ក្រុម​អង្គការ​ស្ត្រី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ធានា​នូវ​ការ​គោរព​សិទ្ធិ និង​ជម្រើស​រាងកាយ​របស់​ស្ត្រី

ដោយ សុ ជីវី
2020-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធានា​នូវ​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​សម្ដែង​មតិ អារម្មណ៍ និង​ជម្រើស​រាងកាយ​របស់​ស្ត្រី​។ សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់ និង​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅលើ​ស្ត្រី ដែល​ប្រកប​របរ​រកស៊ី​តាម​អនឡាញ​(Online) ក្នុង​នោះ​រួម​ទាំង​ការ​បង្កើន​ការស៊ើបអង្កេត និង​បង្ក្រាប​រាល់​ទង្វើ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី និង​វប្បធម៌​ជាតិ។

ចំណែក​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty Internationalថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន ចំពោះ​ស្ត្រី​ដែល​ស្លៀកពាក់​ស៊ិចស៊ី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​នានា​លើ​បណ្ដាញ​សង្គម គឺជា​ការ​មិន​ទទួលខុសត្រូវ និង​ជា​រឿង​ប្រកប​ដោយ​គ្រោះថ្នាក់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការរិះគន់​ការ​ស្លៀកពាក់​ផ្សព្វផ្សាយ​លក់​ផលិតផល​ដោយ​លេច​លើ​លេច​ក្រោម​នោះ​ថា​ជា​ជា​ការ​ស្តី​បន្ទោស​ជនរងគ្រោះ ដែល​ធ្វើ​ឱ្យ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ការរើសអើង​លើ​ស្ត្រី និង​ក្មេងស្រី និង​ការរើសអើង​ផ្អែកលើ​យេនឌ័រ​នៅតែ​បន្ត​កើតឡើង​ក្នុង​សង្គម​កម្ពុជា។

លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចេញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការរិះគន់​លើ​រាងកាយ​ស្ត្រី ការ​រឹត​បន្តឹង​ទៅលើ​សិទ្ធិ​សេរីភាព​នៃ​ការ​ស្លៀកពាក់​របស់​ស្ដ្រី ដែល​យល់​ថា ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ និង​វប្បធម៌​ប្រពៃណី​ជាតិ​នោះ​បាន​បង្កើត​ឱ្យ​មាន​កា​រ​ព្រួយបារម្ភ​ថា កំពុង​ធ្វើ​ផ្ទុយ​នឹង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ​ហៅ​កាត់​ថា CDAW ព្រមទាំង​ច្បាប់ និង​គោលនយោបាយ​នានា ដែល​រដ្ឋាភិបាល​អះអាង​ថា​អនុវត្ត​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ការរិះគន់​របស់​លោក ហ៊ុន សែន ទៅលើ​រាយ​កាយ​របស់​ស្ត្រី ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​ស្លៀកពាក់​របស់​ស្ត្រី​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូ​របស់​ស្ត្រី​ខ្មែរ និង​វប្បធម៌​ប្រពៃណី​នោះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឯកសារ​ផ្លូវច្បាប់​ផ្លូវការ​ណាមួយ​ដែល​ផ្ដល់​និយមន័យ​អំពី​តម្លៃ​ស្ត្រី និង​តម្លៃ​សង្គម ឬ​វប្បធម៌​ខ្មែរ​នោះ​ទេ​។ តែ​អ្វី​ដែល​ក្រុម​អង្គការ​ទាំងនេះ​កត់សម្គាល់​គឺ​តម្លៃ​សង្គម​មាន​លក្ខណៈ​លម្អៀង​ទៅតាម​បរិបទ​ផ្សេងៗ​គ្នា និង​មានការ​ប្រែប្រួល​មិន​ឈប់ឈរ​។ លើស​ពី​នេះ​ក៏​ពុំ​មាន​ការសិក្សា​បែប​ស៊ីជម្រៅ​ណាមួយ ដែល​បញ្ជាក់​ថា​ ការ​ស្លៀកពាក់​របស់​ស្ត្រី​ជាដើម​ហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​ឱនភាព ឬ​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​នោះ​ដែរ​។ ផ្ទុយទៅវិញ​នៅ​កម្ពុជា​កម្រ​មានការ​ពិភាក្សា និង​សិក្សា​ពី​សីលធម៌​សង្គម​ដែល​ដាក់​បន្ទុក​លើ​បុរស​កុំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ត្រី​ណាស់​ដែល​ធ្វើ​ឱ្យ​ជនល្មើស​រួចផុត​ពី​ទោស​ទណ្ឌ។

នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព លើកឡើង​ថា ការ​រឹតត្បិត​លើ​ការ​ស្លៀកពាក់​របស់​ស្ត្រី​គឺជា​ការរំលោភ​លើ​សិទ្ធិ​របស់​ស្ត្រី ដែល​ជា​សិទ្ធិមនុស្ស ហើយ​វា​ជា​ការ​ជំរុញ​ឱ្យ​មាន​អ្នក​ប្រើ​ហិង្សា​លើ​ស្ត្រី​រួចខ្លួន ដោយ​ទម្លាក់កំហុស​ទៅលើ​ស្ត្រី៖ «ការដែល​មានការ​កំណត់​បទដ្ឋាន​ណាមួយ​ទៅលើ​ការ​ស្លៀកពាក់​របស់​ស្ត្រី​គឺ​ជា​កា​រំលោភបំពាន មិន​ត្រឹមតែ​ការ​ជំរុញ​ឱ្យ​មាន​ហិង្សា​ផ្នែក​យេនឌ័រ​នោះ​ទេ ថែមទាំង​រឹតត្បិត​ទៅលើ​សេរីភាព​របស់​គាត់​ថែមទៀត​។ បើ​យើង​ពិនិត្យមើល​ក្នុង​សង្គម​ខ្មែរ​យើង​តាំង​ពី​ដើម​រហូត​មក​ដល់​ពេលនេះ​យើង​កម្រ​ឃើញ​មាន​ការ​ជជែក​ពី​បទដ្ឋាន​ណាមួយ​ទៅលើ​បុរស​ណាស់ ជាទូទៅ​យើង​តែងតែ​ដាក់​បន្ទុក​ទៅលើ​ស្ត្រី»

កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថ្លែង​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ និង​ប្លុក​រាល់​ការ​ផ្សព្វផ្សាយ Live លក់​ផលិតផល​តាម​អនឡាញ​របស់​ស្ត្រី ដែល​លោក​ថា បង្ហាញ​ភាព​ស៊ិចស៊ី​ជ្រុល​ហួសហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ​។

ពីរ​ថ្ងៃក្រោយ​ការព្រមាន និង​បញ្ជា​របស់​លោក ហ៊ុន សែន នេះ នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​វីដេអូ​សុំទោស​របស់​ស្ត្រី​ប្រើប្រាស់​បណ្ដាញ​សង្គមម្នាក់​ឈ្មោះ វ៉ាន់ រចនា ហៅ ថៃ ស្រី​នាង ដោយសារតែ​នាង​ធ្លាប់​ផុស​រូបភាព និង​វីដេអូ​លក់​សំលៀកបំពាក់​បែប​ស៊ិចស៊ី​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «នាង​ខ្ញុំ​សង្ឃឹម​ថា បងប្អូន​ប្រជាពលរដ្ឋ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ប្រមុខ​ថ្នាក់ដឹកនាំ​មេត្តា​អនុគ្រោះ និង​លើកលែងទោស​នូវ​រាល់​កំហុស​របស់​នាង​ខ្ញុំ ដែល​បាន​ធ្វើ​កន្លង​មក»

ស្របគ្នា​នេះ​ក៏​មាន​លិខិត​លាយលក្ខណ៍អក្សរ​មាន​ស្នា​មេដៃ​របស់​នាង ថៃ ស្រី​នាង ដែល​សន្យា​ថា ឈប់​រាល់​ការ​បង្ហោះ​រូបភាព​ស៊ិចស៊ី អាក្រាត ក្នុង​ហ្វេសប៊ុ​ក​តទៅទៀត ហើយ​ថែមទាំង​សន្យា​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ប្រសិនបើ​មិន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​។ ក្នុង​នោះ​នាង​ក៏បាន​ទទួលស្គាល់​កំហុស​ថា​បាន​ធ្វើឱ្យ​ប៉ះពាល់​តម្លៃ និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ វប្បធម៌​ប្រពៃណី​ជាតិ និង​ច្បាប់​ជា​ធរមាន​។ បើទោះ​ជា​យ៉ាងណា​ក្នុង​កិច្ចសន្យា​នោះ​ពុំបាន​បញ្ជាក់​ថា នាង​បាន​ធ្វើ​ខុសច្បាប់​ណាមួយ​ឡើយ។

ករណី​នេះ​អង្គការ​លើកលែងទោស​អន្តរជាតិ​ថា ការ​បង្ហោះ​វីដេអូ​សុំទោស​នេះ ទំនងជា​ត្រូវ​បាន​ធ្វើឡើង ដោយ​ការ​បង្ខិត​បង្ខំ។

