ពី​កន្លែង​ស្នាក់​នៅ​របស់​លោក​នៅ​ក្រុង​ភ្នំពេញ ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ រួច​បើក​ទៅ​បាត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។ អង្គការ​នេះ​ថា មាន​ភស្តុតាង​ជា​ច្រើន​តាម​រយៈ​វីដេអូ​ពី​កាម៉េរា​សុវត្ថិភាព និង​សាក្សី​មួយ​ចំនួន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម ពិត​ជា​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​កម្ពុជា​មែន ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់ មិន​លម្អៀង និង​ប្រកប​ដោយ​តម្លាភាព​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ជុំវិញ​ករណី​មួយ​នេះ ដើម្បី​រក​ឲ្យ​ឃើញ ពី​រឿង​ពិត​ដែល​បាន​កើត​ឡើង​លើ​លោក វ៉ាន់ឆាឡឺម។

ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ ក៏​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​នៅ​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​ក្រុង​បាងកក ពី​សំណាក់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ប្រជាធិបតេយ្យ ជន​ជាតិ​ថៃ ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​លាត​ត្រដាង​ការ​ពិត​នៅ​ពី​ក្រោយ​រឿង​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​រូប​ទៀត និង​ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​រឿង​នេះ ឲ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់ និង​ការ​ទាមទារ​ត​ទៅ​ទៀត៖ « ទី​មួយ​គឺ ដើម្បី​ផ្ដល់​ជា​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​សង្គម​ថា តើ​រឿង​ហ្នុង វា​ជា​រឿង​អ្វី​ពិត​ប្រាកដ ហើយ​បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​ត្រូវ តែ​ធ្វើ​ការ​ស្វែងរក និង​ស៊ើប​អង្កេត ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ ទី​ពីរ គឺ​កាល​ណា​បើសិនជា យើង​មិន​បាន​បំពេញ កាតព្វកិច្ច​ទេ នោះ​នឹង​អាច​មាន​ការ​រិះគន់​បន្ថែម​ទៀត ហើយ​នឹង​មាន​ការ​ទាមទារ​បន្ត​បន្ទាប់​ទៀត ដើម្បី​ឲ្យ​មាន​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​ព័ត៌មាន​ពិត​ប្រាកដ »

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​អំពី​តម្រុយ ឬ​លទ្ធផល នៃ​ការ​ស៊ើប​អង្កេត ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បាន​នៅ​ឡើយ​ទេ ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧ មិថុនា។ យ៉ាង​ណា​ក៏​ដោយ កន្លង​មក លោក​ធ្លាប់​បដិសេធ​ថា អាជ្ញាធរ​កម្ពុជា​ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​នេះ​ទេ។

លោក អំ សំអាត ថា ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​ដោយ​បង្ខំ ហើយ​គ្មាន​តម្រុយ ពី​ការ​ស៊ើប​អង្កេត​បែប​នេះ ក៏​អាច​ជា​សារ​មួយ​ធ្វើ​ឲ្យ​សកម្មជន​នយោបាយ​ខ្មែរ​ភៀស​ខ្លួន នៅ​ប្រទេស​ថៃ មាន​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ដែរ ដោយសារ​តែ​មាន​ការ​សង្ស័យ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​អាច​សហការ​គ្នា​តាម​ចាប់​សកម្មជន​ប្រឆាំង « បើ​សិន​ជា​រឿង​ទាក់ទង​នឹង​ការ​បាត់​ខ្លួន​នេះ​ប្រាកដប្រជា​មែន វា​ក៏​ជា​សារ​មួយ​ធ្វើ​ឲ្យ​សកម្មជន នយោបាយ​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដែល​កំពុង​ភៀស​ខ្លួន​ស្វែងរក​សិទ្ធិ​ជ្រកកោន ក៏​មាន​ការ​បារម្ភ និង​ភ័យ​ខ្លាច​ដែរ។ ចំណុច​នេះ​ហើយ ដែល​យើង​គិត​ថា រដ្ឋាភិបាល​មិន​គួរ​ឆ្លើយ​លឿន​ពេក​ក្នុង​ការ​បង្ហាញ នូវ​ព័ត៌មាន​ដែល​យើង​មិន​ទាន់​បាន​ស្វែងរក ឲ្យ​បាន​ជាក់លាក់​នោះ​ទេ។ អ៊ីចឹង ព័ត៌មាន​អ្វី​ក៏​ដោយ ត្រូវ​អាច​មាន​ព័ត៌មាន​គ្រប់គ្រាន់ ជាក់លាក់ និង​ទទួល​យក​បាន »

