សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដោត​អាទិភាព​លើ​កា​រលើ​កម្ពស់​សិទ្ធិ​ស្ត្រី

ដោយ ម៉ៅ សុធានី
2020-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​របស់​សហគមន៍​ប្រារព្វ​សិទ្ធិនារី​អន្តរជាតិ នា​ឃុំ​ក្បាល​ត្រាច ស្រុក​ស្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។
ទិដ្ឋភាព​របស់​សហគមន៍​ប្រារព្វ​សិទ្ធិនារី​អន្តរជាតិ នា​ឃុំ​ក្បាល​ត្រាច ស្រុក​ស្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។
Photo Provided

ក្រុម​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ព្រមៗ គ្នា នៅ​ថ្ងៃ​ទី​៨ មីនា ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី​ដែល​ងាយ​រងគ្រោះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក រដ្ឋាភិបាល​របស់​លោក​តែង​យកចិត្តទុកដាក់​លើកកម្ពស់​ស្ត្រី​ជានិច្ច។

ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៩ នេះ ត្រូវ​បាន​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន រៀបចំ​ធ្វើឡើង​ដោយ​ឡែកៗ ពី​គ្នា​តាម​ទីតាំង និង​គោលបំណង​រៀងៗ ខ្លួន​។ ព្រឹត្តិការណ៍​នេះ​ភាគច្រើន ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ប៉ុន្តែ​មិន​មាន​ការរារាំង​ណាមួយ​នោះ​ទេ​។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស វិស័យ​សំណង់ វិស័យ​កាត់ដេរ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទេសចរណ៍ និង​កសិកម្ម រួម​ទាំង​សហគមន៍​មូលដ្ឋាន​ផង សរុប​លើស​ពី ៣​រយ​នាក់ (៣០០) បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ ខាង​សង្គម​ស៊ីវិល​បាន​រៀបចំ​ជា​ការ​ដើរ​បង្ហាញ​ម៉ូត​អម​ដោយ​ពាក្យស្លោក និង​សំណូមពរ​របស់​ស្ត្រី ព្រមទាំង​មានការ​ច្រៀង​ចម្រៀង និង​សម្ដែង​រឿង​ខ្លី បង្ហាញ​ទៅតាម​វិស័យ​នីមួយៗ ទាក់ទង​នឹង​ស្ត្រី​ផង​ដែរ​។

ក្រុម​សង្គម​ស៊ីវិល​បាន​ដាក់​ចេញ​នូវ​សំណូមពរ​ចំនួន ១១​ចំណុច ឱ្យ​រដ្ឋាភិបាល​កែប្រែ និង​ជួយ​ដោះស្រាយ ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​ស្ត្រី​។ ចំណុច​ទាំងនោះ​មាន​ជាអាទិ៍ សាងសង់​ទារកដ្ឋាន​នៅ​តាម​គ្រឹះស្ថាន​ការងារ និង​មត្តេយ្យ​សហគមន៍​នៅ​គ្រប់​ឃុំ​សង្កាត់ កែ​លម្អ​ការ​ធ្វើដំណើរ​បែប​ចង្អៀត​ណែន​របស់​កម្មករ​រោងចក្រ កំណត់​ប្រាក់ខែ​គោល​អប្បបរមា​សម្រាប់​កម្មករ​វិស័យ​សំណង់ និង​វិស័យ​ផ្សេងទៀត ក្រៅពី​វិស័យ​កាត់ដេរ ផ្ដល់​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​គ្រប់​វិស័យ បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​សេវា​គ្រប់​ប្រភេទ ដូចជា ការ​ប្រឹក្សា​យោបល់ ការ​គាំពារ​ផ្លូវច្បាប់ ការ​ព្យាបាល និង​ផ្ដល់​ជម្រក​សុវត្ថិភាព​នៅ​កន្លែង​តែមួយ សម្រាប់​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា ព្រមទាំង​ផ្ដល់​សច្ចាប័ន និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ស្ដីពី​ការ​លុប​បំបាត់​អំពើ​ហិង្សា និង​ការ​យាយី​ផ្នែក​យេនឌ័រ​នៅ​កន្លែង​ការងារ​ជាដើម​។

ប្រធាន​កម្មវិធី​ផ្នែក​ចងក្រង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) អ្នកស្រី ឆន សុខា ឱ្យ​អាស៊ីសេរី​ដឹង​ថា ចំណុច​ទាមទារ​ទាំងនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ធ្វើ​ជាញ​ត្តិ ដើម្បី​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ពិនិត្យ និង​ដោះស្រាយ៖ «យើង​សំណូមពរ​សុំ​ឱ្យ​រដ្ឋាភិបាល​យក​ចំណុច​ទាំងអស់​នេះ​ទៅ​ដោះស្រាយ ហើយក៏​ឆ្លើយតប​ឱ្យ​មាន​ភាពជា​វិជ្ជមាន​មួយ​ចំនួន​ដែល​ពួក​យើង​កំពុងតែ​រង់ចាំ​។ កន្លងមក មិន​ទាន់​មាន​ឃើញ​ការ​ឆ្លើយ​តប​ណាមួយ​ដែល​ធ្វើ​ឱ្យ​ពួក​យើង​ថា វា​ជា​ការ​ដោះស្រាយ​មួយ​ដែល​ទទួល​បាន​ដោយ​ភាព​ពេញលេញ​ទេ​។ ជួនកាល​ទៅ យើង​គ្រាន់តែ​ទទួល​បាន​ការ​និយាយ​តាម​សារព័ត៌មាន​ផ្សេងៗ​អ៊ីចឹង វា​អត់​ទាន់​ចេញ​ជា​យន្តការ ឬមួយ​ក៏​ជា​អ្វីមួយ​សម្រាប់​ការអនុវត្ត​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ»

ក្រៅពី​កម្មវិធី​របស់​ក្រុម​សង្គម​ស៊ីវិល​ចម្រុះ​វិស័យ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ខាង​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ក៏បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​១០៩ នេះ​ដែរ​។ កម្មវិធី​នោះ ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ក្រោម​ប្រធានបទ “​ស្ត្រី​ខ្មែរ​ក្រោម និង​ការអប់រំ”។

ប្រធាន​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម អ្នកស្រី ផន ឈុនលី មាន​ប្រសាសន៍ថា ស្ត្រី​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ខ្វះខាត​ព័ត៌មាន និង​ការចូលរួម​នៅ​ក្នុង​សហគមន៍ ខ្វះខាត​ជីវភាព​ដោយសារ​គ្មាន​មុខរបរ​ពិតប្រាកដ និង​ជាពិសេស ពួកគាត់​នៅ​មិន​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់​នៅឡើយ​ទេ​។ លើស​ពី​នេះ អ្នកស្រី​អះអាង​ថា ស្ត្រី​ខ្មែរ​ក្រោម នៅ​កម្ពុជា​ប្រមាណ ៩៥% មិន​ចេះ​អក្សរ​ខ្មែរ​ឡើយ ដែល​នេះ​គឺជា​ឧបសគ្គ​ដ៏​ចម្បង ធ្វើ​ឱ្យ​ពួកគាត់​មិន​ងាយ​ទទួល​បាន​ការងារ​ល្អ និង​មិនសូវ​យល់ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន។

ទិដ្ឋភាព​របស់​សហគមន៍​សីលាខ្មែរ នៅ​ភូមិ​ថ្មី សង្កាត់និមិត្ត​ក្រុង ក្រុង​ប៉ោយប៉ែត ប្រារព្វ​សិទ្ធិនារី​អន្តរជាតិ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។
ទិដ្ឋភាព​របស់​សហគមន៍​សីលាខ្មែរ នៅ​ភូមិ​ថ្មី សង្កាត់និមិត្ត​ក្រុង ក្រុង​ប៉ោយប៉ែត ប្រារព្វ​សិទ្ធិនារី​អន្តរជាតិ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។ Photo provided

អ្នកស្រី ផន ឈុនលី លើកទឹកចិត្ត​ដល់​ស្ត្រី​ខ្មែរ​ក្រោម​គ្រប់រូប ឱ្យ​ហ៊ាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន និង​ស្នើ​ដល់​បុរស​ឱ្យ​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ដល់​សមាជិក​គ្រួសារ​ជា​ស្ត្រី ឱ្យ​ទទួល​បានការ​អប់រំ និង​ធ្វើ​កិច្ច​ការងារ​សង្គម​៖ «នាង​ខ្ញុំ​ក៏​សូម​ផ្ញើ​សារ​មួយ​ទៅដល់​ពួកគាត់​ថា ឱ្យ​ពួកគាត់​ត្រូវ​ចេះ​ក្តាប់​យក​ឱកាស ហើយ​បញ្ចេញ​សមត្ថភាព​ដែល​គាត់​មាន ព្រោះ​បុរស​អាច​ធ្វើ​អ្វី​បាន យើង​ជា​ស្ត្រី​ក៏​អាច​ធ្វើ​នោះ​បាន​ដូចគ្នា​។ ខ្ញុំ​ក៏​សំណូមពរ​ដល់​បុរស​ទាំងអស់ ជាពិសេស​បុរស​ខ្មែរ​កម្ពុជា​ក្រោម សូម​ផ្តល់​ឱកាស​ដល់​ស្ត្រី​ដែល​ជា​ភរិយា ជា​ប្អូនស្រី ឬ​ដែល​ជា​សមាជិក​គ្រួសារ​របស់​គាត់ ឱ្យ​គាត់​ទទួល​បាន​អប់រំ ឱ្យ​គាត់​អាច​ចេញ​មក​ខាងក្រៅ សហការ​នឹង​មជ្ឈដ្ឋាន​នៅ​ខាងក្រៅ និង​ឱ្យ​គាត់​ទទួល​បាន​ទំនុក​ចិត្ត​ពី​ខាង​ក្រុម​គ្រួសារ​។ កាលណា​មាន​ទំនុក​ចិត្ត​ពី​ខាង​ក្រុម​គ្រួសារ និង​ការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ ស្ត្រី​នឹង​មាន​កម្លាំង​ក្នុង​ការ​ធ្វើ​ការងារ​ជួយ​សង្គម​យើង​តទៅទៀត»