នាយក​ប្រចាំ​តំបន់​អាស៊ីបូព៌ា អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ លោក នីកូឡា បេខឺលីន (Nicholas Bequelin) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ថា វោហារសព្ទ​របស់​លោក ហ៊ុន សែន បែបនេះ រឹតតែ​ជា​ការ​បង្ក​ឱ្យ​បន្ត​កើតមាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​។ «​ការអប់រំ​“ សីលធម៌ បែប​បង្ខិតបង្ខំ​ទៅលើ​ស្ត្រី​ដោយ​ប៉ូលិស​បែបនេះ មាន​លក្ខណៈ​ជា​ការ​បំពារបំពាន​។ លោក​ថា គ្មាន​ស្ត្រី​ណា​ម្នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភច្បាប់​ណាមួយ​ឡើយ ហើយ​ប៉ូលិស​ហាក់​ដូចជា​ធ្វើ​សកម្មភាព ដោយ​ផ្អែកលើ​ហេតុផល​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន។

អនុប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន លើកឡើង​ថា ការរិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​គឺ​ធ្វើ​ដោយ​ពុំបាន​ស្វែងយល់​ពី​ផ្នត់គំនិត ពី​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ៖ «ការរិះគន់​របស់​អង្គការ​អន្តរជាតិ​ទាំងនេះ​គឺ​បង្ហាញ​ពី​ច​រឹត​ជា​ការ​ប្រឆាំង​បែប​ផ្កាប់មុខ ដោយ​មិន​យល់​ពី​បរិបទ​ទំនៀមទម្លាប់​របស់​កម្ពុជា។ ការរិះគន់​ទាំងអស់​ហ្នឹង​គឺ​ដើរ​ផ្ទុយ​ទៅ​នឹង​ចរន្ត​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​តែម្ដង គឺ​ប្រជាពលរដ្ឋ​ខ្មែរ​គ្មាន​នរណា​ម្នាក់​គាំទ្រ​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​បែប​អាសអាភាស​នោះ​ទេ»

បើទោះជា​យ៉ាងណា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​អះអាង​នា​ពេល​កន្លងទៅ​ដែល​ថា​ស្ត្រី​ដែល​ស្លៀកពាក់​ខ្លី​លេច​លើ​លេច​ក្រោម​ជា​ការ​ជំរុញ​ឱ្យ​បុរស​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​ជួញដូរ​មនុស្ស​នោះ​គឺជា​ទស្សនៈ​ខុសឆ្គង​ភាន់ច្រឡំ និង​មិន​គួរ​ត្រូវ​បាន​លើកទឹកចិត្ត​នោះ​ទេ​។ ផ្ទុយទៅវិញ​តាម​ការសិក្សា​ជាច្រើន​បង្ហាញ​ថា អំពើ​ហិង្សា​លើ​ស្ត្រី​ផ្ដើម​ចេញ​ពី​ផ្នត់គំនិត​រើសអើង​យេនឌ័រ វប្បធម៌​ស្ដីបន្ទោស​ជនរងគ្រោះ​ដែល​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា ការអនុវត្ត​ច្បាប់​មិនបាន​រឹងមាំ និង​វប្បធម៌​និទ្ទណ្ឌភាព មិនមែន​ផ្អែកលើ​ការ​ស្លៀកពាក់ ឬ​រូបរាងកាយ ឬ​ទង្វើ​របស់​ស្ត្រី​នោះ​ទេ​។ ពួកគេ​លើកឡើង​ទៀត​ថា រដ្ឋាភិបាល​គួរតែ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ​CDAW និង​គោលការណ៍​ច្បាប់​ជាតិ​នានា ធានា​លុបបំបាត់​រាល់​ការរើសអើង​ស្ត្រី និង​ថា​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ស្ត្រី​ដោយសារតែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​គឺជា​ឫសគល់​នៃ​អំពើ​ហិង្សា និង​ការរើសអើង​ស្ត្រី មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ ពោល​កឺ​រដ្ឋាភិបាល​ត្រូវ​ធានា​ថា មានការ​គោរព​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​សម្ដែង​មតិ អារម្មណ៍ និង​ជម្រើស​រាងកាយ​របស់​ស្ត្រី ដើម្បី​សម្រេច​បាន​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ។

ចំណែក​អង្គការ​លើកលែងទោស​អន្តរជាតិ​មើល​ឃើញ​ទៀត​ថា ការ​វិវឌ្ឍ​ចុងក្រោយ​នេះ បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​សេរីភាព​នៃ​បញ្ចេញមតិ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល