មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស លើកឡើងថា ការចាប់ខ្លួន លោកស្រី សាត ផា កាលពីថ្ងៃទី២៧ តុលា គឺជាទង្វើខុសច្បាប់ និងអសីលធម៌។ អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួន លោកស្រី សាត ជា ក្នុងពេលលោកស្រី កំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ បណ្ដាលមកពីការបង្ក្រាបរបស់សមត្ថកិច្ច ពេលលោកស្រីចូលរួមតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតចិន។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៩តុលាថា អាជ្ញាធរមិនគួរចូលចាប់ប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យតាមអំពើចិត្តបានឡើយ។
លោកបន្តថា ការចាប់ខ្លួនអតីតសកម្មជនដីធ្លីតំបន់កក់លោកស្រី សាត ផា យកទៅឃុំខ្លួននៅពន្ធនាគារគឺជាអំពើខុសច្បាប់ និងជាទង្វើអមនុស្សធម៌បំផុត ពីព្រោះលោកស្រីកំពុងមានរបួសធ្ងន់ធ្ងរ ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យឱ្យបានដិតដល់។ បន្ថែមពីនេះលោកបញ្ជាក់ថា ស្ត្រីរូបនេះក៏មិនបានប្រព្រឹត្តិខុសច្បាប់អ្វីដែរ ព្រោះការចូលរួមតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ តុលានោះ គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។ លោកនី សុខា សង្កត់ធ្ងន់ទៀតថា ប្រសិនបើលោកស្រី សាត មានគ្រោះថ្នាក់ដោយប្រកាណាមួយអាជ្ញាធររបបក្រុងភ្នំពេញជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ដែលចាប់លោកស្រីចេញពីមន្ទីរពេទ្យទាំងកម្រោលបែបនេះ៖ «ទោះបីអ្នកប្រព្រឹត្តិបទឧក្រិដ្ឋនិងបទល្មើសផ្សេងៗក៏ដោយ បើសិនជាគាត់មានជំងឺកំពុងព្យាបាលជំងឺ ខ្ញុំគិតថាក៏ជារឿងមួយដែលគេមិនអាចអនុគ្រោះ នៅលក្ខណៈច្បាប់ដែលមិនអាចយកអ្នកដែលមានជំងឺទៅផ្ដន្ទាទោសបានទេ។ ជាក់ស្ដែងក៏ជាមានរឿងការបង្កវាយដុំគ្នាឱ្យមានរបួសអីយ៉ាងហោចណាស់ក៏គេគិតយកអ្នករបួសហ្នឹង គេមិនទាន់គិតពីផ្លូវច្បាប់ទេ » ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ការចាប់ខ្លួនលោកស្រី សាត ផា ធ្វើឡើងតាមដីការបស់តុលាការ ដោយលោកអះអាងថា សមត្ថកិច្ចពុំបានចាប់ខ្លួនលោកស្រីសាត ផា ក្នុងពេលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យឡើយ៖ «ជាក់ស្ដែងហ្នឹងដូចជាអត់មានស្ថានភាពអីនេះទេ ធម្មតាយើងចាប់ហ្នឹងក៏មិនមែនចាប់នៅកន្លែងព្យាបាលអីដែរ។ហើយម្យ៉ាងទៀតហ្នឹងដូចខ្ញុំបានបញ្ជាក់អីចឹងគឺការចាប់នេះគឺយើងបានអនុវត្តទៅតាមដីការបស់តុលាការ ព្រោះសមត្ថកិច្ចក្នុងអ្នកអនុវត្តច្បាប់ គឺអនុវត្តតាមដីការបស់តុលាការ » ។
ទោះបីជាសមត្ថកិច្ចបដិសេធក៏ដោយចុះ តែលោកស្រី ជុំ ង៉ាន់ ដែលបានទៅសួរសុខទុក្ខលោកស្រី សាត ផា ក្រោយពេលអាជ្ញាធរចាប់ខ្លួននោះ អះអាងថា អ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងអាគារជាមួយលោកស្រីសាត ផា ជាច្រើននាក់ប្រាប់គាត់ថា ប៉ូលិសស្លៀកពាក់ស៊ីវិលប្រមាណ៧នាក់ចូលចាប់ខ្លួនលោកស្រីសាត ផា ក្នុងពេលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យលោកសង្ឃ រួចរុញបញ្ចូលឡានដឹកចេញពីមន្ទីរពេទ្យភ្លាមៗ៖ «មិនចាប់នៅខាងក្រៅទេ គឺចាប់នៅខាងក្នុងពេទ្យហ្នឹងហ្មង ហើយស្លៀកពាក់ខោអាវអត់មែនប៉ូលិសទេ ។ខ្ញុំអត់អស់ចិត្តខ្ញុំរកគាត់ឡើង២ម៉ោង បងស្រីម្នាក់ហ្នឹងគាត់ដើរតាមខ្ញុំ គាត់ថាបងឯងរកអីគេ ខ្ញុំថាខ្ញុំរកពួកម៉ាកខ្ញុំ។ គាត់ថាខ្ញុំឃើញគេចាប់គាត់យកទៅហើយ ខ្ញុំឃើញស្ត្រីហ្នឹងអាយុប្រហែលបងឯងដែរ។អយុត្តិធម៌សម្រាប់គាត់ណាស់ ព្រោះគាត់ធ្វើការដើម្បីជាតិទេ គាត់អត់មានធ្វើដើម្បីខ្លួនឯងទេ » ។
