យុវជនខ្មែរក្រោមកំពុងរកមេធាវីការពារក្ដីរឿងវៀតណាមចោទប្រកាន់ករណីបង្ហោះព័ត៌មានលើហ្វេសប៊ុក

យុវជនខ្មែរក្រោមម្នាក់នៅព្រះត្រពាំង កំពុងរកមេធាវីដើម្បីជួយការពារក្ដី ករណីអាជ្ញាធរ វៀតណាមចោទប្រកាន់ថា លោកបង្ហោះព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គមហ្វេសប៊ុក។ សមាគមខ្មែរក្រោមឱ្យដឹងថា នៅខេត្តព្រះត្រពាំងមានខ្មែរក្រោមធ្វើជាមេធាវី ដូច្នេះពលរដ្ឋខ្មែរក្រោមមានបញ្ហាអាចទៅរកមេធាវីខ្មែរក្រោម ប៉ុន្តែ សមាគមខ្មែរក្រោមហាក់មិនសូវមានជំនឿថា អាជ្ញាធរនៃប្រទេសកុម្មុយនិស្តមួយនេះ ផ្ដល់យុត្តិធម៌ឱ្យពលរដ្ឋខ្មែរក្រោមនោះឡើយ។
យុវជន តោ ហ្វាងចឿង ឱ្យអាស៊ីសេរីដឹងថា អាជ្ញាធរវៀតណាម បានបញ្ជូនលិខិតផាកពិន័យឱ្យលោកនិងតម្រូវឱ្យលោកត្រូវទៅបង់ប្រាក់ និងនៅសាលាខេត្តព្រះត្រពាំងនៅថ្ងៃទី១៦ ខែមិថុនា ខាងមុខ។ លោកថា ក្នុងលិខិតនោះ លោកអាចប្រឈមនឹងការបង់ប្រាក់ ពី១០លានទៅ ២០លានដុង ឬគិតជាប្រាក់ដុល្លារពី៥០០ដុល្លារទៅ១,០០០ដុល្លារ។ ប៉ុន្តែ ក្នុងលិខិតនោះបញ្ជាក់ថា លោកមានសិទ្ធិរកមេធាវីការពារក្ដីក្នុងករណីលោកមិនទទួលយកការពិន័យនេះ៖ «បាទលិខិតគេកោះហៅយើងខេត្តព្រះត្រពាំង ដើម្បីពិន័យលុយយើងហើយយើងសម្រេចរកមេធាវីដើម្បីដោះស្រាយបញ្ហាហ្នឹង។ នគរបាលស្រុកហ្នឹងគេថា យើងមិនចេញចិត្តរកយើងអាចរកមេធាវីប្ដឹងតបទៅវិញបាន»។
អាជ្ញាធរ វៀតណាមនៅស្រុកផ្នោដាច់ នៃខេត្តព្រះត្រពាំង ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្ត ត្រាវិញ (Tra Vinh) បានកោះហៅ យុវជន តោ ហ្វាងចឿង សាកសួរជាច្រើនម៉ោងកាលពីថ្ងៃទី០៨ ខែមិថុនា និងបានចោទប្រកាន់លោកថា បង្ហោះព័ត៌មានក្លែងក្លាយ។
យុវជន តោ ហ្វាងចឿង ឱ្យដឹងថា អាជ្ញាធរវៀតណាម បានចោទប្រកាន់លោកពីរករណី ករណីទី១ គឺការបង្ហោះលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ កាលពីឆ្នាំ១៩៨៤ ដែលមានខ្លឹមសារ ថា ដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរក្រោម។ ករណីទី២ ការបង្ហោះ រូបសញ្ញាកាន់ទុក្ខនៃការកាន់ទុក្ខការបាត់បង់ដែនដីកម្ពុជាក្រោម នៅលើប្រូហ្វាល (Profile) ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ ខែមិថុនា៖ «គេចោទមានពីរផ្លូវមួយបង្ហោះឯកសារ ហូ ជីមិញហ្នឹងគេ (អាជ្ញាធរវៀតណាម) ថា មិនទទួលស្គាល់ការពិតទី១ ទី២ហ្នឹងឯកសាររូបភាពខ្មែរប្រារព្ធខួប៧១ឆ្នាំហ្នឹងណា គេមិនពិតដែរ គេចោទទាំងពីរផ្លូវហ្នឹងគេថា