មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់ពលរដ្ឋខ្មែរក្រោម តាមរយៈបង្កើតសមាគមខ្មែរក្រោមចំនួនពីរក្រុមទៅដើមត្រកូល ដែលអតីតស្ដេចវៀតណាម ដាក់ឲ្យខ្មែរក្រោម។ សហព័ន្ធចាត់ទុកទង្វើរបស់វៀតណាមនេះថា ជាយុទ្ធសាស្ត្រងាយស្រួលគ្រប់គ្រងខ្មែរក្រោម មិនឲ្យទាមទារសិទ្ធិសេរីភាពជាជនជាតិដើមកំណើតផង និងដើម្បីស៊ើបការណ៍សំងាត់ពីខ្មែរក្រោមផងដែរ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា អាជ្ញាធរវៀតណាម នៅខេត្តពលលាវ ដែលវៀតណាមប្តូរឈ្មោះទៅខេត្ត (Bac Lieu) បានបញ្ជាឲ្យពលរដ្ឋខ្មែរក្រោមដែលមាន ត្រកូល ថាច់ និង ស៊ើង បង្កើត សមាគមពីរតាមត្រកូល គឺសមាគមមួយ ជាសមាគមត្រកូល ថាច់ និងសមាគមមួយទៀតត្រកូល ស៊ើង។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តថា ទោះបីវៀតណាមថា ការបង្កើតសមាគមនេះ ដើម្បីជួយខ្មែរក្រោម ដើម្បីធ្វើការអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែព្រះអង្គយល់ថា ធាតុពិត វៀតណាមចង់ធ្វើយ៉ាងណា ដើម្បីងាយស្រួលគ្រប់គ្រងខ្មែរក្រោម និងអាចស៊ើបការណ៍សំងាត់ ពីខ្មែរក្រោម៖ «រដ្ឋាភិបាលវៀតណាម មិនឲ្យបង្កើតខ្មែរក្រោមបង្កើតជាសមាគមជាផ្លូវការទេ ដូចជាត្រកូល ថាច់ ស៊ើង ហ្នឹង គឺអាជ្ញាធរវៀតណាមជាអ្នកនៅពីក្រោយខ្នង។ អ្វីដែលគេបង្កើតហ្នឹង ដើម្បីឲ្យខ្មែរក្រោមហ្នឹងបែកបាក់គ្នា»។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា សំដែងចម្ងល់ថា ហេតុអ្វី បានជាអាជ្ញាធរវៀតណាមខេត្ត ពលលាវ ជ្រើសរើសយកត្រកូលតែពីរ គឺត្រកូល ថាច់ និង ស៊ើង ដើម្បីអាចបង្កើតសមាគម។ ព្រះអង្គបន្តថា ប្រសិនបើវៀតណាមពិតជាមានចេតនាចង់ជួយខ្មែរក្រោមមែននោះវៀតណាម ត្រូវអនុញ្ញាតឲ្យ ខ្មែរក្រោមអាចបង្កើតជាសហជីព និងព្រះសង្ឃខ្មែរក្រោមអាចបង្កើតសមាគមបានដោយសេរីបាន៖ « នៅពេលដែលអាជ្ញាធរវៀតណាមឲ្យយើងបង្កើតសមាគមហ្នឹង ខ្មែរក្រោមយើងគួរតែ យើងជួបជុំគ្នាហ្នឹងនៅពេល តែប៉ូលិស ឬអាជ្ញាធរចេញទៅយើងគួរនិយាយរឿងគ្នាក្រោមវិញ វប្បធម៌ ឬក៏សញ្ជាតិខ្មែរក្រោមវិញ » ។
គោលបំណងរបស់អាជ្ញាធរវៀតណាម នៅខេត្ត ពលលាវនេះធ្វើឡើងស្របពេលដែលអាជ្ញាធរវៀតណាម កំពុងគាបសង្កត់សិទ្ធិបញ្ចេញមតិរបស់ខ្មែរក្រោម នៅលើទឹកដីកំណើត ហើយក៏ហាក់បីធ្វើឡើងទៅតាមគម្រោងផែនការចាស់របស់អតីតស្ដេចវៀតណាម។
ពាក់ព័ន្ធនឹងការបង្កើតសមាគមតាមត្រកូលនេះ ព្រះភិក្ខុ ថាច់ ប្រីជា គឿន និពន្ធនាយកសារព័ត៌មានព្រៃនគរ មានថេរដីកាថា ក្នុងរជ្ជកាលស្ដេចវៀតណាម ឈ្មោះ យ៉ាឡុង (Gia Long) ក្នុង គ. ស. ១៨១៣ ពេលកម្ពុជា មានជម្លោះផ្ទៃក្នុងរវាងក្រុមព្រះរាជវង្សផង និងធ្វើសង្គ្រាមជាមួយប្រទេសថៃផង។ ស្ដេចខ្មែរខ្លះចង់បានរាជបល្ល័ង្កក៏ទៅទីពឹងវៀតណាម និងប្រទេសថៃ ឲ្យមកជួយ ដើម្បីបានអំណាចរៀងៗ ខ្លួន ទើបបណ្ដាលឲ្យពលរដ្ឋវៀតណាមចូលមករស់នៅពាសពេញទឹកដីខ្មែរ។ ព្រះអង្គបន្តថា