ប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ការគំរាមគំហែង និងទទូចឲ្យតុលាការខេត្តកោះកុង ពន្លឿនសំណុំរឿងពួកគាត់ឲ្យបានឆាប់ ក្នុងករណីដែលក្រុមហ៊ុនបានដឹកនាំកម្លាំងអាជ្ញាធរ និងសន្តិសុខរុះរើដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំពលរដ្ឋជាច្រើនហិកតារ នៅក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីពាក់កណ្ដាលខែមករាកន្លងទៅ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា អាជ្ញាធរ និងតុលាការ គួរតែការពារ និងជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ពោលគឺមិនត្រូវឲ្យពួកគាត់រងគ្រោះម្តងហើយម្តងទៀតនោះទេ។
ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ រស់នៅក្នុងឃុំចំនួនពីរ គឺឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ មិនពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋាន និងតុលាការខេត្តកោះកុង ដែលតែងគំរាមគំហែង ពួកគាត់ពីរឿងចាប់ដាក់គុក និងមានចំណាត់ការយឺតយ៉ាវ ស្របពេលដែលពួកគាត់កំពុងរងគ្រោះដោយសារក្រុមហ៊ុនចិន ឈ្មោះ យូញៀន (Union) បានបំផ្លាញផ្ទះ និងកាប់បំផ្លាញផលដំណាំពួកគាត់។
តំណាងពលរដ្ឋម្នាក់គឺលោក សែម ធី រៀបរាប់ថា តុលាការ បានពន្យារពេលកាត់ក្តីលើពាក្យបណ្តឹង របស់ប្រជាពលរដ្ឋរហូតមក ដោយទើបតែកោះហៅប្រជាពលរដ្ឋរងគ្រោះ ទៅបំភ្លឺចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែមេសាខាងមុខនេះ។ លោកបន្តថា ខណៈដែលតុលាការកោះហៅពួកគាត់នោះ គឺខាងអាជ្ញាធរមូលដ្ឋាន តែងតែគំរាមកំហែងពួកគាត់ជាបន្តបន្ទាប់ថា ប្រយ័ត្នជាប់គុក។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុនចិន យូញៀន ទៅតុលាការខេត្តកោះកុង ដោយសារតែអាជ្ញាធរស្រុក និងខេត្តមិនបានជួយដោះស្រាយអ្វីទាំងអស់ ខណៈដែលក្រុមហ៊ុន មិនបានទទួលខុសត្រូវផ្ដល់សំណង ក្រោយបណ្ដេញពួកគាត់ចេញដោយហិង្សា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ចាប់តាំងពីថ្ងៃទី១១ ខែមករា តំណាងក្រុមហ៊ុនចិន យូញៀន លោក គឹម ឡេង អាយុ ៣៦ឆ្នាំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត មានអាវុធគ្រប់ដៃ និងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនប្រមាណ ៦០នាក់ ចូលរុះរើ និងដុតផ្ទះរបស់ពួកគាត់ចំនួន ៩គ្រួសារ នៅចំណុចថ្មពាន ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងប្រតិបត្តិការនោះ កម្លាំងអាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន ក៏បានពង្រាយគ្នាដើរកាប់បំផ្លាញផលដំណាំពលរដ្ឋជាច្រើនគ្រួសារថែមទៀត ដោយក្រុមហ៊ុនចោទថា ពល រដ្ឋទាំងនោះ បានដាំដំណាំប៉ះពាល់លើដីរបស់ក្រុមហ៊ុន។ ដំណាំដែលកាប់បំផ្លាញនោះ រួមមានដំឡូងមី ស្វាយចន្ទី ចេក ខ្នុរ ម្នាស់ និងដើមធូរេនជាដើម។
លោក សែម ធី ទទូចឲ្យតុលាការពន្លឿនការកាត់ក្តីលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដោយយុត្តិធម៌ ព្រោះពេលនេះ ប្រជាពលរដ្ឋ កំពុងជួបការលំបាកគ្រប់បែបយ៉ាង។ ក្នុងពាក្យបណ្ដឹងនោះ គឺពលរដ្ឋទាមទារសំណងទៅតាមទំហំដី និងការខូចខាតផ្ទះសម្បែង និងផលដំណាំ ដោយក្នុងម្នាក់ៗ ចន្លោះចាប់ពីមួយពាន់ ១.០០០ដុល្លារទៅជាងពីរម៉ឺន ២០.០០០ដុល្លារ និងទាមទារឲ្យតុលាការខេត្តកោះកុង ផ្ដន្ទាទោសទៅលើអ្នកប្រព្រឹត្តបទល្មើសតាមផ្លូវច្បាប់។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី បានទេ នៅថ្ងៃទី២០ ខែមេសា ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ រីឯអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តកោះកុង តែងតែបដិសេធមិនឆ្លើយតបជាមួយអាស៊ីសេរីតាមទូរស័ព្ទ។
អ្នកសម្របសម្រួលសមាគម អាដហុក (ADHOC) ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន មានប្រសាសន៍ថា បើតាមអង្គហេតុ គឺពលរដ្ឋមានអាទិភាពក្នុងការឈ្នះក្ដី។ ទោះជាយ៉ាងណាក្តី លោកសង្កេតឃើញជារឿយៗ ថា អាជ្ញាធរហាក់ដូចជាគ្មានសិទ្ធិក្នុងការជួយដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ ជាពិសេសអាជ្ញាធរខ្លះ ថែមទាំងមិនជួយការពារប្រជាជន មានតែគំរាមកំហែងប្រជាពលរដ្ឋទៅវិញ។ រីឯតុលាការ តែងតែមានចាត់ការយឺតយ៉ាវមិនមែនតែសំណុំរឿងពលរដ្ឋ ១៤គ្រួសារនេះទេ។ លោកស្នើសុំឲ្យអាជ្ញាធរ និងតុលាការ គួរតែបំពេញតួនាទីជួយការពារនិងរកយុត្តិធម៌ប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីជៀសវាងការរិះគន់ និងធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់សន្លឹកឆ្នោតកាន់តែខ្លាំង។
ប្រជាពលរដ្ឋរៀបរាប់ថា ការបណ្តេញចេញដោយបង្ខំបណ្តាលឲ្យពួកគាត់ជួបការលំបាកគ្រប់បែបយ៉ាង ដូចជាជីវភាពខ្វះខាត គ្មានទីជម្រក និងគ្មានដីស្រែចម្ការសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