ស្រប​ពេល​ដែល​ក្រុម​សង្គម​ស៊ីវិល​រៀបចំ​កម្មវិធី​នៅ​រាជធានី​ភ្នំពេញ ខាង​សហគមន៍​មាន​បញ្ហា​ដីធ្លី នៅ​តាម​ខេត្ត​មួយ​ចំនួន ដូចជា នៅ​ខេត្ត​ពោធិ៍សាត់ បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ ជាដើម ក៏បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨ មីនា នេះ​ដែរ​។ ពាក្យស្លោក​ដែល​សហគមន៍​មូលដ្ឋាន​លើក​យក​មក​បង្ហាញ​នោះ គឺ​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក និង​សេចក្ដី​អំពាវនាវ​សុំ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។

ដោយឡែក ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន វិញ ក៏បាន​បញ្ចេញ​សារ​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០២០ នេះ​ដែរ​។ លោក​បង្ហោះ​សារ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៨ មីនា​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ រួម​ទាំង​ស្ត្រី​ផង បាន​កើតមាន​ជាថ្មី​ម្ដងទៀត ក្រោយ​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៩។ លោក​អះអាង​ថា ចាប់​តាំង​ពី​ពេលនោះ​មក រដ្ឋាភិបាល​របស់​លោក តែង​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី រហូត​បង្កើត​ជា​ពាក្យស្លោក​ថា “​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ”។ លោក ហ៊ុន សែន សង្កត់ធ្ងន់​ថា សន្តិភាព​គឺជា​លក្ខខណ្ឌ​រួមចំណែក​ដល់​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​ជួយ​ឱ្យ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅ​ក្នុង​សង្គម។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់ អ្នកស្រី ឆន សុខា ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ជាពិសេស ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់​។ ទោះជា​យ៉ាងណាក្ដី អ្នកស្រី​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​នៅ​ខ្វះ​ចន្លោះ​នៅឡើយ ទាក់ទង​នឹង​ការអនុវត្ត​ជាក់ស្ដែង ដែល​ទាមទារ​ឱ្យ​មាន​ការ​កែ​លម្អ​ឡើងវិញ​៖ «ខ្ញុំ​ឧទាហរណ៍​ដូចជា​ការ​ស្នើ​សុំ​ឱ្យ​មាន​ទារកដ្ឋាន​សម្រាប់​កម្មករ​យក​កូន​ផ្ញើ​អ៊ីចឹង អាហ្នឹង​ច្បាប់​មាន​ចែង ក៏ប៉ុន្តែ​ការអនុវត្ត​វា​អត់​ទាន់​មាន​។ ទាក់ទង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ​វិញ ជនរងគ្រោះ​នៅ​តែ​មាន​បញ្ហា ហើយ​គាត់​មិន​ដឹង​ទៅ​រក​អ្នកណា​ជួយ ព្រោះ​ធម្មតា​ជន​ប្រព្រឹត្ត​មានប្រៀប​ទៅលើ​ជនរងគ្រោះ​។ អ៊ីចឹង​អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​ទទួលស្គាល់​យន្តការ និង​ច្បាប់ បាន​ចែង​អំពី​ការ​លើក​កម្ពស់​ស្ត្រី អំពី​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្ត្រី​ហ្នឹង គឺ​មាន​មួយ​ចំនួនធំ​មែន ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ការអនុវត្ត​ច្បាប់​នៅ​មាន​កម្រិត»

ទាក់ទង​នឹង​ទិវា​នារី​អន្តរជាតិ​នេះ​ដែរ កាលពី​ថ្ងៃ​ទី​៦ កន្លងទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ផ្ដល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី តាមរយៈ​ការ​ចាត់​វិធានការ​ជា​បន្ទាន់ និង​ជាក់លាក់ ក្នុង​ការ​អនុវត្ត​អនុសាសន៍​របស់​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​។ ចំណុច​ដែល​ត្រូវ​អនុវត្ត​នោះ គឺ​ការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ដោយ​អនុម័ត​ច្បាប់​ប្រឆាំង​ការរើសអើង ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ព្រមទាំង​វាយតម្លៃ​ផល​ប៉ះពាល់​យេនឌ័រ​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ពេល​អនុម័ត ឬ​កែប្រែ​ច្បាប់​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ថវិកា​ឆ្លើយតប​ទៅ​នឹង​យេនឌ័រ និង​យន្តការ​ជាតិ​សម្រាប់​លើកកម្ពស់​ស្ត្រី ព្រមទាំង​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​បញ្ហា​អប់រំ​សម្រាប់​ក្មេង​ស្រី និង​ស្ត្រី។ ជាង​នេះ​ទៅ​ទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ​របស់​សង្គម​ស៊ីវិល អ្នកការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី ថ្នាក់ដឹកនាំ​សហជីព សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​សមាជិក​គណបក្សប្រឆាំង​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល