អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជំរុញឱ្យអាជ្ញាធររបបលោក ហ៊ុន សែន បើកសិទ្ធិសេរីភាពឱ្យបានទូលំទូលាយដល់សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋរងគ្រោះដីធ្លី ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពបានដោយសេរី និងគ្មានការរារាំង។ អាជ្ញាធរក្រុងភ្នំពេញ កាលពីសប្តាហ៍មុន បានរឹតត្បិតសកម្មភាពតវ៉ាដីធ្លីរបស់ក្រុមពលរដ្ឋមកពីតាមបណ្តាខេត្តនានា បើទោះជាមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃឱ្យមានការបើកលំហសេរីភាពរបស់ពួកគេយ៉ាងណាក្តី។
អង្គការសម្ពន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀង ហៅកាត់ថា PCFS (The People’s Coalition on Food Sovereignty) អំពាវនាវឱ្យរបបក្រុងភ្នំពេញ បញ្ឈប់ទង្វើគាបសង្កត់ដោយឥតលាក់លៀមរបស់ខ្លួនតទៅទៀត។ ការស្នើរបស់សម្ពន្ធអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីននេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយកាលពីថ្ងៃទី១១ វិច្ឆិកា កន្លងទៅបន្ទាប់ពីសម្ពន្ធអង្គការនេះពិនិត្យឃើញថា របបលោក ហ៊ុន សែន នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានដដែល។
កាលពីសប្តាហ៍មុន មានពលរដ្ឋជាច្រើនមកពីតាមបណ្តាខេត្ត បានលើកគ្នាមកដាក់ញត្តិនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ក៏ប៉ុន្តែសកម្មភាពទាំងនេះបែរជាត្រូវបានអាជ្ញាធររារាំងទៅវិញ។ ហេតុការណ៍នេះបានកើតឡើង អំឡុងពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតទៅលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតជាតិ (SDGs) ពីសំណាក់របបលោក ហ៊ុន សែន។
ពលរដ្ឋជាច្រើនមកពីខេត្តត្បូងឃ្មុំ ត្រូវបានរារាំងមិនឱ្យចូលមកក្នុងក្រុងភ្នំពេញ ខណៈពលរដ្ឋរាប់រយនាក់ផ្សេងទៀត មកពីខេត្តព្រះសីហនុ ស្វាយរៀង ព្រះវិហារ និងខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចបង្ខំឱ្យទៅប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ហើយសូម្បីតែអ្នកសាព័ត៌មានក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីលាននោះដែរ។ ក្រុមអ្នកតវ៉ាសុទ្ធសឹងតែជាប្រជាកសិករ និងសហគមន៍ជនជាតិដើមភាគតិច ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមអ្នកមានលុយមានអំណាច និងអ្នកវិនិយោគចិន។
សហប្រធានអង្គការ PCFS ពិភពលោក អ្នកស្រី ស៊ីលវៀ ម៉ាឡារី (Sylvia Mallari) បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្រី និងអង្គការសមាជិក ខកចិត្តជាខ្លាំងដែលក្រុមពលរដ្ឋត្រូវបានបដិសេធមិនឱ្យប្រមូលផ្តុំគ្នា បញ្ចេញមតិ និងសម្តែងទុក្ខកង្វល់របស់ពួកគេទៅកាន់រដ្ឋាភិបាល។ អ្នកស្រីបន្តថា នេះជារឿងផ្ទុយពីសិទ្ធិ និងសេរីភាពយ៉ាងច្បាស់ក្រឡែត ហើយក៏ផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យអាជ្ញាធរផ្តល់សិទ្ធិដល់ក្រុមសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយគ្មានការរារាំងផងដែរ។ អ្នកស្រីបន្ថែមថា ហេតុផលដែលអាជ្ញាធរបានលើកឡើងថា ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈនោះ គឺជារឿងដែលមិនអាចទទួលយកបាន និងគ្រាន់តែជាលេសដើម្បីបំបិទសិទ្ធិសេរីភាពរបស់សហគមន៍ប៉ុណ្ណោះ។
