យុវជន​ខ្មែរ​ក្រោម​​ចង់​បាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង

ដោយ សេក បណ្ឌិត
2020-07-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​បង្ហោះ​រូប​ថត ក្នុង​បណ្ដាញ​សង្គម​ដោយ​ពាក់​អាវ​យឺត មាន​និមិត្ត​សញ្ញា ៧០ឆ្នាំ នៃ​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា។
យុវជន​បង្ហោះ​រូប​ថត ក្នុង​បណ្ដាញ​សង្គម​ដោយ​ពាក់​អាវ​យឺត មាន​និមិត្ត​សញ្ញា ៧០ឆ្នាំ នៃ​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា។
រូបថត៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ក្រុម​យុវជន​ខ្មែរ​ក្រោម​អំពាវនាវ​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ឲ្យ​ជួយ​​តស៊ូ​មតិ​បន្ថែម​ទៀត​​ ដើម្បីឲ្យ​ខ្មែរ​ក្រោម​ទទួល​បាន​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ នៅ​លើ​ទឹក​ដី​កម្ពុជាក្រោម ដែល​វៀតណាម​គ្រប់​គ្រង​សព្វថ្ងៃ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​គម្រប់​ខួប ១៩ឆ្នាំ នៃ​ថ្ងៃ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​ប្រជាជាតិ​សម្រាប់​ជន​ជាតិ​គ្មាន​ប្រទេស ​និង​គ្មាន​តំណាង ហៅ​កាត់​ថា (UNPO)

គ្រូ​បង្រៀន​នៅ​សាលា​ពុទ្ធិក​បឋមសិក្សា​វត្ត​ខ្ទឹង​នៅ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង​ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ថ្មី​ទៅ​ជា​ខេត្ត​ត្រា​វិញ (Tra ​Vinh) ​ព្រះ​តេជ​គុណ ​ថាច់​ តារា មាន​​ព្រះ​ថេរ​ដីកាប្រាប់​អាស៊ី​សេរី​ ថា ​​ព្រះអង្គ​ចង់​បាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចង់​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​តទៅ​ទៀត​ទេ​ ។

ព្រះតេជព្រះគុណ​បន្ត​ថា ​សព្វ​ថ្ងៃ​វៀតណាម​បំបិទ​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម​គ្រប់​វិស័យ​ ដូច​ជា​ការ​មិន​អនុញ្ញាត​ឱ្យ​​បង្រៀន​អក្សរ​ខ្មែរ​ទាំង​នៅ​តាម​វត្ត​និង​នៅ​សាលា​រដ្ឋ​មិន​ឱ្យ​​និយាយ​អំពីប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​កម្ពុជាក្រោម និង​រឹតត្បិត​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ជាដើម។

ព្រះសង្ឃ​ខ្មែរ​ក្រោម​​អង្គ​នេះ​លើក​ឡើង​ទៀត​ថា​ វប្បធម៌​ប្រពៃណី​ជាតិ​​របស់​ខ្មែរ​​ក៏​ត្រូវ​បាន​វៀតណាម​កាឡៃ​​ដែរ ​ឧទាហរណ៍​ពិធីបុណ្យ​អុំទូក​ អក​អំបុក ​សំ​ពះ​ព្រះ​ខែ អាជ្ញាធរ​វៀតណាម​បាន​យក​ប្រពៃណី​នេះ​ ធ្វើ​ជា​ល្បែង​ភ្នាល់​ និង​បន្ថែម​ថ្ងៃ​ខែ​ប្រារព្ធ​ពិធី​ ឲ្យ​ខុស​រដូវ​កាល​ទៀត​ផង៖ «ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​ក្រោម​មួយ​រូប​ អរគុណ​ផង​ដែរ​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស ​ដែល​ពួក​គាត់​ទៅ​ដល់​ប្រទេស​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​បាន​សុខ​សប្បាយ​ហើយ​ តែ​ពួក​គាត់​មិន​សោយ​សុខ​ម្នាក់​ឯង​អ៊ីចឹង​ណា​ បាន​ចំណាយ​ពេល​វេលា​ កម្លាំង​កាយ​ចិត្ត​ នឹក​ឃើញ​ដល់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​រាប់​លាន​នាក់​ កំពុង​រង​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល​វៀតណាម​ ជា​ពិសេស​គឺ​កំពុង​រស់​នៅ​គ្មាន​សិទ្ធិ​សេរីភាព​នៅ​លើ​ដែន​ដី​កំណើត​របស់​ខ្លួន»