ក្នុងពេលប្រទេសកើតសង្គ្រាមដូច្នេះ វៀតណាមក៏ឆ្លៀតឱកាសបង្កើនការវាតទីលើទឹកដីខ្មែរដោយបញ្ជូនទ័ពមកច្បាំងជាមួយខ្មែរក្រោមនៅដែនកម្ពុជាក្រោម និងយកអំណាចបង្ខំឲ្យខ្មែរ ក្រោមផ្លាស់ប្ដូរទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជារបៀបរបបខ្មែរទៅជាវៀតណាមវិញ។ ពេលវៀតណាមបង្ខំឲ្យខ្មែរក្រោមក្លាយខ្លួនទៅជាជនជាតិវៀតណាមនោះ វៀតណាមក៏បង្ខំឲ្យខ្មែរក្រោម ទទួលយកនូវត្រកូលដែលស្ដេចវៀតណាម ដាក់ឲ្យដើម្បីប្រើប្រាស់ព្រោះ កាលពីដើមឡើយ ខ្មែរក្រោមមិនមានត្រកូលនោះទេ។
វៀតណាមបានដាក់ត្រកូលឲ្យខ្មែរក្រោមមួយចំនួន ដូចជា ថាច់ ស៊ើង ឡាំ គឹម យ៉ាញ់ និង ចៅជាដើម។ ដោយឡែកនៅ ខេត្តក្រមួនស ត្រកូលប្រុស ត្រូវវៀតណាមដាក់ឲ្យខ្មែរក្រោមថា យ៉ាញ់ និង ធី សម្រាប់ស្រី ហើយនៅខេត្ត មាត់ជ្រូក ប្រុសមានត្រកូល ចៅ និងស្រី មានត្រកូល នាង។ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មានថេរដីកាថា ពេលវៀតណាមចូល មកឈ្លានពានដែនដីកម្ពុជាក្រោម និងធ្វើអាណានិគមលើប្រជាជាតិខ្មែរក្រោម ស្ដេចវៀតណាមបាន បញ្ជាឲ្យខ្មែរក្រោមផ្លាស់ប្ដូរទំនៀមទំលាប់ទៅជាវៀតណាមជានិច្ច ដើម្បីធ្វើឲ្យខ្មែររលាយពូជសាសន៍ទៅជាវៀតណាម មូលហេតុនេះហើយបានជាខ្មែរក្រោមមានត្រកូលជាភាសាវៀតណាម ចាប់តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃ។
ស្ដេចវៀតណាម ដើម្បីបម្រើមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរកម្ពុជាក្រោម ក៏បានប្ដូរឈ្មោះខេត្ត២១ របស់ខ្មែរក្រោម ទៅជាឈ្មោះវៀតណាម ហើយដាក់ខ្មែរក្រោមរស់នៅក្នុងខេត្តនិមួយៗ តាមត្រកូល ដើម្បីបំបាត់ដានប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងព្រះអង្គបន្តថា មកទល់សព្វថ្ងៃនេះ ខ្មែរក្រោមមិនរស់នៅក្នុងខេត្ត តាមត្រកូលកំណត់ដោយវៀតណាមទៀតទេ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន មានថេរដីកាបន្តថា កាលពីដើមឡើយខ្មែរក្រោម មិនមានជម្រើសទើបយកត្រកូលដែលវៀតណាមដាក់ឲ្យ ប៉ុន្តែប្រសិនបើខ្មែរក្រោមអាចទាមទារ សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ខ្មែរក្រោមនឹងប្តូរត្រកូលវិញ៖ « យួនវាដាក់ត្រកូលយើង ពេលយើងចង់ឈប់ប្រើភាសាយួនយើងត្រូវ តែខ្មែរក្រោមហ្នឹង មានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង យើងប្រជុំគ្នាថា យើងឈប់ទទួលយកវប្បធម៌ពីយួនចិនហ្នឹងហើយ។ យើងចង់ដាក់ឈ្មោះយើងហ្នឹងភាសាខ្មែរសុទ្ធ » ។
មកទល់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០ ខ្មែរក្រោមបានបាត់បង់ទឹកដីរយៈពេល ៧១ឆ្នាំមកហើយ។ អង្គការសមាគម ខ្មែរក្រោមដែលមានមូលដ្ឋាននៅក្រៅប្រទេស កំពុងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិដើម្បីទាមទារទឹកដីខ្មែរក្រោមមកពីវៀតណាមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។