លោក ស៊ឹង សែនករុណា យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​នេះ។ លោកបញ្ជាក់ថា បើទោះជា​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ពី​កិច្ច​សហការ​ជា​សម្ងាត់​រវាង​រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុង​ការ​តាម​ធ្វើ​ទុក​បុក​ម្នេញ​សកម្មជន​ប្រឆាំង​ក៏​ដោយ ករណី​នេះ នឹង​បង្កើនការភ័យខ្លាច​ដល់​សកម្មជន​ភៀស​ខ្លួន​នយោបាយ​ខ្មែរ​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ស្វែង​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ភៀស​ខ្លួន៖ « បើសិនជា​រដ្ឋាភិបាល​ទាំង​ពីរ នៅតែ​មិន​មាន​ការ​បញ្ជាក់​ទៅ​លើ​បញ្ហា​ហ្នុង​ឲ្យ​មាន​ភាព​ច្បាស់លាស់ ច្បាស់​ហើយ ខាង​សកម្មជន​នយោបាយ​ដែល​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ មក​ដល់​ប្រទេស​កម្ពុជា​ក្តី ឬ​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត គឺ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ហេតុ ដែល​កើត​ឡើង​ស្រដៀង​នឹង វ៉ាន់ឆាឡឺម នេះ​ដែរ។ អ៊ីចឹង វា​ធ្វើ​ឲ្យ​សកម្មជន​ទាំង​អស់​វា​មាន​ការ​ពិបាក ដោយ​គាត់​មិន​ដឹង​ថា តើ​គាត់​នឹង​អាច​រក​ទី​សុវត្ថិភាព ណា​បាន​ទៀត​ប្រសិន​ជា​ចាក​ចេញ​ពី​ប្រទេស​ហើយ នៅ​តែ​មិន​មាន​សុវត្ថិភាព​បែប​នេះ។ ដូច្នេះ វា​បន្ថែម​នូវ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ពួក​គាត់​ពិបាក​រក​ទី​កន្លែង​ណា​មួយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ភាព​កក់​ក្តៅ »

លោក សឹង សែនករុណា ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើ​យ៉ាង​ណា​ការពារ​នូវ​សិទ្ធិ​របស់ សកម្មជន​ភៀស​ខ្លួន​នយោបាយ​ទាំង​អស់ ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឲ្យ​ពួក​គេ​មាន​ភាព​កក់​ក្តៅ និង​ទំនុក​ចិត្ត នៅ​ពេល​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្រៅ​ប្រទេស។

ពាក់ព័ន្ធនឹង​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នេះ​ដែរ បណ្ដាញ​អង្គការ​សិទ្ធិ​មនុស្ស ឈ្មោះ FORUM-ASIA ដែល​មាន​សមាជិក ៨១អង្គការ​មក​ពី ២១ប្រទេស​នៅ​តំបន់​អាស៊ី និង​បណ្ដាញ​អាស៊ី​ដើម្បី​ប្រជាធិបតេយ្យ Asia Democracy Network (AND) កាល​ពី​ថ្ងៃ​ទី១៧ មិថុនា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​លោក វ៉ាន់ឆាឡឺម នេះ។ ស្ថាប័ន​ទាំង​ពីរ​នេះ​ថា ប្រសិន​បើ​ប្រទេស​ថៃ​ចង់​កសាង​ឲ្យ​មាន​ទំនុកចិត្តពី​សាធារណជន រដ្ឋាភិបាល​ថៃ​ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​ធានា​ស្វែង​រក​លោក វ៉ាន់ឆាឡឺម និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត ដែល​បាន​បាត់​ខ្លួន បញ្ជូន​មក​ប្រទេស​ថៃ​វិញ​ប្រកបដោយ​សុវត្ថិភាព។ ស្ថាប័ន​ទាំង​ពីរ សង្កត់​ធ្ងន់​ថា ដរាបណា រដ្ឋាភិបាល​ថៃ មិន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​ចាត់​វិធានការ​សកម្ម​ជា​មុន ក្នុង​ការ​លើក កម្ពស់​សន្តិសុខ និង​សុវត្ថិភាព​របស់​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​អស់ នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ នឹង​នៅ​តែ​បន្ត​ប្រឈម​នឹង​ក្តី​មន្ទិល​ពី​សាធារណជន ទៅ​លើ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ដោះ​ស្រាយ​សំណុំ​រឿង​បាត់​ខ្លួន​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។