ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅតែបន្តយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ (Black Monday) ដើម្បីសុំដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សប្រឆាំង។
លោក មណ្ឌល គីរី ដែលបានចូលរួមជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង ជាច្រើនរយនាក់ កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែឧសភា នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) មានប្រសាសន៍កាលពីម្សិលមិញថា ពួកគាត់ធ្វើយុទ្ធនាការទាមទាររហូតដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប មួយរូប និងអ្នកនយោបាយគណបក្សប្រឆាំងដោយគ្មានលក្ខខណ្ឌ៖ «យើងជួបជុំគ្នានៅខាងមុខភោជនីយដ្ឋានឋានសួគ៌ មានគ្នាប្រមាណ ៣០០នាក់។ យើងយល់ស្របជាមួយគ្នាថា នឹងបន្តធ្វើរៀងរាល់សប្តាហ៍ដើម្បីដាក់គំនាបរដ្ឋាភិបាលឲ្យដោះលែង។ យើងមិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលមកលើមន្ត្រីសង្គមស៊ីវិល»។
លោកបន្តថា ពលរដ្ឋខ្មែរគ្រប់ៗគ្នាត្រូវធ្វើការនៅថ្ងៃច័ន្ទ ដូចនេះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ នឹងប្រព្រឹត្តទៅរៀងរាល់សប្តាហ៍នៅល្ងាចថ្ងៃអាទិត្យ ដែលត្រូវនឹងថ្ងៃចន្ទ នៅប្រទេសកម្ពុជា។
ចំណែកពលរដ្ឋខ្មែររស់នៅក្នុងក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada) ឯណោះវិញ ក៏បានប្រមូលផ្ដុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ជួបជុំគ្នាដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិដាក់គំនាបដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការគំរាមកំហែងដល់មន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីសង្គមស៊ីវិល។
អ្នកស្រី ច័ន្ទ សុខុម ថ្លែងប្រាប់តាមទូរស័ព្ទពីក្រុងម៉ុងរ៉េអាល់ថា ពួកគាត់ជួបជុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យប្រមាណជា ៥០នាក់នោះ គឺដើម្បីទាមទារសុំឲ្យតុលាការដោះលែងមន្ត្រីទាំងនោះដោយសារការឃុំខ្លួននោះ មិនត្រឹមត្រូវឡើយ៖ «រដ្ឋាភិបាលចាប់អ្នកទាំងនោះដាក់ពន្ធនាគារអយុត្តិធម៌ណាស់ គាត់គ្មានកំហុសអ្វីសោះ ដោយសារតែរឿងបុគ្គល។ ពួកយើងឈឺចាប់ក៏នាំគ្នាស្លៀកពាក់ខោអាវខ្មៅដើម្បីទាមទារឲ្យដោះលែងជាបន្ទាន់។ ពួកខ្ញុំឆ្ងល់ណាស់រដ្ឋាភិបាលសព្វថ្ងៃ មិនដឹងគាត់ធ្វើការយ៉ាងម៉េចទេ សទៅជាខ្មៅ ខ្មៅទៅជាស។ ខ្វះអីការងារប្រទេសជាតិ ដូចជារឿងព្រំដែនពលរដ្ឋអត់ទឹក ភាពក្រីក្រ កាប់ព្រៃឈើអស់ ហេតុអ្វីបានជារដ្ឋាភិបាល មិនគិតគូរសោះ...»។
កាលពីថ្ងៃទី២ ខែឧសភា តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីសមាគមអាដហុក ចំនួន ៤នាក់ គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា។ មន្ត្រីសមាគមអាដហុក ៤រូបនោះ ត្រូវចោទពីបទសូកប៉ាន់សាក្សីដែលត្រូវនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចោទប្រកាន់ថា អ្នកទាំងនេះព្យាយាមល្បួងឲ្យផ្ដល់សក្ខីកម្មក្លែងទៅដល់តុលាការ។ ចំណែកលោក នី ចរិយា ត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
