អ.ស.ប រម្លឹករបបលោក ហ៊ុន សែន ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី
2019.07.12
ស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ រម្លឹករបបលោក ហ៊ុន សែន ថា ពលរដ្ឋគ្រប់រូប មានសិទ្ធិគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងសារក្នុងអំឡុងនៃខួបគម្រប់ ៣ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១២ ខែកក្កដា ថា សិទ្ធិក្នុងការជួបប្រជុំគ្នាដោយសន្តិវិធី និងសិទ្ធិក្នុងការបង្កើតសមាគម រួមទាំងសិទ្ធិក្នុងការគោរព និងរម្លឹកវិញ្ញាណក្ខន្ធបុគ្គលសាធារណៈ ដូចជាលោកបណ្ឌិត កែម ឡី ផង គឺត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
សាររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិនេះ ធ្វើឡើងក្រោយអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួន និងចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ករណីលក់អាវមានរូប និង សម្រង់ប្រសាសន៍របស់លោកបណ្ឌិត កែម ឡី និងការអំពាវនាវឱ្យបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
ស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ កត់សម្គាល់បន្ថែមថា ទោះបីជាឃាតកម្មលើលោកបណ្ឌិត កែម ឡី បានកន្លងផុតទៅបីឆ្នាំទៅហើយក្តី អាជ្ញាធរនៅតែមិនទាន់បានដោះស្រាយបញ្ហាជាច្រើន។ បញ្ហាទាំងនោះ រួមមាន ការគ្មានការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងណាមួយ ដើម្បីស៊ើបអង្កេតករណីឃាតកម្មនេះ និងបញ្ហានៃការរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ដែលប្រឈមនឹងការធ្វើទុក្ខបុកម្នេញរឹតតែខ្លាំង។
ស្ថាប័នដដែលនេះ ស្នើឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបជុំ និង សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ម្យ៉ាងទៀតរបបនេះ ត្រូវកំណត់និយមន័យនៃសិទ្ធិសេរីភាពទាំងនេះ ឱ្យបានច្បាស់លាស់ ចៀសវាង ការធ្វើទុក្ខបុកម្នេញ លើអ្នកដែលប្រើប្រាស់សិទ្ធិទាំងនេះ។
សាររបស់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុប កំពុងតែវាយតម្លៃ និង តាមដានជាចុងក្រោយ នូវស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា មុននឹងសម្រេចព្យួរការអនុគ្រោះពន្ធ EBA៕