ចំណែក​ អ្នក​លក់​គ្រឿង​ទេស ​នៅ​ផ្សារ​ស្រុក​បាយ​ឆាវ​ ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ថ្មី ទៅ​ជា​សុក​ត្រាំង (Soc Trang) លោកស្រី គឹម វិជ្ជរ៉ា ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នៅ ​តាម​ភូមិ​ស្រុក​របស់​លោក​ស្រី ​ ខ្មែរ​ក្រោម​ភាគ​ច្រើន​ធ្លាក់​ខ្លួន​​ក្រ​ ហើយ​នាំ​គ្នា​ទៅ​ស៊ី​ឈ្នួល​ វៀតណាម​ និង​ចិន​ នៅ​ទី​ប្រ​ជុំ​ជ​ន និង​តាម​រោង​ចក្រ​​។

លោក​ស្រី​អះអាង​ថា ​ខ្មែរ​ក្រោម​ធ្លាក់​ខ្លួន​ ក្រ​ មក​ពី​អាជ្ញាធរ​វៀតណាម​ រឹប​អូស​យក​ដី​ស្រែ​ចម្ការ​ខ្មែរ​ ក្រោយ​ពី​របប​កុម្មុយនិស្ត​​វៀតណាម​ ឡើង​កាន់​អំណាច​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៧៥ ហើយ​ដី​ស្រែ​ចម្ការ​ខ្មែរ ​នោះ ​គឺ​គេ​បាន​យក​ទៅ​ចែក​ឲ្យ​ប្រជាជន​វៀតណាម ដែល​ជា​ជន​​បក្សពួក​គេ។

ស្ត្រី​ខ្មែរ​ក្រោម​លក់​គ្រឿង​ទេស​រូប​នេះ​ សង្កត់​ធ្ងន់​ថា ​ដើម្បី​បំបាត់​ភាព​អយុត្តិធម៌​ដែល​កើត​ឡើង​ច្រំដែល ​ដូច្នេះខ្មែរ​ក្រោម​ម្ចាស់​ស្រុក​គ្មាន​អ្វី​ក្រៅពី​ ខំ​តស៊ូ​​ទាម​ទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​នោះ​ទេ៖ «ក្នុង​ចិត្ត​ខ្ញុំ​សព្វ​ថ្ងៃ ខ្ញុំ​ចង់​បាន​ឲ្យ​ខ្មែរ​ក្រោម សម្រេច​សិទ្ធិ​វាសនា​ខ្លួន​ ដោយ​ខ្លួន​ឯង​ មិន​ត្រូវ​ការ​ពឹង​លើ​យួន​អ្វី​ទាំង​អស់​ មិន​ចង់​រស់​នៅ​ក្រោម​កណ្ដាប់​ដៃ​យួន​។ រឿង​ហ្នឹង​ប្រហែល​ជា​លំបាក​ខ្លាំង​ណាស់​ តែ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​សង្ឃឹម​រហូត»

អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​លោក ​ម៉ៅ មុនី បញ្ជាក់​ថា ​ការ​ចង់​បាន​សិទ្ធិ​​សម្រេចវាសនា​ដោយ​ខ្លួន​ឯង​ គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​កាន់​តែ​បោះ​ជំហាន​លឿន​ទៅ​មុខ​។ លោក​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​តស៊ូ​មតិ​ដោយ​សន្តិវិធី​និង​អហិង្សា​ លើ​ឆាក​អន្តរ​ជាតិ​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​ត្រួតត្រា​ដោយ​វៀតណាម។