កាលពីថ្ងៃទី២៣តុលា លោកស្រី សាត ផា បានចូលរួមជាមួយប្រជាពលរដ្ឋនិង សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ២០នាក់ប្រមូលផ្ដុំគ្នាតវ៉ានិងដាក់ញត្តិនៅមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ ដើម្បីសំដែងក្តីបារម្ភពីឥទ្ធិពលចិននៅកម្ពុជា។ កងសន្តិសុខ និងប៉ូលិសខណ្ឌចំការមនជាច្រើននាក់បានបង្ក្រាបដោយហិង្សាបណ្ដាលឱ្យលោកស្រីរងរបួសធ្ងន់ និងបានចាប់ដៃចាប់ជើងលោកស្រីសែងដូចសត្វជ្រូកយកទៅដាក់លើចិញ្ចើមផ្លូវ។ លោកស្រីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀតរួចទៅព្យាបាលបន្តនៅមន្ទីរពេទ្យលោកសង្ឃ កាលពីរសៀលថ្ងៃទី២៧តុលា បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យឃើញជើងលោកស្រីប្រេះឆ្អឹងក្បាលជង្គង់។ ក៏ប៉ុន្តែប៉ូលិសបានបញ្ជូនលោកស្រីទៅឃុំខ្លួននៅពន្ធនាគារព្រៃសម២ កាលពីរសៀលថ្ងៃទី២៨ តុលា។ តុលាការបានចោទប្រកាន់លោកស្រីពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អតីតសកម្មជនដីធ្លីតំបន់បឹងកក់ លោកស្រី សាត ផា បានប្រាប់អាស៊ីសេរីនៅមុខពេលប៉ូលិសចាប់ខ្លួនថា ថ្វីត្បិតតែអាជ្ញាធរបានប្រើហិង្សាចំពោះលោកស្រី ម្ដងហើយ ម្ដងទៀត ក៏ដោយក៏លោកស្រីនៅតែប្រកាន់ជំហរចូលរួមសម្ដែងមតិ ទាមទារយុត្តិធម៌សង្គមដោយមិនមានការរាថយឡើយ៖ « ខ្ញុំផ្ដែផ្ដាំពុក ម៉ែបងប្អូនទាំងអស់គ្នា ហើយនិងស្ត្រីខ្មែរហ៊ានងើបឈរឡើងដូចខ្ញុំ កុំខ្លាចមុនហ្នឹងក្រោយគង់តែគេសម្លាប់យើងទេ កាលពីជំនាន់ ប៉ុល ពត ខ្ញុំឆ្អែតហើយខ្ញុំកើតទាន់សម័យកប្រាំ គេសម្លាប់ឪពុកខ្ញុំរស់នៅវេទនាណាស់។ ម៉ែខ្ញុំចិញ្ចឹមខ្ញុំវេទនាណាស់គាត់បានប្រាប់ខ្ញុំថ្ងៃមុនគាត់ថា គាត់មិនដែលឱ្យស្រមោចខាំកូនមួយទេ តែហេតុអីបានគេវាយកូន។ ខ្ញុំចូលពេទ្យក៏ខ្ញុំមិនបានប្រាប់ម៉ែខ្ញុំដែរ ខ្ញុំខ្លាចគាត់សន្លប់ ខ្ញុំឱ្យប្អូនខ្ញុំម្នាក់ទេដឹងថា ខ្ញុំចូលសង្គ្រោះបន្ទាន់ ដោយសារម្ដាយខ្ញុំគាត់ចាស់ ខ្ញុំរងទុក្ខវេទនាគាត់ថែរក្សាខ្ញុំ គាត់បានប្រាប់ខ្ញុំថា គាត់មិនចង់គេវាយខ្ញុំទេ គាត់ក៏មិនចង់ឱ្យគេចាប់ខ្ញុំដែរ។ ខ្ញុំផ្ដែផ្ដាំបងប្អូនខ្មែរទាំងអស់គ្នា ប្រឹងឡើងតស៊ូឡើងដើម្បីជាតិយើង » ។
មន្ត្រីសិទ្ធិមនុស្ស លោក នី សុខា ចាត់ទុករឿងចាប់ខ្លួនលោកស្រី ទាំងមានរបួសស្នាមនេះថា ជាការអនុវត្តច្បាប់ស្តង់ដារពីរ ដែលតុលាការមិនបានចាត់វិធានការលើកងសន្តិសុខ ដែលបានប្រើហិង្សាដាក់លោកស្រី ក្នុងពេលលោកស្រី ចូលរួមតវ៉ាទាមទារយុត្តិធម៌សង្គមកន្លងមក ដែលបណ្ដាលឱ្យរបួសប្រេះឆ្អឹងក្បាលជង្គង់ ប៉ុន្តែអាជ្ញាធរបែរជាចាប់លោកស្រីដាក់ពន្ធនាគារទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។