លោក ហ៊ុន សែន បង្កើន​ថវិកា​៥០០​លាន​រៀល​ឱ្យ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី ដើម្បី​ផ្ដល់​សេវា​យុត្តិធម៌​ដល់​ស្ត្រី និង​ក្មេង​ស្រី​រងគ្រោះ

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា បង្កើន​ថវិកា​ប្រមាណ​៥០០​លាន​រៀល​ក្នុង​១​ឆ្នាំ ដល់​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី ក្នុង​គោលដៅ​ជួយ​ដល់​ស្ត្រី និង​ក្មេង​ស្រី​រងគ្រោះ ឱ្យ​អាច​ស្វែងរក​សេវា​យុត្តិធម៌ តាមរយៈ​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល។ សង្គម​ស៊ីវិល រំពឹង​ការ​បែង​ចែង និង​ប្រើប្រាស់​ថវិកា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ចំ​ទិសដៅ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ដំណើរការ​រឿងក្ដី​លើ​ស្ត្រី​ជាប់​ពន្ធនាគារ ត្រូវតែ​ពន្លឿន​ឱ្យ​ទាន់​ពេល​វេលា​។ លោក​បន្ត​ថា រដ្ឋាភិបាល សម្រេច​ដំឡើង​ថវិកាជាតិ​ប្រមាណ​៥០០​លាន​រៀល ឬ​ប្រមាណ​១២​ម៉ឺន​៥​ពាន់​ដុល្លារ ក្នុង​មួយ​ឆ្នាំ ឱ្យ​ទៅ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី ក្នុង​កិច្ចការ​ផ្ដល់​សេវា​ផ្នែក​ច្បាប់ និង​ការស្វែងរក​យុត្តិធម៌​ដល់​ស្ត្រី​ក្រីក្រ និង​ក្មេង​ស្រី​រងគ្រោះ​ពី​អំពើ​ហិង្សា ដែល​គ្មាន​លទ្ធភាព​រក​មេធាវី ការពារ​រឿងក្ដី​របស់​ខ្លួន​បាន។ លោក​បញ្ជាក់​ថា ក្រុម​មេធាវី​របស់​រដ្ឋាភិបាល គឺជា​ដៃគូ​ធ្វើការ​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ក្នុង​កិច្ច​ការងារ​នេះ។

ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១០៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មានការ​លើក​កម្ពស់ មាន​សមភាព​យេនឌ័រ»៖ «រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់ គោល​នយោបាយ ផែនការ​សកម្ម​ភាពជា​តិ ការ​ផ្ដល់​សេវា​ជា​ពហុ​វិស័យ និង​វិធានការ​ជាច្រើន​ទៀត ដោយ​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជួយ​ជនរងគ្រោះ ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ។ ទន្ទឹម​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ថវិកា​ជូន​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ចំនួន​៥០០​លាន​រៀល ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ដល់​ស្ត្រី និង​ក្មេង​ស្រី​រងគ្រោះ ក្នុង​ការ​ស្វែងរក​សេវា​យុត្តិធម៌»។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​តម្រូវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ត់ចត់ ក្នុង​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេត Internet នៅ​ទូទាំង​ប្រទេស ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បញ្ហា​នានា ទាក់ទង​នឹង​អំពើ​ហិង្សា ការ​កេង​ប្រវ័ញ្ច​លើ​ស្ត្រី និង​ក្មេង​ស្រី​តាម​ប្រព័ន្ធ Internet និង​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​បាត់​សណ្ដាប់ធ្នាប់​សង្គម។

អនុប្រធាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែ​ត ប្រាប់​អាស៊ីសេរី​ថា ថវិកា​សរុប​៥០០​លាន​រៀល​នេះ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី នឹង​បែក​ចែក​ទៅ​ថ្នាក់ក្រោម​ជាតិ តាមរយៈ​មន្ទីរ​កិច្ចការ​នារី ដើម្បី​ផ្ដល់​សេវា​គាំពារ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ ក្នុង​អំពើ​ហិង្សា ទាក់ទង​នឹង​យេនឌ័រ៖ «លុយ​៥០០​លាន​នេះ យើង​ជួយ​ទៅលើ​សេវា​សម្រាប់​ជួយ​ជនរងគ្រោះ ក្នុង​ការ​ធ្វើដំណើរ ថ្លៃ​ហូបចុក ឬ​ទាក់ទង​នឹង​កិច្ច​អន្តរាគមន៍​របស់​អ្នកផ្ដល់​សេវា​ចុះទៅ​។ មួយវិញទៀត យើង​យក​លុយ​មួយ​ចំណែក​ក្នុង​លុយ​៥០០​លាន​រៀល​នេះ ដើម្បី​ទៅ​ធ្វើ​សហការ​ជាមួយ​មេធាវី ដើម្បី​ឱ្យ​មេធាវី​គាត់​ដំណើរការ​នីតិវិធី តាំងពី​ចាប់ផ្ដើម​ករណី​រហូតដល់​បញ្ចប់​ករណី»។

អ្នកស្រី ស ស៊ីណែត ឱ្យ​ដឹង​ទៀត​ថា ការ​ផ្ដល់​សេវា​ដល់​ជនរងគ្រោះ​ជា​ស្ត្រី និង​ក្មេង​ស្រី គឺ​មាន​ពីរ​ករណី​។ ករណី​ទី​១ គឺ ជនរងគ្រោះ​អាច​មក​ស្វែងរក​តម្រូវការ​របស់​ខ្លួន ដូចជា​ការ​ប្រឹក្សា​យោបល់ ផ្លូវចិត្ត ឬ​ស្នើសុំ​ជំនួយ​ផ្នែក​ច្បាប់ ពី​ក្រសួង​កិច្ចការ​នារី​ដោយ​ផ្ទាល់ នោះ​ក្រសួង​នឹង​រៀបចំ​ជូន​។ អ្នកស្រី​បន្ត​ថា ចំពោះ​ករណី​ទី​២ ប្រសិនបើ​ក្រសួង​កិច្ចការ​នារី មិន​អាច​ផ្ដល់​សេវា​ទៅតាម​តម្រូវការ​របស់​ជនរង​គ្រោះ​ទេ នោះ​ក្រសួង​នឹង​រៀបចំ​សម្របសម្រួល ហើយ​បញ្ជូន​ជនរងគ្រោះ​ទៅ​រក​សេវា​ចាំបាច់​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ៖ «ទន្ទឹម​ហ្នឹង កិច្ចការ​នារី ក៏​មិន​ធ្វើការ​ម្នាក់ឯង​ទេ នៅ​ពេល​ដែល​យើង​ចុះទៅ​ជួយ​អន្តរាគមន៍ ឬក៏​ផ្ដល់​សេវា​ដល់​ជនរងគ្រោះ គឺ​យើង​មានការ​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ​។ បើ​ករណី​ហ្នឹង ចូល​ជា​ករណី​បទល្មើស​ព្រហ្មទណ្ឌ បើ​កិច្ចការ​នារី​ទទួល​ករ​ណី​ហ្នឹង​មុន គឺ​កិច្ចការ​នារី​ត្រូវ​បញ្ជូន​ទៅ​សមត្ថកិច្ច ភ្លាម ដើម្បី​ធ្វើ​ពាក្យបណ្ដឹង ឱ្យ​សមត្ថកិច្ច​ធ្វើការ​ជាមួយ​ជនរងគ្រោះ ដើម្បី​ធ្វើ​នីតិវិធី ស្វែងរក និង​ចាប់​ជនល្មើស​។ បន្ទាប់មក​កិច្ចការ​នារី មានការ​សម្របសម្រួល​ក្នុង​ការ​រក​សេវា​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ជា​តម្រូវការ​របស់​ជនរងគ្រោះ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត លើកឡើង​ថា ស្ត្រី​រងគ្រោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កុមារី​រងគ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ រួម​ទាំង​ស្ត្រី​ពពោះ ស្ត្រី​មាន​កូន​តូច និង​អនីតិជន​ដែល​ជា​ស្ត្រី ជាប់​នៅ​ក្នុង​ពន្ធនាគារ គឺ​ពួកគាត់​មិន​មាន​លទ្ធភាព​ទៅ​រក​មេធាវី ជួយ​ការពារ​រឿងក្ដី​បាន​ទេ។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​ប្រមាណ​៥០០​លាន​រៀល​នេះ ប្រកបដោយ​តម្លាភាព និង​មាន​ប្រសិទ្ធភាព នោះ​ពិតជា​អាច​ជួយ​ក្រុម​ស្ត្រី​រងគ្រោះ​ទាំងនោះ​បាន។

ដើម្បី​លើកស្ទួយ​និង​គាំទ្រ​ទៅដល់​ស្ត្រី​និង​កុមារី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ លោក អំ សំអាត ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា ការ​ពង្រឹង និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​នោះ គឺ​ការកែទម្រង់​ប្រព័ន្ធ​តុលាការ ឱ្យ​ឈរ​លើ​គោលការណ៍​ឯករាជភាព ដើម្បី​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ជនរងគ្រោះ៖ «យើង​គាំទ្រ​ហើយ​បន្ថែម​ថវិកា ដើម្បី​គាំទ្រ និង​ការពារ​ទៅ​ស្ត្រី និង​កុមារី​រងគ្រោះ ក៏ប៉ុន្តែ​ធ្វើ​យ៉ាង​សុំ​ឱ្យ​ការអនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​ចូលរួម​ផង​ដែរ រួម​ទាំង​បញ្ហា​សំខាន់ គឺ​តុលាការ​តែម្ដង»។

ប្រទេស​កម្ពុជា បាន​បង្កើត​បទដ្ឋាន​ច្បាប់​មួយ​ចំនួន ដែល​ធានា​ការពារ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី ដើម្បី​ឱ្យ​ស្របតាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​។ ក្នុង​នោះ​រួមមាន​ច្បាប់​ប្រឆាំង ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ច្បាប់​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ ច្បាប់​គ្រប់គ្រង​ទឹក​អាស៊ីដ ផែនការ​ជាតិ​លើក​ទី​២​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី រួម​នឹង​បទដ្ឋាន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ទោះជា​យ៉ាង​នេះ​ក្ដី អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រិះគន់​ថា ច្បាប់​ទាំងនោះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា​នៅឡើយ​ទេ បណ្ដាល​ឱ្យ​មាន​អយុត្តិធម៌​សង្គម ដែល​ជន​ក្រីក្រ និង​អ្នក​គ្មាន​អំណាច​ក្លាយ​ជា​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។