កាលពីពេលថ្មីៗ នេះ ក្រសួងមហាផ្ទៃបានណែនាំមន្រ្តីក្រោមឱវាទ ឱ្យធ្វើការជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។ ក្រសួងមហាផ្ទៃថ្លែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីតាមច្បាប់ ព្រមទាំងសហគមន៍មូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពដោយគ្មានការររាំង និងរំលោភបំពានឡើយ។ ក្រសួងបញ្ជាក់ទៀតថា ប្រសិនបើមានការរារាំង ឬរឹតត្បិតពីអាជ្ញាធរមូលដ្ឋាននៅពេលចុះធ្វើសកម្មភាពតាមមូលដ្ឋាន សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ត្រូវរាយការណ៍ករណីនេះជូនអភិបាលខេត្ត ក្រុង ឬក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហានោះ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន គាំទ្រចំពោះសេចក្តីប្រកាសពត៌មាន និងការអំពាវនាវរបស់អង្គការ PCFS ដោយសារសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺជាសមាជិករបស់អង្គការអន្តរជាតិមួយនេះ។ ម្យ៉ាងវិញទៀត លោកមើលឃើញថា អាជ្ញាធរមានសមត្ថកិច្ចមិនទាន់អនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃស្តីពីការបើកសេរីភាពដល់សង្គមស៊ីវិលឱ្យបានពេញលេញនៅឡើយទេ៖ «យើងស្នើឱ្យរដ្ឋាភិបាល ក៏ដូចអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាអនុវត្តឱ្យបានពេញលេញទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃក្នុងការផ្ដល់ឱកាសទៅដល់ប្រជាពលរដ្ឋ។ ឱ្យសហគមន៍ដែលមានបញ្ហាហ្នឹង ធ្វើការជួបប្រជុំ សម្ដែងមតិ និងស្វះស្វែងរកកិច្ចអន្តរាគមន៍អំពីបញ្ហារបស់គាត់ដោយសន្តិវិធីហ្នឹងឱ្យបានពេញលេញ ពីព្រោះពួកគាត់ឡើងមកតវ៉ាហ្នឹង គឺពួកគាត់មានបញ្ហាដោយការរំលោភបំពានពីសំណាក់ក្រុមហ៊ុន ពីសំណាក់អ្នកមានអំណាច និងការមិនទទួលបានដំណោះស្រាយសមរម្យ ( ចំពោះ ) បញ្ហារបស់ពួកគាត់ដែលត្រូវអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អង្គការ PCFS បាននៅឡើយទេ នៅថ្ងៃទី១២ វិច្ឆិកា ដោយលោកមិនលើកទូរស័ព្ទ។
ក្រៅពីបញ្ហារឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនេះ អង្គការសម្ពន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀង (PCFS) ក៏បានសង្កត់ធ្ងន់អំពីរឿងចំណាត់ការរបស់តុលាការខេត្តព្រះវិហារទៅពលរដ្ឋជនជាតិដើមភាគតិចកួយ និងមន្ត្រីអង្គការពន្លកខ្មែរ (PKH) ពាក់ព័ន្ធនឹងជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនស្ករស ហេង ហ្វូ (Hengfu) របស់ចិនផងដែរ។
ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ លោក ជៀន ស្រស់ បានកោះហៅបុគ្គលិកអង្គការពន្លកខ្មែពីរនាក់ រួមមាន លោក ប៉ិក សោភ័ណ និងលោក លូត សាំង ព្រមទាំងពលរដ្ឋមួយចំនួនទៀត ឱ្យចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្តព្រះវិហារ នៅថ្ងៃទី១៤ វិច្ឆិកា ក្នុងសំណុំរឿងការបង្ខាំងដោយខុសច្បាប់ និងសមគំនិតក្នុងអំពើចាប់ឃុំឃាំង។ ចៅក្រមស៊ើបសួរក៏បានព្រមានចេញដីការនាំខ្លួនផងដែរ ប្រសិនបើពួកគេមិនព្រមចូលខ្លួនតាមកាលកំណត់ទេនោះ។
ចំណាត់ការរបស់តុលាការខេត្តព្រះវិហារនេះ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុន ឡាន ហ្វេង និងរ៉ូយ ហ្វេង ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ហេង ហ្វូ ដែលបានប្តឹងអ្នកភូមិ និងមន្ត្រីអង្គការពន្លកខ្មែរ ជុំវិញការឃាត់គ្រឿងចក្ររបស់ពួកគេ កាលពីឆ្នាំ ២០១៥ កន្លងទៅ។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ (PKH) លោក អាង ជាតិឡោម ថ្លែងថា ការចោទប្រកាន់បុគ្គលិករបស់លោកនេះ ជារឿងមិនសមហេតុផលឡើយ ព្រោះពួកគេមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពនោះឡើយ ផ្ទុយទៅវិញ ពួកគេថែមទាំងបានជួយពន្យល់អ្នកភូមិកុំឱ្យប្រព្រឹត្តអំពើហិង្សា និងបំផ្លិចបំផ្លាញគ្រឿងចក្រទាំងនោះទៀតផង៖ «យើងត្រូវបញ្ជូនមន្ត្រីរបស់យើងចុះទៅតាមដានរាល់សកម្មភាពតវ៉ារបស់ប្រជាជន ក្នុងបំណងការពារកុំឱ្យកើតមានអំពើហិង្សា។ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ថ្ងៃនោះប្រសិនបើអត់មានមន្ត្រីរបស់ខ្ញុំនៅទីនោះទេ ត្រាក់ទ័រពីរគ្រឿងនោះ ប្រហែលជាត្រូវឆេះហើយ។ អ៊ីចឹងយើងត្រូវទៅហ្នឹង គឺទប់មិនឱ្យមានអំពើហិង្សាកើតឡើង ប៉ុន្តែលទ្ធផលហេតុអ្វីបានជាខាងក្រុមហ៊ុន ឬក៏ខាងតុលាការទៅជាចោទប្រកាន់មកលើមន្ត្រីរបស់យើងទៅវិញ ? អាហ្នឹងនៅតែជាសំនួរដដែល ដោយសារពួកគាត់មិនបានឃើញពីអ្វីដែលជាបំណងល្អរបស់យើងទេ»។
អង្គការសម្ពន្ធភាពប្រជាពលរដ្ឋដើម្បីអធិបតេយ្យភាពស្បៀង (PCFS) មើលឃើញថា វិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិននៅខេត្តព្រះវិហារនេះ បានដើរមកដល់ចំណុចមួយដ៏គួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់។
ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនស្ករសចិននៅខេត្តព្រះវិហារនោះ មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ធ្លាប់បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ទំនាស់នេះ ត្រូវបានដោះស្រាយបញ្ចប់រួចទៅហើយ ហើយលោកបានចោទប្រកាន់អ្នកដែលនៅទាមទាររកដំណោះស្រាយរឿងនេះថា ជាក្រុមប្រឆាំងចិន ឬប្រឆាំងនឹងរបបរបស់លោកប៉ុណ្ណោះ៖ «រឿងចិននៅព្រះវិហារហ្នឹង គេដោះស្រាយរួចហើយ អត់មានរឿងអ្វីពាក់ព័ន្ធតទៅទៀតទេ។ ទីមួយលក្ខខណ្ឌក្រុមហ៊ុនចិនហ្នឹងអត់ទទួលបានផ្ទៃដីដែលរាជរដ្ឋាភិបាលសន្យាឱ្យ គេទទួលបានតែពាក់កណ្តាលទេ តាមខ្ញុំដឹង។ ហើយពាក់កណ្តាលទៀតបែងចែកឱ្យប្រជាពលរដ្ឋនៅក្នុងកន្លែងហ្នឹង លើកលែងតែពួកមាននិន្នការនយោបាយប្រឆាំងទេ ដែលនៅតែទាមទារនេះទាមទារនោះ។ ឬមួយក៏ការទាមទារគ្រាន់តែជារឿងនយោបាយដើម្បីឱ្យមានគំនិតមួយប្រឆាំងនឹងចិន ឬប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ?»។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ (PKH) លោក អាង ជាតិឡោម ច្រានចោលការចោទប្រកាន់នេះ។ លោកអះអាងថា សកម្មភាពរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធរឿងវិវាទដីធ្លីនេះ គឺដើម្បីទាមទាររកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះប៉ុណ្ណោះ មិនមានបំណងទៅប្រឆាំងជនណា ឬក្រុមណាមួយនោះឡើយ។ លោកបន្ថែមថា បញ្ហាគឺស្ថិតនៅត្រង់ថា គម្រោងរបស់ចិននៅខេត្តព្រះវិហារនេះ មិនបាននាំមកនូវការអភិវឌ្ឍដល់សហគមន៍មូលដ្ឋានឡើយ ផ្ទុយទៅវិញគម្រោងនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅវិញទេ៖ «យើងអត់មានជំហរអ្វីទៅប្រឆាំងចិន ឬទៅប្រឆាំងការងារអភិវឌ្ឍន៍ដែលរៀបចំឡើងដោយរដ្ឋាភិបាលទេ ប៉ុន្តែយើងប្រឆាំងអំពើពុករលួយ។ យើងប្រឆាំងទង្វើទាំងឡាយណាដែលខុសច្បាប់។ យើងប្រឆាំងសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។ ឧទាហរណ៍ ដូចករណីឈូសដីប្រជាជនអ៊ីចឹង នេះជាការរំលោភសិទ្ធិរបស់ប្រជាជន»។
ពាក់ព័ន្ធនឹងដំណោះស្រាយវិញ លោក អាង ជាតិឡោម បានឲ្យដឹងថា កន្លងមកដំណោះស្រាយដីធ្លីជូនប្រជាពលរដ្ឋមានតិចតួច ហើយមានសម្រាប់តែអ្នកចំណូលថ្មីដែលទៅចាប់យកដីនៅតំបន់នោះប៉ុណ្ណោះ ចំណែកពលរដ្ឋម្ចាស់ស្រុក ពិសេសជនជាតិដើមភាគតិចកួយ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
សហប្រធានអង្គការ PCFS ពិភពលោក អ្នកស្រី ស៊ីលវៀ ម៉ាឡារី (Sylvia Mallari) ថ្លែងថា ទង្វើគាបសង្កត់របស់រដ្ឋអំណាច បង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពស្របច្បាប់នៃការតស៊ូរបស់ពលរដ្ឋនៅតាមទីជនបទប្រឆាំងនឹងការរំលោភយកដីធ្លី និងការរំលោភបំពានដទៃទៀតលើសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីសង្កត់ធ្ងន់ថា របបលោក ហ៊ុន សែន ស្តាប់តែភាគីក្រុមហ៊ុន និងខ្នងបង្អែកបរទេសរបស់ខ្លួន ដោយមិនខ្វល់នឹងផលប៉ះពាល់ទៅលើជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងបរិស្ថាននោះឡើយ ហើយការគាបសង្ក់តនេះកាន់តែពុះកញ្ជ្រោលខ្លាំងឡើង ដោយសារតែគម្រោង "គំនិតផ្តួចផ្តើមវិថី និងខ្សែក្រវាត់” របស់ប្រទេសចិននោះឯង។
អង្គការសម្ពន្ធភាពប្រជាពលរដ្ឋ ដើម្បីអធិបតេយ្យភាពស្បៀង (PCFS) អះអាងថា មន្ត្រីរបស់ខ្លួនបានស្នើអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ឱ្យពិនិត្យមើលឡើងវិញចំពោះករណីបទចោទប្រឆាំងទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំសហគមន៍ និងមន្ត្រីសង្គមស៊ីវិលនៅខេត្តព្រះវិហារនេះរួចហើយ។ អង្គការអន្តរជាតិមួយនេះរំពឹងថា ករណីគាបសង្កត់ទាំងឡាយពាក់ព័ន្ធនឹងការតស៊ូរឿងដីធ្លីនេះ នឹងត្រូវបានលើកឡើងក្នុងការពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ស្តីពីបញ្ហាកម្ពុជា (Universal Periodic Review of Cambodia) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