ទាំងពីរមិនពិតទាំងអស់យើងគ្រាន់សេវ(រក្សាទុក) តាមបណ្ដាញហ្វេសប៊ុក តាស រឿងអីមកចោទទោសឱ្យបង់លុយ»។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យដឹងថា សមាគមរបស់លោក អាចផ្ដល់ការប្រឹក្សាផ្នែកច្បាប់ពីចម្ងាយជួនយុវជន តោ ហ្វាងចឿង បើយុវជនរូបនេះត្រូវការ។ លោកឱ្យដឹងទៀតថា នៅខេត្តព្រះត្រពាំង ក៏មាន មេធាវីជាខ្មែរក្រោមដែរ ដូច្នេះយុវជនរូបនេះ អាចទៅប្រឹក្សាជាមួយមេធាវីខ្មែរក្រោមនោះបាន។ ទោះយ៉ាងណា លោកមិនសូវមានជំនឿថា អាជ្ញាធរនៃប្រទេសកុម្មុយនិស្តមួយនេះ នឹងផ្ដល់យុត្តិធម៌ឱ្យពលរដ្ឋខ្មែរក្រោមនោះ៖ «ការិយាល័យមួយដែលជាការិយាល័យរបស់ខ្មែរក្រោមដែរគាត់គួរទៅពឹងពាក់ការិយាល័យហ្នឹងមើលដើម្បីធ្វើការទាំងអស់នេះហើយ បើសិនណាស្ថាប័ន (អាជ្ញាធរវៀតណាម) បានរំលោភសិទ្ធិមនុស្ស ឬរំលោភគោលការណ៍ច្បាប់ គាត់ (យុវជន តោ ហ្វាងចឿង) គួរដាក់ពាក្យបណ្ដឹងរកអ្នកជំនាញខាងច្បាប់ហ្នឹងទៅដាក់ពាក្យបណ្ដឹងមើលអាជ្ញាធរមានសមត្ថកិច្ចដែលបានប្រព្រឹត្តល្មើសគោលការណ៍ច្បាប់មកលើគាត់ជាដើម»។
យុវជន តោ ហ្វាងចឿង ដែលប្រើហ្វេសប៊ុកឈ្មោះ (To Hoang Chuong) ដែលដាក់រូបសញ្ញាកាន់ទុក្ខនៃការបាត់បង់ទឹកដីខ្មែរក្រោមលើហ្វេសប៊ុក បានបង្ហោះព័ត៌មានកាលពីថ្ងៃទី៣១ ខែឧសភា ដែលលោកបានស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតនូវឯកសារទាក់ទងនឹងលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ កាលពីឆ្នាំ១៩៨៤ ដែលមានខ្លឹមសារថា ដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរក្រោម។ ចំណែក ជនជាតិវៀតណាមដែលរស់នៅលើទឹកដីនេះ គ្រាន់ជាអ្នកស្នាក់អាស្រ័យ និងគ្មានសិទ្ធិសម្រេចអ្វីនោះទេ។
ក្រៅពីយុវជន យុវជន តោ ហ្វាងចឿង ដែលរងការចោទប្រកាន់ពីអាជ្ញាធរខេត្តព្រះត្រពាំង យុវជនខ្មែរក្រោមពីរនាក់ទៀតនៅក្នុងខេត្តនេះ ត្រូវបានអាជ្ញាធរវៀតណាម ធ្វើការពិន័យជាប្រាក់ និងត្រូវអាជ្ញាធរមូលដ្ឋានបញ្ជាឱ្យលុបរូបសញ្ញាកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅលើប្រូហ្វាល (Profile) ហ្វេសប៊ុករបស់ខ្លួនចេញវិញ បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួន។
លោក សឺន ជុំជួន កត់សម្គាល់ឃើញថា នៅរយៈពេលចុងក្រោយនេះអាជ្ញាធរវៀតណាម បានតាមដាន និងមានវិធានការជាបន្តបន្ទាប់ លើការបង្ហោះព័ត៌មានរបស់ពលរដ្ឋកម្ពុជាក្រោម ដែលវិធានការនេះជាការរឹតបន្តឹងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។