លោក​ ម៉ៅ មុនី ឱ្យ​ដឹង​ទៀតថា អង្គការ​ប្រជាជាតិ សម្រាប់​ជន​ជាតិ​គ្មាន​ប្រទេស ​និង​គ្មាន​តំណាង​​ (UNPO)បាន​ជួយ​ការងារ​ខ្មែរ​ក្រោម​ច្រើន ​ដូច​ជា​ជួយ​បណ្ដុះ​បណ្ដាល​ការ​តស៊ូ​មតិ​ដល់​យុវជន​ខ្មែរ​ក្រោម និង​ជួយ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព ព្រម​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​នៅ​កម្ពុជា​ក្រោម ជាដើម៖ «យើង​ឃើញ​ថា​ កិច្ច​ការ​ទាំង​ប៉ុន្មាន​ ដែល​រដ្ឋាភិបាល​យួន​រំលោភ​សិទ្ធ​ទៅ​លើ​ខ្មែរ​ក្រោម​ យូ​អិន​ភី​អូ​ (UNPO) អាច​ជួយ​យើង​បាន​ច្រើន​ កិច្ចការ​ទំនាក់​ជា​មួយ​ឧត្ដម​ស្នង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស(យូមិន​រាយ) (Human Rights) នៅ​ទី​ក្រុង​ហ្សឺណែ​វ ក៏​ដោយ​នៅ​Human Rights​ក៏​ដោយ​ ហើយ​Human Rights​ហ្នឹង ឥឡូវ​នៅ​បាងកក​មួយ​ដែរ​ អ៊ីចឹង UNPO ក៏​ជា​ដំណាង​ឲ្យ​យើង​ទាក់​ Human Rights​ នៅ​បាងកក​ដែរ។ ពេល​ដែល​មាន​រឿង​ហេ​តុ​រំលោភ​សិទ្ធិមនុស្ស​កើត​ឡើង​ចំពោះ​ខ្មែរ​ក្រោម​ សហព័ន្ធ​ធ្វើ​របាយការណ៍ ​ផ្ញើ​ទៅ​ UNPO​ ហើយ ​UNPO​​ ជួយ​បញ្ជូន​របាយការណ៍​ហ្នឹង​ទៅ​ខាង​សភា​សហគមន៍​អឺរ៉ុប​ ជួយ​ផ្ញើ​ទៅ​Human Rights នៅ​ខាង​ ហ្សឺណែវ​ ហើយ​ឥឡូវ​នេះ​ UNPO​​ មាន​ដំណាង​ប្រចាំការ​នៅ​ ហ្សឺណែវ​ ហ្នឹង​ ធ្វើ​ការ​ជាមួយ​ Human Rights នៅ​ខាង​ ហ្សឺណែវ ផង​និង​ធ្វើ​ការ​ជា​មួយ​យូមិន​រាយ​ នៅ​បាង​កក​ផង»

អង្គការ (UNPO) បាន​បង្កើត​ឡើង​ កាល​ពី​ឆ្នាំ ១៩៩១ នៅ​ទី​ក្រុង​ឡាអេ ​ប្រទេស​ហុល្លង់។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​នេះ កាល​ពី​ឆ្នាំ២០០១។ អង្គការ​អន្តរជាតិ​មួយ​នេះ ធ្លាប់​បាន​ជួយ​តស៊ូ​មតិ​ឱ្យ​ជន​ជាតិ​ដើម​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ឱ្យ​​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ។

ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម លោក ប៊ុន មុន្នី ថ្លែង​ថា ខ្មែរ​ក្រោម​ត្រូវ​តែ​ទទួល​បាន​នូវ​សិទ្ធិ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​នេះ ប្រសិន​បើ​ខ្មែរ​ក្រោម​មិន​បោះ​បង់​ចោល​ការ​តស៊ូ​ ព្រោះ​វៀតណាម គឺ​ជា​ហត្ថលេខី​ទទួល​ស្គាល់​ច្បាប់​នេះ«និយាយ​ពី​ផល​ប្រយោជន៍​ ក្រោយ​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​ (UNPO)​​រួចមក​ ហ្នឹង​វា​ជា​ក្ដី​សង្ឃឹម​របស់​ខ្មែរ​ក្រោម​សម្រាប់​ ការ​តស៊ូ​ក្នុង​ការ​ស្វែង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ»

បើ​ទទួល​បាន​សិទ្ធិ​ជន​ជាតិ​ដើម ឬ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង គឺ​ខ្មែរ​ក្រោម​អាច​បង្កើត​សហគមន៍ និង​អាច​ប្រើ​​​ភាសា​ខ្មែរ​បាន​ដោយសេរី ហើយ​នៅ​ក្នុង​បែប​បទ​រដ្ឋបាល មិន​ចាំ​បាច់​ប្រើ​ភាសា​វៀតណាម​ដូច​សព្វ​ថ្ងៃ​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល