ស្ថានទូតប្រជាធិបតេយ្យទទូចដល់របបក្រុងភ្នំពេញឱ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ
2020.09.08
ស្ថានទូតបរទេសមួយចំនួន អះអាងថា ពួកគេកំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្ក្រាបរបស់អាជ្ញាធរលើក្រុមសកម្មជន និងអ្នកតវ៉ាដោយសន្តិវិធី។ តំណាងរដ្ឋាភិបាលបរទេសទាំងនោះ ស្នើឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការយល់ឃើញយ៉ាងណានោះ ជាសិទ្ធិរបស់តំណាងរដ្ឋាភិបាលបរទេស តែរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអនុវត្តច្បាប់ក្នុងដែនអធិបតេយ្យរបស់ខ្លួន។
ស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួន និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជន និងអ្នកតវ៉ាដោយសន្តិវិធីថ្មីៗ នេះ គឺជាបង្ក្រាបលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាដ រ៉ូដេម៉ាយអ៊ើរ (Chad Roedemeier) ប្រាប់អាស៊ីសេរីតាមអ៊ីមែល (E-mail) នៅថ្ងៃទី៧ កញ្ញាថា ស្ថានទូតមានកង្វល់ជាខ្លាំង ចំពោះការចាប់ខ្លួនពលរដ្ឋ ដែលព្យាយាមអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ លោកថា សហរដ្ឋអាមេរិកគាំទ្រជានិច្ចដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកទទូចឱ្យរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់ដំណើរការនៃការសន្ទនាគ្នាដោយសេរី និងការផ្សះផ្សាជាមួយភាគីពាក់ព័ន្ធទាំងអស់។
ចំណែក ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាវិញ ឱ្យអាស៊ីសេរីដឹងតាមអ៊ីមែលថា ស្ថានទូតកំពុងតាមដានពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយយកចិត្តទុកដាក់។ ស្ថានទូតអូស្ត្រាលីអះអាងថា ដូចកាលពីមុនដែរ ប្រទេសអូស្ត្រាលីបន្តលើកឡើងពីបញ្ហាសិទ្ធិមនុស្ស រួមទាំងករណីច្បាស់ៗ មួយចំនួន ទៅកាន់មេដឹកនាំកម្ពុជា។ ប្រទេសអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់កិច្ចគាំពារដល់សកម្មជនសិទ្ធិមនុស្សគ្រប់រូប ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលកម្ពុជាបានទទួលយកមកអនុវត្ត។ ស្ថានទូតអូស្ត្រាលីឱ្យដឹងទៀតថា ប្រទេសអូស្ត្រាលីនឹងបន្តធ្វើការប្រកបដោយភាពច្នៃប្រឌិតជាមួយដៃគូទាំងឡាយ រួមទាំងកម្ពុជាផងដែរ ដើម្បីលើកកម្ពស់ និងការពារសេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សដទៃទៀត ព្រោះរឿងនេះមានសារៈសំខាន់សម្រាប់វិបុលភាព និងស្ថិរភាពរយៈពេលវែងនៅក្នុងតំបន់។
ដោយឡែក ស្ថានទូតស៊ុយអែត (Sweden) ប្រចាំនៅកម្ពុជាវិញ សោកស្ដាយជាខ្លាំងចំពោះអាជ្ញាធរ ដែលចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបប្រជុំដោយសន្តិវិធី។ ស្ថានទូតស៊ុយអែតអះអាងថា ស្ថានទូតកំពុងតាមដានករណីទាំងនេះយ៉ាងដិតដល់ ដោយឈរលើបទដ្ឋានច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។ ស្ថានទូតស៊ុយអែតបង្ហាញកង្វល់បែបនេះចំនួនពីរលើករួចមកហើយ ដោយលើកទីមួយកាលពីថ្ងៃទី៤ កញ្ញា មួយថ្ងៃក្រោយពេលអាជ្ញាធរចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣នាក់ និងលើកទីពីរនៅថ្ងៃទី៦ កញ្ញា បន្ទាប់ពីសកម្មជន៣ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
អាស៊ីសេរីក៏បានផ្ញើសំណួរតាមសារអេឡិចត្រូនិក ឬអ៊ីមែល (E-mail) ទៅប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីសុំប្រតិកម្មរឿងនេះដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
រីឯ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡឡូរ (Mary Lawlor) វិញ មានប្រសាសន៍លើបណ្ដាញធ្វីតធ័រ (Twitter) ថា អ្នកស្រី ទទួលបានរបាយការណ៍ឥតដាច់ពីប្រទេសកម្ពុជាស្ដីអំពីការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន។ អ្នកស្រីគូសបញ្ជាក់ថា ការតវ៉ាដោយសន្តិវិធីមិនមែនជាបទល្មើសនោះឡើយ។
ទាក់ទងនឹងកង្វល់របស់ស្ថានទូតបរទេស និងអ្នកជំនាញអង្គការសហប្រជាជាតិនេះ ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា វិធានការទាំងឡាយរបស់អាជ្ញាធរ គឺជាការអនុវត្តច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម។ លោកថា ប្រសិនបើអង្គទូតបរទេសមិនច្បាស់ត្រង់ចំណុចណានោះ ពួកគេអាចផ្ញើលិខិតទៅកាន់ស្ថាប័នជំនាញរបស់រដ្ឋាភិបាល ដើម្បីសាកសួរអំពីករណីទាំងនោះ៖ «ការសម្រេចចិត្តរបស់កម្ពុជា គឺមិនមែនស្ថិតនៅក្រោមការបង្គាប់របស់អ្នកណាម្នាក់ទេ។ យើងយល់ច្បាស់ថា ការស្វែងរកសន្តិភាព ការរក្សាស្ថិរភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ សម្រាប់ប្រទេសខ្មែរ គឺការទទួលខុសត្រូវផ្ដាច់មុខរបស់រដ្ឋាភិបាលខ្មែរ»។
តាំងពីក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីចុងខែកក្កដានោះមក របបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជន និងយុវជន យ៉ាងហោចណាស់ចំនួន ១៤នាក់ហើយ ដោយសារតែការបញ្ចេញមតិរិះគន់ ការធ្វើសកម្មភាពផ្នែកបរិស្ថាន និងគម្រោងធ្វើបាតុកម្មដោយសន្តិវិធី។ តុលាការដែលស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច បានចោទប្រកាន់ពួកគេដូចៗ គ្នា គឺញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាបទចោទដ៏ពេញនិយមរបស់ព្រះរាជអាជ្ញា ហើយបញ្ជូនពួកគេទៅឃុំខ្លួនក្នុងពន្ធនាគារ។ ក្រុមអ្នកសង្កេតការណ៍ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សឆ្ងល់ថា ហេតុអ្វីបានជាអ្នកតវ៉ាដោយសន្តិវិធី ដូចជាដោយគ្រាន់តែសុំដោះលែងមេសហជីពលោក រ៉ុង ឈុន និងធ្វើសកម្មភាពការពារបរិស្ថាន ក៏ត្រូវជាប់ចោទពីបទញុះញង់ និងជាប់គុកដែរនោះ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា លើកឡើងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែយល់ថា ការរឹតត្បិតសិទ្ធិសេរីភាពជាការអនុវត្តច្បាប់បែបនេះទៀត នោះរដ្ឋាភិបាលនឹងកាន់តែដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងនីតិរដ្ឋ។ លោកបញ្ជាក់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនមានស្តង់ដារពីរបីដូចការបកស្រាយរបស់រដ្ឋាភិបាលនោះទេ៖ «បរិយាកាសនៃការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជួបប្រជុំនៅក្នុងរយៈពេលចុងក្រោយនេះ ឃើញថា កាន់តែមានការធ្លាក់ចុះទៅៗ ឬក៏មានការរឹតបន្តឹងទៅ ឬក៏រឹតត្បិតទៅពីសំណាក់អាជ្ញាធរ រដ្ឋាភិបាល តុលាការហ្នឹង។ គឺថាយើងមានការព្រួយបារម្ភខ្លាំងណាស់ មិនខុសពីស្ថានទូត មិនខុសពីមតិជាតិ មតិអន្តរជាតិមួយចំនួននោះទេ។ អ៊ីចឹងសម្រាប់ទៅអនាគត យើងប្រហែលជាមានការលំបាកនៅក្នុងការដែលឱ្យអន្តរជាតិ ពិសេសប្រទេសដែលប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យសេរី គេទទួលស្គាល់យើងថា ជាការអនុវត្តច្បាប់ណាស់។ យើងមិនអាចទៅពន្យល់គេបានទេរឿងអស់នេះ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណាចំពោះការលើកឡើងរបស់តំណាងរដ្ឋាភិបាលបរទេស ព្រោះបើពុំដូច្នេះទេ រដ្ឋាភិបាលនឹងខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ហើយកម្ពុជាអាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីប្រទេសទាំងនោះ។ តួយ៉ាង ករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជានោះ គឺជាឧទាហរណ៍ស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។